យេរេមា 19 - អាល់គីតាបក្អមបែក និងមហន្តរាយរបស់ក្រុងយេរូសាឡឹម 1 អុលឡោះតាអាឡាមានបន្ទូលមកកាន់យេរេមាថា៖ «ចូរទៅទិញក្អមមួយពីជាងស្មូន រួចបបួលអះលីជំអះខ្លះក្នុងចំណោមប្រជាជន និងក្នុងចំណោមអ៊ីមុាំទៅជាមួយអ្នក 2 ឆ្ពោះទៅជ្រោះហ៊ីនណមដែលនៅច្រកចូលទ្វារជាងស្មូន។ នៅទីនោះ អ្នកនឹងស្រែកប្រកាសនូវសេចក្ដីដែលយើងប្រាប់អ្នក។ 3 អ្នកត្រូវប្រកាសដូចតទៅ: “ស្តេចស្រុកយូដា និងប្រជាជនក្រុងយេរូសាឡឹមអើយ សូមស្ដាប់បន្ទូលរបស់អុលឡោះតាអាឡា!។ អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល ជាម្ចាស់របស់ជនជាតិអ៊ីស្រអែល មានបន្ទូលថា: យើងនឹងធ្វើឲ្យមហន្តរាយកើតមាននៅទីនេះ។ អស់អ្នកដែលឮដំណឹងនេះនឹងក្ដុកក្ដួលចិត្តយ៉ាងខ្លាំង។ 4 ប្រជាជនយូដាបោះបង់ចោលយើង ពួកគេធ្វើឲ្យកន្លែងនេះក្លាយទៅជាសៅហ្មង គឺពួកគេជូនសក្ការបូជាគោរពដល់ព្រះដទៃ ជាព្រះដែលពុំបានជួយថែរក្សាពួកគេផ្ទាល់ ឬដូនតារបស់ពួកគេ ឬស្តេចរបស់ជនជាតិយូដាទាល់តែសោះ។ ពួកគេធ្វើឲ្យកន្លែងនេះប្រឡាក់ពេញដោយឈាមរបស់ជនស្លូតត្រង់។ 5 ពួកគេសង់ទីសក្ការៈ ដើម្បីយកកូនប្រុសរបស់ខ្លួនទៅបូជា សែនព្រះបាល ជាអំពើមួយដែលយើងពុំបានបង្គាប់សោះ ហើយយើងក៏មិនដែលនឹកឃើញបែបនេះដែរ។ 6 ហេតុនេះ នៅពេលខាងមុខ គេលែងហៅកន្លែងនោះថា “តូផេត” ឬ“ជ្រលងភ្នំហ៊ីនណម”ទៀតហើយ តែគេនឹងហៅថា “ជ្រលងភ្នំពិឃាតវិញ -នេះជាបន្ទូលរបស់អុលឡោះតាអាឡា។ 7 នៅទីនោះ យើងនឹងរំលាយនយោបាយរបស់អ្នកស្រុកយូដា និងអ្នកក្រុងយេរូសាឡឹម។ យើងនឹងធ្វើឲ្យពួកគេស្លាប់ដោយមុខដាវរបស់ខ្មាំងសត្រូវ ហើយធ្លាក់ក្នុងកណ្ដាប់ដៃរបស់អស់អ្នកដែលចង់ប្រហារជីវិតពួកគេ។ យើងនឹងប្រគល់សាកសពរបស់ពួកគេទៅឲ្យត្មាត និងចចកធ្វើជាចំណី។ 8 យើងនឹងធ្វើឲ្យក្រុងនេះក្លាយទៅជាទីស្មសាន ធ្វើឲ្យមនុស្សដែលឃើញ ស្រឡាំងកាំង។ អស់អ្នកដើរកាត់តាមនោះនាំគ្នាព្រឺសម្បុរ ស្រឡាំងកាំង ព្រោះតែឃើញគ្រោះកាច ដែលកើតមានដល់ទីក្រុង។ 9 ខ្មាំងសត្រូវ និងអស់អ្នកដែលចង់ប្រហារជីវិតពួកគេមុខជាឡោមព័ទ្ធទីក្រុង បណ្តាលឲ្យពួកគេរងទុក្ខវេទនា និងតប់ប្រមល់យ៉ាងខ្លាំង។ ពេលនោះ យើងនឹងធ្វើឲ្យពួកគេស៊ីសាច់កូនប្រុសកូនស្រីរបស់ខ្លួន ហើយម្នាក់ៗស៊ីសាច់គ្នាឯង”។ 10 បន្ទាប់មក ត្រូវបំបែកក្អមនោះ នៅមុខអស់អ្នកដែលចេញទៅជាមួយ ហើយពោលថា: 11 “អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូលមានបន្ទូលថា យើងនឹងបំបែកប្រជាជន និងក្រុងនេះ ដូចគេបំបែកក្អមរបស់ជាងស្មូន ដែលគ្មាននរណាអាចជួសជុលឡើងវិញបានទេ។ គេនឹងកប់ខ្មោចរបស់អ្នកទាំងនោះនៅតូផេត ព្រោះគ្មានកន្លែងណាផ្សេងទៀតឡើយ។ 12 យើងនឹងធ្វើឲ្យក្រុងនេះ ព្រមទាំងប្រជាជនបានដូចតូផេតដែរ -នេះជាបន្ទូលរបស់អុលឡោះតាអាឡា។ 13 ផ្ទះនានានៅក្រុងយេរូសាឡឹម ព្រមទាំងវាំងរបស់ស្តេចស្រុកយូដា ដែលសៅហ្មង ក៏នឹងបានដូចកន្លែងតូផេតដែរ គឺផ្ទះទាំងប៉ុន្មានដែលមានកន្លែងជូនគ្រឿងសក្ការបូជានៅរានហាល សម្រាប់បួងសួងផ្កាយទាំងឡាយ ព្រមទាំងច្រួចស្រាជូនព្រះដទៃ”»។ 14 យេរេមាវិលត្រឡប់មកពីតូផេត ជាកន្លែងដែលអុលឡោះតាអាឡាចាត់គាត់ឲ្យទៅថ្លែងបន្ទូលនៃទ្រង់។ បន្ទាប់មក គាត់ទៅឈរនៅក្នុងទីធ្លាដំណាក់របស់អុលឡោះតាអាឡា ហើយពោលទៅកាន់ប្រជាជនទាំងអស់ដូចតទៅ៖ 15 «អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល ជាម្ចាស់របស់ជនជាតិអ៊ីស្រអែល មានបន្ទូលថា: “យើងនឹងធ្វើឲ្យគ្រោះកាចទាំងប៉ុន្មានដែលយើងបានប្រកាសទុក កើតមានដល់ក្រុងនេះ និងក្រុងទាំងប៉ុន្មានដែលនៅជុំវិញ ព្រោះប្រជាជនបានតាំងចិត្តរឹងរូស ពុំព្រមស្ដាប់ពាក្យរបស់យើងទេ”»។ |
© 2014 United Bible Societies, UK.
United Bible Societies