ទំនុកតម្កើង 122 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ចម្រៀងសរសើរតម្កើង និងពាក្យអធិស្ឋានឲ្យក្រុងយេរូសាឡិម ទំនុកច្រៀងតាមថ្នាក់ ជាបទរបស់ស្តេចដាវីឌ។ 1 ខ្ញុំមានអំណរណាស់ កាលគេប្រាប់ខ្ញុំថា៖ «មកយើង នាំគ្នាទៅដំណាក់ របស់ព្រះយេហូវ៉ា!» 2 ឱក្រុងយេរូសាឡិមអើយ ជើងរបស់យើងឈរនៅក្នុងច្រកទ្វារ របស់អ្នកហើយ។ 3 យេរូសាឡិមអើយ អ្នកត្រូវបានសង់ឡើង ជាក្រុងមួយចងភ្ជាប់គ្នាយ៉ាងរឹងមាំ 4 ជាកន្លែងដែលកុលសម្ព័ន្ធនានា គឺកុលសម្ព័ន្ធរបស់ព្រះយេហូវ៉ា នាំគ្នាឡើងទៅតាមច្បាប់ របស់សាសន៍អ៊ីស្រាអែល ដើម្បីអរព្រះគុណដល់ព្រះនាមព្រះយេហូវ៉ា។ 5 ដ្បិតនៅទីនោះ មានតាំងបល្ល័ង្កវិនិច្ឆ័យ ជាបល្ល័ង្កនៃរាជវង្សរបស់ព្រះបាទដាវីឌ។ 6 ចូរអធិស្ឋានសូមឲ្យក្រុងយេរូសាឡិម បានសេចក្ដីសុខ «សូមឲ្យអស់អ្នកដែលស្រឡាញ់ក្រុងនេះ បានចម្រុងចម្រើន! 7 សូមឲ្យមានសេចក្ដីសុខ នៅខាងក្នុងកំផែងរបស់អ្នក ហើយសូមឲ្យមានសន្ដិសុខ នៅក្នុងបន្ទាយរបស់អ្នក!» 8 ដោយយល់ដល់បងប្អូន និងញាតិមិត្តរបស់ខ្ញុំ ខ្ញុំនឹងពោលថា «សូមឲ្យមានសេចក្ដីសុខ នៅក្នុងអ្នក!»។ 9 ដោយយល់ដល់ដំណាក់របស់ព្រះយេហូវ៉ា ជាព្រះនៃយើង ខ្ញុំនឹងស្វែងរកសេចក្ដីល្អឲ្យអ្នក។ |
© 2016 United Bible Societies
Bible Society in Cambodia