២ ពង្សាវតារក្សត្រ 16 - អាល់គីតាបស្តេចអហាសសោយរាជ្យលើស្រុកយូដា 1 នៅឆ្នាំទីដប់ប្រាំពីរ នៃរជ្ជកាលស្តេចពេកាជាកូនរបស់លោករេម៉ាលា ស្តេចស្រុកអ៊ីស្រអែល ស្តេចអហាសជាបុត្ររបស់ស្តេចយ៉ូថាម ឡើងសោយរាជ្យលើស្រុកយូដា។ 2 កាលស្តេចអហាសឡើងសោយរាជ្យ គាត់មានវ័យម្ភៃឆ្នាំ ហើយសោយរាជ្យបានដប់ប្រាំមួយឆ្នាំនៅក្រុងយេរូសាឡឹម។ ស្តេចពុំបានប្រព្រឹត្តអំពើសុចរិត គាប់បំណងអុលឡោះតាអាឡា ជាម្ចាស់របស់គាត់ ដូចស្តេចទតជាអយ្យកោឡើយ 3 ប៉ុន្តែ ស្តេចដើរតាមផ្លូវរបស់ស្តេចនានានៅស្រុកអ៊ីស្រអែល គឺស្តេចហ៊ានរហូតដល់យកកូនទៅធ្វើគូរបាន តាមទំនៀមទម្លាប់គួរស្អប់ខ្ពើមរបស់ប្រជាជាតិទាំងឡាយ ដែលអុលឡោះតាអាឡាបានបណ្តេញចេញពីមុខកូនចៅអ៊ីស្រអែល។ 4 ស្តេចបានធ្វើគូរបាន និងដុតគ្រឿងក្រអូបនៅកន្លែងសក្ការៈតាមទួលខ្ពស់ៗ នៅតាមភ្នំ និងនៅក្រោមដើមឈើដែលមានស្លឹកខៀវខ្ចីផង។ 5 ពេលនោះស្តេចរេស៊ីន ជាស្តេចស្រុកស៊ីរី និងស្តេចពេកាជាកូនរបស់លោករេម៉ាលា ស្តេចស្រុកអ៊ីស្រអែល នាំគ្នាឡើងមកវាយលុកក្រុងយេរូសាឡឹម។ ពួកគេឡោមព័ទ្ធស្តេចអហាស តែមិនអាចយកជ័យជំនះបានទេ។ 6 នៅគ្រាដដែលនោះ ស្តេចរេស៊ីន ជាស្តេចស្រុកស៊ីរី ដណ្តើមយកក្រុងអេឡាតបានវិញ រួចបណ្តេញជនជាតិយូដាចេញពីក្រុងនោះ។ ជនជាតិអេដុមក៏វិលមកតាំងទីលំនៅក្នុងក្រុងអេឡាតរហូតដល់សព្វថ្ងៃ។ 7 ស្តេចអហាសចាត់អ្នកនាំសារឲ្យទៅជម្រាបស្តេចទីកឡាត-ពីលេស៊ើរ ជាស្តេចស្រុកអាស្ស៊ីរីថា៖ «ខ្ញុំជាអ្នកបម្រើ និងជាកូនចៅរបស់ស្តេច សូមស្តេចមករំដោះខ្ញុំ ឲ្យរួចផុតពីកណ្តាប់ដៃរបស់ស្តេចស្រុកស៊ីរី និងស្តេចស្រុកអ៊ីស្រអែល ដែលលើកគ្នាមកវាយខ្ញុំផង»។ 8 ស្តេចអហាសយកមាស ប្រាក់ ដែលមានក្នុងដំណាក់របស់អុលឡោះតាអាឡា និងនៅក្នុងឃ្លាំងរាជ្យទ្រព្យ ផ្ញើទៅជូនស្តេចស្រុកអាស្ស៊ីរី។ 9 ស្តេចស្រុកអាស្ស៊ីរីយល់ព្រមតាមសំណើរបស់ស្តេចអហាស។ ស្តេចទៅវាយក្រុងដាម៉ាសដណ្តើមយកបានក្រុងនោះ រួចកៀរអ្នកក្រុងនោះទៅជាឈ្លើយនៅស្រុកគៀរ ព្រមទាំងសម្លាប់ស្តេចរេស៊ីនទៀតផង។ 10 ស្តេចអហាសទៅជួបស្តេចទីកឡាត-ពីលេស៊ើរ ជាស្តេចស្រុកអាស្ស៊ីរីនៅក្រុងដាម៉ាស។ ស្តេចឃើញអាសនៈមួយដែលស្ថិតនៅក្រុងដាម៉ាស ស្តេចក៏ផ្ញើគំរូ និងគម្រោងសង់អាសនៈនោះ ជូនអ៊ីមុាំអ៊ូរីយ៉ា។ 11 អ៊ីមុាំអ៊ូរីយ៉ាសង់អាសនៈមួយ តាមគំរូដែលស្តេចអហាសផ្ញើពីក្រុងដាម៉ាស។ អ៊ីមុាំអ៊ូរីយ៉ាបានសង់អាសនៈនេះរួចជាស្រេច មុនពេលស្តេចអហាសមកពីក្រុងដាម៉ាសវិញ។ 12 កាលស្តេចត្រឡប់មកវិញ ឃើញអាសនៈនោះ គាត់ក៏ឡើងទៅអាសនៈ 13 រួចធ្វើគូរបានដុត រួមជាមួយជូនម្សៅ និងធ្វើពិធីច្រួចស្រា ព្រមទាំងប្រោះឈាមរបស់សត្វ ដែលស្តេចធ្វើជាគូរបានមេត្រីភាពផង។ 14 រីឯអាសនៈធ្វើពីលង្ហិនដែលស្ថិតនៅខាងមុខទីសក្ការៈរបស់អុលឡោះតាអាឡា ស្តេចឲ្យគេលើកចេញពីកន្លែងដើម ដែលស្ថិតនៅចន្លោះអាសនៈថ្មី និងទីសក្ការៈរបស់អុលឡោះតាអាឡាយកទៅដាក់នៅខាងជើងអាសនៈថ្មីវិញ។ 15 ស្តេចអហាសចេញបញ្ជាដល់អ៊ីមុាំអ៊ូរីយ៉ាដូចតទៅ៖ «លោកត្រូវធ្វើគូរបានដុតនៅពេលព្រឹក និងជូនម្សៅនៅពេលល្ងាច លើអាសនៈធំនេះ គឺគូរបានដុត និងជូនម្សៅរបស់ស្តេច ព្រមទាំងគូរបានដុតរបស់ប្រជារាស្ត្រ រួមជាមួយជូនម្សៅ និងពិធីច្រួចស្រា។ ត្រូវប្រោះឈាមទាំងអស់របស់សត្វ ដែលធ្វើជាគូរបានដុត និងគូរបាននៅលើអាសនៈនេះដែរ។ រីឯអាសនៈពីលង្ហិនវិញទុកឲ្យយើងចាត់ចែងចុះ»។ 16 អ៊ីមុាំអ៊ូរីយ៉ាធ្វើតាមបញ្ជាទាំងប៉ុន្មានរបស់ស្តេចអហាស។ 17 ស្តេចអហាសបានកំទេចបន្ទះលង្ហិនរបស់រទេះ និងយកអាងដែលនៅលើរទេះនោះចេញ ហើយលើកអាងធំដែលទ្រដោយរូបគោលង្ហិន ចុះមកដាក់លើឥដ្ឋវិញ។ 18 ស្តេចអហាសបានរើថែវជំអាត់ ដែលស្ថិតនៅក្នុងដំណាក់របស់អុលឡោះតាអាឡាចេញ ដើម្បីផ្គាប់ចិត្តស្តេចស្រុកអាស្ស៊ីរី គឺថែវដែលគេសង់នៅខាងក្នុងដំណាក់ និងថែវច្រកចូលរបស់ស្តេចដែលនៅខាងក្រៅ។ 19 កិច្ចការផ្សេងៗទៀតរបស់ស្តេចអហាស និងអ្វីៗទាំងប៉ុន្មានដែលគាត់បានធ្វើ សុទ្ធតែមានកត់ត្រាទុក ក្នុងសៀវភៅប្រវត្តិសាស្ត្ររបស់ស្តេចស្រុកយូដា។ 20 ស្តេចអហាសស្លាប់ គេបានយកសពទៅបញ្ចុះក្នុងផ្នូរនៃរាជវង្សនៅបុរីស្តេចទត ហើយស្តេចហេសេគា ជាកូនឡើងស្នងរាជ្យ។ |
© 2014 United Bible Societies, UK.
United Bible Societies