Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

១ ពង្សាវ‌តារ‌ក្សត្រ 15 - អាល់គីតាប


ស្តេច​អប៊ី‌យ៉ា​សោយ​រាជ្យ​នៅ​ស្រុក​យូដា

1 នៅ​ឆ្នាំ​ទី​ដប់​ប្រាំ​បី នៃ​រជ្ជ‌កាល​ស្តេច​យេរ៉ូ‌បោម ជា​កូន​របស់​លោក​នេបាត​ស្តេច​អប៊ី‌យ៉ា ឡើង​សោយ‌រាជ្យ​នៅ​ស្រុក​យូដា។

2 ស្តេច​សោយ‌រាជ្យ​បាន​បី​ឆ្នាំ​នៅ​ក្រុង​យេរូ‌សាឡឹម។ មាតា​របស់​ស្តេច​មាន​នាម​ថា ម៉ាកា ជា​បុត្រី​របស់​សម្តេច​អប៊ី‌សាឡុម ។

3 ស្តេច​អប៊ី‌យ៉ា​ប្រព្រឹត្ត​អំពើ​បាប​គ្រប់​យ៉ាង ដូច​បិតា​ធ្លាប់​ប្រព្រឹត្ត​ដែរ។ ស្តេច​ពុំ​មាន​ចិត្ត​ស្រឡាញ់អុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​ខ្លួន ដូច​ទត​ជា​អយ្យ‌កោ​ឡើយ។

4 ដោយ​យល់​ដល់​ស្តេច​ទត អុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​ស្តេច​បាន​ប្រោស​ប្រទាន​ឲ្យ​ស្តេច​មាន​បុត្រា​ម្នាក់ ដើម្បី​កុំ​ឲ្យ​រាជ‌វង្ស​នេះ​ផុត​រលត់ ហើយ​ឲ្យ​ក្រុង​យេរូ‌សាឡឹម​នៅ​ស្ថិត‌ស្ថេរ​ជា​ដរាប

5 ដ្បិត​ស្តេច​ទត​បាន​ប្រព្រឹត្ត​អំពើ​ទៀង​ត្រង់ ជា​ទី​គាប់​ចិត្តអុលឡោះ‌តាអាឡា ហើយ​ពុំ​ងាក​ចេញ​ពី​សេចក្តី​ដែល​ទ្រង់​បាន​បង្គាប់​ឲ្យ​ធ្វើ​ឡើយ លើក‌លែង​តែ​កំហុស ដែល​គាត់​បាន​ប្រព្រឹត្ត​ចំពោះ​លោក​អ៊ូរី ជា​ជន‌ជាតិ​ហេត​មួយ​ប៉ុណ្ណោះ។

6 ស្តេច​រេហូ‌បោម និង​ស្តេច​យេរ៉ូ‌បោម តែងតែ​ធ្វើ​សង្គ្រាម​ជា​មួយ​គ្នា​ទៅ​វិញ​ទៅ​មក អស់​មួយ​រជ្ជកាល​ស្តេច​រេហូ‌បោម។

7 រីឯ​កិច្ច​ការ​ផ្សេងៗ​ទៀត ដែល​ស្តេច​អប៊ី‌យ៉ា​ប្រព្រឹត្ត សុទ្ធ​តែ​មាន​កត់‌ត្រា​ទុក​ក្នុង​សៀវភៅ​ប្រវត្តិ‌សាស្ត្រ​របស់​ស្តេច​ស្រុក​យូដា។ ស្តេច​អប៊ី‌យ៉ា​ក៏​ធ្វើ​សង្គ្រាម​ជា​មួយ​ស្តេច​យេរ៉ូ‌បោម​ដែរ។

8 កាល​ស្តេច​អប៊ី‌យ៉ា​ស្លាប់ គេ​បាន​យក​សព​ទៅ​បញ្ចុះ​ក្នុង​ផ្នូរ​របស់​រាជ‌វង្ស នៅ​បុរី​ស្តេច​ទត។ ស្តេច​អេសា ជា​កូន​បាន​ឡើង​ស្នង​រាជ្យ។


ស្តេច​អេសា​សោយ‌រាជ្យ​នៅ​ស្រុក​យូដា

9 នៅ​ឆ្នាំ​ទី​ម្ភៃ នៃ​រជ្ជកាល​ស្តេច​យេរ៉ូ‌បោម ជា​ស្តេច​អ៊ីស្រ‌អែល ស្តេច​អេសា​បាន​ឡើង​សោយ​រាជ្យ​នៅ​ស្រុក​យូដា។

10 ស្តេច​សោយ​រាជ្យ​បាន​សែ‌សិប​មួយ​ឆ្នាំ នៅ​ក្រុង​យេរូ‌សាឡឹម មាតា របស់​ស្តេច​មាន​នាម​ថា ម៉ាកា ជា​បុត្រី​របស់​សម្តេច​អប៊ី‌សាឡុម។

11 ស្តេច​អេសា​ប្រព្រឹត្ត​អំពើ​ទៀង​ត្រង់ ជា​ទី​គាប់​ចិត្តអុលឡោះ‌តាអាឡា​ដូច​ស្តេច​ទត ជា​អយ្យ‌កោ​ដែរ។

12 ស្តេច​បាន​កំចាត់​ពួក​ប្រុសៗ​ដែល​ប្រព្រឹត្ត​អំពើ​ពេស្យា‌ចារ​ចេញ​ពី​ស្រុក ហើយ​លុប​បំបាត់​ព្រះ​ក្លែង‌ក្លាយ​ទាំង​ប៉ុន្មាន​ដែល​ពួក​អយ្យ‌កោ​បាន​កសាង​ផង។

13 ស្តេច​បាន​ហូត​ងារ​មហា​ក្សត្រិ‌យានី ពី​នាង​ម៉ាកា ជា​ម្តាយ ព្រោះ​មាតា​បាន​កសាង​រូប​ដ៏​គំរក់​មួយ ជា​តំណាង​ព្រះ​អា‌សេ‌រ៉ា។ ស្តេច​អេសា​កំទេច​រូប​ដ៏​គំរក់​នោះ រួច​យក​ទៅ​ដុត​ចោល​នៅ​ជ្រោះ​កេដ្រូន។

14 ក៏​ប៉ុន្តែ ទោះ​បី​ស្តេច​ស្រឡាញ់អុលឡោះ‌តាអាឡា​ដោយ​ស្មោះ​ក្តី ក៏​ស្តេច​ពុំ​បាន​លុប​បំបាត់​កន្លែង​សក្ការៈ​តាម​ទួល​ខ្ពស់ៗ​ដែរ។

15 ស្តេច​បាន​នាំ​ជំនូន​ដែល​បិតា និង​ស្តេច​ផ្ទាល់​បាន​ញែក​ជា​របស់​សក្ការៈ គឺ​មាន​គ្រឿង​មាស ប្រាក់ និង​វត្ថុ​ផ្សេងៗ​ទៀត ទៅ​ទុក​ក្នុង​ដំណាក់​របស់អុលឡោះ‌តាអាឡា។

16 ស្តេច​អេសា និង​ស្តេច​បាសា ជា​ស្តេច​ស្រុក​អ៊ីស្រ‌អែល​តែងតែ​ធ្វើ​សង្គ្រាម​នឹង​គ្នា​ទៅ​វិញ​ទៅ​មក អស់​មួយ​រជ្ជកាល​ស្តេច​ទាំង​ពីរ។

17 ស្តេច​បាសា ជា​ស្តេច​ស្រុក​អ៊ីស្រ‌អែល លើក​ទ័ព​មក​វាយ​ស្រុក​យូដា ហើយ​សង់​កំពែង​ជុំ‌វិញ​ក្រុង​រ៉ាម៉ា ដើម្បី​កុំ​ឲ្យ​ប្រជា‌ជន​របស់​ស្តេច​អេសា ជា​ស្តេច​ស្រុក​យូដា​អាច​ចេញ​ចូល​បាន។

18 ស្តេច​អេសា​បាន​ប្រមូល​មាស​ប្រាក់​ទាំង​ប៉ុន្មាន ដែល​មាន​នៅ​ក្នុង​ឃ្លាំង​ដំណាក់​របស់អុលឡោះ‌តាអាឡា និង​ក្នុង​ឃ្លាំង​រាជ‌វាំង ប្រគល់​ទៅ​ឲ្យ​ពួក​អ្នក​បម្រើ ហើយ​ចាត់​ពួក​គេ​ឲ្យ​ទៅ​ជួប​ស្តេច​បេន-‌ហា‌ដាដ ជា​បុត្រ​របស់​ស្តេច​ថាប‌រីម៉ូន ដែល​ត្រូវ​ជា​បុត្រ​របស់​ស្តេច​ហេស‌យ៉ូន ស្តេច​ស្រុក​ស៊ីរី ដែល​នៅ​ក្រុង​ដាម៉ាស ជម្រាប​ថា៖

19 «ខ្ញុំ​សូម​ចង​សម្ពន្ធ​មិត្ត​ជា​មួយ​ស្តេច ដូច​បិតា​របស់​ខ្ញុំ​បាន​ចង​ជា​មួយ​បិតា​របស់​ស្តេច​ដែរ។ ខ្ញុំ​សូម​ផ្ញើ​មាស និង​ប្រាក់​នេះ​មក​ជូន​ស្តេច។ សូម​ស្តេច​ផ្តាច់​ចំណង​សម្ពន្ធ​មិត្ត​ជា​មួយ​បាសា ជា​ស្តេច​ស្រុក​អ៊ីស្រ‌អែល​ទៅ ដើម្បី​កុំ​ឲ្យ​ស្តេច​នោះ​លើក​ទ័ព​មក​វាយ​ខ្ញុំ»។

20 ស្តេច​បេនហា‌ដាដ​យល់​ព្រម​តាម​សំណូម‌ពរ​របស់​ស្តេច​អេសា ហើយ​ចាត់​មេ‌ទ័ព​ឲ្យ​ទៅ​វាយ​ក្រុង​នានា​របស់​ស្រុក​អ៊ីស្រ‌អែល។ ពួក​គេ​វាយ​យក​ក្រុង​អ៊ីយ៉ូន ក្រុង​ដាន់ ក្រុង​អេបិល-បេត-ម៉ាកា ព្រម​ទាំង​តំបន់​គីនេ‌រ៉ែត​ទាំង​មូល និង​ស្រុក​ណែប‌ថា‌លី​ទាំង​មូល។

21 កាល​ស្តេច​បាសា ជ្រាប​ពី​ដំណឹង​នេះ គាត់​ក៏​ឈប់​សង់​កំពែង​ក្រុង​រ៉ាម៉ា ហើយ​មក​នៅ​ក្រុង​ធើសា​វិញ។

22 ពេល​នោះ ស្តេច​អេសា​ប្រមូល​ជន‌ជាតិ​យូដា​ទាំង​មូល ឥត​ខ្វះ​អ្នក​ណា​ម្នាក់​ឡើយ ដើម្បី​ជញ្ជូន​ថ្ម និង​ឈើ ដែល​ស្តេច​បាសា​ប្រើ​សម្រាប់​សង់​កំពែង​ក្រុង​រ៉ាម៉ា។ ស្តេច​អេសា​យក​ថ្ម និង​ឈើ​ទាំង​នោះ​ទៅ​សង់​កំពែង​ក្រុង​កេបា ក្នុង​ទឹក​ដី​ពុន‌យ៉ាមីន និង​ក្រុង​មីសប៉ា។

23 កិច្ច​ការ​ទាំង​ប៉ុន្មាន​របស់​ស្តេច​អេសា គឺ​វីរភាព​ដ៏​អង់‌អាច និង​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​ស្តេច​បាន​ប្រព្រឹត្ត ព្រម​ទាំង​ការ​សង់​ទី‌ក្រុង​នានា សុទ្ធ​តែ​មាន​កត់‌ត្រា​ទុក​ក្នុង​សៀវភៅ​ប្រវត្តិ‌សាស្ត្រ​របស់​ស្តេច​ស្រុក​យូដា។ នៅ​គ្រា​ដែល​ស្តេច​មាន​វ័យ​ចាស់​ជរា នោះ​គាត់​កើត​រោគា​នៅ​ជើង។

24 កាល​ស្តេច​អេសា​ស្លាប់ គេ​បាន​យក​សព​ទៅ​បញ្ចុះ​ក្នុង​ផ្នូរ​របស់​រាជ​វង្ស នៅ​បុរី​ស្តេច​ទត​ជា​អយ្យ‌កោ។ ស្តេច​យ៉ូសា‌ផាត​ជា​បុត្រ បាន​ឡើង​ស្នង​រាជ្យ។


ស្តេច​ណា‌ដាប់​សោយ​រាជ្យ​នៅ​ស្រុក​អ៊ីស្រ‌អែល

25 នៅ​ឆ្នាំ​ទី​ពីរ​នៃ​រជ្ជកាល​ស្តេច​អេសា ជា​ស្តេច​ស្រុក​យូដា ស្តេច​ណាដាប់ ជា​បុត្រ​ស្តេច​យេរ៉ូ‌បោម​បាន​ឡើង​សោយ‌រាជ្យ​លើ​ស្រុក​អ៊ីស្រ‌អែល គាត់​សោយ​រាជ្យ​បាន​ពីរ​ឆ្នាំ។

26 ស្តេច​បាន​ធ្វើ​អំពើ​អាក្រក់ មិន​គាប់​បំណងអុលឡោះ‌តាអាឡា និង​ដើរ​តាម​ផ្លូវ​របស់​បិតា គឺ​គាត់​ប្រព្រឹត្ត​អំពើ​បាប ហើយ​នាំ​ប្រជា‌ជន​អ៊ីស្រ‌អែល​ឲ្យ​ប្រព្រឹត្ត​អំពើ​បាប​ដែរ។

27 លោក​បាសា​ជា​កូន​របស់​លោក​អហ៊ីយ៉ា ក្នុង​កុល‌សម្ព័ន្ធ​អ៊ីសា‌ខារ បាន​ក្បត់​ស្តេច​ណាដាប់ ហើយ​សម្លាប់​ស្តេច​នៅ​គីប‌ថោន ជា​ក្រុង​របស់​ពួក​ភីលី‌ស្ទីន ក្នុង​គ្រា​ដែល​ស្តេច និង​កង‌ទ័ព​អ៊ីស្រ‌អែល​ទាំង​មូល​កំពុង​ឡោម‌ព័ទ្ធ​ក្រុង​នោះ។

28 លោក​បាសា​សម្លាប់​ស្តេច នៅ​ឆ្នាំ​ទី​បី​នៃ​រជ្ជកាល​ស្តេច​អេសា ជា​ស្តេច​ស្រុក​យូដា ហើយ​ឡើង​សោយ​រាជ្យ​ជំនួស។

29 ពេល​ឡើង​គ្រង​រាជ្យ​ហើយ ស្តេច​បាសា​ប្រហារ​ជីវិត​រាជ‌វង្ស​របស់​ស្តេច​យេរ៉ូ‌បោម​ទាំង​អស់ គ្មាន​ទុក​ឲ្យ​សល់​អ្នក​ណា​ម្នាក់​ឡើយ គឺ​បំផ្លាញ​ឲ្យ​ផុត​ពូជ ស្រប​តាម​បន្ទូល​ដែលអុលឡោះ‌តាអាឡា​ថ្លែង​តាម​រយៈ​ណាពី​អហ៊ីយ៉ា នៅ​ស៊ីឡូ។

30 ហេតុ‌ការណ៍​នេះ​កើត​មាន ព្រោះ​តែ​អំពើ​បាប​ដែល​ស្តេច​យេរ៉ូ‌បោម​ប្រព្រឹត្ត ហើយ​នាំ​ប្រជា‌ជន​អ៊ីស្រ‌អែល​ឲ្យ​ប្រព្រឹត្ត​អំពើ​បាប​ដែរ ជា​ហេតុ​បណ្តាល​ឲ្យអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល​ខឹង។

31 កិច្ច​ការ​ផ្សេងៗ​របស់​ស្តេច​ណាដាប់ និង​អ្វីៗ​ទាំង​អស់​ដែល​គាត់​បាន​ធ្វើ សុទ្ធ​តែ​មាន​កត់‌ត្រា​ទុក ក្នុង​សៀវភៅ​ប្រវត្តិ‌សាស្ត្រ​របស់​ស្តេច​ស្រុក​អ៊ីស្រ‌អែល។

32 ស្តេច​អេសា និង​ស្តេច​បាសា ជា​ស្តេច​ស្រុក​អ៊ីស្រ‌អែល តែងតែ​ធ្វើ​សង្គ្រាម​ជា​មួយ​គ្នា ទៅ​វិញ​ទៅ​មក អស់​មួយ​រជ្ជកាល​ស្តេច​ទាំង​ពីរ។


ស្តេច​បាសា​សោយ​រាជ្យ​នៅ​ស្រុក​អ៊ីស្រ‌អែល

33 នៅ​ឆ្នាំ​ទី​បី​នៃ​រជ្ជកាល​ស្តេច​អេសា ជា​ស្តេច​ស្រុក​យូដា ស្តេច​បាសា​ជា​កូន​របស់​លោក​អហ៊ីយ៉ា បាន​ឡើង​សោយ​រាជ្យ​លើ​ស្រុក​អ៊ីស្រ‌អែល​ទាំង​មូល នៅ​ក្រុង​ធើសា អស់​រយៈ​ពេល​ម្ភៃ​បួន​ឆ្នាំ។

34 ស្តេច​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់ មិន​គាប់​បំណងអុលឡោះ‌តាអាឡា និង​ដើរ​តាម​ផ្លូវ​របស់​ស្តេច​យេរ៉ូ‌បោម គឺ​គាត់​ប្រព្រឹត្ត​អំពើ​បាប ហើយ​នាំ​ប្រជា‌ជន​អ៊ីស្រ‌អែល​ឲ្យ​ប្រព្រឹត្ត​អំពើ​បាប​ដែរ។

© 2014 United Bible Societies, UK.

United Bible Societies
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម