នេហេមា 1 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦លោកនេហេមាទូលអង្វរឲ្យសាសន៍យូដា 1 នេះជាពាក្យរបស់លោកនេហេមា ជាកូនលោកហាកាលា។ នៅខែមិគ្គសិរ ក្នុងឆ្នាំទីម្ភៃនៃរជ្ជកាលព្រះបាទអើថាស៊ើកសេស គឺពេលដែលខ្ញុំស្ថិតនៅក្រុងស៊ូសាន ជារាជធានី 2 នោះមានបងប្អូនខ្ញុំម្នាក់ ឈ្មោះហាណានី និងអ្នកខ្លះទៀតបានមកពីស្រុកយូដា ហើយខ្ញុំសួរពួកគេពីដំណើរពួកយូដាដែលបានភៀសខ្លួន គឺពួកអ្នកដែលនៅរស់រានមានជីវិត រួចផុតពីការជាប់ជាឈ្លើយ និងពីដំណើរក្រុងយេរូសាឡិមដែរ»។ 3 អ្នកទាំងនោះតបមកខ្ញុំថា៖ «ពួកអ្នកនៅសល់ក្នុងខេត្តនោះ គឺពួកអ្នកដែលនៅរស់រានមានជីវិត រួចផុតពីការជាប់ជាឈ្លើយ កំពុងរងទុក្ខវេទនា និងសេចក្ដីអាម៉ាស់ជាខ្លាំង។ រីឯកំផែងក្រុងយេរូសាឡិមក៏ត្រូវបាក់បែក ហើយទ្វារក្រុងក៏ត្រូវបានគេដុតបំផ្លាញដែរ»។ 4 កាលខ្ញុំបានឮពាក្យទាំងនេះ ខ្ញុំក៏អង្គុយយំ ហើយសោកសៅអស់រយៈពេលពីរបីថ្ងៃ ទាំងតមអាហារ ហើយអធិស្ឋាននៅចំពោះព្រះនៃស្ថានសួគ៌។ 5 ខ្ញុំទូលព្រះអង្គថា៖ «ឱព្រះយេហូវ៉ា ជាព្រះនៃស្ថានសួគ៌ គឺជាព្រះដ៏ធំ ហើយគួរស្ញែងខ្លាច ដែលរក្សាសេចក្ដីសញ្ញា និងសេចក្ដីសប្បុរស ដល់អស់អ្នកដែលស្រឡាញ់ព្រះអង្គ ហើយកាន់តាមបទបញ្ជារបស់ព្រះអង្គអើយ 6 សូមទ្រង់ផ្ទៀងព្រះកាណ៌ ហើយបើកព្រះនេត្រ ដើម្បីស្តាប់ពាក្យអធិស្ឋានរបស់ទូលបង្គំ ជាអ្នកបម្រើព្រះអង្គ ដែលឥឡូវនេះ ទូលបង្គំអធិស្ឋាននៅចំពោះព្រះអង្គទាំងយប់ទាំងថ្ងៃ ពីដំណើរប្រជាជនអ៊ីស្រាអែល ជាអ្នកបម្រើព្រះអង្គ ដោយលន់តួអំពើបាបរបស់ប្រជាជនអ៊ីស្រាអែល ដែលយើងខ្ញុំបានប្រព្រឹត្តទាស់នឹងព្រះអង្គ។ ទូលបង្គំ និងក្រុមគ្រួសាររបស់ឪពុកទូលបង្គំក៏បានប្រព្រឹត្តអំពើបាបដែរ។ 7 យើងខ្ញុំបានប្រព្រឹត្តនឹងព្រះអង្គដោយខូចអាក្រក់ជាខ្លាំង ឥតកាន់តាមបទបញ្ជា ច្បាប់ បញ្ញត្តិដែលព្រះអង្គ ដែលបានបង្គាប់មក ដោយសារលោកម៉ូសេ ជាអ្នកបម្រើព្រះអង្គឡើយ។ 8 សូមព្រះអង្គនឹកចាំពីព្រះបន្ទូល ដែលព្រះអង្គបានបង្គាប់មកលោកម៉ូសេ ជាអ្នកបម្រើព្រះអង្គថា "បើអ្នករាល់គ្នាមិនស្មោះត្រង់ យើងនឹងកម្ចាត់កម្ចាយអ្នករាល់គ្នាឲ្យទៅនៅក្នុងចំណោមជាតិសាសន៍ទាំងឡាយ 9 តែបើអ្នករាល់គ្នាត្រឡប់មករកយើងវិញ ហើយកាន់ និងប្រព្រឹត្តតាមបទបញ្ជារបស់យើង នោះទោះបើពួកនិរទេសរបស់អ្នកបានខ្ចាត់ខ្ចាយ ទៅនៅដល់ជើងមេឃបំផុតក៏ដោយ ក៏យើងនឹងប្រមូលគេពីទីនោះ ហើយនាំគេមកឯកន្លែងដែលយើងបានជ្រើសរើស ដើម្បីឲ្យឈ្មោះរបស់យើងតាំងជាប់នៅទីនោះ"។ 10 ពួកគេជាអ្នកបម្រើរបស់ព្រះអង្គ ហើយជាប្រជារាស្ត្រដែលព្រះអង្គបានរំដោះ ដោយព្រះចេស្តាដ៏អស្ចារ្យ និងដោយព្រះហស្តដ៏ខ្លាំងពូកែ។ 11 ឱព្រះអម្ចាស់អើយ សូមផ្ទៀងព្រះកាណ៌ស្តាប់ពាក្យអធិស្ឋានរបស់ទូលបង្គំ និងពាក្យអធិស្ឋានរបស់ពួកអ្នកបម្រើព្រះអង្គ ដែលពេញចិត្តនឹងកោតខ្លាចដល់ព្រះនាមរបស់ព្រះអង្គ។ សូមប្រោសប្រទានឲ្យទូលបង្គំមានជោគជ័យនៅថ្ងៃនេះ ហើយសូមប្រោសមេត្តាដល់ទូលបង្គំ នៅចំពោះមនុស្សនេះផង»។ នៅគ្រានោះ ខ្ញុំជាអ្នកថ្វាយពែងដល់ស្តេច។ |
© 2016 United Bible Societies
Bible Society in Cambodia