អេសាយ 29:14 - អាល់គីតាប ហេតុនេះហើយបានជាយើងធ្វើឲ្យ ប្រជារាស្ត្រនេះរឹតតែងឿងឆ្ងល់តទៅទៀត ដោយប្រើការអស្ចារ្យ និងអំណាចផ្សេងៗ យើងនឹងរំលាយប្រាជ្ញារបស់ពួកអ្នកប្រាជ្ញ ហើយធ្វើឲ្យតម្រិះរបស់ពួកអ្នកចេះដឹង រលាយសាបសូនទៅដែរ។ ព្រះគម្ពីរខ្មែរសាកល ដោយហេតុនេះ មើល៍! យើងនឹងធ្វើឲ្យប្រជាជននេះស្ញែងម្ដងទៀត ដោយការអស្ចារ្យដ៏ចម្លែក នោះប្រាជ្ញារបស់មនុស្សមានប្រាជ្ញាក្នុងចំណោមពួកគេ នឹងត្រូវបានបំផ្លាញ ហើយការយល់ដឹងរបស់មនុស្សមានការយល់ច្បាស់ នឹងត្រូវបានបំបាំង”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហេតុនោះ យើងនឹងធ្វើការមួយយ៉ាងអស្ចារ្យ នៅកណ្ដាលសាសន៍នេះទៀត ជាការអស្ចារ្យ ហើយចំឡែក នោះប្រាជ្ញានៃពួកអ្នកប្រាជ្ញរបស់គេនឹងត្រូវសាបសូន្យទៅ ហើយយោបល់នៃពួកវាងវៃរបស់នឹងត្រូវបិទបាំងដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ហេតុនេះហើយបានជាយើងធ្វើឲ្យ ប្រជារាស្ត្រនេះរឹតតែងឿងឆ្ងល់តទៅទៀត ដោយប្រើការអស្ចារ្យ និងឫទ្ធិបាដិហារិយ៍ផ្សេងៗ យើងនឹងរំលាយប្រាជ្ញារបស់ពួកអ្នកប្រាជ្ញ ហើយធ្វើឲ្យតម្រិះរបស់ពួកអ្នកចេះដឹង ប្រែជាឥតបានការទៅវិញ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហេតុនោះ មើល អញនឹងធ្វើការ១យ៉ាងអស្ចារ្យ នៅកណ្តាលសាសន៍នេះទៀត ជាការអស្ចារ្យ ហើយចំឡែក នោះប្រាជ្ញានៃពួកអ្នកប្រាជ្ញរបស់គេនឹងត្រូវសាបសូន្យទៅ ហើយយោបល់នៃពួកវាងវៃរបស់គេនឹងត្រូវបិទបាំងដែរ។ |
ទ្រង់យកកលល្បិចរបស់ពួកអ្នកប្រាជ្ញមកផ្ចាញ់ពួកគេផ្ទាល់ ហើយធ្វើឲ្យយោបល់ដ៏ប៉ិនប្រសប់ របស់ពួកគេ ប្រែជាឥតបានការ។
ពេលអុលឡោះតាអាឡាបញ្ចប់កិច្ចការទាំងប៉ុន្មានរបស់ទ្រង់នៅលើភ្នំស៊ីយ៉ូន និងនៅក្រុងយេរូសាឡឹមរួចហើយទ្រង់នឹងដាក់ទោសស្ដេចអាស្ស៊ីរី ដែលមានចិត្តអួតអាង និងវាយប្ញកខ្ពស់
យើងនឹងធ្វើឲ្យជនជាតិអេស៊ីបវង្វេងស្មារតី ហើយធ្វើឲ្យនយោបាយរបស់គេត្រូវរលាយ ពួកគេនឹងទៅបន់ព្រះក្លែងក្លាយ ទៅរកគ្រូអន្ទងខ្មោចបញ្ជាន់អារក្ស និងរកគ្រូទាយឲ្យជួយ។
អុលឡោះតាអាឡានឹងមក ដូចកាលទ្រង់មកនៅភ្នំពេរ៉ាស៊ីម និងវាលទំនាបគីបៀនដែរ ទ្រង់ក្រោកឡើងសំដែងអំណាច ដែលជាអំណាចដ៏ចម្លែក ទ្រង់បំពេញកិច្ចការរបស់ទ្រង់ ដែលជាកិច្ចការខុសប្លែកពីធម្មតា។
យើងធ្វើឲ្យទំនាយរបស់ណាពីក្លែងក្លាយ ទៅជាឥតបានការ យើងធ្វើឲ្យពួកគ្រូទាយវង្វេងវង្វាន់ យើងនឹងរំលាយគម្រោងការរបស់ពួកអ្នកប្រាជ្ញ ដោយធ្វើឲ្យចំណេះរបស់គេក្លាយទៅជាការលេលាទៅវិញ។
អុលឡោះតាអាឡាជាម្ចាស់អើយ! ហេតុអ្វីបានជាទ្រង់ បណ្ដោយឲ្យយើងខ្ញុំវង្វេងឆ្ងាយពីមាគ៌ា របស់ទ្រង់ដូច្នេះ? ហេតុអ្វីបានជាទ្រង់បណ្ដោយឲ្យយើងខ្ញុំ មានចិត្តរឹងរូសមិនព្រមគោរពកោតខ្លាច ទ្រង់ដូច្នេះ? សូមមកវិញ សូមរកយុត្តិធម៌ឲ្យយើងខ្ញុំជាអ្នកបម្រើ និងជាកុលសម្ព័ន្ធផ្ទាល់របស់ទ្រង់ផង។
អុលឡោះតាអាឡាមានបន្ទូលថា: យើងកត់ត្រាទុកនូវកំហុសរបស់អ្នករាល់គ្នា និងកំហុសដូនតារបស់អ្នករាល់គ្នា ដែលបានអុជធូបបន់ព្រះក្លែងក្លាយ នៅតាមភ្នំទាំងឡាយ ហើយបានបំបាក់មុខយើងនៅតាមភ្នំនានា។ យើងនឹងដាក់ទោសយ៉ាងធ្ងន់ ចំពោះកំហុសទាំងប៉ុន្មានដែល អ្នករាល់គ្នាបានប្រព្រឹត្តកាលពីអតីតកាល។
នៅទីនោះ យើងនឹងរំលាយនយោបាយរបស់អ្នកស្រុកយូដា និងអ្នកក្រុងយេរូសាឡឹម។ យើងនឹងធ្វើឲ្យពួកគេស្លាប់ដោយមុខដាវរបស់ខ្មាំងសត្រូវ ហើយធ្លាក់ក្នុងកណ្ដាប់ដៃរបស់អស់អ្នកដែលចង់ប្រហារជីវិតពួកគេ។ យើងនឹងប្រគល់សាកសពរបស់ពួកគេទៅឲ្យត្មាត និងចចកធ្វើជាចំណី។
នេះជាបន្ទូលស្ដីអំពីស្រុកអេដុម។ អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូលមានបន្ទូលថា៖ «តើនៅក្រុងថេម៉ានលែងមានប្រាជ្ញាហើយឬ? តើប្រជាជននៅក្រុងនេះបាត់បង់ គំនិតយោបល់អស់ហើយឬ? តើពួកគេអាប់ប្រាជ្ញាឬ?
ពិតមែនហើយ នៅថ្ងៃនោះ យើងនឹងបំបាត់ អ្នកប្រាជ្ញឲ្យអស់ពីស្រុកអេដុម ហើយបំបាត់អ្នកឈ្លាសវៃឲ្យអស់ពីភ្នំអេសាវ - នេះជាបន្ទូលរបស់អុលឡោះតាអាឡា។
«ចូរក្រឡេកមើលប្រជាជាតិនានា ហើយនាំគ្នាងឿងឆ្ងល់ ស្រឡាំងកាំងទៅ! ដ្បិតយើងនឹងធ្វើកិច្ចការមួយនៅជំនាន់ របស់អ្នករាល់គ្នា ជាកិច្ចការដែលអ្នករាល់គ្នាមិនជឿ ទោះបីជាគេរៀបរាប់ប្រាប់អ្នករាល់គ្នា ក៏ដោយ។
ខ្ញុំសុំបញ្ជាក់ប្រាប់អ្នករាល់គ្នាថា មានណាពី និងស្ដេចជាច្រើន ចង់ឃើញហេតុការណ៍ដែលអ្នករាល់គ្នាឃើញនេះដែរ តែមិនបានឃើញ ហើយគេចង់ឮសេចក្ដីដែលអ្នករាល់គ្នាបានឮនេះដែរ តែមិនបានឮសោះ»។
ដោយពួកគេយល់ថា មិនបាច់ស្គាល់អុលឡោះយ៉ាងច្បាស់ ទ្រង់ក៏បណ្ដោយគេទៅតាមគំនិតឥតពិចារណារបស់ខ្លួន គឺឲ្យគេប្រព្រឹត្ដអំពើដែលមិនត្រូវប្រព្រឹត្ដ។
អុលឡោះចាត់ទុកប្រាជ្ញារបស់លោកីយ៍នេះថា លេលា ដូចមានចែងទុកមកថា «ទ្រង់យកកលល្បិចរបស់ពួកអ្នកប្រាជ្ញមកផ្ចាញ់ពួកគេផ្ទាល់»។