ទំនុកតម្កើង 101 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ពាក្យសន្យារបស់ព្រះរាជា ទំនុករបស់ព្រះបាទដាវីឌ។ 1 ទូលបង្គំនឹងច្រៀងអំពីព្រះហឫទ័យសប្បុរស និងយុត្តិធម៌ ឱព្រះយេហូវ៉ាអើយ ទូលបង្គំនឹងច្រៀងសរសើរព្រះអង្គ។ 2 ទូលបង្គំនឹងប្រព្រឹត្តតាមផ្លូវទៀងត្រង់។ ឱ តើពេលណាទើបព្រះអង្គយាងមករកទូលបង្គំ? ទូលបង្គំនឹងប្រព្រឹត្តដោយចិត្តទៀងត្រង់ នៅក្នុងផ្ទះទូលបង្គំ 3 ទូលបង្គំនឹងមិនតាំងអ្វីមួយដែលឥតប្រយោជន៍ នៅចំពោះភ្នែកទូលបង្គំឡើយ។ ទូលបង្គំស្អប់កិច្ចការរបស់អស់អ្នក ដែលងាកចេញពីព្រះ កិរិយាបែបនេះនឹងមិនជាប់ នៅក្នុងខ្លួនទូលបង្គំឡើយ។ 4 ចិត្តវៀចវេរនឹងនៅឆ្ងាយពីទូលបង្គំ ទូលបង្គំនឹងមិនស្គាល់សេចក្ដីអាក្រក់ទេ។ 5 ៙ អ្នកណាដែលមួលបង្កាច់ អ្នកជិតខាងខ្លួនដោយសម្ងាត់ ទូលបង្គំនឹងបំផ្លាញចេញ។ ហើយអ្នកណាដែលមានឫកខ្ពស់ និងចិត្តឆ្មើងឆ្មៃ ទូលបង្គំនឹងទ្រាំមិនបានឡើយ។ 6 ៙ ទូលបង្គំនឹងមើលទៅមនុស្សស្មោះត្រង់ នៅក្នុងស្រុក ដោយសន្ដោស ដើម្បីឲ្យគេបានរស់នៅជាមួយទូលបង្គំ អ្នកណាដែលប្រព្រឹត្តតាមផ្លូវទៀងត្រង់ អ្នកនោះនឹងបម្រើទូលបង្គំ។ 7 ៙ អ្នកណាដែលប្រព្រឹត្តដោយអំពើបោកបញ្ឆោត អ្នកនោះមិនអាចនៅក្នុងផ្ទះទូលបង្គំបានឡើយ អ្នកណាដែលនិយាយកុហក ក៏មិនអាចធន់នៅមុខទូលបង្គំបានដែរ។ 8 ៙ រាល់ព្រឹក ទូលបង្គំនឹងបំផ្លាញ មនុស្សអាក្រក់ទាំងប៉ុន្មាននៅក្នុងស្រុក ដោយកាត់មនុស្សដែលប្រព្រឹត្ត អំពើទុច្ចរិតទាំងអស់ ចេញពីទីក្រុងរបស់ព្រះយេហូវ៉ា។ |
© 2016 United Bible Societies
Bible Society in Cambodia