១ ពង្សាវតារក្សត្រ 16 - អាល់គីតាប1 អុលឡោះតាអាឡាមានបន្ទូលប្រឆាំងនឹងស្តេចបាសាតាមរយៈណាពីយេហ៊ូវ ជាកូនរបស់លោកហាណានីថា៖ 2 «យើងបានលើកអ្នកពីធូលីដី ហើយតែងតាំងអ្នកឲ្យធ្វើជាមេដឹកនាំលើអ៊ីស្រអែល ជាប្រជារាស្ត្ររបស់យើង។ ប៉ុន្តែ អ្នកដើរតាមផ្លូវរបស់យេរ៉ូបោម ហើយនាំអ៊ីស្រអែល ជាប្រជារាស្ត្ររបស់យើង ឲ្យប្រព្រឹត្តអំពើបាប បណ្តាលឲ្យយើងខឹង។ 3 ហេតុនេះ យើងនឹងលុបបំបាត់អ្នក ព្រមទាំងពូជពង្សចោល។ យើងនឹងធ្វើឲ្យពូជពង្សរបស់អ្នក បានដូចពូជពង្សរបស់យេរ៉ូបោម ជាកូនរបស់នេបាតដែរ។ 4 កូនចៅរបស់បាសា ដែលស្លាប់នៅក្នុងទីក្រុង នឹងត្រូវឆ្កែហែកស៊ី ហើយកូនចៅដែលស្លាប់នៅទីវាល នឹងត្រូវត្មាតចឹកស៊ី»។ 5 កិច្ចការផ្សេងៗរបស់ស្តេចបាសា គឺអ្វីៗដែលគាត់បានប្រព្រឹត្ត និងវីរភាពដ៏អង់អាចរបស់ស្តេច សុទ្ធតែមានកត់ត្រាទុកក្នុងសៀវភៅប្រវត្តិសាស្ត្ររបស់ស្តេចស្រុកអ៊ីស្រអែល។ 6 កាលស្តេចបាសាស្លាប់ គេយកសពទៅបញ្ចុះនៅក្រុងធើសា។ ស្តេចអេឡា ជាកូនបានឡើងស្នងរាជ្យ។ 7 អុលឡោះតាអាឡាធ្លាប់មានបន្ទូលមកកាន់ស្តេចបាសា ព្រមទាំងរាជវង្សតាមរយៈណាពីយេហ៊ូវ ជាកូនរបស់លោកហាណានីដែរ ព្រោះស្តេចប្រព្រឹត្តអំពើអាក្រក់គ្រប់យ៉ាងមិនគាប់បំណងអុលឡោះតាអាឡា ដែលបណ្តាលឲ្យទ្រង់ខឹង។ ស្តេចបាសាបានប្រព្រឹត្តអំពើបាបដូចរាជវង្សរបស់ស្តេចយេរ៉ូបោមដែរ។ មួយវិញទៀត ស្តេចបានសម្លាប់រង្គាលរាជវង្សរបស់ស្តេចយេរ៉ូបោម។ ស្តេចអេឡាសោយរាជ្យនៅស្រុកអ៊ីស្រអែល 8 នៅឆ្នាំទីម្ភៃប្រាំមួយ នៃរជ្ជកាលស្តេចអេសាជាស្តេចស្រុកយូដា ស្តេចអេឡា ជាបុត្ររបស់ស្តេចបាសា បានឡើងសោយរាជ្យលើស្រុកអ៊ីស្រអែល នៅក្រុងធើសាអស់រយៈពេលពីរឆ្នាំ។ 9 មានអ្នកបម្រើម្នាក់របស់ស្តេចឈ្មោះលោកស៊ីមរី ជាមេបញ្ជាការកងរទេះចំបាំងចំនួនពាក់កណ្តាល បានក្បត់ស្តេចអេឡា។ នៅគ្រានោះ ស្តេចស្នាក់នៅក្រុងធើសា កំពុងពិសាសុរាស្រវឹង នៅក្នុងផ្ទះរបស់លោកអើសា ដែលជាអ្នកទទួលខុសត្រូវក្នុងវាំង។ 10 លោកស៊ីមរីចូលមក ហើយសម្លាប់ស្តេច នៅក្នុងឆ្នាំទីម្ភៃប្រាំពីរនៃរជ្ជកាលស្តេចអេសា ជាស្តេចស្រុកយូដា រួចឡើងសោយរាជ្យជំនួសស្តេចអេឡា។ 11 កាលបានឡើងសោយរាជ្យហើយ ស្តេចស៊ីមរីប្រហារជីវិតរាជវង្សរបស់ស្តេចបាសាទាំងមូល ឥតទុកប្រុសៗណាម្នាក់ឲ្យនៅរស់ឡើយ ទោះបីក្នុងចំណោមញាតិវង្ស ឬក្នុងចំណោមអ្នកនាំសារក្តី។ 12 ស្តេចស៊ីមរីសម្លាប់រង្គាលរាជវង្សរបស់ស្តេចបាសាទាំងមូល ស្របតាមបន្ទូលដែលអុលឡោះតាអាឡា បានថ្លែងតាមរយៈណាពីយេហ៊ូវទាស់នឹងស្តេចបាសា។ 13 ហេតុការណ៍នេះកើតមាន ព្រោះតែអំពើបាបទាំងប៉ុន្មាន ដែលស្តេចបាសា និងស្តេចអេឡាជាកូន បានប្រព្រឹត្ត ព្រមទាំងនាំប្រជាជនអ៊ីស្រអែល ឲ្យប្រពឹត្តអំពើបាបដែរ បណ្តាលឲ្យអុលឡោះតាអាឡា ជាម្ចាស់របស់ជនជាតិអ៊ីស្រអែលខឹង ដោយសារពួកគេថ្វាយបង្គំព្រះក្លែងក្លាយ។ 14 កិច្ចការផ្សេងៗទៀតរបស់ស្តេចអេឡា និងអ្វីៗទាំងអស់ដែលគាត់បានធ្វើ សុទ្ធតែមានកត់ត្រាទុក ក្នុងសៀវភៅប្រវត្តិសាស្ត្ររបស់ស្តេចស្រុកអ៊ីស្រអែល។ ស្តេចស៊ីមរីសោយរាជ្យនៅស្រុកអ៊ីស្រអែល 15 នៅឆ្នាំទីម្ភៃប្រាំពីរ នៃរជ្ជកាលស្តេចអេសាជាស្តេចស្រុកយូដា ស្តេចស៊ីមរីឡើងសោយរាជ្យនៅក្រុងធើសា បានប្រាំពីរថ្ងៃ។ ពេលនោះ ពលទាហានអ៊ីស្រអែលកំពុងបោះទ័ព នៅជិតក្រុងគីបថោន ដើម្បីវាយយកក្រុងនោះពីពួកភីលីស្ទីន។ 16 កាលពលទាហានបានដឹងថា ស្តេចស៊ីមរីក្បត់ស្តេចអេឡា ព្រមទាំងសម្លាប់ស្តេចទៀតផងនោះ ពួកគេក៏តែងតាំងលោកមេទ័ពអូមរី ជាស្តេចលើអ៊ីស្រអែល។ 17 ស្តេចអូមរី និងកងទ័ពអ៊ីស្រអែលដែលនៅជាមួយ ក៏ចេញពីក្រុងគីបថោនមកឡោមព័ទ្ធក្រុងធើសា។ 18 កាលស្តេចស៊ីមរីឃើញថា គេដណ្តើមយកទីក្រុងបានហើយ ស្តេចក៏ចូលក្នុងប៉មមួយនៅក្នុងវាំង រួចយកភ្លើងដុតប៉ម ហើយស្លាប់ក្នុងប៉មនោះទៅ។ 19 ស្តេចស្លាបដូច្នេះ ព្រោះតែអំពើបាប និងអំពើអាក្រក់ដែលគាត់បានប្រព្រឹត្ត មិនគាប់បំណងអុលឡោះតាអាឡា គឺគាត់ដើរតាមផ្លូវរបស់ស្តេចយេរ៉ូបោម ដោយប្រព្រឹត្តអំពើបាប ហើយនាំប្រជាជនអ៊ីស្រអែល ឲ្យប្រព្រឹត្តអំពើបាបដែរ។ 20 កិច្ចការផ្សេងៗ និងអំពើក្បត់របស់ស្តេចស៊ីមរី សុទ្ធតែមានកត់ត្រាទុកក្នុងសៀវភៅប្រវត្តិសាស្ត្ររបស់ស្តេចស្រុកអ៊ីស្រអែល។ 21 គ្រានោះ ប្រជាជនអ៊ីស្រអែលបានបាក់បែកគ្នាជាពីរក្រុម ក្រុមមួយចង់លើកលោកធីបនី ជាកូនរបស់លោកគីណាតឡើងជាស្តេច ក្រុមមួយទៀតចង់លើកលោកមេទ័ពអូមរីវិញ។ 22 ក្រុមដែលគាំទ្រលោកមេទ័ពអូមរីមានប្រៀបជាងក្រុមដែលគាំទ្រលោកធីបនី ជាកូនរបស់លោកគីណាត លោកធីបនីក៏ស្លាប់ ហើយលោកមេទ័ពអូមរីឡើងសោយរាជ្យ។ ស្តេចអូមរីសោយរាជ្យនៅស្រុកអ៊ីស្រអែល 23 នៅឆ្នាំទីសាមសិបមួយ នៃរជ្ជកាលស្តេចអេសា ស្តេចស្រុកយូដា ស្តេចអូមរីឡើងសោយរាជ្យលើស្រុកអ៊ីស្រអែល អស់រយៈពេលដប់ពីរឆ្នាំ គឺគាត់សោយរាជ្យបានប្រាំមួយឆ្នាំនៅក្រុងធើសា 24 រួចស្តេចទិញភ្នំសាម៉ារីពីលោកសេមើរ តម្លៃប្រាក់មួយពាន់ប្រាំបីរយតម្លឹង។ ស្តេចសង់ក្រុងមួយនៅលើភ្នំនោះ ហើយដាក់ឈ្មោះថា ក្រុងសាម៉ារី តាមឈ្មោះរបស់លោកសេមើរជាម្ចាស់ភ្នំនេះ។ 25 ស្តេចអូមរីបានប្រព្រឹត្តអំពើអាក្រក់ មិនគាប់បំណងអុលឡោះតាអាឡា គឺអាក្រក់លើសពីស្តេចមុនៗទៅទៀត។ 26 ស្តេចដើរតាមផ្លូវរបស់ស្តេចយេរ៉ូបោម ជាកូនរបស់លោកនេបាត ឥតចន្លោះត្រង់ណាឡើយ គឺស្តេចនាំប្រជាជនអ៊ីស្រអែលប្រព្រឹត្តអំពើបាប បណ្តាលឲ្យអុលឡោះតាអាឡា ជាម្ចាស់របស់អ៊ីស្រអែល ទ្រង់ខឹង ដោយពួកគេថ្វាយបង្គំព្រះក្លែងក្លាយដ៏ឥតបានការ។ 27 កិច្ចការផ្សេងៗរបស់ស្តេចអូមរី គឺអ្វីៗដែលស្តេចបានប្រព្រឹត្ត និងវីរភាពដ៏អង់អាចរបស់ស្តេចសុទ្ធតែមានកត់ត្រាទុកក្នុងសៀវភៅប្រវត្តិសាស្ត្ររបស់ស្តេចស្រុកអ៊ីស្រអែល។ 28 កាលស្តេចអូមរីស្លាប់ទៅ គេយកសពទៅបញ្ចុះនៅក្រុងសាម៉ារី។ ស្តេចអហាប់ ជាកូនបានឡើងស្នងរាជ្យ។ ស្តេចអហាប់សោយរាជ្យនៅស្រុកអ៊ីស្រអែល 29 នៅឆ្នាំទីសាមសិបប្រាំបី នៃរជ្ជកាលស្តេចអេសា ជាស្តេចស្រុកយូដា ស្តេចអហាប់ ជាបុត្ររបស់ស្តេចអូមរី ឡើងសោយរាជ្យលើស្រុកអ៊ីស្រអែល នៅក្រុងសាម៉ារី អស់រយៈពេលម្ភៃពីរឆ្នាំ។ 30 ស្តេចអហាប់ ជាបុត្ររបស់ស្តេចអូមរី បានប្រព្រឹត្តអំពើអាក្រក់ មិនគាប់បំណងអុលឡោះតាអាឡា លើសស្តេចមុនៗទៅទៀត។ 31 ស្តេចមិនគ្រាន់តែប្រព្រឹត្តអំពើបាប ដូចស្តេចយេរ៉ូបោម ជាកូនរបស់លោកនេបាតប៉ុណ្ណោះទេ គឺគាត់បានរៀបការជាមួយនាងយេសិបិល ជាបុត្រីរបស់ស្តេចអេតបាល ជាស្តេចស្រុកស៊ីដូន ហើយបែរទៅគោរពបម្រើ និងក្រាបថ្វាយបង្គំព្រះបាលថែមទៀតផង។ 32 ស្តេចសង់អាសនៈមួយជូនព្រះបាល ក្នុងវិហាររបស់ព្រះបាលដែលស្តេចបានសង់នៅក្រុងសាម៉ារី។ 33 ស្តេចអហាបក៏បានសង់បង្គោលព្រះអាសេរ៉ា ហើយប្រព្រឹត្តអំពើអាក្រក់ លើសពីស្តេចអ៊ីស្រអែលមុនៗបណ្តាលឲ្យអុលឡោះតាអាឡា ជាម្ចាស់នៃជនជាតិអ៊ីស្រអែលខឹង។ 34 នៅជំនាន់នោះ លោកហ៊ីអែលជាអ្នកស្រុកបេតអែល សង់កំពែងក្រុងយេរីខូឡើងវិញ។ កាលគាត់ចាក់គ្រឹះ នោះអប៊ីរ៉ាមជាកូនប្រុសច្បងក៏ស្លាប់ ហើយកាលគាត់ដាក់ទ្វារក្រុងឡើង នោះសេគូបជាកូនប្រុសពៅក៏ស្លាប់ដែរ ស្របតាមបន្ទូលដែលអុលឡោះតាអាឡាបានថ្លែង តាមរយៈយ៉ូស្វេជាកូនរបស់លោកនូន។ |
© 2014 United Bible Societies, UK.
United Bible Societies