ដ្បិតយើងនឹងបំផ្លាញទីនេះ ព្រោះសម្រែកទាស់នឹងប្រជាជនរបស់ក្រុងនេះ បានលាន់ឮកាន់តែខ្លាំងឡើងនៅចំពោះព្រះយេហូវ៉ាហើយ ហើយព្រះយេហូវ៉ាបានចាត់ឲ្យយើងមកបំផ្លាញទីក្រុងនេះចោល»។
យេរេមា 44:22 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដល់ម៉្លេះបានជាព្រះយេហូវ៉ាទ្រាំមិនបានទៀត ដោយព្រោះអំពើអាក្រក់ទាំងប៉ុន្មានរបស់អ្នករាល់គ្នា ហើយដោយព្រោះការគួរខ្ពើម ដែលអ្នករាល់គ្នាបានប្រព្រឹត្ត គឺហេតុនោះបានជាស្រុករបស់អ្នករាល់គ្នាត្រូវចោលស្ងាត់ ហើយបានត្រឡប់ជាទីស្រឡាំងកាំង និងជាទីផ្ដាសា ឥតមានអ្នកណាអាស្រ័យនៅ ដូចជាសព្វថ្ងៃនេះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអម្ចាស់ពុំអាចទ្រាំនឹងអំពើអាក្រក់ ព្រមទាំងអំពើដ៏គួរឲ្យស្អប់ខ្ពើម ដែលអ្នករាល់គ្នាបានប្រព្រឹត្តនោះ តទៅមុខទៀតឡើយ ហេតុនេះហើយបានជាស្រុករបស់អ្នករាល់គ្នាក្លាយទៅជាគំនរបាក់បែក ជាទីស្មសាន ជាដីត្រូវបណ្ដាសា ហើយគ្មានមនុស្សរស់នៅដូចសព្វថ្ងៃ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដល់ម៉្លេះបានជាព្រះយេហូវ៉ាទ្រង់ទ្រាំមិនបានទៀត ដោយព្រោះអំពើអាក្រក់ទាំងប៉ុន្មានរបស់អ្នករាល់គ្នា ហើយដោយព្រោះការគួរខ្ពើម ដែលអ្នករាល់គ្នាបានប្រព្រឹត្ត គឺហេតុនោះបានជាស្រុករបស់អ្នករាល់គ្នាត្រូវចោលស្ងាត់ ហើយបានត្រឡប់ជាទីស្រឡាំងកាំង នឹងជាទីផ្តាសា ឥតមានអ្នកណាអាស្រ័យនៅ ដូចជាសព្វថ្ងៃនេះ អាល់គីតាប អុលឡោះតាអាឡាពុំអាចទ្រាំនឹងអំពើអាក្រក់ ព្រមទាំងអំពើដ៏គួរឲ្យស្អប់ខ្ពើម ដែលអ្នករាល់គ្នាបានប្រព្រឹត្តនោះ តទៅមុខទៀតឡើយ ហេតុនេះហើយបានជាស្រុករបស់អ្នករាល់គ្នាក្លាយទៅជាគំនរបាក់បែក ជាទីស្មសាន ជាដីត្រូវបណ្ដាសា ហើយគ្មានមនុស្សរស់នៅដូចសព្វថ្ងៃ។ |
ដ្បិតយើងនឹងបំផ្លាញទីនេះ ព្រោះសម្រែកទាស់នឹងប្រជាជនរបស់ក្រុងនេះ បានលាន់ឮកាន់តែខ្លាំងឡើងនៅចំពោះព្រះយេហូវ៉ាហើយ ហើយព្រះយេហូវ៉ាបានចាត់ឲ្យយើងមកបំផ្លាញទីក្រុងនេះចោល»។
ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ «វិញ្ញាណរបស់យើងនឹងមិននៅក្នុងមនុស្សជារៀងរហូតឡើយ ដ្បិតគេជាសាច់ឈាម អាយុរបស់គេនឹងបានត្រឹមតែមួយរយម្ភៃឆ្នាំប៉ុណ្ណោះ»។
គេបោះបង់បញ្ញត្តិរបស់ព្រះអង្គ និងសេចក្ដីសញ្ញាដែលព្រះអង្គបានតាំងនឹងបុព្វបុរសគេ ព្រមទាំងសេចក្ដីបន្ទាល់ ដែលព្រះអង្គបានមានព្រះបន្ទូលនឹងគេផង គេដើរតាមតែការឥតប្រយោជន៍ ហើយខ្លួនគេក៏ត្រឡប់ជាអសារឥតការដែរ គេប្រព្រឹត្តតាមពួកសាសន៍ដទៃនៅជុំវិញ ដែលព្រះយេហូវ៉ាហាមថា កុំឲ្យត្រាប់តាមអ្នកទាំងនោះឡើយ។
ហេតុនោះបានជាព្រះអម្ចាស់ គឺព្រះយេហូវ៉ានៃពួកពលបរិវារ ជាព្រះដ៏មានព្រះចេស្តានៃសាសន៍អ៊ីស្រាអែល ព្រះអង្គមានព្រះបន្ទូលថា៖ យើងនឹងដោះពួកតតាំង នឹងយើងចេញឲ្យធូរខ្លួនវិញ យើងនឹងសងសឹកចំពោះពួកខ្មាំងសត្រូវ។
អ្នកមិនបានចំណាយប្រាក់ទិញ គ្រឿងក្រអូបណាឲ្យយើងសោះ ក៏មិនបានឲ្យយើងឆ្អែត ដោយខ្លាញ់នៃយញ្ញបូជារបស់អ្នកដែរ គឺអ្នកបានផ្ទុកអំពើបាបរបស់អ្នកឲ្យយើង ហើយបាននាំឲ្យយើងនឿយហត់ ដោយអំពើទុច្ចរិតរបស់អ្នក។
ពេលនោះ ហោរាអេសាយទូលថា៖ «ឱរាជវង្សរបស់ព្រះបាទដាវីឌអើយ ចូរស្តាប់ឥឡូវចុះ ការដែលអ្នករាល់គ្នាធ្វើឲ្យរំខានចិត្តមនុស្ស នោះតើជាការតូចឬ បានជាចង់រំខានដល់ព្រះហឫទ័យនៃព្រះរបស់ទូលបង្គំទៀត?
អ្នកបានបោះបង់យើងហើយ អ្នកបានរាថយចេញ ហេតុនោះបានជាយើងលូកដៃទៅទាស់នឹងអ្នក ហើយបំផ្លាញអ្នក យើងលែងស្ដាយស្រណោះទៀតហើយ។
ដោយធ្វើឲ្យស្រុករបស់គេត្រឡប់ជាទីស្រឡាំងកាំង ហើយជាទីដែលធ្វើឲ្យមនុស្សហួសចិត្តជានិច្ច។ អស់អ្នកដែលដើរកាត់តាមនោះ នឹងព្រឺសម្បុរ ហើយគ្រវីក្បាល។
ឱពួកវង្សដាវីឌអើយ ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា៖ ចូរសម្រេចតាមសេចក្ដីយុត្តិធម៌ ចាប់តាំងពីពេលព្រលឹមស្រាងចុះ ហើយដោះអ្នកណាដែលត្រូវគេប្លន់ ឲ្យរួចពីកណ្ដាប់ដៃនៃពួកអ្នកដែលសង្កត់សង្កិននោះផង ក្រែងសេចក្ដីក្រោធរបស់យើងចេញទៅដូចជាភ្លើង ហើយឆេះជាខ្លាំង ដល់ម៉្លេះបានជាគ្មានអ្នកណាអាចនឹងពន្លត់បានឡើយ ដោយព្រោះអំពើអាក្រក់ដែលអ្នករាល់គ្នាប្រព្រឹត្ត។
ហេតុនោះ ព្រះយេហូវ៉ា ជាព្រះនៃពួកសាសន៍អ៊ីស្រាអែលមានព្រះបន្ទូលទាស់នឹងពួកគង្វាលដែលឃ្វាលជនជាតិរបស់ខ្ញុំដូច្នេះថា៖ អ្នករាល់គ្នាបានកម្ចាត់កម្ចាយហ្វូងចៀមរបស់យើង ហើយបណ្តេញចេញ ឥតថែរក្សាមើលវាឡើយ ដូច្នេះ យើងនឹងទម្លាក់អំពើអាក្រក់របស់អ្នករាល់គ្នាទៅលើអ្នកវិញ នេះហើយជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា។
យើងនឹងប្រគល់គេទៅឲ្យត្រូវសាត់អណ្តែត នៅកណ្ដាលអស់ទាំងនគរនៅផែនដី ឲ្យបានសេចក្ដីអាក្រក់ ដើម្បីឲ្យគេបានជាទីដៀលត្មះ ជាពាក្យទំនៀម ជាទីអុចអាល ហើយជាទីផ្ដាសា នៅគ្រប់ទីកន្លែងណាដែលយើងនឹងបណ្តេញទៅនោះ។
ដូច្នេះ ស្រុកនេះទាំងមូលនឹងនៅស្ងាត់ជ្រងំ ហើយជាទីស្រឡាំងកាំង សាសន៍ទាំងនេះនឹងត្រូវបម្រើស្តេចបាប៊ីឡូនអស់ចិតសិបឆ្នាំ។
គឺក្រុងយេរូសាឡិម និងទីក្រុងស្រុកយូដាទាំងប៉ុន្មាន ព្រមទាំងស្ដេច និងពួកចៅហ្វាយរបស់គេផង ដើម្បីឲ្យគេទៅជាទីខូចបង់ ជាទីស្រឡាំងកាំង ជាទីដែលគេធ្វើស៊ីសស៊ូស ហើយជាទីផ្ដាសាដូចជាសព្វថ្ងៃនេះ
ព្រះអង្គបានចេញពីទីលំនៅរបស់ព្រះអង្គ ដូចជាសិង្ហ ដ្បិតស្រុករបស់គេក្លាយជាទីស្ងាត់ជ្រងំ ដោយព្រោះសេចក្ដីច្រឡោតនៃពួកជិះជាន់ និងសេចក្ដីក្រោធដ៏សហ័សរបស់ព្រះអង្គ។
នោះយើងនឹងធ្វើឲ្យវិហារនេះបានដូចជាស៊ីឡូរ ហើយនឹងធ្វើឲ្យទីក្រុងនេះត្រឡប់ជាទីផ្ដាសា ដល់អស់ទាំងសាសន៍នៅផែនដីផង។
យើងនឹងដេញតាមគេ ដោយដាវ អំណត់ និងអាសន្នរោគ ព្រមទាំងប្រគល់គេទៅឲ្យត្រូវរសាត់អណ្តែត នៅកណ្ដាលអស់ទាំងសាសន៍នៅផែនដី ឲ្យបានជាទីផ្ដាសា ជាទីស្រឡាំងកាំង ហើយជាទីដែលគេធ្វើស៊ីសស៊ូសឲ្យ និងជាទីត្មះតិះដៀលនៅកណ្ដាលអស់ទាំងសាសន៍ ដែលយើងនឹងបណ្តេញគេនោះ
ដោយព្រោះគេមិនបានយកចិត្តទុកដាក់ស្តាប់ពាក្យរបស់យើង នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា ដែលយើងបានចាត់ពួកហោរា ជាអ្នកបម្រើរបស់យើងមកឯអ្នករាល់គ្នា ជារៀងរហូតមក តែអ្នករាល់គ្នាមិនបានស្តាប់តាមទេ នេះហើយជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា។
សហាយរបស់អ្នកបានភ្លេចអ្នកហើយ គេមិនរកអ្នកទៀតទេ ព្រោះយើងបានវាយអ្នកឲ្យរបួស ដូចជាខ្មាំងសត្រូវវាយដែរ ហើយបានវាយផ្ចាលអ្នក ដូចជាមនុស្សសាហាវ ព្រោះចំនួនអំពើទុច្ចរិតរបស់អ្នកមានច្រើនណាស់ បាបអ្នកបានចម្រើនជាច្រើនឡើងហើយ។
ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ មើល៍! យើងនឹងបង្គាប់ ហើយធ្វើឲ្យគេវិលមកឯទីក្រុងនេះវិញ គេនឹងច្បាំងចាប់យកទីក្រុងនេះបាន រួចដុតចោល យើងនឹងធ្វើឲ្យទីក្រុងទាំងប៉ុន្មាននៅស្រុកយូដាត្រូវខូចបង់ ឥតមានអ្នកណានៅ។
ឱមនុស្សនៅស្រុកយូដា និងពួកក្រុងយេរូសាឡិមអើយ ចូរអ្នករាល់គ្នាកាត់ស្បែកថ្វាយខ្លួនដល់ព្រះយេហូវ៉ា ចូរកាត់យកស្បែកចិត្តអ្នកចោលចុះ ក្រែងសេចក្ដីក្រោធរបស់យើងចេញមកដូចជាភ្លើង ហើយឆេះឥតមានអ្នកណាពន្លត់បាន ដោយព្រោះសេចក្ដីអាក្រក់ ដែលអ្នករាល់គ្នាប្រព្រឹត្តនោះ»។
ព្រះយេហូវ៉ានៃពួកពលបរិវារ ជាព្រះរបស់សាសន៍អ៊ីស្រាអែល មានព្រះបន្ទូលដូច្នេះថា៖ "កំហឹង និងសេចក្ដីក្រោធរបស់យើង ដែលបានចាក់ចេញទៅលើពួកអ្នក នៅក្រុងយេរូសាឡិមជាយ៉ាងណា នោះសេចក្ដីក្រោធរបស់យើង នឹងត្រូវចាក់ចេញ លើអ្នករាល់គ្នាយ៉ាងនោះដែរ គឺក្នុងកាលដែលចូលទៅក្នុងស្រុកអេស៊ីព្ទនោះ នៅស្រុកនោះ អ្នករាល់គ្នានឹងត្រឡប់ទៅជាទីត្មះតិះដៀល ជាទីស្រឡាំងកាំង ជាទីផ្ដាសា ហើយជាទីជេរប្រមាថ អ្នករាល់គ្នានឹងមិនបានឃើញទីនេះទៀតឡើយ"។
យើងនឹងចាប់យកសំណល់ពួកយូដា ដែលបានតាំងចិត្តទៅអាស្រ័យនៅស្រុកអេស៊ីព្ទ ឲ្យគេវិនាសអស់រលីង គឺគេនឹងដួលនៅក្នុងស្រុកអេស៊ីព្ទ គេនឹងសូន្យទៅដោយដាវ និងអំណត់ គេនឹងស្លាប់ ចាប់ពីអ្នកតូចរហូតដល់អ្នកធំបំផុត។ ដោយសារដាវ និងអំណត់ គេនឹងត្រឡប់ជាទីត្មះតិះដៀល ជាទីស្រឡាំងកាំង និងជាទីផ្ដាសា ហើយជាទីប្រមាថមើលងាយ។
ព្រះយេហូវ៉ានៃពួកពលបរិវារ ជាព្រះរបស់សាសន៍អ៊ីស្រាអែល មានព្រះបន្ទូលដូច្នេះថា៖ «អ្នករាល់គ្នាបានឃើញគ្រប់សេចក្ដីអាក្រក់ ដែលយើងបាននាំមកលើក្រុងយេរូសាឡិម និងលើអស់ទាំងទីក្រុងស្រុកយូដាហើយ មើល៍! សព្វថ្ងៃនេះ ទីក្រុងទាំងនោះត្រូវខូចបង់ ឥតមានអ្នកណានៅឡើយ
ហេតុនោះបានជាកំហឹង និងសេចក្ដីក្រោធរបស់យើងបានចាកចេញ ហើយកាត់ឆេះឡើង នៅក្នុងទីក្រុងស្រុកយូដាទាំងប៉ុន្មាន និងនៅអស់ទាំងផ្លូវរបស់ក្រុងយេរូសាឡិម។ ដូច្នេះ ទីក្រុងទាំងនោះត្រូវខូចបង់ ហើយចោលស្ងាត់ ដូចសព្វថ្ងៃនេះ»។
ចូរឲ្យម៉ូអាប់មានស្លាបចុះ ដើម្បីឲ្យបានហើរទៅឲ្យរួច ដ្បិតទីក្រុងទាំងប៉ុន្មានរបស់គេនឹងត្រូវខូចបង់ ឥតមានអ្នកណានៅឡើយ
ដូច្នេះ ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ តើយើងមិនត្រូវធ្វើទោសចំពោះអំពើយ៉ាងនោះទេឬ? តើព្រលឹងយើងមិនត្រូវសងសឹក នឹងសាសន៍ណាយ៉ាងដូច្នេះទេឬ?
ឯពួកសាសន៍ដទៃ គេនឹងដឹងថា ពួកវង្សអ៊ីស្រាអែលបានត្រូវដឹកនាំទៅជាឈ្លើយ ដោយព្រោះអំពើទុច្ចរិតរបស់ខ្លួន ដោយព្រោះគេប្រព្រឹត្តរំលងទាស់នឹងយើងហើយ បានជាយើងគេចមុខចេញពីគេ ដោយហេតុនោះ បានជាយើងប្រគល់គេ ទៅក្នុងកណ្ដាប់ដៃនៃពួកខ្មាំងសត្រូវ ហើយគេត្រូវដួលដោយដាវទាំងអស់គ្នា
គឺយ៉ាងនោះឯង ដែលសេចក្ដីក្រោធរបស់យើងនឹងបានសម្រេច ហើយយើងនឹងឲ្យសេចក្ដីក្រោធរបស់យើងនៅលើគេ នោះយើងនឹងបានរសាយចិត្ត កាលណាយើងបានសម្រេចសេចក្ដីក្រោធរបស់យើងដល់គេ នោះគេនឹងដឹងថា ជាយើងនេះហើយ គឺព្រះយេហូវ៉ា ជាព្រះដែលប្រច័ណ្ឌ។
អ៊ីស្រាអែលទាំងមូលបានប្រព្រឹត្តរំលងក្រឹត្យវិន័យរបស់ព្រះអង្គ ហើយបានងាកបែរ មិនព្រមស្តាប់តាមព្រះបន្ទូលរបស់ព្រះអង្គទេ។ ហេតុនេះហើយបានជាបណ្ដាសា និងសម្បថដែលបានចែងទុកក្នុងក្រឹត្យវិន័យរបស់លោកម៉ូសេ ជាអ្នកបម្រើរបស់ព្រះ បានធ្លាក់មកលើយើងខ្ញុំ ព្រោះយើងខ្ញុំបានប្រព្រឹត្តអំពើបាបទាស់នឹងព្រះអង្គ។
ព្រះអង្គបានបញ្ជាក់ព្រះបន្ទូល ដែលព្រះអង្គមានព្រះបន្ទូលទាស់នឹងយើងខ្ញុំ ហើយទាស់នឹងពួកមេដឹកនាំ ដែលគ្រប់គ្រងយើងខ្ញុំ ដោយនាំសេចក្ដីអាក្រក់យ៉ាងធំនេះមកលើយើងខ្ញុំ ដ្បិតនៅក្រោមមេឃទាំងមូល មិនដែលមានហេតុការណ៍អ្វីកើតឡើង ដូចជាទុក្ខវេទនាដែលបានកើតដល់ក្រុងយេរូសាឡិមឡើយ។
មើល៍ យើងនឹងកិនអ្នករាល់គ្នានៅកន្លែងរបស់អ្នក ដូចរទេះកិននៅពេលដឹកកណ្ដាប់ស្រូវពេញដែរ។
ពាក្យសម្ដីរបស់អ្នករាល់គ្នា រំខានដល់ព្រះហឫទ័យព្រះយេហូវ៉ាណាស់។ ប៉ុន្តែ អ្នករាល់គ្នាសួរថា "តើយើងបានរំខានព្រះហឫទ័យព្រះអង្គដូចម្ដេច?" គឺដោយព្រោះអ្នករាល់គ្នានិយាយថា "អស់អ្នកណាដែលប្រព្រឹត្តអំពើអាក្រក់ នោះល្អនៅចំពោះព្រះនេត្រនៃព្រះយេហូវ៉ា ព្រះអង្គសព្វព្រះហឫទ័យនឹងគេ" ឬថា "តើសេចក្ដីយុត្តិធម៌របស់ព្រះនៅឯណា?"»។
ចុះបើព្រះចង់បង្ហាញសេចក្តីក្រោធ ហើយសម្ដែងព្រះចេស្តារបស់ព្រះអង្គ ចំពោះវត្ថុដែលគួរទទួលសេចក្ដីក្រោធ ដែលរៀបចំឡើងសម្រាប់បំផ្លាញ តែទ្រង់បានអត់ធ្មត់ជាខ្លាំង