Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

១ ពង្សាវ‌តារ‌ក្សត្រ 14 - អាល់គីតាប


ណាពី​អហ៊ីយ៉ា​ថ្លែង​ប្រាប់​ពី​ការ​ស្លាប់​នៃ​បុត្រា​របស់​ស្តេច​យេរ៉ូ‌បោម

1 គ្រា​នោះ​សម្តេច​អប៊ី‌យា ជា​បុត្រ​របស់​ស្តេច​យេរ៉ូ‌បោម​ឈឺ។

2 ស្តេច​យេរ៉ូ‌បោម​ប្រាប់​ភរិយា​ថា៖ «ចូរ​ក្រោក​ឡើង​ក្លែង​ខ្លួន ដើម្បី​កុំ​ឲ្យ​គេ​ស្គាល់​ថា នាង​ជា​ភរិយា​យើង រួច​ធ្វើ​ដំណើរ​ទៅ​កាន់​ស៊ីឡូ។ នៅ​ទី​នោះ មាន​ណាពី​ម្នាក់ ឈ្មោះ​អហ៊ីយ៉ា គឺ​គាត់​ហើយ​ដែល​ប្រាប់​យើង​ថា យើង​នឹង​សោយ​រាជ្យ​លើ​ប្រជា‌ជន​នេះ។

3 ចូរ​យក​នំបុ័ង​ដប់​ដុំ និង​នំ​ខ្លះ ព្រម​ទាំង​ទឹក​ឃ្មុំ​មួយ​ដប​ទៅ​ជា​មួយ​ផង។ ត្រូវ​ទៅ​ជួប​គាត់ គាត់​មុខ​ជា​ប្រាប់​ឲ្យ​នាង​ដឹង​ថា កូន​យើង​នឹង​ទៅ​ជា​យ៉ាង​ណា»។

4 ភរិយា​របស់​ស្តេច​យេរ៉ូ‌បោម​ក៏​ធ្វើ​តាម។ នាង​ក្រោក​ឡើង ចេញ​ដំណើរ​ទៅ​ស៊ីឡូ ហើយ​ទៅ​ដល់​ផ្ទះ​របស់​លោក​អហ៊ីយ៉ា។ លោក​អហ៊ីយ៉ា​មើល​អ្វី​លែង​ឃើញ​ទៀត​ហើយ ព្រោះ​ភ្នែក​គាត់​ងងឹត​ដោយ​គាត់​ចាស់​ជរា។

5 មុន​ពេល​នាង​មក​ដល់ អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​កាន់​លោក​អហ៊ីយ៉ា​ថា៖ «ភរិយា​របស់​យេរ៉ូ‌បោម​នឹង​មក​សួរ​អ្នក អំពី​កូន​ដែល​កំពុង​ឈឺ។ កាល​នាង​ចូល​មក​ជួប​អ្នក នាង​នឹង​ក្លែង​ខ្លួន​ធ្វើ​ជា​ស្ត្រី​ម្នាក់​ផ្សេង​ទៀត។ ត្រូវ​និយាយ​ជា​មួយ​នាង​តាម​ពាក្យ​ដែល​យើង​នឹង​ប្រាប់​អ្នក»។

6 កាល​លោក​អហ៊ីយ៉ា​ឮ​ស្នូរ​សំរិប​ជើង​របស់​នាង​មក​ដល់​មាត់​ទ្វារ គាត់​ពោល​ថា៖ «សូម​ចូល​មក! ភរិយា​របស់​ស្តេច​យេរ៉ូ‌បោម ហេតុ​អ្វី​បាន​ជា​នាង​ក្លែង​ខ្លួន​ជា​ស្ត្រី​ផ្សេង​ដូច្នេះ? អុលឡោះ​ចាត់​ខ្ញុំ ឲ្យ​នាំ​ដំណឹង​ដ៏​អាក្រក់ មក​ជម្រាប​នាង។

7 សូម​ទៅ​ជម្រាប​ស្តេច​យេរ៉ូ‌បោម​ដូច​ត​ទៅ: អុលឡោះ‌តាអាឡា​ជា​ម្ចាស់​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល មាន​បន្ទូល​ថា “យើង​បាន​លើក​តម្កើង​អ្នក​នៅ​ចំពោះ​មុខ​ប្រជា‌ជន និង​តែង‌តាំង​អ្នក​ឲ្យ​ធ្វើ​ជា​មេ​ដឹក​នាំ​លើ​អ៊ីស្រ‌អែល ជា​ប្រជា‌រាស្ត្រ​របស់​យើង។

8 យើង​បាន​ដក​ហូត​រាជ្យ‌សម្បត្តិ​ពី​ពូជ‌ពង្ស​ទត ហើយ​ប្រគល់​ឲ្យ​អ្នក។ ក៏​ប៉ុន្តែ អ្នក​មិន​បាន​កាន់​តាម​បទ​បញ្ជា​របស់​យើង និង​គោរព​បម្រើ​យើង​ដោយ​ចិត្ត​ស្មោះ​ឡើយ ហើយ​អ្នក​ក៏​មិន​បាន​ប្រព្រឹត្ត​អំពើ​សុចរិត ដែល​គាប់​ចិត្ត​យើង ដូច​ទត​ជា​អ្នក​បម្រើ​របស់​យើង​ដែរ។

9 អ្នក​បាន​ប្រព្រឹត្ត​អាក្រក់​ជាង​អ្នក​មុនៗ​ទៅ​ទៀត គឺ​អ្នក​បាន​ធ្វើ​រូប​ព្រះ​ផ្សេងៗ ព្រម​ទាំង​សិត​ធ្វើ​រូប​បដិមា ដើម្បី​បញ្ឆេះ​កំហឹង​របស់​យើង ហើយ​អ្នក​បាន​បែរ​ខ្នង​ដាក់​យើង​ថែម​ទៀត។

10 ហេតុ​នេះ​យើង​នឹង​ធ្វើ​ឲ្យ​ទុក្ខ​វេទនា​កើត​មាន ចំពោះ​ពូជ‌ពង្ស​របស់​យេរ៉ូ‌បោម។ យើង​នឹង​ប្រហារ​កូន​ប្រុសៗ ក្នុង​ក្រុម​គ្រួសារ​របស់​យេរ៉ូ‌បោម ទាំង​អ្នក​ងារ ទាំង​អ្នក​ជា ឲ្យ​អស់​ពី​ស្រុក​អ៊ីស្រ‌អែល។ យើង​នឹង​បោស​ពូជ‌ពង្ស​របស់​យេរ៉ូ‌បោម ដូច​គេ​បោស​សំរាម​ទាល់​តែ​អស់​ដែរ។

11 ក្នុង​ក្រុម​គ្រួសារ​យេរ៉ូ‌បោម អ្នក​ដែល​ស្លាប់​នៅ​ក្នុង​ទី‌ក្រុង នឹង​ត្រូវ​ឆ្កែ​ហែក​ស៊ី ហើយ​អ្នក​ដែល​ស្លាប់​នៅ​តាម​វាល នឹង​ត្រូវ​ត្មាត​ចឹក​ស៊ី”។ នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា។

12 រីឯ​នាង​វិញ សូម​ក្រោក​ឡើង វិល​ត្រឡប់​ទៅ​ដំណាក់​ចុះ! ពេល​នាង​ចូល​ដល់​ទី‌ក្រុង កូន​នោះ​នឹង​ស្លាប់។

13 ប្រជា‌ជន​អ៊ីស្រ‌អែល​ទាំង​មូល​នាំ​គ្នា​កាន់​ទុក្ខ ហើយ​បញ្ចុះ​សព​កូន​នោះ។ ក្នុង​រាជ​វង្ស​របស់​ស្តេច​យេរ៉ូ‌បោម មាន​តែ​កូន​នេះ​ម្នាក់​ប៉ុណ្ណោះ ដែល​គេ​បញ្ចុះ​សព​ក្នុង​ផ្នូរ ដ្បិត​ក្នុង​រាជ​វង្ស​ស្តេច​យេរ៉ូ‌បោម មាន​តែ​កូន​នេះ​ទេ ដែល​បាន​ប្រព្រឹត្ត​អំពើ​ល្អ​ខ្លះៗ ជា​ទី​គាប់​ចិត្តអុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​ប្រជា‌ជន​អ៊ីស្រ‌អែល។

14 នៅ​ថ្ងៃ​នោះ អុលឡោះ‌តាអាឡា​នឹង​ជ្រើស​តាំង​ស្តេច​មួយ​ទៀត ឲ្យ​សោយ​រាជ្យ​លើ​ប្រជា‌ជន​អ៊ីស្រ‌អែល ស្តេច​ថ្មី​នោះ​នឹង​ប្រហារ​ពូជ‌ពង្ស​របស់​ស្តេច​យេរ៉ូ‌បោម​ឲ្យ​វិនាស​សូន្យ។ ហេតុ‌ការណ៍​នេះ​កំពុង​តែ​កើត​មាន!

15 អុលឡោះ‌តាអាឡា​នឹង​វាយ​ជន‌ជាតិ​អ៊ីស្រ‌អែល ពេល​នោះ ពួក​គេ​ប្រៀប​ដូច​ជា​ដើម​ត្រែង​ដែល​ញ័រ​នៅ​ក្នុង​ទឹក។ អុលឡោះ‌តាអាឡា​នឹង​ដក​ជន‌ជាតិ​អ៊ីស្រ‌អែល​ចេញ​ពី​ទឹក​ដី​ដ៏​ល្អ ដែល​ទ្រង់​ប្រទាន​ដល់​បុព្វ‌បុរស​របស់​ពួក​គេ ទ្រង់​នឹង​កំចាត់‌កំចាយ​ពួក​គេ ឲ្យ​ទៅ​នៅ​ខាង​នាយ​ទន្លេ​អឺ‌ប្រាត ព្រោះ​ពួក​គេ​ធ្វើ​បង្គោល​ព្រះ​អា‌សេ‌រ៉ា ដែល​បណ្តាល​ឲ្យអុលឡោះ‌តាអាឡា​ខឹង។

16 ទ្រង់​បោះ​បង់​ចោល​អ៊ីស្រ‌អែល ព្រោះ​តែ​ស្តេច​យេរ៉ូ‌បោម​ប្រព្រឹត្ត​អំពើ​បាប និង​នាំ​ប្រជា‌ជន​អ៊ីស្រ‌អែល​ឲ្យ​ប្រព្រឹត្ត​អំពើ​បាប​ដែរ»។

17 ភរិយា​របស់​ស្តេច​យេរ៉ូ‌បោម​ក្រោក​ឡើង ហើយ​ចេញ​ទៅ។ ពេល​នាង​ទៅ​ដល់​ក្រុង​ធើសា ហើយ​ឈាន​ជើង​ជាន់​មាត់​ទ្វារ​ដំណាក់ កូន​នោះ​ក៏​ស្លាប់។

18 គេ​បាន​បញ្ចុះ​សព​កូន​នោះ ហើយ​ប្រជា‌ជន​អ៊ីស្រ‌អែល​ទាំង​មូល​នាំ​គ្នា​កាន់​ទុក្ខ ស្រប​តាម​បន្ទូល​ដែលអុលឡោះ‌តាអាឡា​បាន​ថ្លែង​តាម​រយៈ​ណាពី​អហ៊ីយ៉ា ជា​អ្នក​បម្រើ​របស់​ទ្រង់។

19 រីឯ​កិច្ច​ការ​ផ្សេងៗ​ទៀត​របស់​ស្តេច​យេរ៉ូ‌បោម ដូច​ជា​ការ​ធ្វើ​សង្គ្រាម ការ​គ្រង​រាជ្យ សុទ្ធ​តែ​មាន​កត់‌ត្រា​ទុក​ក្នុង​សៀវភៅ​ប្រវត្តិ‌សាស្ត្រ​របស់​ស្តេច​ស្រុក​អ៊ីស្រ‌អែល។

20 ស្តេច​យេរ៉ូ‌បោម​គ្រង​រាជ្យ​នៅ​ស្រុក​អ៊ីស្រ‌អែល អស់​រយៈ​ពេល​ម្ភៃ​ពីរ​ឆ្នាំ។ កាល​ស្តេច​ស្លាប់​ផុត​ទៅ ស្តេច​ណា‌ដាប់​ជា​កូន បាន​ឡើង​ស្នង​រាជ្យ។


ស្តេច​រេហូ‌បោម​សោយ​រាជ្យ​នៅ​ស្រុក​យូដា

21 ស្តេច​រេហូ‌បោម ជា​បុត្រ​របស់​ស្តេច​ស៊ូឡៃ‌ម៉ាន​ឡើង​សោយ​រាជ្យ​លើ​ស្រុក​យូដា ក្នុង​អាយុ​សែ‌សិប​មួយ​ឆ្នាំ។ ស្តេច​សោយ​រាជ្យ​បាន​ដប់​ប្រាំ​ពីរ​ឆ្នាំ នៅ​ក្រុង​យេរូ‌សាឡឹម ជា​ក្រុង​ដែលអុលឡោះ‌តាអាឡា​បាន​ជ្រើស​រើស​ពី​ក្នុង​ចំណោម​ទឹក​ដី​នៃ​កុល‌សម្ព័ន្ធ​អ៊ីស្រ‌អែល​ទាំង​អស់ សម្រាប់​នាម​របស់​ទ្រង់។ មាតា​របស់​ស្តេច​មាន​នាម​ថា ណា‌អា‌ម៉ា ជា​ជន‌ជាតិ​អាំម៉ូន។

22 ប្រជា‌ជន​យូដា​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់ ទាស់​នឹង​បំណងអុលឡោះ‌តាអាឡា។ ពួក​គេ​បាន​ធ្វើ​ឲ្យ​ទ្រង់​ខឹង ដោយ‌សារ​តែ​អំពើ​បាប​ដែល​ពួក​គេ​ប្រព្រឹត្ត លើស​ពី​ដូន‌តា​របស់​ពួក​គេ​ទៅ​ទៀត។

23 ពួក​គេ​នាំ​គ្នា​សង់​កន្លែង​សក្ការៈ នៅ​តាម​ទួល​ខ្ពស់ៗ ព្រម​ទាំង​សង់​ស្តូប និង​បង្គោល​ព្រះ​អា‌សេ‌រ៉ា​នៅ​តាម​កំពូល​ភ្នំ និង​នៅ​ក្រោម​ដើម​ឈើ​ដែល​មាន​ស្លឹក​ខៀវ​ខ្ចី។

24 នៅ​ក្នុង​ស្រុក​មាន​ប្រុសៗ​ប្រព្រឹត្ត​អំពើ​ពេស្យា‌ចារ គឺ​ពួក​គេ​ធ្វើ​តាម​អំពើ​គួរ​ស្អប់​ខ្ពើម​របស់​ប្រជា‌ជាតិ​នានា ដែលអុលឡោះ‌តាអាឡា​បាន​បណ្តេញ​ចេញ​ពី​មុខ​កូន​ចៅ​អ៊ីស្រ‌អែល។

25 នៅ​ឆ្នាំ​ទី​ប្រាំ នៃ​រជ្ជកាល​ស្តេច​រេហូ‌បោម ស្តេច​ស៊ី‌សាក់ ជា​ស្តេច​ស្រុក​អេស៊ីប បាន​ឡើង​មក​វាយ​ក្រុង​យេរូ‌សាឡឹម។

26 ស្តេច​ស្រុក​អេស៊ីប​រឹប​អូស​យក​ទ្រព្យ​សម្បត្តិ ក្នុង​ដំណាក់​របស់អុលឡោះ‌តាអាឡា និង​រាជ‌ទ្រព្យ​នៅ​ក្នុង​វាំង។ ស្តេច​បាន​រឹប​អូស​យក​ទ្រព្យ​សម្បត្តិ​ទាំង​មូល និង​ខែល​មាស​ទាំង​អស់​ដែល​ស្តេច​ស៊ូឡៃ‌ម៉ាន​បាន​ធ្វើ។

27 ស្តេច​រេហូ‌បោម​បាន​ឲ្យ​គេ​ធ្វើ​ខែល ពី​លង្ហិន​ជំនួស​វិញ ហើយ​ប្រគល់​ឲ្យ​មេ​ក្រុម​របស់​កង​ទាហាន​ដែល​យាម​ខ្លោង​ទ្វារ​វាំង​មើល​ថែ​រក្សា។

28 គ្រប់​ពេល​ដែល​ស្តេច​ចូល​ដំណាក់​របស់អុលឡោះ‌តាអាឡា ពួក​ទាហាន​នាំ​គ្នា​កាន់​ខែល​ទាំង​នោះ រួច​ពួក​គេ​ប្រមូល​យក​ទៅ​ទុក ក្នុង​បន្ទប់​របស់​មេ​ក្រុម​វិញ។

29 កិច្ច​ការ​ផ្សេងៗ​ទៀត​របស់​ស្តេច​រេហូ‌បោម និង​អ្វីៗ​ទាំង​អស់​ដែល​គាត់​បាន​ធ្វើ សុទ្ធ​តែ​មាន​កត់‌ត្រា​ទុក​ក្នុង​សៀវភៅ​ប្រវត្តិ‌សាស្ត្រ​របស់​ស្តេច​ស្រុក​យូដា។

30 ស្តេច​រេហូ‌បោម និង​ស្តេច​យេរ៉ូ‌បោម តែងតែ​ធ្វើ​សង្គ្រាម​ជា​មួយ​គ្នា​ទៅ​វិញ​ទៅ​មក​ជា‌និច្ច។

31 កាល​ស្តេច​រេហូ‌បោម​ស្លាប់ គេ​បាន​យក​សព​ទៅ​បញ្ចុះ​ក្នុង​ផ្នូរ​របស់​រាជ‌វង្ស នៅ​បុរី​ស្តេច​ទត។ មាតា​របស់​ស្តេច​មាន​នាម​ថា ណា‌អា‌ម៉ា ជា​ជន‌ជាតិ​អាំម៉ូន។ ស្តេច​អប៊ី‌យ៉ា​ជា​កូន បាន​ឡើង​ស្នង​រាជ្យ។

© 2014 United Bible Societies, UK.

United Bible Societies
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម