Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

២ ពង្សាវ‌តារ‌ក្សត្រ 11 - អាល់គីតាប


នាង​អថា‌លា​ដណ្តើម​អំណាច​នៅ​ក្រុង​យេរូ‌សាឡឹម

1 កាល​នាង​អថា‌លា ជា​ម្តាយ​របស់​ស្តេច​អហា‌ស៊ីយ៉ា​ជ្រាប​ថា កូន​ស្លាប់​ហើយ នាង​ចេញ​បញ្ជា​ឲ្យ​គេ​សម្លាប់​រាជ​វង្សា‌នុវង្ស​ទាំង​អស់។

2 ពេល​នោះ​នាង​យ៉ូសេ‌បា ជា​បុត្រី​របស់​ស្តេច​យ៉ូរ៉ាម និង​ជា​ប្អូន​របស់​ស្តេច​អហា‌ស៊ីយ៉ា បាន​យក​ស្តេច​យ៉ូអាស ជា​បុត្រា​របស់​ស្តេច​អហា‌ស៊ីយ៉ា ពី​ក្នុង​ចំណោម​បុត្រា​របស់​ស្តេច ដែល​ត្រូវ​គេ​សម្លាប់​នោះ​ទៅ​លាក់​ទុក។ នាង​នាំ​កូន​នោះ​ទៅ​លាក់​នៅ​បន្ទប់​ដេក​មួយ​ក្នុង​ម៉ាស្ជិទ ព្រម​ទាំង​ឲ្យ​មេ​ដោះ​នៅ​ជា​មួយ​ផង។ គេ​បាន​លាក់​កុមារ​មិន​ឲ្យ​នាង​អថា‌លា​ឃើញ ដូច្នេះ​កុមារ​ក៏​រួច​ពី​ស្លាប់។

3 ក្នុង​ពេល​ដែល​នាង​អថា‌លា​គ្រង​រាជ្យ កុមារ​បាន​លាក់​ខ្លួន​ជា​មួយ​មេ​ដោះ​ក្នុង​ដំណាក់​របស់អុលឡោះ‌តាអាឡា អស់​រយៈ​ពេល​ប្រាំ​មួយ​ឆ្នាំ។


ស្តេច​យ៉ូអាស​ឡើង​គ្រង​រាជ្យ

4 លុះ​ដល់​ឆ្នាំ​ទី​ប្រាំ​ពីរ អ៊ីមុាំ​យេ‌ហូ‌យ៉ា‌ដា​ចាត់​គេ​ទៅ​អញ្ជើញ​ពួក​នាយ​ទាហាន​ស្តេច ដែល​ជា​ជន‌ជាតិ​ការី និង​ពល​ទាហាន​មក​ជួប​នឹង​គាត់​នៅ​ដំណាក់​របស់អុលឡោះ‌តាអាឡា។ គាត់​បាន​ចុះ​កិច្ច‌សន្យា​ជា​មួយ​ពួក​គេ ព្រម​ទាំង​សុំ​ឲ្យ​ពួក​គេ​ស្បថ​ក្នុង​ដំណាក់​របស់អុលឡោះ‌តាអាឡា រួច​គាត់​នាំ​បុត្រា​របស់​ស្តេច​មក​បង្ហាញ​ឲ្យ​ពួក​គេ​ឃើញ។

5 បន្ទាប់​មក​គាត់​បញ្ជា​ពួក​គេ​ថា៖ «អ្នក​រាល់​គ្នា​ត្រូវ​ធ្វើ​ដូច​ត​ទៅ: ក្នុង​ចំណោម​អ្នក​រាល់​គ្នា​ដែល​ត្រូវ​វេន​យាម​នៅ​ថ្ងៃ​ឈប់​សម្រាក មួយ​ភាគ​បី​ត្រូវ​យាម​ដំណាក់​ស្តេច

6 មួយ​ភាគ​បី​ត្រូវ​យាម​នៅ​ត្រង់​មាត់​ទ្វារ​ស៊ើរ និង​មួយ​ភាគ​បី​ទៀត ត្រូវ​យាម​នៅ​ទ្វារ​ខាង​ក្រោយ​កន្លែង​ប្រចាំ​ការ។ ក្រុម​ទាំង​បី​នេះ​ត្រូវ​ប្តូរ​វេន​គ្នា​យាម​ដំណាក់។

7 រីឯ​អ្នក​រាល់​គ្នា​ពីរ​ក្រុម​ទៀត ដែល​មិន​ត្រូវ​វេន​យាម​នៅ​ថ្ងៃ​ឈប់​សម្រាក​ត្រូវ​យាម​ដំណាក់​របស់អុលឡោះ‌តាអាឡា ដើម្បី​ការ‌ពារ​ស្តេច។

8 អ្នក​រាល់​គ្នា​ត្រូវ​ប្រដាប់​អាវុធ​គ្រប់​ដៃ នៅ​ការ‌ពារ​ជុំ‌វិញ​ស្តេច។ បើ​នរណា​ម្នាក់​ហ៊ាន​ចូល​មក​ជិត​ជួរ​ទ័ព​របស់​អ្នក​រាល់​គ្នា ត្រូវ​សម្លាប់​ចោល។ ចូរ​នៅ​ជាប់​ជា​មួយ​ស្តេច​ជា‌និច្ច ទោះ​បី​គាត់​ចេញ ឬ​ចូល​ក៏​ដោយ»។

9 ពួក​មេ‌ទ័ព​នាំ​គ្នា​ធ្វើ​តាម​បញ្ជា​ទាំង​ប៉ុន្មាន​របស់​អ៊ីមុាំ​យេហូ‌យ៉ាដា ម្នាក់ៗ​នាំ​កូន​ទាហាន​របស់​ខ្លួន ទាំង​អ្នក​ត្រូវ​វេន​យាម​នៅ​ថ្ងៃ​ឈប់​សម្រាក ទាំង​អ្នក​មិន​ត្រូវ​វេន​យាម ហើយ​ទៅ​ជួប​អ៊ីមុាំ​យេហូ‌យ៉ាដា។

10 អ៊ីមុាំ​ចែក​លំពែង ព្រម​ទាំង​ខែល​របស់​ស្តេច​ទត ដែល​តម្កល់​ទុក​ក្នុង​ដំណាក់​របស់អុលឡោះ‌តាអាឡា​ជូន​ពួក​មេ‌ទ័ព​ទាំង​នោះ។

11 ពល​ទាហាន​ប្រដាប់​អាវុធ​គ្រប់ៗ​ដៃ ឈរ​យាម​នៅ​មុខ​ដំណាក់ និង​នៅ​ជិត​អាសនៈ​ចាប់​ពី​ប៉ែក​ខាង​ស្តាំ​រហូត​ដល់​ប៉ែក​ខាង​ឆ្វេង​ដំណាក់ ដើម្បី​ការ‌ពារ​ស្តេច។

12 ពេល​នោះ អ៊ីមុាំ​អញ្ជើញ​បុត្រ​របស់​ស្តេច​ចេញ​មក ហើយ​យក​មកុដ​រាជ្យ​មក​បំពាក់ ព្រម​ទាំង​ជូន​ឯក‌សារ​នៃ​សម្ពន្ធ‌មេត្រី​ផង រួច​គេ​តែង‌តាំង​កុមារ​ជា​ស្តេច។ គេ​នាំ​គ្នា​ទះ​ដៃ​ស្រែក​ជយ‌ឃោស​ថា៖ «ជយោ! ស្តេច!»។

13 កាល​នាង​អថា‌លា​ឮ​សំរែក​ពល​ទាហាន និង​ប្រជា‌ជន នាង​ក៏​ទៅ​មើល​ពួក​គេ​នៅ​ក្នុង​ដំណាក់​របស់អុលឡោះ‌តាអាឡា។

14 នាង​ឃើញ​ស្តេច​ថ្មី ឈរ​នៅ​លើ​វេទិកា តាម​ទំនៀម‌ទម្លាប់​ដោយ​មាន​មេ‌ទ័ព និង​អ្នក​ផ្លុំ​ត្រែ​ឈរ​អម​ផង។ ប្រជា‌ជន​ទាំង​មូល​នៅ​ក្នុង​ស្រុក​នាំ​គ្នា​អប‌អរ​សាទរ ហើយ​គេ​ក៏​ផ្លុំ​ត្រែ​ឡើង។ នាង​អថា‌លា​ហែក​អាវ​ស្រែក​ថា៖ «នេះ​ជា​អំពើ​ក្បត់! នេះ​ជា​អំពើ​ក្បត់!»។

15 អ៊ីមុាំ​យេហូ‌យ៉ាដា​បញ្ជា​ពួក​មេ‌ទ័ព​ដែល​គ្រប់‌គ្រង​លើ​ពល​ទ័ព​ថា៖ «ចូរ​នាំ​នាង​ចេញ​ទៅ​ក្រៅ! បើ​នរណា​គាំទ្រ​នាង ចូរ​សម្លាប់​ដោយ​មុខ​ដាវ​ទៅ!»។ អ៊ីមុាំ​និយាយ​ទៀត​ថា៖ «មិន​ត្រូវ​ប្រហារ​ជីវិត​នាង​នៅ​ក្នុង​ដំណាក់​របស់អុលឡោះ‌តាអាឡា​ឡើយ!»។

16 គេ​ចាប់​នាង​នាំ​ទៅ​វាំង​វិញ។ កាល​មក​ដល់​ខ្លោង​ទ្វារ​សេះ គេ​ប្រហារ​ជីវិត​នាង​នៅ​ទី​នោះ។

17 លោក​យេហូ‌យ៉ាដា​ចង​សម្ពន្ធ‌មេត្រី​រវាងអុលឡោះ‌តាអាឡា ស្តេច និង​ប្រជា‌រាស្ត្រ ដើម្បី​ឲ្យ​ពួក​គេ​ធ្វើ​ជា​ប្រជា‌រាស្ត្រ​របស់អុលឡោះ‌តាអាឡា។ លោក​ក៏​បាន​ចង​សម្ពន្ធ‌មេត្រី​រវាង​ស្តេច និង​ប្រជា‌រាស្ត្រ​ដែរ។

18 ប្រជា‌ជន​ទាំង​មូល​នៅ​ក្នុង​ស្រុក​នាំ​គ្នា​ចូល​ទៅ​បំផ្លាញ​វិហារ​របស់​ព្រះ​បាល ហើយ​វាយ​កំទេច​អាសនៈ និង​រូប​សំណាក ព្រម​ទាំង​សម្លាប់​លោក​ម៉ាត់‌ថាន​ជា​បូជា‌ចារ្យ​របស់​ព្រះ​បាល​នៅ​មុខ​អាសនៈ​ទៀត​ផង។ លោក​យេហូ‌យ៉ាដា​បាន​ចាត់​ចែង​ឲ្យ​មាន​អ្នក​មើល​ខុស​ត្រូវ​លើ​ដំណាក់​របស់អុលឡោះ‌តាអាឡា។

19 បន្ទាប់​មក គាត់​នាំ​ពួក​មេ‌ទ័ព ពួក​នាយ​ទាហាន​ស្តេច​ដែល​ជា​ជន‌ជាតិ​ការី និង​ពល​ទាហាន ព្រម​ទាំង​ប្រជា‌ជន​ទាំង​មូល​នៅ​ក្នុង​ស្រុក ដង្ហែ​ស្តេច​ពី​ដំណាក់​របស់អុលឡោះ‌តាអាឡា ចូល​វាំង​តាម​ខ្លោង​ទ្វារ​នៃ​ពួក​អ្នក​យាម រួច​ហើយ​ស្តេច​យ៉ូអាស​ឡើង​នៅ​លើ​បល្ល័ង្ក​រាជ្យ។

20 ប្រជា‌ជន​ទាំង​មូល​នៅ​ក្នុង​ស្រុក​នាំ​គ្នា​អបអរ​សាទរ ហើយ​ទី‌ក្រុង​ក៏​បាន​សុខ‌សាន្ត។ គេ​បាន​ប្រហារ​ជីវិត​នាង​អថា‌លា​នៅ​ក្នុង​វាំង។


ស្តេច​យ៉ូអាស​សោយ‌រាជ្យ​នៅ​ស្រុក​យូដា

21 ស្តេច​យ៉ូអាស​ឡើង​សោយ​រាជ្យ​ក្នុង​វ័យ​ប្រាំ​ពីរ​ឆ្នាំ

© 2014 United Bible Societies, UK.

United Bible Societies
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម