Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

១ ពង្សាវ‌តារ‌ក្សត្រ 12 - អាល់គីតាប


ពង្សាវ‌តារ‌ក្សត្រ​នៃ​រាជា​ណាចក្រ​យូដា និង​រាជា​ណាចក្រ​អ៊ីស្រ‌អែល ចាប់​ពី​គ្រា​បែង‌ចែក​ស្រុក រហូត​ដល់​ចុង​បញ្ចប់​នៃ​រាជា​ណាចក្រ​អ៊ីស្រ‌អែល ប្រជា‌ជន​ជួប‌ជុំ​គ្នា​នៅ​ស៊ី‌គែម

1 សម្តេច​រេហូ‌បោម​បាន​ទៅ​ស៊ី‌គែម ដ្បិត​ប្រជា‌ជន​អ៊ីស្រ‌អែល​ទាំង​មូល​មក​ជួប‌ជុំ​គ្នា​នៅ​ទី​នោះ ដើម្បី​តែង‌តាំង​សម្តេច​ជា​ស្តេច។

2 កាល​លោក​យេរ៉ូ‌បោម ជា​កូន​របស់​លោក​នេបាត​ឮ​ដំណឹង​នេះ លោក​ស្ថិត​នៅ​ក្នុង​ស្រុក​អេស៊ីប​នៅ​ឡើយ។ លោក​យេរ៉ូ‌បោម​បាន​រត់​ភៀស​ខ្លួន​ពី​ស្តេច​ស៊ូឡៃ‌ម៉ាន ទៅ​ស្នាក់​នៅ​ស្រុក​អេស៊ីប។

3 ពេល​នោះ​គេ​បាន​ចាត់​មនុស្ស ឲ្យ​ទៅ​ហៅ​លោក​យេរ៉ូ‌បោម​មក​ដែរ។ លោក​យេរ៉ូ‌បោម និង​ជន‌ជាតិ​អ៊ីស្រ‌អែល​ទាំង​មូល​មក​ជួប‌ជុំ​គ្នា ហើយ​ជម្រាប​ស្តេច​រេហូ‌បោម​ថា៖

4 «បិតា​របស់​ស្តេច បាន​ដាក់​នឹម​យ៉ាង​ធ្ងន់​លើ​យើង​ខ្ញុំ។ ឥឡូវ​នេះ សូម​មេត្តា​សំរាល​នឹម​ដ៏​ធ្ងន់​ដែល​បិតា​របស់​ស្តេច​បាន​ដាក់​លើ​យើង​ខ្ញុំ​ផង នោះ​យើង​ខ្ញុំ​នឹង​បម្រើ​ស្តេច»។

5 ស្តេច​រេហូ‌បោម​បញ្ជា​ថា៖ «ចូរ​ទៅ​សិន​ចុះ ចាំ​បី​ថ្ងៃ​ទៀត​សឹម​វិល​មក​ជួប​យើង​វិញ»។ ប្រជា‌ជន​ក៏​នាំ​គ្នា​ចាក‌ចេញ​ទៅ។

6 ស្តេច​រេហូ‌បោម​បាន​ពិភាក្សា​ជា​មួយ​ក្រុម​អះលី‌ជំអះ ដែល​ជា​ទី​ប្រឹក្សា​របស់​ស្តេច​ស៊ូឡៃ‌ម៉ាន ជា​បិតា​ក្នុង​គ្រា​គាត់​នៅ​មាន​ជីវិត​នៅ​ឡើយ ដោយ​សួរ​ថា៖ «តាម​យោបល់​អស់​លោក តើ​យើង​ត្រូវ​ឆ្លើយ​ដូច​ម្តេច​ចំពោះ​ប្រជា‌ជន​នេះ?»។

7 អស់​លោក​អះលី‌ជំអះ​ឆ្លើយ​វិញ​ថា៖ «ថ្ងៃ​នេះ ប្រសិន​បើ​ស្តេច​ពេញ​ចិត្ត​បម្រើ​ប្រជា‌ជន បើ​ស្តេច​យក​ចិត្ត​ទុក​ដាក់​នឹង​គេ ហើយ​ឆ្លើយ​ទៅ​គេ​ដោយ​ចិត្ត​សប្បុរស នោះ​ពួក​គេ​នឹង​បម្រើ​ស្តេច​រហូត​ត​ទៅ»។

8 ប៉ុន្តែ ស្តេច​រេហូ‌បោម​មិន​រវីរ‌វល់​នឹង​យោបល់​របស់​ក្រុម​អះលី‌ជំអះ​ទេ តែ​គាត់​បាន​សួរ​យោបល់​ពី​មន្ត្រី​ជំនិត ដែល​ធ្លាប់​នៅ​ជា​មួយ​គាត់​តាំង​ពី​កុមារ​មក។

9 ស្តេច​មាន​ប្រសាសន៍​ទៅ​ពួក​គេ​ថា៖ «ប្រជា‌ជន​បាន​សុំ​ឲ្យ​យើង​សំរាល​នឹម ដែល​បិតា​របស់​យើង​បាន​ដាក់​លើ​ពួក​គេ។ តើ​អស់​លោក​មាន​យោបល់​ដូច​ម្តេច? តាម​យោបល់​អស់​លោក តើ​យើង​ត្រូវ​ឆ្លើយ​ដូច​ម្តេច​ចំពោះ​ប្រជា‌ជន​នេះ?»។

10 មន្ត្រី​ក្មេងៗ​ដែល​ធ្លាប់​នៅ​ជា​មួយ​ស្តេច តាំង​ពី​កុមារ​មក​នាំ​គ្នា​ជម្រាប​ស្តេច​ថា៖ «សូម​ស្តេច​ប្រាប់​ប្រជា‌ជន ដែល​មក​សុំ​ឲ្យ​ស្តេច​សំរាល​នឹម​បិតា​របស់​ស្តេច​នោះ​វិញ​ថា “កូន​ដៃ​របស់​យើង​មាន​កម្លាំង​ជាង​ដៃ​បិតា​របស់​យើង​ទៅ​ទៀត។

11 បិតា​របស់​យើង​បាន​ដាក់​នឹម​យ៉ាង​ធ្ងន់​លើ​អ្នក​រាល់​គ្នា រីឯ​យើង​វិញ យើង​នឹង​ធ្វើ​ឲ្យ​នឹម​នេះ​រឹត​តែ​ធ្ងន់​ថែម​ទៀត។ បិតា​របស់​យើង​បាន​ប្រដៅ​អ្នក​រាល់​គ្នា​ដោយ​ប្រើ​រំពាត់ រីឯ​យើង​វិញ យើង​នឹង​ប្រដៅ​អ្នក​រាល់​គ្នា ដោយ​ប្រើ​ខ្យា‌ដំរី”»។

12 លុះ​ដល់​ថ្ងៃ​ទី​បី លោក​យេរ៉ូ‌បោម និង​ប្រជា‌ជន​ទាំង​មូល​ចូល​មក​ជួប​ស្តេច​រេហូ‌បោម តាម​ពេល​កំណត់​ដែល​ស្តេច​បាន​ប្រាប់​ថា “ចាំ​បី​ថ្ងៃ​ទៀត សឹម​វិល​មក ជួប​យើង​វិញ”។

13 ស្តេច​មាន​ប្រសាសន៍​ទៅ​កាន់​ប្រជា‌ជន​យ៉ាង​តឹង‌រ៉ឹង គឺ​ស្តេច​មិន​រវីរ‌វល់​នឹង​យោបល់​របស់​ក្រុម​អះលី‌ជំអះ​ទេ។

14 ស្តេច​មាន​ប្រសាសន៍​ទៅ​កាន់​ប្រជា‌ជន តាម​យោបល់​របស់​មន្ត្រី​ក្មេងៗ​ថា៖ «បិតា​របស់​យើង​បាន​ផ្ទុក​នឹម​យ៉ាង​ធ្ងន់​លើ​អ្នក​រាល់​គ្នា រីឯ​យើង​វិញ យើង​នឹង​ធ្វើ​ឲ្យ​នឹម​នេះ រឹត​តែ​ធ្ងន់​ថែម​ទៀត។ បិតា​របស់​យើង​បាន​ប្រដៅ​អ្នក​រាល់​គ្នា ដោយ​ប្រើ​រំពាត់ រីឯ​យើង​វិញ យើង​នឹង​ប្រដៅ​អ្នក​រាល់​គ្នា​ដោយ​ប្រើ​ខ្យា‌ដំរី»។

15 ស្តេច​មិន​ព្រម​ស្តាប់​តាម​សំណូម‌ពរ​របស់​ប្រជា‌ជន​ទេ ដ្បិតអុលឡោះ‌តាអាឡា​បណ្តាល​ឲ្យ​មាន​សភាព​ការណ៍​ប្រែ‌ប្រួល​ដូច្នេះ ស្រប​តាម​បន្ទូល​ដែល​ទ្រង់​បាន​ថ្លែង​មក​កាន់​លោក​យេរ៉ូ‌បោម ជា​កូន​របស់​លោក​នេបាត​តាម​រយៈ​អហ៊ីយ៉ា​នៅ​ស៊ីឡូ។


អាណា‌ចក្រ​អ៊ីស្រ‌អែល​បែក​ជា​ពីរ

16 ពេល​ប្រជា‌ជន​អ៊ីស្រ‌អែល​ទាំង​មូល​ឃើញ​ថា ស្តេច​ពុំ​ព្រម​ស្តាប់​តាម​សំណូម‌ពរ​របស់​ខ្លួន​ទេ ពួក​គេ​ក៏​ជម្រាប​ស្តេច​ថា៖ «ពួក​យើង​គ្មាន​ជាប់​ជំពាក់​អ្វី​នឹង ស្តេច​ទត​ទេ! ពួក​យើង​ក៏​គ្មាន​ចំណែក​មត៌ក​អ្វី​រួម​ជា​មួយ កូន​របស់​លោក​អ៊ីសាយ​ដែរ! ប្រជា‌ជន​អ៊ីស្រ‌អែល​អើយ ចូរ​វិល​ត្រឡប់​ទៅ​ផ្ទះ​របស់​អ្នក​វិញ​ចុះ។ រាជ‌វង្ស​របស់​ស្តេច​ទត​អើយ ឥឡូវ​នេះ សូម​បី​បាច់​ថែ​រក្សា​ខ្លួន​ឯង​ទៅ!»។ ប្រជា‌ជន​អ៊ីស្រ‌អែល​នាំ​គ្នា​វិល​ត្រឡប់​ទៅ​កាន់​លំ‌នៅ​របស់​ខ្លួន​វិញ។

17 ស្តេច​រេហូ‌បោម​គ្រង​រាជ្យ​លើ​ជន‌ជាតិ​អ៊ីស្រ‌អែល​ដែល​រស់​នៅ​តាម​ក្រុង​ទាំង‌ឡាយ ក្នុង​ស្រុក​យូដា។

18 ស្តេច​រេហូ‌បោម​ចាត់​លោក​អដូ‌រ៉ាម ជា​អ្នក​ទទួល​ខុស​ត្រូវ​លើ​កំណែន ឲ្យ​ទៅ​ជួប​កុល‌សម្ព័ន្ធ​អ៊ីស្រ‌អែល​ឯ​ទៀតៗ តែ​ពួក​គេ​យក​ដុំ​ថ្ម​គប់​សម្លាប់​គាត់។ ស្តេច​រេហូ‌បោម​ក៏​ប្រញាប់‌ប្រញាល់​ឡើង​រទេះ​ភៀស​ខ្លួន​ចូល​ក្រុង​យេរូ‌សាឡឹម​វិញ។

19 គឺ​យ៉ាង​នេះ​ហើយ​ដែល​ប្រជា‌ជន​អ៊ីស្រ‌អែល​បះ‌បោរ ប្រឆាំង​នឹង​រាជ‌វង្ស​ស្តេច​ទត រហូត​ដល់​សព្វ​ថ្ងៃ។

20 កាល​ប្រជា‌ជន​អ៊ីស្រ‌អែល​ទាំង​មូល​ដឹង​ថា លោក​យេរ៉ូ‌បោម​វិល​ត្រឡប់​មក​វិញ គេ​ក៏​ជួប‌ជុំ​គ្នា ហើយ​ចាត់​មនុស្ស​ឲ្យ​ទៅ​អញ្ជើញ​គាត់​មក។ គេ​តែង‌តាំង​គាត់​ជា​ស្តេច​លើ​ប្រជា‌ជន​អ៊ីស្រ‌អែល​ទាំង​មូល។ មាន​តែ​កុល‌សម្ព័ន្ធ​យូដា​មួយ​ប៉ុណ្ណោះ ដែល​ស្ថិត​នៅ​ក្រោម​ការ​គ្រប់‌គ្រង​របស់​រាជ‌វង្ស​ស្តេច​ទត។

21 ពេល​ស្តេច​រេហូ‌បោម​មក​ដល់​ក្រុង​យេរូ‌សាឡឹម គាត់​ក៏​ប្រមូល​ទាហាន​ក្នុង​ពូជ‌ពង្ស​យូដា និង​កុល‌សម្ព័ន្ធ​ពុន‌យ៉ាមីន​ទាំង​មូល បាន​ចំនួន​មួយ​សែន​ប្រាំ​បី​ម៉ឺន​នាក់ ដែល​សុទ្ធ​តែ​ជា​អ្នក​ចំបាំង​យ៉ាង​ស្ទាត់​ជំនាញ។ ពួក​គេ​លើក​ទ័ព​ចេញ​ទៅ​ច្បាំង​នឹង​កូន​ចៅ​អ៊ីស្រ‌អែល​ឯ​ទៀតៗ ដើម្បី​ដណ្តើម​យក​អាណា‌ចក្រ​ទាំង​មូល មក​ជូន​ស្តេច​រេហូ‌បោម ជា​បុត្រ​របស់​ស្តេច​ស៊ូឡៃ‌ម៉ាន​វិញ។

22 ប៉ុន្តែ អុលឡោះ​មាន​បន្ទូល​មក​កាន់​លោក​សេម៉ា‌យ៉ា ជា​អ្នក​នាំ​សារ​របស់​ទ្រង់​ថា៖

23 «ចូរ​ប្រាប់​រេហូ‌បោម កូន​ស៊ូ‌ឡៃម៉ាន ជា​ស្តេច​នៅ​ស្រុក​យូដា ព្រម​ទាំង​កុល‌សម្ព័ន្ធ​យូដា កុល‌សម្ព័ន្ធ​ពុន‌យ៉ាមីន និង​ប្រជា‌ជន​ឯ​ទៀតៗ​ថា

24 អុលឡោះ‌តាអាឡា​មាន​បន្ទូល​ដូច​ត​ទៅ: កុំ​ចេញ​ទៅ​ច្បាំង​នឹង​ជន‌ជាតិ​អ៊ីស្រ‌អែល​ជា​បង​ប្អូន​របស់​ខ្លួន​ឡើយ។ ចូរ​វិល​ទៅ​កាន់​ទី​លំ‌នៅ​រៀងៗ​ខ្លួន​ចុះ ដ្បិត​យើង​ទេ​ដែល​ធ្វើ​ឲ្យ​សភាព​ការណ៍​នេះ​កើត​មាន»។ ពួក​គេ​ក៏​ស្តាប់​តាម​បង្គាប់អុលឡោះ‌តាអាឡា ហើយ​នាំ​គ្នា​វិល​ត្រឡប់​ទៅ​វិញ តាម​បន្ទូល​របស់​ទ្រង់។

25 ស្តេច​យេរ៉ូ‌បោម​បាន​សង់​ក្រុង​ស៊ី‌គែម នៅ​លើ​ភ្នំ​អេ‌ប្រា‌អ៊ីម ដើម្បី​នៅ​ទី​នោះ។ បន្ទាប់​មក​ស្តេច​បាន​ចេញ​ពី​ស៊ី‌គែម ទៅ​សង់​ក្រុង​ពេនួល។


អំពើ‌បាប​របស់​ស្តេច​យេរ៉ូ‌បោម

26 ស្តេច​យេរ៉ូ‌បោម​រិះ‌គិត​ថា៖ «យោល​តាម​សភាព​ការណ៍​ពេល​នេះ អាណា‌ចក្រ​ខ្ញុំ​អាច​ធ្លាក់​ទៅ​ក្នុង​កណ្តាប់​ដៃ​របស់​រាជ‌វង្ស​ស្តេច​ទត​មិន​ខាន។

27 ប្រសិន​បើ​ប្រជា‌ជន​របស់​ខ្ញុំ​នៅ​តែ​ទៅ​ធ្វើ​គូរបាន​ក្នុង​ដំណាក់​របស់អុលឡោះ‌តាអាឡា​នៅ​ក្រុង​យេរូ‌សាឡឹម​ដូច្នេះ ចិត្ត​គំនិត​របស់​ពួក​គេ​នឹង​វិល​ទៅ​រក​រេហូ‌បោម ជា​ស្តេច​ស្រុក​យូដា និង​ជា​ម្ចាស់​ដើម​របស់​ពួក​គេ​វិញ។ ពេល​នោះ ពួក​គេ​មុខ​ជា​សម្លាប់​ខ្ញុំ រួច​វិល​ទៅ​រក​រេហូ‌បោម ជា​ស្តេច​ស្រុក​យូដា​មិន​ខាន»។

28 ស្តេច​បាន​រិះ‌គិត​អំពី​មធ្យោ‌បាយ​មួយ គឺ​ឲ្យ​គេ​សិត​ធ្វើ​រូប​គោ​មាស​ពីរ ហើយ​ជម្រាប​ទៅ​កាន់​ប្រជា‌ជន​ថា៖ «អ្នក​រាល់​គ្នា​ធ្វើ​ដំណើរ​ទៅ​ក្រុង​យេរូ‌សាឡឹម​ជា​ច្រើន​ដង​ហើយ អ៊ីស្រ‌អែល​អើយ! នេះ​នែ៎ ព្រះ​ដែល​បាន​នាំ​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​អេស៊ីប»។

29 ស្តេច​តម្កល់​រូប​គោ​មួយ​នៅ​បេត‌អែល និង​មួយ​ទៀត​នៅ​ក្រុង​ដាន់។

30 ស្តេច​បាន​នាំ​ប្រជា‌ជន​ឲ្យ​ប្រព្រឹត្ត​អំពើ​បាប ព្រោះ​តែ​រូប​គោ​នោះ។ ប្រជា‌ជន​នាំ​គ្នា​ដង្ហែ​រូប​គោ រហូត​ដល់​ក្រុង​ដាន់។

31 ស្តេច​យេរ៉ូ‌បោម​សង់​កន្លែង​សក្ការៈ​នៅ​តាម​ទួល​ខ្ពស់ៗ រួច​ជ្រើស​រើស​មនុស្ស​ពី​ចំណោម​ប្រជា‌ជន ដែល​មិន​មែន​ជា​ពួក​លេវី​ឲ្យ​ធ្វើ​ជា​អ៊ីមុាំ។

32 ស្តេច​យេរ៉ូ‌បោម បាន​កំណត់​យក​ថ្ងៃ​ទី​ដប់​ប្រាំ នៃ​ខែ​ទី​ប្រាំ​បី សម្រាប់​ប្រារព្ធ​ពិធី​បុណ្យ ដូច​នៅ​ស្រុក​យូដា​ដែរ។ ពេល​នោះ ស្តេច​ទៅ​ជូន​យញ្ញ‌បូជា​នៅ​លើ​អាសនៈ។ ស្តេច​បាន​ប្រព្រឹត្ត​របៀប​នេះ​នៅ​បេត‌អែល​ដែរ គឺ​ជូន​យញ្ញ‌បូជា​ចំពោះ​រូប​គោ​ដែល​ស្តេច​បាន​ធ្វើ ព្រម​ទាំង​យក​អ៊ីមុាំ​ដែល​ស្តេច​តែង‌តាំង​សម្រាប់​បម្រើ​ការងារ នៅ​កន្លែង​សក្ការៈ​តាម​ទួល​ខ្ពស់ៗ ឲ្យ​មក​បម្រើ​ការ​នៅ​បេត‌អែល​ផង។

33 នៅ​ថ្ងៃ​ទី​ដប់​ប្រាំ នៃ​ខែ​ប្រាំ​បី ជា​ថ្ងៃ​ដែល​ស្តេច​កំណត់​ខ្លួន​ឯង គាត់​ទៅ​អាសនៈ​ដែល​គាត់​បាន​សង់​នៅ​បេត‌អែល ដើម្បី​ប្រារព្ធ​ពិធី​បុណ្យ ជា​មួយ​ប្រជា‌ជន​អ៊ីស្រ‌អែល។ ក្នុង​ឱកាស​នោះ ស្តេច​ឡើង​ទៅ​ដុត​គ្រឿង​ក្រអូប​នៅ​លើ​អាសនៈ។

© 2014 United Bible Societies, UK.

United Bible Societies
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម