ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




២ ពង្សាវ‌តារ‌ក្សត្រ 17:16 - អាល់គីតាប

ពួក​គេ​បោះ‌បង់​ចោល​បទ​បញ្ជា​ទាំង​ប៉ុន្មាន​របស់អុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​ខ្លួន ហើយ​នាំ​គ្នា​សិត​ធ្វើ​រូប​កូន​គោ​ពីរ ដំឡើង​បង្គោល​ជូន​ព្រះ​អាសេ‌រ៉ា ព្រម​ទាំង​នាំ​គ្នា​ក្រាប​ថ្វាយ‌បង្គំ​ផ្កាយ​ទាំង​ប៉ុន្មាន នៅ​លើ​មេឃ និង​គោរព​បម្រើ​ព្រះ‌បាល។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

គេ​បោះ‌បង់​ចោល​អស់​ទាំង​ក្រឹត្យ‌ក្រម​របស់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ខ្លួន ក៏​សិត​ធ្វើ​រូប គឺ​ជា​រូប​កូន​គោ​ពីរ ហើយ​ធ្វើ​បង្គោល​សក្ការៈ ព្រម​ទាំង​ថ្វាយ​បង្គំ​ដល់​អស់​ទាំង​ពល​បរិវារ​នៅ​លើ​មេឃ ហើយ​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ‌បាល​ផង។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ពួក​គេ​បោះ‌បង់​ចោល​បទ‌បញ្ជា​ទាំង​ប៉ុន្មាន​របស់​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ខ្លួន ហើយ​នាំ​គ្នា​សិត​ធ្វើ​រូប​កូន​គោ​ពីរ ដំឡើង​បង្គោល​ថ្វាយ​ព្រះ​អាសេ‌រ៉ា ព្រម​ទាំង​នាំ​គ្នា​ក្រាប​ថ្វាយ‌បង្គំ​ផ្កាយ​ទាំង​ប៉ុន្មាន នៅ​លើ​មេឃ និង​គោរព​បម្រើ​ព្រះ​បាល។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

គេ​បោះ‌បង់​ចោល​អស់​ទាំង​ក្រិត្យ‌ក្រម​របស់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ខ្លួន ក៏​សិត​ធ្វើ​រូប គឺ​ជា​រូប​កូន​គោ​២ ហើយ​ធ្វើ​រូប​ព្រះ ព្រម​ទាំង​ថ្វាយ‌បង្គំ​ដល់​អស់​ទាំង​ពល​បរិវារ​នៅ​លើ​មេឃ ហើយ​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ‌បាល​ផង

សូមមើលជំពូក



២ ពង្សាវ‌តារ‌ក្សត្រ 17:16
26 ការដាក់ឲ្យឆ្លើយតបគ្នា  

ស្តេច​បាន​រិះ‌គិត​អំពី​មធ្យោ‌បាយ​មួយ គឺ​ឲ្យ​គេ​សិត​ធ្វើ​រូប​គោ​មាស​ពីរ ហើយ​ជម្រាប​ទៅ​កាន់​ប្រជា‌ជន​ថា៖ «អ្នក​រាល់​គ្នា​ធ្វើ​ដំណើរ​ទៅ​ក្រុង​យេរូ‌សាឡឹម​ជា​ច្រើន​ដង​ហើយ អ៊ីស្រ‌អែល​អើយ! នេះ​នែ៎ ព្រះ​ដែល​បាន​នាំ​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​អេស៊ីប»។


អុលឡោះ‌តាអាឡា​នឹង​វាយ​ជន‌ជាតិ​អ៊ីស្រ‌អែល ពេល​នោះ ពួក​គេ​ប្រៀប​ដូច​ជា​ដើម​ត្រែង​ដែល​ញ័រ​នៅ​ក្នុង​ទឹក។ អុលឡោះ‌តាអាឡា​នឹង​ដក​ជន‌ជាតិ​អ៊ីស្រ‌អែល​ចេញ​ពី​ទឹក​ដី​ដ៏​ល្អ ដែល​ទ្រង់​ប្រទាន​ដល់​បុព្វ‌បុរស​របស់​ពួក​គេ ទ្រង់​នឹង​កំចាត់‌កំចាយ​ពួក​គេ ឲ្យ​ទៅ​នៅ​ខាង​នាយ​ទន្លេ​អឺ‌ប្រាត ព្រោះ​ពួក​គេ​ធ្វើ​បង្គោល​ព្រះ​អា‌សេ‌រ៉ា ដែល​បណ្តាល​ឲ្យអុលឡោះ‌តាអាឡា​ខឹង។


ពួក​គេ​នាំ​គ្នា​សង់​កន្លែង​សក្ការៈ នៅ​តាម​ទួល​ខ្ពស់ៗ ព្រម​ទាំង​សង់​ស្តូប និង​បង្គោល​ព្រះ​អា‌សេ‌រ៉ា​នៅ​តាម​កំពូល​ភ្នំ និង​នៅ​ក្រោម​ដើម​ឈើ​ដែល​មាន​ស្លឹក​ខៀវ​ខ្ចី។


ស្តេច​បាន​ហូត​ងារ​មហា​ក្សត្រិ‌យានី ពី​នាង​ម៉ាកា ជា​ម្តាយ ព្រោះ​មាតា​បាន​កសាង​រូប​ដ៏​គំរក់​មួយ ជា​តំណាង​ព្រះ​អា‌សេ‌រ៉ា។ ស្តេច​អេសា​កំទេច​រូប​ដ៏​គំរក់​នោះ រួច​យក​ទៅ​ដុត​ចោល​នៅ​ជ្រោះ​កេដ្រូន។


ស្តេច​មិន​គ្រាន់​តែ​ប្រព្រឹត្ត​អំពើ​បាប ដូច​ស្តេច​យេរ៉ូ‌បោម ជា​កូន​របស់​លោក​នេបាត​ប៉ុណ្ណោះ​ទេ គឺ​គាត់​បាន​រៀប​ការ​ជា​មួយ​នាង​យេសិ‌បិល ជា​បុត្រី​របស់​ស្តេច​អេត‌បាល ជា​ស្តេច​ស្រុក​ស៊ីដូន ហើយ​បែរ​ទៅ​គោរព​បម្រើ និង​ក្រាប​ថ្វាយ‌បង្គំ​ព្រះ​បាល​ថែម​ទៀត​ផង។


ស្តេច​អហាប​ក៏​បាន​សង់​បង្គោល​ព្រះ​អាសេ‌រ៉ា ហើយ​ប្រព្រឹត្ត​អំពើ​អាក្រក់ លើស​ពី​ស្តេច​អ៊ីស្រ‌អែល​មុនៗ​បណ្តាល​ឲ្យអុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល​ខឹង។


ស្តេច​អហា‌ស៊ីយ៉ា​បាន​គោរព​ថ្វាយ‌បង្គំ​ព្រះ​បាល ដូច​បិតា​ដែរ ជា​ហេតុ​បណ្តាល​ឲ្យអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល​ខឹង។


ថ្ងៃ​មួយ ស្តេច​អហា‌ស៊ីយ៉ា​បាន​ធ្លាក់​ពី​រាន‌ហាល​បន្ទប់​ជាន់​លើ​បំផុត​នៃ​ដំណាក់​នៅ​ក្រុង​សាម៉ារី ហើយ​មាន​របួស​ជា​ទម្ងន់។ ស្តេច​បាន​ចាត់​អ្នក​នាំ​សារ​ឲ្យ​ទៅ​សួរ​ព្រះ​បាល‌សេប៊ូប ជា​ព្រះ​របស់​ក្រុង​អេក្រូន ដើម្បី​ចង់​ដឹង​ថា តើ​គាត់​អាច​ជា​សះ‌ស្បើយ ពី​របួស​នេះ​ឬ​ទេ?។


ប្រជា‌ជន​ទាំង​មូល​នៅ​ក្នុង​ស្រុក​នាំ​គ្នា​ចូល​ទៅ​បំផ្លាញ​វិហារ​របស់​ព្រះ​បាល ហើយ​វាយ​កំទេច​អាសនៈ និង​រូប​សំណាក ព្រម​ទាំង​សម្លាប់​លោក​ម៉ាត់‌ថាន​ជា​បូជា‌ចារ្យ​របស់​ព្រះ​បាល​នៅ​មុខ​អាសនៈ​ទៀត​ផង។ លោក​យេហូ‌យ៉ាដា​បាន​ចាត់​ចែង​ឲ្យ​មាន​អ្នក​មើល​ខុស​ត្រូវ​លើ​ដំណាក់​របស់អុលឡោះ‌តាអាឡា។


ប៉ុន្តែ ស្តេច​ដើរ​តាម​ផ្លូវ​របស់​ស្តេច​នានា​នៅ​ស្រុក​អ៊ីស្រ‌អែល គឺ​ស្តេច​ហ៊ាន​រហូត​ដល់​យក​កូន​ទៅ​ធ្វើ​គូរបាន តាម​ទំនៀម‌ទម្លាប់​គួរ​ស្អប់​ខ្ពើម​របស់​ប្រជា‌ជាតិ​ទាំង‌ឡាយ ដែលអុលឡោះ‌តាអាឡា​បាន​បណ្តេញ​ចេញ​ពី​មុខ​កូន​ចៅ​អ៊ីស្រ‌អែល។


ពួក​គេ​នាំ​គ្នា​ដំឡើង​ស្តូប និង​បង្គោល​ជូន​ព្រះ​អាសេ‌រ៉ា នៅ​លើ​កំពូល​ភ្នំ​ទាំង‌ឡាយ និង​នៅ​ក្រោម​ដើម​ឈើ​ដែល​មាន​ស្លឹក​ខៀវ​ខ្ចី។


ស្តេច​ជំពាក់​ចិត្ត​លើអុលឡោះ‌តាអាឡា ដោយ​ឥត​ងាក‌រេ​ឡើយ។ ស្តេច​កាន់​តាម​បទ​បញ្ជា​ទាំង‌ឡាយ ដែលអុលឡោះ‌តាអាឡា​បង្គាប់​មក​តាម​រយៈ​ណាពី​ម៉ូសា។


ស្តេច​បាន​សង់​កន្លែង​សក្ការៈ​នៅ​តាម​ទួល​ខ្ពស់ៗ​ឡើង​វិញ គឺ​កន្លែង​ដែល​ស្តេច​ហេ‌សេគា​ជា​បិតា​បាន​លុប​បំបាត់។ ស្តេច​បាន​សង់​អាសនៈ​របស់​ព្រះ​បាល និង​ដំឡើង​បង្គោល​ជូន​ព្រះ‌អាសេ‌រ៉ា ដូច​ស្តេច​អហាប់ ជា​ស្តេច​ស្រុក​អ៊ីស្រ‌អែល​បាន​ប្រព្រឹត្ត​ដែរ។ ស្តេច​ក្រាប​ថ្វាយ‌បង្គំ និង​គោរព​បម្រើ​ផ្កាយ​ទាំង​ប៉ុន្មាន​នៅ​លើ​មេឃ។


ហារូន​យក​ក្រវិល​ទាំង​នោះ​ទៅ​សិត​ធ្វើ​ជា​រូប​កូន​គោ​មួយ។ បន្ទាប់​មក ពួក​គេ​ស្រែក​ឡើង​ថា៖ «អ៊ីស្រ‌អែល​អើយ នេះ​ជា​ព្រះ​ដែល​បាន​នាំ​អ្នក​ចេញ​ពី​ស្រុក​អេស៊ីប!»។


ពួក​គេ​ឆាប់​ងាក​ចេញ​ពី​មាគ៌ា ដែល​យើង​បាន​បង្ហាញ​ដល់​ពួក​គេ គឺ​ពួក​គេ​បាន​សិត​ធ្វើ​រូប​កូន​គោ​មួយ ហើយ​ក្រាប​ថ្វាយ‌បង្គំ និង​ធ្វើ​យញ្ញ‌បូជា​ជូន​រូប​កូន​គោ​នោះ ទាំង​ពោល​ថា “អ៊ីស្រ‌អែល​អើយ នេះ​ជា​ព្រះ​ដែល​នាំ​អ្នក​ចេញ​ពី​ស្រុក​អេស៊ីប!”។


ស្រុក​របស់​គេ​ក៏​ពោរ‌ពេញ​ទៅ​ដោយ ព្រះ​ក្លែង‌ក្លាយ​ដែរ គេ​នាំ​គ្នា​ក្រាប​ថ្វាយ‌បង្គំ​ស្នា‌ដៃ​របស់​ខ្លួន គេ​នាំ​គ្នា​ក្រាប​ថ្វាយ‌បង្គំ​អ្វីៗ ដែល​ដៃ​របស់​ខ្លួន​បាន​សូន​បង្កើត​មក។


ផ្ទះ​នានា​នៅ​ក្រុង​យេរូ‌សាឡឹម ព្រម​ទាំង​វាំង​របស់​ស្តេច​ស្រុក​យូដា ដែល​សៅ‌ហ្មង ក៏​នឹង​បាន​ដូច​កន្លែង​តូផេត​ដែរ គឺ​ផ្ទះ​ទាំង​ប៉ុន្មាន​ដែល​មាន​កន្លែង​ជូន​គ្រឿង​សក្ការ‌បូជា​នៅ​រាន​ហាល សម្រាប់​បួង‌សួង​ផ្កាយ​ទាំង‌ឡាយ ព្រម​ទាំង​ច្រួច‌ស្រា​ជូន​ព្រះ​ដទៃ”»។


យើង​ចង់​ធ្វើ​អ្វីៗ​តាម​ការ​សម្រេច​របស់​យើង គឺ​ដុត​គ្រឿង​ក្រអូប និង​ច្រួច‌ស្រា​សែន​ម្ចាស់‌ក្សត្រី​នៅ​សូរ៉កា​ដូច​យើង និង​ដូន‌តា​របស់​យើង ព្រម​ទាំង​ស្ដេច និង​ពួក​មន្ត្រី​ធ្លាប់​ធ្វើ​នៅ​តាម​ក្រុង​នានា​ក្នុង​ស្រុក​យូដា និង​នៅ​តាម​ដង​ផ្លូវ​ក្នុង​ក្រុង​យេរូ‌សាឡឹម។ កាល​នោះ យើង​មាន​អាហារ​បរិភោគ​បរិបូណ៌ បាន​សុខ​ក្សេម‌ក្សាន្ត ឥត​មាន​ទុក្ខ​វេទនា​ទាល់​តែ​សោះ។


ទៅ​ដាក់​ហាល​ចោល​ក្រោម​ព្រះ‌អាទិត្យ ក្រោម​ព្រះ‌ច័ន្ទ និង​ក្រោម​ហ្វូង​ផ្កាយ​ទាំង​ប៉ុន្មាន ដែល​ពួក​គេ​ធ្លាប់​ស្រឡាញ់ ធ្លាប់​គោរព​បម្រើ ធ្លាប់​ជំពាក់​ចិត្ត ធ្លាប់​យក​មក​ទស្សន៍‌ទាយ និង​ធ្លាប់​ក្រាប​ថ្វាយ‌បង្គំ។ គ្មាន​នរណា​ប្រមូល​ឆ្អឹង​ទាំង​នោះ​យក​ទៅ​បញ្ចុះ​វិញ​ទេ គឺ​គេ​ទុក​ចោល​នៅ​លើ​ដី​ដូច​លាមក​សត្វ។


នាង​ពុំ​បាន​លះ‌បង់​អំពើ​ពេស្យា‌ចារ​ដែល​ខ្លួន​ធ្លាប់​ប្រព្រឹត្ត តាំង​ពី​នៅ​ស្រុក​អេស៊ីប​នោះ​ឡើយ កាល​នៅ​ពី​ក្មេង នាង​ប្រគល់​ខ្លួន​ទៅ​ឲ្យ​ប្រុសៗ ពួក​គេ​បង្ខូច​ព្រហ្មចារី​របស់​នាង​ធ្វើ​ឲ្យ​នាង​ក្លាយ​ទៅ​ជា​ស្រី​ពេស្យា។


«អ្នក​រាល់​គ្នា​មិន​ត្រូវ​ធ្វើ​រូប​ព្រះ​ក្លែង​ក្លាយ មិន​ត្រូវ​ធ្វើ​រូប​បដិមា‌ករ ឬ​ស្តូប ហើយ​ក៏​មិន​ត្រូវ​បញ្ឈរ​ថ្ម​រចនា​នៅ​ក្នុង​ស្រុក​របស់​អ្នក​រាល់​គ្នា​សម្រាប់​ថ្វាយ‌បង្គំ​ឡើយ ដ្បិត​យើង​ជាអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក​រាល់​គ្នា។


«កុំ​ដំ​ឡើង​បង្គោល​ឈើ​នៃ​ព្រះ‌អា‌សេរ៉ា នៅ​ក្បែរ​អាសនៈ​ដែល​អ្នក​សង់​ជូនអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក​ឡើយ


ពេល​ណា​អ្នក​ងើយ​សម្លឹង​ទៅ​លើ​មេឃ​ឃើញ​ថ្ងៃ លោក​ខែ និង​ផ្កាយ​ទាំង​ឡាយ ព្រម​ទាំង​កញ្ចុំ​ផ្កាយ​ទាំង​ប៉ុន្មាន​នៅ​លើ​មេឃ មិន​ត្រូវ​បណ្តោយ​ខ្លួន​ឲ្យ​ក្រាប​ថ្វាយ‌បង្គំ​របស់​ទាំង​នោះ​ទុក​ជា​ព្រះ​ឡើយ។ អុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក​រាល់​គ្នា បាន​បណ្តោយ​ឲ្យ​ជាតិ​សាសន៍​ទាំង​ប៉ុន្មាន​នៅ​លើ​ផែនដី ក្រាប​ថ្វាយ‌បង្គំ​ផ្កាយ​ទាំង​នោះ។