អស់ទាំងស្នាព្រះហស្តរបស់ព្រះអង្គ នៅគ្រប់ទីកន្លែងដែលព្រះអង្គគ្រប់គ្រងអើយ ចូរថ្វាយព្រះពរព្រះយេហូវ៉ា ឱព្រលឹងខ្ញុំអើយ ចូរថ្វាយព្រះពរព្រះយេហូវ៉ា!
ទំនុកតម្កើង 145:10 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ៙ ឱព្រះយេហូវ៉ាអើយ អស់ទាំងស្នាព្រះហស្តរបស់ព្រះអង្គ នឹងអរព្រះគុណដល់ព្រះអង្គ ហើយអស់ទាំងពួកអ្នកបរិសុទ្ធរបស់ព្រះអង្គ នឹងថ្វាយព្រះពរព្រះអង្គ! ព្រះគម្ពីរខ្មែរសាកល ព្រះយេហូវ៉ាអើយ អស់ទាំងស្នាព្រះហស្តរបស់ព្រះអង្គនឹងអរព្រះគុណព្រះអង្គ ហើយពួកវិសុទ្ធជនរបស់ព្រះអង្គនឹងថ្វាយពរព្រះអង្គ! ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ឱព្រះអម្ចាស់អើយ សត្វលោកដែលព្រះអង្គបានបង្កើតមក នឹងនាំគ្នាលើកតម្កើងព្រះអង្គ ហើយប្រជាជនរបស់ព្រះអង្គ ក៏នឹងនាំគ្នាសរសើរតម្កើងព្រះអង្គដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឱព្រះយេហូវ៉ាអើយ អស់ទាំងស្នាដៃរបស់ទ្រង់នឹងអរព្រះគុណដល់ទ្រង់ ហើយពួកអ្នកបរិសុទ្ធរបស់ទ្រង់នឹងសូមឲ្យទ្រង់បានប្រកប ដោយព្រះពរ អាល់គីតាប ឱអុលឡោះតាអាឡាអើយ សត្វលោកដែលទ្រង់ បានបង្កើតមក នឹងនាំគ្នាលើកតម្កើងទ្រង់ ហើយប្រជាជនរបស់ទ្រង់ ក៏នឹងនាំគ្នាសរសើរតម្កើងទ្រង់ដែរ។ |
អស់ទាំងស្នាព្រះហស្តរបស់ព្រះអង្គ នៅគ្រប់ទីកន្លែងដែលព្រះអង្គគ្រប់គ្រងអើយ ចូរថ្វាយព្រះពរព្រះយេហូវ៉ា ឱព្រលឹងខ្ញុំអើយ ចូរថ្វាយព្រះពរព្រះយេហូវ៉ា!
៙ ឱព្រះយេហូវ៉ាអើយ ស្នាព្រះហស្តរបស់ព្រះអង្គ មានច្រើនប្រការណាស់! ព្រះអង្គបានធ្វើការអស់នោះ ដោយព្រះប្រាជ្ញាញាណ ផែនដីមានពេញដោយអ្វីៗសព្វសារពើ ដែលព្រះអង្គបានបង្កើតមក។
ចូរឲ្យពួកអ្នកបរិសុទ្ធរីករាយឡើងនឹងសិរីល្អ ចូរឲ្យគេច្រៀងដោយអំណរ ក្នុងដំណេករបស់ខ្លួន។
ផ្ទៃមេឃថ្លែងពីសិរីល្អនៃព្រះ ហើយលំហអាកាសប្រកាសពី ស្នាព្រះហស្តរបស់ព្រះអង្គ។
អ្នករាល់គ្នាដែលកោតខ្លាចដល់ព្រះយេហូវ៉ាអើយ ចូរសរសើរតម្កើងព្រះអង្គ! អ្នកទាំងអស់គ្នាដែលជាពូជពង្សយ៉ាកុបអើយ ចូរលើកតម្កើងព្រះអង្គ អ្នកទាំងអស់គ្នា ដែលជាពូជពង្សអ៊ីស្រាអែលអើយ ចូរស្ញប់ស្ញែងនៅចំពោះព្រះអង្គចុះ!
ឱពួកបរិសុទ្ធរបស់ព្រះអង្គអើយ ចូរច្រៀងសរសើរព្រះយេហូវ៉ា ចូរអរព្រះគុណដល់ព្រះនាមបរិសុទ្ធ របស់ព្រះអង្គ។
ដ្បិតសេចក្ដីក្រោធរបស់ព្រះអង្គ នៅតែមួយភ្លែតទេ តែព្រះគុណរបស់ព្រះអង្គវិញ នៅអស់មួយជីវិត។ ទឹកភ្នែកអាចនៅជាប់អស់មួយយប់បាន តែព្រឹកឡើងនឹងមានអំណរឡើងវិញ។
ឱមនុស្សសុចរិតអើយ ចូរនាំគ្នាសប្បាយរីករាយក្នុងព្រះយេហូវ៉ា អស់អ្នកដែលមានចិត្តទៀតត្រង់អើយ ចូរស្រែកហ៊ោរដោយអំណរចុះ។
ឱព្រះអម្ចាស់អើយ ទូលបង្គំនឹងអរព្រះគុណព្រះអង្គ ក្នុងចំណោមប្រជាជនទាំងឡាយ ទូលបង្គំនឹងច្រៀងសរសើរព្រះអង្គ នៅកណ្ដាលប្រជាជាតិនានា។
ឱអស់អ្នកដែលកើតពីពូជពង្សអ៊ីស្រាអែលអើយ ចូរលើកតម្កើងព្រះ នៅក្នុងក្រុមជំនុំធំ ចូរលើកតម្កើងព្រះយេហូវ៉ា!
ដ្បិតព្រះនឹងសង្គ្រោះក្រុងស៊ីយ៉ូន ហើយសង់ក្រុងទាំងឡាយរបស់យូដាឡើង ប្រជាជននឹងរស់នៅក្នុងស្រុកនោះ រួចកាន់កាប់ស្រុកនោះជាមត៌ក
ឱមនុស្សសុចរិតអើយ ចូរត្រេកអរក្នុងព្រះយេហូវ៉ា ហើយអរព្រះគុណដល់ព្រះនាមបរិសុទ្ធ របស់ព្រះអង្គចុះ!
ឱផ្ទៃមេឃអើយ ចូរច្រៀងឡើង ដ្បិតព្រះយេហូវ៉ាបានសម្រេចការហើយ ឱផែនដីដ៏ទាបអើយ ចូរស្រែកឡើង ឱភ្នំទាំងឡាយ ឱព្រៃ និងអស់ទាំងដើមឈើក្នុងព្រៃអើយ ចូរធ្លាយចេញជាបទចម្រៀងចុះ ពីព្រោះព្រះយេហូវ៉ាបានប្រោសលោះ ពួកយ៉ាកុបទាំងអស់ហើយ ព្រះអង្គនឹងតម្កើងអង្គទ្រង់ឡើងនៅក្នុងពួកអ៊ីស្រាអែលផង។
ដូច្នេះ តាមរយៈព្រះអង្គ ត្រូវឲ្យយើងថ្វាយពាក្យសរសើរ ទុកជាយញ្ញបូជាដល់ព្រះជានិច្ច គឺជាផលនៃបបូរមាត់ ដែលប្រកាសពីព្រះនាមព្រះអង្គ។
អ្នករាល់គ្នាត្រូវបានសង់ឡើងជាផ្ទះខាងវិញ្ញាណ ដូចជាថ្មរស់ ឲ្យបានធ្វើជាពួកសង្ឃបរិសុទ្ធ ដើម្បីថ្វាយយញ្ញបូជាខាងវិញ្ញាណ ដែលព្រះសព្វព្រះហឫទ័យទទួល តាមរយៈព្រះយេស៊ូវគ្រីស្ទ។
ប៉ុន្តែ អ្នករាល់គ្នាជាពូជជ្រើសរើស ជាសង្ឃហ្លួង ជាសាសន៍បរិសុទ្ធ ជាប្រជារាស្ត្រមួយសម្រាប់ព្រះអង្គផ្ទាល់ ដើម្បីឲ្យអ្នករាល់គ្នាបានប្រកាសពីកិច្ចការដ៏អស្ចារ្យរបស់ព្រះអង្គ ដែលទ្រង់បានហៅអ្នករាល់គ្នាចេញពីសេចក្តីងងឹត ចូលមកក្នុងពន្លឺដ៏អស្ចារ្យរបស់ព្រះអង្គ។