Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ចោទិយ‌កថា 26:2 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

2 នោះ​ត្រូវ​យក​ផល​ដំបូង​គ្រប់​មុខ​ទាំង​អស់ ដែល​កើត​ពី​ដី ដែល​អ្នក​ប្រមូល​ពី​ស្រែ​ចម្ការ ជា​ផល​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ប្រទាន​ឲ្យអ្នក រួច​ដាក់​ក្នុង​កញ្ជើ​មួយ នាំ​យក​ទៅ​កន្លែង​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក នឹង​ជ្រើស​រើស​សម្រាប់​តាំង​ព្រះ‌នាម​ព្រះ‌អង្គ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

2 ចូរ​យក​ផល​ដំបូង​នៃ​ភោគ‌ផល​ទាំង​អស់ ដែល​កើត​ពី​ដី​នៅ​ស្រុក​ដែល​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ប្រទាន​ឲ្យ ដាក់​ក្នុង​ល្អី​មួយ រួច​យក​ទៅ​កន្លែង​ដែល​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ជ្រើស​រើស​ទុក​ជា​ព្រះ‌ដំណាក់​សម្រាប់​សម្តែង​ព្រះ‌នាម​របស់​ព្រះអង្គ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

2 នោះ​ត្រូវ​ឲ្យ​យក​ផល​ដំបូង​គ្រប់​មុខ​កើត​ពី​ដី ដែល​ឯង​នឹង​ប្រមូល​មក​ពី​ស្រែ​ចំការ ជា​ផល​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​ប្រទាន​ឲ្យ រួច​ដាក់​ចុះ​ក្នុង​បញ្ជី នាំ​យក​ទៅ​ឯ​កន្លែង​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង នឹង​រើស​សំរាប់​តាំង​ព្រះ‌នាម​ទ្រង់

សូមមើលជំពូក ចម្លង

អាល់គីតាប

2 ចូរ​យក​ផល​ដំបូង​នៃ​ភោគ​ផល​ទាំង​អស់ ដែល​កើត​ពី​ដី​នៅ​ស្រុក​ដែលអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក ប្រទាន​ឲ្យ ដាក់​ក្នុង​ល្អី​មួយ រួច​យក​ទៅ​កន្លែង​ដែលអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក ជ្រើស​រើស​ទុក​ជា​ដំណាក់​សម្រាប់​សំដែង​នាម​របស់​អុលឡោះ។

សូមមើលជំពូក ចម្លង




ចោទិយ‌កថា 26:2
33 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​គ្រា​នោះ មាន​មនុស្ស​ម្នាក់​មក​ពី​ស្រុក​បាល-សាលី‌សា គាត់​យក​នំបុ័ង​ម្សៅ​ឱក​ម្ភៃ​ដុំ​ធ្វើ​ពី​ផល​ដំបូង និង​គួរ​ស្រូវ​ស្រស់ មក​ជូន​ដល់​អ្នក​សំណព្វ​របស់​ព្រះ នោះ​លោក​ប្រាប់​ថា៖ «ចូរ​ចែក​ឲ្យ​បណ្ដា‌ជន​បរិ‌ភោគ​ទៅ»។


កាល​សេចក្ដី​បង្គាប់​នោះ​បាន​ឮ​សុស‌សាយ​ទៅ ស្រាប់​តែ​ពួក​អ៊ីស្រា‌អែល​ក៏​ថ្វាយ​តង្វាយ​ជា​បរិបូរ គឺ​ជា​ផល​ដំបូង​ពី​ស្រូវ ពី​ទឹក​ទំពាំង‌បាយ‌ជូរ ពី​ប្រេង ពី​ទឹក​ឃ្មុំ ហើយ​ពី​ផល​នៃ​ចម្ការ​ទាំង​អស់ គេ​ក៏​យក​មួយ​ភាគ​ក្នុង​ដប់​ពី​របស់​ទាំង​អស់​មក​ជា​បរិបូរ​ដែរ ។


ប៉ុន្តែ យើង​បាន​រើស​ក្រុង​យេរូ‌សាឡិម ដើម្បី​ឲ្យ​ឈ្មោះ​របស់​យើង​បាន​នៅ​ទី​នោះ ហើយ​យើង​បាន​រើស​ដាវីឌ​ឲ្យ​បាន​គ្រប់‌គ្រង​លើ​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ត្រ​របស់​យើង"។


នៅ​ថ្ងៃ​នោះ គេ​បាន​តែង​តាំង​មនុស្ស​ឲ្យ​គ្រប់​គ្រង​លើ​បន្ទប់​ឃ្លាំង ដែល​សម្រាប់​ទុក​តង្វាយ​លើក​ចុះ​ឡើង តង្វាយ​ផល​ដំបូង និង​តង្វាយ​មួយ​ភាគ​ក្នុង​ដប់ ដើម្បី​ប្រមូល​ចំណែក ដែល​ក្រឹត្យ‌វិន័យ​បាន​តម្រូវ​ឲ្យ​ទុក​សម្រាប់​ពួក​សង្ឃ និង​ពួក​លេវី ពី​ស្រែ​ចម្ការ​ដែល​នៅ​ជុំ​វិញ​ក្រុង មក​ទុក​ក្នុង​បន្ទប់​ឃ្លាំង​ទាំង​នោះ ដ្បិត​ពួក​យូដា​មាន​អំណរ​ចំពោះ​ពួក​សង្ឃ និង​ពួក​លេវី ដែល​បំពេញ​មុខ​ងារ​របស់​ខ្លួន។


ហើយ​ខ្ញុំ​បាន​រៀប​ចំ​ឲ្យ​មាន​តង្វាយ​ឧស តាម​ពេល​កំណត់ និង​សម្រាប់​ផល​ដំបូង​ដែរ។ ឱ​ព្រះ​នៃ​ទូល‌បង្គំ​អើយ សូម​នឹក​ចាំ​ពី​ទូល‌បង្គំ សម្រាប់​សេចក្ដី​ល្អ​ផង។:៚


ត្រូវ​សង់​អាស‌នា​មួយ​អំពី​ដី​សម្រាប់​យើង ហើយ​ត្រូវ​ថ្វាយ​តង្វាយ​ដុត និង​តង្វាយ​មេត្រី ជា​ចៀម និង​គោ​របស់​អ្នក​រាល់​គ្នា​នៅ​លើ​អាស‌នា​នោះ យើង​នឹង​មក​ឲ្យ​ពរ​អ្នក នៅ​គ្រប់​ទី​កន្លែង​ណា​ដែល​យើង​តាំង​ឲ្យ​មាន​សេចក្ដី​រំឭក​ដល់​ឈ្មោះ​យើង។


មិន​ត្រូវ​បង្អង់​នឹង​ថ្វាយ​ភោគ​ផល​ដំបូង​ពី​ស្រែ​ចម្ការ និង​ពី​ប្រេង​អូលីវ​របស់​អ្នក​មក​យើង​ឡើយ ឯ​កូន​ប្រុស​ច្បង​របស់​អ្នក​ក៏​ត្រូវ​ប្រគល់​មក​យើង​ដែរ។


ត្រូវ​ធ្វើ​បុណ្យ​ចម្រូត គឺ​នៅ​ពេល​អ្នក​ចាប់​ផ្ដើម​ច្រូត​កាត់​ផល​ដំបូង​ពី​ការ​នឿយ​ហត់​របស់​អ្នក ពី​ការ​ដែល​អ្នក​សាប‌ព្រោះ​នៅ​ស្រែ​ចម្ការ។ ចុង​ឆ្នាំ ត្រូវ​ធ្វើ​បុណ្យ​ប្រមូល​ផល គឺ​នៅ​ពេល​អ្នក​ប្រមូល​ផល​ពី​ការ​នឿយ​ហត់​របស់​អ្នក​ពី​ស្រែ​ចម្ការ​រួច​រាល់​អស់។


ឯ​ចំណែក​មុន​បង្អស់​នៃ​ផល​ដំបូង​ដែល​កើត​ពី​ដី​របស់​អ្នក ត្រូវ​យក​មក​ក្នុង​ដំណាក់​របស់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក។ មិន​ត្រូវ​ស្ងោរ​កូន​ពពែ​ក្នុង​ទឹក​ដោះ​របស់​មេ​វា​ឡើយ។


ផល​ដំបូង​បង្អស់​ដែល​កើត​ពី​ដី​របស់​អ្នក នោះ​ត្រូវ​យក​មក​ក្នុង​ដំណាក់​របស់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក។ អ្នក​មិន​ត្រូវ​ស្ងោរ​កូន​ពពែ​ក្នុង​ទឹក​ដោះ​របស់​មេ​វា​ឡើយ»។


គ្រា​នោះ អ៊ីស្រាអែល​ជា​ពួក​បរិសុទ្ធ​ដល់​ព្រះ‌យេហូវ៉ា ជា​ផល​ដំបូង​នៃ​សេចក្ដី​ចម្រើន​របស់​ព្រះ‌អង្គ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា អស់​អ្នក​ណា​ដែល​ស៊ី​បង្ហិន​គេ នោះ​នឹង​ត្រូវ​មាន​ទោស សេចក្ដី​អាក្រក់​នឹង​មក​គ្រប​លើ​អ្នក​នោះ»។


ដ្បិត​ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ «នៅ​លើ​ភ្នំ​បរិសុទ្ធ​របស់​យើង គឺ​ជា​ភ្នំ​យ៉ាង​ខ្ពស់​របស់​ស្រុក​អ៊ីស្រា‌អែល ពួក​វង្ស​អ៊ីស្រា‌អែល​ទាំង​មូល​នឹង​គោរព​ដល់​យើង​គ្រប់​គ្នា​នៅ​ក្នុង​ស្រុក​របស់​ខ្លួន នៅ​ទី​នោះ​យើង​នឹង​ទទួល​គេ ហើយ​នៅ​ទី​នោះ​យើង​សុខ​ចិត្ត​ទទួល​តង្វាយ​របស់​អ្នក​រាល់​គ្នា និង​ផល​ដំបូង​ពី​តង្វាយ​អ្នក ព្រម​ទាំង​គ្រឿង​បរិសុទ្ធ​របស់​អ្នក​រាល់​គ្នា​ទាំង​អស់​ដែរ។


ចំណែក​ផល​ដំបូង​គ្រប់​យ៉ាង និង​អស់​ទាំង​តង្វាយ ដែល​ថ្វាយ​ដោយ​លើក​ចុះ​ឡើង​គ្រប់​មុខ ពី​អស់​ទាំង​តង្វាយ​លើក​ចុះ​ឡើង​របស់​អ្នក​រាល់​គ្នា នោះ​សុទ្ធ​តែ​ជា​របស់​ពួក​សង្ឃ ក៏​ត្រូវ​ឲ្យ​ម្សៅ​ដំបូង​របស់​អ្នក​ដល់​ពួក​សង្ឃ​ដែរ ដើម្បី​ឲ្យ​បាន​ព្រះ‌ពរ​ស្ថិត​លើ​ផ្ទះ​អ្នក។


មិន​ត្រូវ​ឲ្យ​គេ​លក់​អ្វី​ពី​នោះ​ឡើយ ក៏​មិន​ត្រូវ​ប្តូរ ឬ​បញ្ជូន​ផល​ដំបូង​ចេញ​ទៅ​ឯ​ណា​ដែរ ដ្បិត​ផល​នោះ​ជា​របស់​បរិសុទ្ធ​ដល់​ព្រះ‌យេហូវ៉ា។


របស់​ទាំង​ពីរ​នោះ ត្រូវ​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា​ទុក​ជា​ផល​ដំបូង តែ​មិន​ត្រូវ​ដុត​នៅ​លើ​អាសនា សម្រាប់​ជា​ក្លិន​ឈ្ងុយ​ឡើយ។


ប្រសិន​បើ​អ្នក​យក​ផល​ដំបូង​មក​ថ្វាយ​ជា​តង្វាយ​ម្សៅ​ដល់​ព្រះ‌យេហូវ៉ា នោះ​ត្រូវ​ថ្វាយ​កួរ​ស្រូវ​ថ្មី​ដែល​លីង ហើយ​បុក​ទុក​ជា​តង្វាយ​ផល​ដំបូង។


ប្រសិន‌បើ​ម្សៅ​មួយ​ក្តាប់ ដែល​បាន​ថ្វាយ​ជា​ផល​ដំបូង​បរិសុទ្ធ នោះ​ដុំ​ទាំង​មូល​ក៏​បរិសុទ្ធ ហើយ​ប្រសិន‌បើ​ឫស​បរិសុទ្ធ នោះ​មែក​ក៏​បរិសុទ្ធ​ដែរ។


សូម​ជម្រាប​សួរ​ក្រុម​ជំនុំ ដែល​ជួប​ជុំ​គ្នា​នៅ​ផ្ទះ​ពួក​គាត់​ផង។ សូម​ជម្រាប​សួរ​លោក​អេ‌ប៉ាយ‌នេត ជា​ស្ងួន‌ភ្ងា​របស់​ខ្ញុំ ដែល​ជា​ផល​ដំបូង​ថ្វាយ​ព្រះ‌គ្រីស្ទ​នៅ​ស្រុក​អាស៊ី


ហើយ​មិន​ត្រឹម​តែ​ប៉ុណ្ណោះ សូម្បី​តែ​ខ្លួន​យើង​ផ្ទាល់​ដែល​មាន​ផល​ដំបូង​របស់​ព្រះ‌វិញ្ញាណ ក៏​ថ្ងូរ​ក្នុង​ខ្លួន​ដែរ ទាំង​រង់​ចាំ​ការ​ទទួល​ជា​កូន គឺ​ជា​ការ​ប្រោស​លោះ​រូប‌កាយ​របស់​យើង។


ប៉ុន្តែ ព្រះ‌គ្រីស្ទ​ពិត​ជា​មាន​ព្រះ‌ជន្ម​រស់​ពី​ស្លាប់​ឡើង​វិញ​មែន ជា​ផល​ដំបូង​ក្នុង​ចំណោម​អស់​អ្នក​ដែល​បាន​ស្លាប់។


តែ​ម្នាក់ៗ​តាម​លំ​ដា​ប់​រៀង​ខ្លួន គឺ​ព្រះ‌គ្រីស្ទ​ជា​ផល​ដំបូង បន្ទាប់​មក អស់​អ្នក​ដែល​ជា​របស់​ព្រះ‌គ្រីស្ទ​នឹង​រស់​ឡើង​វិញ នៅ​ពេល​ព្រះ‌អង្គ​យាង​មក។


គឺ​រាល់​ថ្ងៃ​ទីមួយ​ក្នុង​សប្ដាហ៍ ចូរ​អ្នក​រាល់​គ្នា​សន្សំ​ទុក​ដោយ​ឡែក​រៀងខ្លួន តាម​អ្វីៗ​ដែល​ព្រះ​បាន​ចម្រើន​ឲ្យ កុំ​ចាំ​ពេល​ខ្ញុំ​មក​ដល់ ទើប​រៃ​អង្គាស​នោះ​ឡើយ។


បន្ទាប់​មក ត្រូវ​ធ្វើ​បុណ្យ​សប្ដាហ៍​ទី​ប្រាំពីរ ថ្វាយ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ដោយ​ថ្វាយ​តង្វាយ​ស្ម័គ្រ​ពី​ចិត្ត តាម​ភោគ​ផល​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​បាន​ប្រទាន​ពរ។


ត្រូវ​យក​ផល​ដំបូង​ពី​ស្រូវ ពី​ទឹក​ទំពាំង‌បាយ​ជូរ ពី​ប្រេង និង​រោម​ចៀម​របស់​អ្នក ដែល​កាត់​មុន​ដំបូង ជូន​ដល់​លោក។


«កាល​ណា​អ្នក​បាន​ចូល​ទៅ​ចាប់​យក​ស្រុក​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​ប្រទាន​ឲ្យ​អ្នក​ជា​មត៌ក រួច​បាន​តាំង​ទី​លំនៅ​ក្នុង​ស្រុក​នោះ​ហើយ


អ្នក​ត្រូវ​ទៅ​ជួប​សង្ឃ​ដែល​បំពេញ​មុខ​ងារ​នៅ​គ្រា​នោះ ហើយ​ជម្រាប​លោក​ថា "នៅ​ថ្ងៃ​នេះ ខ្ញុំ​សូម​ប្រកាស​ចំពោះ​ព្រះ‌យេហូវ៉ា ជា​ព្រះ​របស់​លោក​ថា ខ្ញុំ​បាន​មក​ដល់​ស្រុក​ដែល​ព្រះ‌យេហូវ៉ា​បាន​ស្បថ​នឹង​បុព្វបុរស​របស់​យើង​ថា នឹង​ឲ្យ​មក​យើង​ខ្ញុំ​ហើយ"។


ព្រះ​បាន​បង្កើត​យើង​មក តាម​ព្រះ‌ហឫ‌ទ័យ​របស់​ព្រះ‌អង្គ ដោយ​សារ​ព្រះ‌បន្ទូល​ដ៏​ពិត ប្រយោជន៍​ឲ្យ​យើង​បាន​ដូច​ជា​ផល​ដំបូងនៃ​អ្វីៗ​ទាំង​អស់​ដែល​ព្រះ‌អង្គ​បង្កើត​មក។


បន្ទាប់​មក ក្រុម​ជំនុំ​នៃ​កូន​ចៅ​អ៊ីស្រា‌អែល​ទាំង​មូល​បាន​ជួប​ប្រជុំ​គ្នា​នៅ​ស៊ីឡូ ហើយ​ដំឡើង​ត្រសាល​ជំនុំ​នៅ​ទី​នោះ។ ស្រុក​នោះ​ទាំង​មូល​ក្រាប​ចុះ​ចូល​នៅ​ចំពោះ​ពួក​គេ។


អ្នក​ទាំង​នេះ​មិន​បាន​ធ្វើ​ឲ្យ​ខ្លួន​សៅហ្មង​នឹង​ស្ត្រី​ឡើយ ដ្បិត​គេ​ជា​ព្រហ្មចារី។ អ្នក​ទាំង​នេះ​ហើយ ដែល​ដើរ​តាម​កូន​ចៀម​ទៅ​គ្រប់​កន្លែង​ដែល​ទ្រង់​យាង​ទៅ ព្រះ‌អង្គ​បាន​លោះ​គេ​ចេញ​ពី​ពួក​មនុស្ស​លោក ទុក​ជា​ផល​ដំបូង​ថ្វាយ​ដល់​ព្រះ និង​កូន​ចៀម


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម