២ ពង្សាវតារក្សត្រ 18 - អាល់គីតាបស្តេចជំនាន់ចុងក្រោយនៃរាជាណាចក្រយូដា ចាប់ពីស្តេចហេសេគា រហូតដល់ចុងបញ្ចប់នៃរាជាណាចក្រយូដា ស្តេចហេសេគាសោយរាជ្យលើស្រុកយូដា 1 នៅឆ្នាំទីបីនៃរជ្ជកាលស្តេចហូស៊ា ជាកូនរបស់លោកអេឡា និងជាស្តេចស្រុកអ៊ីស្រអែល ស្តេចហេសេគា ជាបុត្ររបស់ស្តេចអហាស បានឡើងសោយរាជ្យលើស្រុកយូដា។ 2 កាលស្តេចឡើងសោយរាជ្យ គាត់មានវ័យម្ភៃប្រាំឆ្នាំ ហើយសោយរាជ្យបានម្ភៃប្រាំបួនឆ្នាំ នៅក្រុងយេរូសាឡឹម។ ម្តាយរបស់ស្តេចមាននាមថា អប៊ីយ៉ា ជាកូនរបស់លោកសាការីយ៉ា។ 3 ស្តេចបានប្រព្រឹត្តអំពើសុចរិត ជាទីគាប់ចិត្តអុលឡោះតាអាឡា ដូចស្តេចទត ជាអយ្យកោ ឥតចន្លោះត្រង់ណាឡើយ។ 4 ស្តេចបានលុបបំបាត់កន្លែងសក្ការៈតាមទួលខ្ពស់ៗ វាយបំបាក់ស្តូបព្រះក្លែងក្លាយ កាប់រំលំបង្គោលរបស់ព្រះអាសេរ៉ា ព្រមទាំងកំទេចរូបពស់លង្ហិន ដែលណាពីម៉ូសាបានធ្វើផង ដ្បិតរហូតមកដល់គ្រានោះ កូនចៅអ៊ីស្រអែលនាំគ្នាដុតគ្រឿងក្រអូបជូនរូបពស់ ហើយហៅរូបនោះថា «នេហ៊ូសថាន់»។ 5 ស្តេចហេសេគាផ្ញើជីវិតលើអុលឡោះតាអាឡា ជាម្ចាស់របស់ជនជាតិអ៊ីស្រអែល។ ក្នុងចំណោមស្តេចស្រុកយូដាទាំងប៉ុន្មាន គឺស្តេចដែលសោយរាជ្យមុន ឬស្តេចដែលសោយរាជ្យក្រោយមកទៀត គ្មានស្តេចណាប្រៀបស្មើនឹងស្តេចហេសេគាបានទេ។ 6 ស្តេចជំពាក់ចិត្តលើអុលឡោះតាអាឡា ដោយឥតងាករេឡើយ។ ស្តេចកាន់តាមបទបញ្ជាទាំងឡាយ ដែលអុលឡោះតាអាឡាបង្គាប់មកតាមរយៈណាពីម៉ូសា។ 7 អុលឡោះតាអាឡានៅជាមួយស្តេច ដូច្នេះ ស្តេចទទួលជោគជ័យក្នុងគ្រប់កិច្ចការដែលស្តេចធ្វើ។ ស្តេចហេសេគាបានបះបោរប្រឆាំងនឹងស្តេចស្រុកអាស្ស៊ីរី ហើយរំដោះខ្លួនរួចផុតពីនឹមរបស់ស្តេចនោះ។ 8 ស្តេចបានវាយយកស្រុកភីលីស្ទីនរហូតដល់ក្រុងកាសា និងទឹកដីដែលនៅជុំវិញ គឺចាប់តាំងពីក្រុងដែលមានតែប៉មចាំយាម រហូតដល់ក្រុងដែលមានកំពែងរឹងមាំ។ ការវាយដណ្តើមយកក្រុងសាម៉ារី 9 នៅឆ្នាំទីបួននៃរជ្ជកាលស្តេចហេសេគា ត្រូវនឹងឆ្នាំទីប្រាំពីរនៃរជ្ជកាលស្តេចហូស៊ា ជាកូនរបស់លោកអេឡា ស្តេចស្រុកអ៊ីស្រអែល ស្តេចសាលម៉ានេស៊ើរ ជាស្តេចស្រុកអាស្ស៊ីរីបានឡើងមកច្បាំង និងឡោមព័ទ្ធក្រុងសាម៉ារី។ 10 កងទ័ពអាស្ស៊ីរីឡោមព័ទ្ធក្រុងនេះ អស់រយៈពេលបីឆ្នាំ។ នៅឆ្នាំទីប្រាំមួយនៃរជ្ជកាលស្តេចហេសេគា ត្រូវនឹងឆ្នាំទីប្រាំបួននៃរជ្ជកាលស្តេចហូស៊ាជាស្តេចស្រុកអ៊ីស្រអែល កងទ័ពអាស្ស៊ីរីវាយយកបានក្រុងសាម៉ារី។ 11 ស្តេចស្រុកអាស្ស៊ីរីបានកៀរប្រជាជនអ៊ីស្រអែល នាំទៅជាឈ្លើយនៅស្រុកអាស្ស៊ីរី ឲ្យពួកគេរស់នៅក្រុងហាឡា និងនៅតាមដងទន្លេហាបោរ ជាទន្លេនៃស្រុកកូសាន ព្រមទាំងនៅតាមក្រុងនានារបស់ជនជាតិមេឌីផង។ 12 ហេតុការណ៍នេះកើតមាន ព្រោះតែជនជាតិអ៊ីស្រអែលមិនបានស្តាប់តាមបន្ទូលរបស់អុលឡោះតាអាឡា ជាម្ចាស់របស់ខ្លួន ពួកគេក្បត់នឹងសម្ពន្ធមេត្រីរបស់ទ្រង់ ដ្បិតពួកគេពុំព្រមស្តាប់ ឬប្រតិបត្តិតាមសេចក្តីទាំងប៉ុន្មាន ដែលទ្រង់បានបង្គាប់មកណាពីម៉ូសា ជាអ្នកបម្រើរបស់ទ្រង់។ ស្តេចសានហេរីបឈ្លានពានអាណាចក្រយូដា 13 នៅឆ្នាំទីដប់បួន នៃរជ្ជកាលស្តេចហេសេគា ស្តេចសានហេរីប ជាស្តេចស្រុកអាស្ស៊ីរីបានលើកទ័ពមកវាយដណ្តើមយកក្រុងទាំងប៉ុន្មានដែលមានកំពែងរឹងមាំរបស់ស្រុកយូដា។ 14 ស្តេចហេសេគាជាស្តេចស្រុកយូដា ចាត់អ្នកនាំសារឲ្យទៅជម្រាបស្តេចស្រុកអាស្ស៊ីរីនៅក្រុងឡាគីសថា៖ «ខ្ញុំប្រព្រឹត្តខុសហើយ សូមកុំវាយខ្ញុំទៀតឡើយ។ ខ្ញុំសុខចិត្តធ្វើតាមបង្គាប់ទាំងប៉ុន្មានរបស់ស្តេច»។ ស្តេចស្រុកអាស្ស៊ីរីក៏បង្គាប់ឲ្យស្តេចហេសេគា ជាស្តេចស្រុកយូដាបង់ពន្ធ ជាប្រាក់សុទ្ធប្រាំបួនតោន និងមាសសុទ្ធប្រាំបួនរយគីឡូក្រាម។ 15 ស្តេចហេសេគាប្រមូលប្រាក់ទាំងអស់ ដែលមាននៅក្នុងដំណាក់របស់អុលឡោះតាអាឡា និងក្នុងឃ្លាំងរាជ្យទ្រព្យទៅជូនស្តេចស្រុកអាស្ស៊ីរី។ 16 នៅគ្រានោះស្តេចហេសេគា គាស់មាសដែលស្តេចបានស្រោបនៅខ្លោងទ្វារ និងក្របទ្វារនៃដំណាក់របស់អុលឡោះតាអាឡា យកទៅជូនស្តេចស្រុកអាស្ស៊ីរី។ ការគំរាមកំហែងរបស់ស្តេចស្រុកអាស្ស៊ីរីមកលើក្រុងយេរូសាឡឹម 17 ស្តេចស្រុកអាស្ស៊ីរីបានចាត់មេទ័ព មេបញ្ជាការ និងអ្នកបម្រើផ្ទាល់របស់ស្តេច ពីកន្លែងបោះទ័ពនៅឡាគីស ឲ្យមកជួបស្តេចហេសេគានៅក្រុងយេរូសាឡឹម ទាំងនាំកងពលយ៉ាងច្រើនមកជាមួយផង។ ពួកគេឡើងមកដល់ក្រុងយេរូសាឡឹម។ ពេលមកដល់ ពួកគេឈរនៅក្បែរព្រែកជីកដែលនៅជាប់នឹងស្រះខាងលើ តាមផ្លូវទៅចម្ការរបស់អ្នកជ្រលក់ល័ក្ខ 18 ហើយស្រែកហៅស្តេចស្រុកយូដា។ ពេលនោះ លោកអេលាគីម ជាកូនរបស់លោកហ៊ីលគីយ៉ា ដែលជាអ្នកមើលខុសត្រូវលើបរមរាជវាំងបានចេញទៅជួបពួកគេ ដោយមានលោកសេបណា ជាស្មៀនស្តេច និងលោកយ៉ូអាកូនរបស់លោកអេសាភ ជាអ្នកនាំពាក្យរបស់ស្តេចទៅជាមួយផង។ 19 មេទ័ពរបស់ស្តេចរ៉ាប់សាកេពោលថា៖ «សូមអស់លោកជម្រាបស្តេចហេសេគាដូចតទៅ: ស្តេច គឺស្តេចរបស់ស្រុកអាស្ស៊ីរី សួរថា “តើស្តេចពឹងផ្អែកលើអ្វី បានជាមានចិត្តអង់អាចបែបនេះ? 20 តើស្តេចស្មានថា ពាក្យសំដីអាចជំនួសក្រុមប្រឹក្សាយោធា និងកម្លាំងទ័ពក្នុងការធ្វើសឹកសង្គ្រាមបានឬ? តើស្តេចពឹងផ្អែកលើនរណា បានជាហ៊ានបះបោរនឹងយើងដូច្នេះ? 21 ស្តេចទុកចិត្តលើស្រុកអេស៊ីប ដែលប្រៀបដូចជាដើមត្រែងបាក់ឬ? អស់អ្នកដែលទុកចិត្តលើស្តេចហ្វៀរ៉អ៊ូន ជាស្តេចស្រុកអេស៊ីប ប្រៀបបាននឹងមនុស្សដែលច្រត់ដៃលើដើមត្រែងបាក់ គឺនាំឲ្យតែធ្លុះបាតដៃប៉ុណ្ណោះ។ 22 ប្រហែលជាស្តេចមានប្រសាសន៍ថា “យើងទុកចិត្តលើអុលឡោះតាអាឡា ជាម្ចាស់របស់យើង!”។ ប៉ុន្តែ តើស្តេចពុំបានឲ្យគេកំទេចកន្លែងសក្ការៈ និងអាសនៈរបស់ព្រះនេះ ហើយថែមទាំងបញ្ជាឲ្យអ្នកស្រុកយូដា និងអ្នកក្រុងយេរូសាឡឹម ក្រាបថ្វាយបង្គំ តែនៅមុខអាសនៈ នៅក្រុងយេរូសាឡឹមនេះទេឬ?” 23 ឥឡូវនេះ សុំស្តេចសាកល្បងភ្នាល់ជាមួយស្តេចក្រុងអាស្ស៊ីរី របស់ខ្ញុំទៅ នោះខ្ញុំនឹងជូនសេះពីរពាន់ក្បាល ប្រសិនបើស្តេចរកអ្នកជិះបាន! 24 ទោះបីស្តេចពឹងលើរទេះចំបាំង និងកងទ័ពសេះរបស់ស្រុកអេស៊ីបក្តី សូម្បីតែមេទ័ពអាស្ស៊ីរីម្នាក់ដែលខ្សោយជាងគេ ក៏ស្តេចវាយមិនឈ្នះផង។ 25 មួយវិញទៀត យើងលើកទ័ពមកវាយកំទេចកន្លែងនេះ ស្របតាមបំណងរបស់អុលឡោះតាអាឡា ដ្បិតទ្រង់បង្គាប់ឲ្យយើងមកវាយកំទេចក្រុងនេះ»។ 26 ពេលនោះ លោកអេលាគីម ជាកូនរបស់លោកហ៊ីលគីយ៉ា លោកសេបណា និងលោកយ៉ូអាពោលទៅកាន់មេទ័ពអាស្ស៊ីរីថា៖ «សូមលោកមេត្តានិយាយមកយើងខ្ញុំ ជាភាសាអារ៉ាមចុះ ដ្បិតយើងខ្ញុំស្តាប់ភាសាលោកបាន តែសូមកុំនិយាយជាភាសាយូដា ក្រែងប្រជាជននៅតាមកំពែងក្រុងឮ»។ 27 មេទ័ពអាស្ស៊ីរីតបមកវិញថា៖ «ស្តេចរបស់យើង ប្រើយើងឲ្យមកនេះ មិនមែនគ្រាន់តែនាំពាក្យមកជម្រាបស្តេចរបស់អស់លោក ឬក៏ប្រាប់អស់លោកផ្ទាល់ប៉ុណ្ណោះទេ គឺស្តេចឲ្យយើងមកជម្រាបជនទាំងអស់ ដែលស្ថិតនៅតាមកំពែងនេះ។ អ្នកទាំងនោះមុខតែស៊ីលាមកខ្លួនឯង ហើយផឹកទឹកនោមខ្លួនឯង ដូចអស់លោកដែរ»។ 28 បន្ទាប់មក មេទ័ពអាស្ស៊ីរីនោះក្រោកឈរ និងស្រែកក្តែងៗយ៉ាងអស់ទំហឹង ជាភាសាយូដាថា៖ «ចូរនាំគ្នាស្តាប់បញ្ជារបស់ស្តេច គឺស្តេចក្រុងអាស្ស៊ីរីដូចតទៅ: 29 ស្តេចមានប្រសាសន៍ថា កុំទុកឲ្យស្តេចហេសេគាបោកប្រាស់អ្នករាល់គ្នាឡើយ ដ្បិតស្តេចនេះ ពុំអាចរំដោះអ្នករាល់គ្នាឲ្យរួចពីកណ្តាប់ដៃរបស់យើងជាដាច់ខាត។ 30 កុំទុកឲ្យស្តេចហេសេគានាំអ្នករាល់គ្នា ទៅទុកចិត្តលើអុលឡោះតាអាឡាដោយពោលថា “អុលឡោះតាអាឡាពិតជានឹងរំដោះយើង ទ្រង់មិនបណ្តោយឲ្យក្រុងនេះធ្លាក់ទៅក្នុងកណ្តាប់ដៃរបស់ស្តេចស្រុកអាស្ស៊ីរីឡើយ”។ 31 កុំស្តាប់ស្តេចហេសេគាឲ្យសោះ ដ្បិតស្តេចក្រុងអាស្ស៊ីរីនិយាយថា “ចូរនាំគ្នាចុះសន្ធិសញ្ញាសុំសន្តិភាពពីយើង ចូរនាំគ្នាមកចុះចូលនឹងយើងទៅ នោះអ្នករាល់គ្នានឹងបានបរិភោគផ្លែទំពាំងបាយជូរ និងផ្លែឧទុម្ពររបស់ខ្លួន ព្រមទាំងបានផឹកទឹកពីអណ្តូងរបស់ខ្លួនដែរ”។ 32 រួចហើយ យើងនឹងមកនាំអ្នករាល់គ្នា យកទៅស្រុកមួយទៀតដែលសម្បូណ៌សប្បាយ ដូចស្រុករបស់អ្នករាល់គ្នា គឺស្រុកដែលមានពោរពេញដោយស្រូវ និងស្រាទំពាំងបាយជូរ ជាស្រុកដែលសម្បូណ៌អាហារ និងចម្ការទំពាំងបាយជូរ ជាស្រុកសម្បូណ៌ផ្លែអូលីវយកប្រេង និងទឹកឃ្មុំ។ ដូច្នេះ អ្នករាល់គ្នានឹងបានរស់រាន ឥតស្លាប់ឡើយ។ កុំស្តាប់ស្តេចហេសេគាឲ្យសោះ ដ្បិតស្តេចនេះបញ្ឆោតអ្នករាល់គ្នាដោយពោលថា “អុលឡោះតាអាឡានឹងរំដោះយើង”។ 33 ក្នុងចំណោមព្រះរបស់ប្រជាជាតិទាំងឡាយ គ្មានព្រះណារំដោះស្រុកគេឲ្យរួចពីដៃរបស់ស្តេចក្រុងអាស្ស៊ីរីទាល់តែសោះ! តើព្រះរបស់ក្រុងហាម៉ាត និងក្រុងអើផាឌទៅណាបាត់អស់ហើយ? 34 តើព្រះរបស់ក្រុងសេផាវែម ក្រុងហេណា និងក្រុងអ៊ីវ៉ា ទៅណាបាត់អស់ហើយ? ម្តេចក៏មិនឃើញព្រះទាំងនោះរំដោះក្រុងសាម៉ារី ឲ្យរួចពីកណ្តាប់ដៃរបស់យើង?។ 35 ក្នុងចំណោមព្រះទាំងប៉ុន្មានរបស់ស្រុកទាំងនោះ គ្មានព្រះមួយណាបានរំដោះស្រុករបស់ខ្លួន ឲ្យរួចផុតពីកណ្តាប់ដៃរបស់យើងឡើយ។ ដូច្នេះ អុលឡោះតាអាឡាក៏ពុំអាចរំដោះក្រុងយេរូសាឡឹម ឲ្យរួចពីកណ្តាប់ដៃរបស់យើងបានដែរ!»។ 36 ប្រជាជននៅស្ងៀមស្ងាត់ទាំងអស់គ្នា គ្មាននរណាឆ្លើយទៅមេទ័ពអាស្ស៊ីរីឡើយ ដ្បិតស្តេចហេសេគាបានបង្គាប់ពួកគេមិនឲ្យឆ្លើយតបនឹងមេទ័ពនោះជាដាច់ខាត។ 37 លោកអេលាគីមជាកូនរបស់លោកហ៊ីលគីយ៉ា ហើយជាអ្នកមើលខុសត្រូវលើបរមរាជវាំង លោកសិបណាជាស្មៀនស្តេច និងលោកយ៉ូអា កូនរបស់លោកអេសាភជាអ្នកនាំពាក្យរបស់ស្តេចនាំគ្នាវិលទៅជួបស្តេចហេសេគាវិញ ទាំងហែកសម្លៀកបំពាក់ ហើយជម្រាបស្តេចនូវពាក្យរបស់មេទ័ពស្រុកអាសស៊ើរ។ |
© 2014 United Bible Societies, UK.
United Bible Societies