យើងនឹងបង្កើតជាតិសាសន៍មួយដ៏ធំពីអ្នក យើងនឹងឲ្យពរអ្នក ហើយធ្វើឲ្យអ្នកមានឈ្មោះល្បី ដើម្បីឲ្យអ្នកបានជាទីបញ្ចេញពរដល់មនុស្សទាំងឡាយ។
និក្ខមនំ 20:24 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ត្រូវសង់អាសនាមួយអំពីដីសម្រាប់យើង ហើយត្រូវថ្វាយតង្វាយដុត និងតង្វាយមេត្រី ជាចៀម និងគោរបស់អ្នករាល់គ្នានៅលើអាសនានោះ យើងនឹងមកឲ្យពរអ្នក នៅគ្រប់ទីកន្លែងណាដែលយើងតាំងឲ្យមានសេចក្ដីរំឭកដល់ឈ្មោះយើង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចូរសង់អាសនៈមួយអំពីដីសម្រាប់យើង។ ចូរយកចៀម និងគោ មកថ្វាយជាតង្វាយដុតទាំងមូល និងយញ្ញបូជាមេត្រីភាព* នៅលើអាសនៈនោះ។ យើងនឹងមកឲ្យពរអ្នកគ្រប់ទីកន្លែង ដែលយើងបង្ហាញឲ្យអ្នកស្គាល់នាមយើង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ត្រូវឲ្យឯងយកដីស្អាងអាសនាឲ្យអញ ហើយត្រូវថ្វាយដង្វាយដុត នឹងដង្វាយមេត្រី ជាចៀម ហើយនឹងគោរបស់ឯង នៅលើអាសនានោះ ឯអញនឹងមកឲ្យពរដល់ឯងនៅគ្រប់ទីកន្លែងណា ដែលអញតាំងឲ្យមានសេចក្ដីរំឭកដល់ឈ្មោះអញ អាល់គីតាប ចូរសង់អាសនៈមួយអំពីដី សម្រាប់យើង។ ចូរយកចៀម និងគោមកធ្វើជាគូរបានដុត និងគូរបានមេត្រីភាពនៅលើអាសនៈនោះ។ យើងនឹងមកឲ្យពរអ្នកគ្រប់ទីកន្លែង ដែលយើងបង្ហាញឲ្យអ្នកស្គាល់នាមយើង។ |
យើងនឹងបង្កើតជាតិសាសន៍មួយដ៏ធំពីអ្នក យើងនឹងឲ្យពរអ្នក ហើយធ្វើឲ្យអ្នកមានឈ្មោះល្បី ដើម្បីឲ្យអ្នកបានជាទីបញ្ចេញពរដល់មនុស្សទាំងឡាយ។
មានគេក្រាបទូលដល់ព្រះបាទដាវីឌថា៖ «ព្រះយេហូវ៉ាបានប្រទានពរដល់គ្រួសារអូបិឌ-អេដុម និងអ្វីៗទាំងអស់របស់គាត់ ដោយព្រោះហិបរបស់ព្រះ»។ ដូច្នេះ ព្រះបាទដាវីឌក៏យាងទៅយកហិបរបស់ព្រះពីផ្ទះអូបិឌ-អេដុម ចូលមកក្នុងក្រុងរបស់ព្រះករុណាវិញដោយអំណរ។
ប្រយោជន៍ឲ្យព្រះនេត្ររបស់ព្រះអង្គបានបើកទតមកឯព្រះវិហារនេះទាំងយប់ទាំងថ្ងៃ គឺទតមើលមកទីកន្លែងដែលព្រះអង្គបានមានព្រះបន្ទូលហើយថា ព្រះនាមរបស់ព្រះអង្គនឹងនៅទីនេះ ដើម្បីស្តាប់សេចក្ដីអធិស្ឋាន ដែលទូលបង្គំជាអ្នកបម្រើរបស់ព្រះអង្គនឹងទូលតម្រង់មកទីនេះ។
នោះសូមព្រះអង្គទ្រង់ព្រះសណ្ដាប់ពីលើស្ថានសួគ៌ ជាទីលំនៅរបស់ព្រះអង្គ ហើយសម្រេចសព្វគ្រប់ តាមសេចក្ដីដែលសាសន៍ដទៃនោះនឹងសូមដល់ព្រះអង្គ ដើម្បីឲ្យគ្រប់ទាំងសាសន៍នៅផែនដីបានស្គាល់ព្រះនាមរបស់ព្រះអង្គ ប្រយោជន៍ឲ្យគេបានកោតខ្លាចដល់ព្រះអង្គ ដូចជាសាសន៍អ៊ីស្រាអែល ជាប្រជារាស្ត្ររបស់ព្រះអង្គដែរ ហើយឲ្យគេបានដឹងថា ព្រះវិហារដែលទូលបង្គំបានស្អាងនេះ បានហៅតាមព្រះនាមរបស់ព្រះអង្គ។
ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ «យើងបានឮសេចក្ដីដែលអ្នកបានអធិស្ឋាន ហើយទូលអង្វរនៅចំពោះយើងនោះ យើងក៏បានញែកព្រះវិហារនេះ ដែលអ្នកបានស្អាងចេញជាបរិសុទ្ធ ទុកសម្រាប់នឹងតាំងឈ្មោះយើង នៅអស់កល្បជានិច្ច ភ្នែក និងចិត្តយើងនឹងស្ថិតនៅទីនោះ ជាដរាបតទៅ។
ណាម៉ាន់និយាយថា៖ «បើដូច្នេះ សូមតែឲ្យដីល្មមផ្ទុកលើលាកាត់ពីរមកខ្ញុំប្របាទចុះ ដ្បិតពីនេះទៅមុខ ខ្ញុំប្របាទនឹងមិនថ្វាយតង្វាយដុត ឬយញ្ញបូជាដល់ព្រះណាផ្សេងទៀត ក្រៅពីព្រះយេហូវ៉ាឡើយ។
ស្តេចរេហូបោមបានពង្រឹងអំណាច ហើយសោយរាជ្យនៅក្រុងយេរូសាឡិម។ កាលរេហូបោមចាប់ផ្ដើមសោយរាជ្យ ទ្រង់មានព្រះជន្មសែសិបមួយឆ្នាំ ហើយសោយរាជ្យបានដប់ប្រាំពីរឆ្នាំនៅក្រុងយេរូសាឡិម ជាទីក្រុងដែលព្រះយេហូវ៉ាបានរើស ពីគ្រប់ទាំងកុលសម្ព័ន្ធនៃសាសន៍អ៊ីស្រាអែល សម្រាប់ព្រះនាមព្រះអង្គ។ មាតាទ្រង់ព្រះនាមថា ណាអាម៉ា ជាសាសន៍អាំម៉ូន។
ប៉ុន្តែ យើងបានរើសក្រុងយេរូសាឡិម ដើម្បីឲ្យឈ្មោះរបស់យើងបាននៅទីនោះ ហើយយើងបានរើសដាវីឌឲ្យបានគ្រប់គ្រងលើអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់យើង"។
ដ្បិតឥឡូវនេះ យើងបានរើសព្រះវិហារនេះ ហើយញែកចេញជាបរិសុទ្ធ ដើម្បីឲ្យឈ្មោះយើងបានតាំងនៅទីនេះជាដរាបទៅ ឯភ្នែក និងចិត្តរបស់យើង ក៏នៅទីនេះជានិច្ច។
សូមឲ្យព្រះដែលបានតាំងព្រះនាមរបស់ព្រះអង្គនៅទីនេះ ទម្លាក់ស្តេច ឬប្រជាជនណាដែលលូកដៃទៅបំប្លែងសេចក្ដីបង្គាប់នេះ ឬបំផ្លាញព្រះដំណាក់របស់ព្រះ ដែលនៅក្រុងយេរូសាឡិម។ យើង ដារីយុស បានចេញបង្គាប់ហើយ ដូច្នេះ ត្រូវអនុវត្តកិច្ចការនេះឲ្យបានសម្រេចដោយខ្នះខ្នែងបំផុត»។
តែបើអ្នករាល់គ្នាត្រឡប់មករកយើងវិញ ហើយកាន់ និងប្រព្រឹត្តតាមបទបញ្ជារបស់យើង នោះទោះបើពួកនិរទេសរបស់អ្នកបានខ្ចាត់ខ្ចាយ ទៅនៅដល់ជើងមេឃបំផុតក៏ដោយ ក៏យើងនឹងប្រមូលគេពីទីនោះ ហើយនាំគេមកឯកន្លែងដែលយើងបានជ្រើសរើស ដើម្បីឲ្យឈ្មោះរបស់យើងតាំងជាប់នៅទីនោះ"។
ទូលបង្គំនឹងប្រព្រឹត្តតាមផ្លូវទៀងត្រង់។ ឱ តើពេលណាទើបព្រះអង្គយាងមករកទូលបង្គំ? ទូលបង្គំនឹងប្រព្រឹត្តដោយចិត្តទៀងត្រង់ នៅក្នុងផ្ទះទូលបង្គំ
សូមព្រះយេហូវ៉ាប្រទានពរអ្នកពីក្រុងស៊ីយ៉ូន! សូមឲ្យអ្នកបានឃើញភាពចម្រុងចម្រើន របស់ក្រុងយេរូសាឡិម អស់មួយជីវិតរបស់អ្នក!
សូមព្រះយេហូវ៉ា ដែលព្រះអង្គបង្កើតផ្ទៃមេឃ និងផែនដី ប្រទានពរអ្នករាល់គ្នាពីក្រុងស៊ីយ៉ូន!
គេបានយកភ្លើងដុតទីបរិសុទ្ធរបស់ព្រះអង្គ គេបន្ទាបបន្ថោកព្រះដំណាក់នៃព្រះនាមព្រះអង្គ ហើយរំលំព្រះដំណាក់ព្រះអង្គឲ្យរាបចុះដល់ដី។
ព្រះពន្លារបស់ព្រះអង្គស្ថិតនៅក្រុងសាឡិម ព្រះដំណាក់ព្រះអង្គស្ថិតនៅក្រុងស៊ីយ៉ូន។
ប៉ុន្ដែ លោកម៉ូសេប្រកែកថា៖ «ព្រះករុណាត្រូវអនុញ្ញាតឲ្យយើងខ្ញុំមានសត្វសម្រាប់ថ្វាយយញ្ញបូជា និងតង្វាយដុត ដើម្បីឲ្យយើងខ្ញុំបានថ្វាយដល់ព្រះយេហូវ៉ាជាព្រះនៃយើងខ្ញុំ។
លោកយេត្រូជាឪពុកក្មេករបស់លោកម៉ូសេយកតង្វាយដុត និងយញ្ញបូជាថ្វាយដល់ព្រះ ហើយលោកអើរ៉ុន និងពួកចាស់ទុំសាសន៍អ៊ីស្រាអែល ក៏មកបរិភោគភោជនាហារជាមួយឪពុកក្មេករបស់លោកម៉ូសេនៅចំពោះព្រះដែរ។
ប៉ុន្តែ ប្រសិនបើអ្នកសង់អាសនាឲ្យយើងអំពីថ្ម កុំយកថ្មដាប់ឡើយ ដ្បិតកាលណាអ្នកយកពន្លាកមកដាប់ថ្ម នោះឈ្មោះថាបានធ្វើឲ្យថ្មនោះទៅជារបស់ដែលមិនស្អាតហើយ។
លោកម៉ូសេកត់ត្រាអស់ទាំងព្រះបន្ទូលរបស់ព្រះយេហូវ៉ា រួចលោកក្រោកពីព្រលឹមទៅសង់អាសនាមួយនៅជើងភ្នំ ហើយបញ្ឈរថ្មដប់ពីរ តាមចំនួនកុលសម្ព័ន្ធអ៊ីស្រាអែលទាំងដប់ពីរ។
លោកចាត់កំលោះៗពីក្នុងចំណោមប្រជាជនអ៊ីស្រាអែល ឲ្យទៅថ្វាយតង្វាយដុត ហើយសម្លាប់គោឈ្មោលធ្វើយញ្ញបូជា ជាតង្វាយមេត្រីថ្វាយព្រះយេហូវ៉ា។
ត្រូវធ្វើអាសនាពីឈើនាងនួន បណ្តោយប្រាំហត្ថ ទទឹងប្រាំហត្ថ បួនជ្រុងស្មើ ហើយកម្ពស់បីហត្ថ។
ព្រះអង្គតែងតែប្រោសដល់អ្នកដែលមានចិត្តរីករាយ ហើយប្រព្រឹត្តដោយសុចរិត គឺដល់ពួកអ្នកដែលនឹកចាំពីព្រះអង្គ ក្នុងអស់ទាំងផ្លូវរបស់ព្រះអង្គ តែព្រះអង្គមានសេចក្ដីក្រោធដោយព្រោះយើងខ្ញុំធ្វើបាប ព្រោះយើងខ្ញុំបាននៅជាប់ក្នុងអំពើទាំងនោះ ជាយូរមកហើយ។
ឥតយកមកឯទ្វារត្រសាលជំនុំ ដើម្បីថ្វាយដល់ព្រះយេហូវ៉ា អ្នកនោះត្រូវកាត់ចេញពីសាសន៍របស់ខ្លួន»។
ដ្បិតចាប់តាំងពីទិសខាងកើត រហូតដល់ទិសខាងលិច នោះឈ្មោះយើងនឹងបានជាធំ នៅកណ្ដាលពួកសាសន៍ដទៃ ហើយនៅគ្រប់ទីកន្លែង គេនឹងដុតកំញានថ្វាយដល់ឈ្មោះយើង ព្រមទាំងតង្វាយបរិសុទ្ធផង ដ្បិតឈ្មោះយើងនឹងបានជាធំ នៅក្នុងសាសន៍ដទៃវិញ នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ។
ដ្បិតទីណាមានពីរ ឬបីនាក់ជួបជុំគ្នាក្នុងនាមខ្ញុំ នោះខ្ញុំក៏នៅទីនោះក្នុងចំណោមពួកគេដែរ។
ហើយបង្រៀនឲ្យគេកាន់តាមគ្រប់ទាំងសេចក្តីដែលខ្ញុំបានបង្គាប់អ្នករាល់គ្នា ហើយមើល៍ ខ្ញុំក៏នៅជាមួយអ្នករាល់គ្នាជារៀងរាល់ថ្ងៃ រហូតដល់គ្រាចុងបំផុត»។ អាម៉ែន។:៚
នោះត្រូវនាំយកអស់ទាំងតង្វាយដែលខ្ញុំបង្គាប់ឲ្យអ្នកយកទៅថ្វាយ នៅកន្លែងណាដែលព្រះយេហូវ៉ាជាព្រះរបស់អ្នកជ្រើសរើស សម្រាប់តាំងព្រះនាមព្រះអង្គចុះ គឺអស់ទាំងតង្វាយដុត តង្វាយយញ្ញបូជា តង្វាយមួយភាគក្នុងដប់ តង្វាយលើកចុះឡើង និងគ្រប់ទាំងផលជ្រើសរើស ដែលអ្នករាល់គ្នាបានបន់ថ្វាយព្រះយេហូវ៉ា។
ប្រសិនបើកន្លែងដែលព្រះយេហូវ៉ាជាព្រះរបស់អ្នក ព្រះអង្គជ្រើសរើសសម្រាប់តាំងព្រះនាមព្រះអង្គ ស្ថិតនៅឆ្ងាយពីអ្នកពេក នោះអ្នកអាចសម្លាប់គោ ឬចៀមដែលព្រះយេហូវ៉ាបានប្រទានមកអ្នកបាន គឺដូចខ្ញុំបានបង្គាប់អ្នកហើយ អ្នកអាចបរិភោគនៅក្នុងក្រុងរបស់អ្នក ពេលណាក៏បាន តាមចិត្តប៉ងប្រាថ្នា។
ប៉ុន្ដែ អ្នកត្រូវរកកន្លែងដែលព្រះយេហូវ៉ាជាព្រះរបស់អ្នកជ្រើសរើស នៅក្នុងចំណោមទឹកដីនៃកុលសម្ព័ន្ធទាំងប៉ុន្មានរបស់អ្នក ដើម្បីតាំងព្រះនាមព្រះអង្គ និងតាំងដំណាក់ព្រះអង្គនៅទីនោះ។ អ្នករាល់គ្នាត្រូវទៅទីនោះ
ត្រូវបរិភោគតង្វាយមួយភាគក្នុងដប់ ដែលអ្នកញែកពីស្រូវ ពីស្រាទំពាំងបាយជូរ ពីប្រេង និងកូនដំបូងពីហ្វូងគោ ហ្វូងចៀមទាំងប៉ុន្មានរបស់អ្នក នៅចំពោះព្រះយេហូវ៉ាជាព្រះរបស់អ្នក ត្រង់កន្លែងដែលព្រះអង្គនឹងជ្រើសរើស សម្រាប់នឹងតាំងព្រះនាមព្រះអង្គ ដើម្បីឲ្យអ្នករៀនកោតខ្លាចដល់ព្រះយេហូវ៉ាជាព្រះរបស់អ្នករហូតតទៅ។
អ្នក និងកូនប្រុសកូនស្រីរបស់អ្នក ត្រូវអរសប្បាយនៅចំពោះព្រះយេហូវ៉ាជាព្រះរបស់អ្នក ព្រមទាំងបាវប្រុសបាវស្រីរបស់អ្នក ពួកលេវីដែលរស់នៅក្នុងទីក្រុងជាមួយអ្នក ពួកអ្នកប្រទេសក្រៅ កូនកំព្រា និងស្រ្ដីមេម៉ាយ ដែលនៅក្នុងចំណោមអ្នករាល់គ្នា នៅកន្លែងដែលព្រះយេហូវ៉ាជាព្រះរបស់អ្នក នឹងជ្រើសរើសសម្រាប់តាំងព្រះនាមព្រះអង្គ។
នោះត្រូវយកផលដំបូងគ្រប់មុខទាំងអស់ ដែលកើតពីដី ដែលអ្នកប្រមូលពីស្រែចម្ការ ជាផលដែលព្រះយេហូវ៉ាជាព្រះរបស់អ្នក ប្រទានឲ្យអ្នក រួចដាក់ក្នុងកញ្ជើមួយ នាំយកទៅកន្លែងដែលព្រះយេហូវ៉ាជាព្រះរបស់អ្នក នឹងជ្រើសរើសសម្រាប់តាំងព្រះនាមព្រះអង្គ។
ព្រះអង្គនឹងស្រឡាញ់អ្នក ព្រមទាំងប្រទានពរ ហើយចម្រើនឲ្យអ្នកមានគ្នាច្រើនឡើង ព្រះអង្គនឹងប្រទានពរផលដែលកើតពីពោះរបស់អ្នក និងផលពីដីរបស់អ្នក គឺជាស្រូវ ទឹកទំពាំងបាយជូរ និងប្រេង ព្រមទាំងផលចម្រើនពីហ្វូងគោ និងកូនពីហ្វូងចៀមរបស់អ្នក នៅក្នុងស្រុកដែលព្រះអង្គបានស្បថនឹងបុព្វបុរសរបស់អ្នកថា នឹងប្រគល់ឲ្យអ្នក។
ដូច្នេះ ខ្ញុំចង់ឲ្យបុរសៗលើកដៃបរិសុទ្ធឡើង ហើយអធិស្ឋាននៅគ្រប់ទីកន្លែង ដោយឥតមានកំហឹង ឬឈ្លោះប្រកែកឡើយ។