Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

អេសាយ 29 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥


ព្រះ‌បន្ទូល​ស្ដី​អំពី​ក្រុង​យេរូ‌សាឡឹម

1 ក្រុង​អើរាល ក្រុង​អើរាល ជា​បុរី​ដែល​ស្ដេច​ដាវីឌ​បោះ​ទ័ព មុខ​ជា​ត្រូវ​វេទនា​ពុំ‌ខាន! ទោះ​បី​អ្នក​ខំ​ធ្វើ​ពិធី​បុណ្យ​រៀង​រាល់​ឆ្នាំ​ក្ដី

2 ក៏​យើង​នឹង​កម្ទេច​ក្រុង​នេះ​ចោល​ដែរ។ ពេល​នោះ​នឹង​មាន​សំឡេង​យំ​សោក សម្រែក​ថ្ងូរ ហើយ​ទីក្រុង​ទាំង​មូល​នឹង​ប្រៀប​ដូច​ជា អាសនៈ​ធ្វើ​យញ្ញ‌បូជា ។

3 យេរូ‌សាឡឹម​អើយ យើង​នឹង​បោះ​ទ័ព​ជុំ‌វិញ​អ្នក យើង​នឹង​ឲ្យ​កង‌ទ័ព​ឡោម‌ព័ទ្ធ​អ្នក យើង​នឹង​ដំឡើង​គ្រឿង​សឹក​វាយ​សម្រុក​អ្នក។

4 ពេល​នោះ អ្នក​នឹង​ធ្លាក់​ខ្លួន​យ៉ាង​ទាប​បំផុត ពាក្យ​សម្ដី​របស់​អ្នក​លេច​ឮ​ពី​ក្នុង​ដី ពាក្យ‌ពេចន៍​របស់​អ្នក​លេច​ចេញ​ពី​ធូលី​ដី សំឡេង​របស់​អ្នក​ឮ​ពី​ក្នុង​ដី​មក​ដូច​សំឡេង​ខ្មោច ហើយ​ពាក្យ​ដែល​អ្នក​និយាយ​ខ្សឹបៗ ក៏​លេច​ឮ​ពី​ធូលី​ដី​មក​ដែរ។

5 ខ្មាំង​សត្រូវ​របស់​អ្នក​នឹង​មាន​ចំនួន ច្រើន​ឥត​គណនា​ដូច​ធូលី​ដី សត្រូវ​ដ៏​កាច​សាហាវ​នេះ​នឹង​ប្រៀប​ដូច​ជា កម្ទេច​ចំបើង​ដែល​ហុយ​ឡើង។

6 រំពេច​នោះ ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល យាង​មក​ជួយ​អ្នក ដោយ​ប្រើ​ផ្គរ‌លាន់ ព្រះអង្គ​ធ្វើ​ឲ្យ​ផែនដី​រញ្ជួយ ឲ្យ​មាន​រន្ទះ​បាញ់ មាន​ខ្យល់​ព្យុះ​សង្ឃរា​បក់​បោក​យ៉ាង​ខ្លាំង ព្រម​ទាំង​មាន​ភ្លើង​ឆេះ​ដ៏​សន្ធោ‌សន្ធៅ​ផង។

7 កង‌ទ័ព​ដ៏​ច្រើន​ឥត​គណនា របស់​ប្រជា‌ជាតិ​ទាំង‌ឡាយ​ដែល​លើក​គ្នា​មក ច្បាំង ឡោម‌ព័ទ្ធ និង​ចង់​កម្ទេច យេរូ‌សាឡឹម​ដែល​ជា​អាសនៈ​របស់​ព្រះ‌ជាម្ចាស់ មុខ​ជា​ត្រូវ​បាត់​សូន្យ​ទៅ​វិញ ដូច​គេ​យល់​សប្ដិ និង​ដូច​សុបិន​និមិត្ត​នៅ​ពេល​យប់​ដែរ។

8 ពេល​នោះ កង‌ទ័ព​ប្រជា‌ជាតិ​ទាំង​ប៉ុន្មាន ដែល​លើក​គ្នា​មក​វាយ​លុក​ភ្នំ​ស៊ីយ៉ូន នឹង​ប្រៀប​ដូច​ជា​អ្នក​ដែល​គ្មាន​អាហារ​បរិភោគ ហើយ​យល់​សប្ដិ​ឃើញ​ថា​ខ្លួន​កំពុង​តែ​បរិភោគ តែ​គេ​ភ្ញាក់​ឡើង​ក្រពះ​នៅ​ទទេ។ អ្នក​ដែល​ស្រេក​ទឹក យល់​សប្ដិ​ឃើញ​ថា​ខ្លួន កំពុង​ផឹក​ទឹក តែ​គេ​ភ្ញាក់​ឡើង​អស់​កម្លាំង ស្ងួត​បំពង់​ក។

9 ចូរ​ស្រឡាំង‌កាំង ហើយ​ភ្ញាក់​ផ្អើល​ទៅ ចូរ​បិទ​ភ្នែក ធ្វើ​ជា​មនុស្ស​ខ្វាក់​ទៅ! ចូរ​ស្រវឹង តែ​មិន​មែន​ស្រវឹង​ស្រា​ទេ ចូរ​ដើរ​ទ្រេត‌ទ្រោត តែ​មិន​មែន​ដោយ‌សារ អំណាច​របស់​គ្រឿង​ស្រវឹង​ណា​ដែរ

10 ដ្បិត​ព្រះ‌អម្ចាស់​បាន​ធ្វើ​ឲ្យ វិញ្ញាណ​របស់​អ្នក​រាល់​គ្នា​ស្ពឹក​ស្រពន់ ព្រះអង្គ​បិទ​ភ្នែក​អ្នក​រាល់​គ្នា ដែល​ជា​ព្យាការី ព្រះអង្គ​បាំង​មុខ​អ្នក​រាល់​គ្នា​ដែល​ជា​គ្រូ​ទាយ។

11 ចំពោះ​អ្នក​រាល់​គ្នា អត្ថ‌ន័យ​នៃ​និមិត្ត​ហេតុ​ដ៏​អស្ចារ្យ​ទាំង​នេះ ប្រៀប​បាន​នឹង​សេចក្ដី​ដែល​មាន​ចែង​ទុក ក្នុង​សៀវភៅ​មួយ​បិទ​ត្រា​ជិត ហើយ​គេ​យក​ទៅ​ឲ្យ​មនុស្ស​ម្នាក់​ដែល ចេះ​អក្សរ ទាំង​ពោល​ថា «ចូរ​អាន​ទៅ!» តែ​អ្នក​នោះ​តប​មក​វិញ​ថា «ខ្ញុំ​អាន​ពុំ​កើត​ទេ ព្រោះ​សៀវភៅ​នេះ​មាន​បិទ​ត្រា!»។

12 គេ​ក៏​យក​សៀវភៅ​នោះ​ទៅ​ឲ្យ​មនុស្ស​ម្នាក់ ទៀត​ដែល​មិន​ចេះ​អក្សរ ទាំង​ពោល​ថា «ចូរ​អាន​ទៅ!» តែ​អ្នក​នោះ​តប​មក​វិញ​ថា «ខ្ញុំ​មិន​ចេះ​អក្សរ​ទេ!»។

13 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា: ប្រជា‌រាស្ត្រ​នេះ​ចូល​មក​ជិត​យើង ហើយ​លើក​តម្កើង​យើង​ត្រឹម​តែ​ពាក្យ​សម្ដី និង​បបូរ​មាត់​ប៉ុណ្ណោះ តែ​ចិត្ត​របស់​គេ​នៅ​ឆ្ងាយ​ពី​យើង​ណាស់ រីឯ​ការ​ដែល​ពួក​គេ​គោរព​កោត​ខ្លាច​យើង គ្រាន់​តែ​ជា​ទំនៀម‌ទម្លាប់ ដែល​គេ​រៀន​ពី​មនុស្ស​ប៉ុណ្ណោះ។

14 ហេតុ​នេះ​ហើយ​បាន​ជា​យើង​ធ្វើ​ឲ្យ ប្រជា‌រាស្ត្រ​នេះ​រឹត​តែ​ងឿង‌ឆ្ងល់​ត​ទៅ​ទៀត ដោយ​ប្រើ​ការ​អស្ចារ្យ និង​ឫទ្ធិ‌បាដិហារិយ៍​ផ្សេងៗ យើង​នឹង​រំលាយ​ប្រាជ្ញា​របស់​ពួក​អ្នក​ប្រាជ្ញ ហើយ​ធ្វើ​ឲ្យ​តម្រិះ​របស់​ពួក​អ្នក​ចេះ​ដឹង ប្រែ​ជា​ឥត​បាន​ការ​ទៅ​វិញ។

15 អស់​អ្នក​ដែល​គេច​ខ្លួន​ពី​ព្រះ‌អម្ចាស់ ដើម្បី​លាក់​គម្រោង‌ការ​របស់​ខ្លួន មុខ​ជា​ត្រូវ​វេទនា​ពុំ‌ខាន។ អ្នក​ទាំង​នោះ​ប្រព្រឹត្ត​អំពើ​ផ្សេងៗ​នៅ​ក្នុង ទី​លាក់​កំបាំង ទាំង​ពោល​ថា «គ្មាន​នរណា​ឃើញ​យើង គ្មាន​នរណា​ដឹង​ថា​យើង​កំពុង​តែ​ធ្វើ​អ្វី​ទេ!»។

16 អ្នក​រាល់​គ្នា​គិត​ដូច្នេះ​ខុស​ទាំង​ស្រុង! តើ​គេ​អាច​ចាត់​ទុក​ដី​ឥដ្ឋ ស្មើ​នឹង​ជាង​ស្មូន​កើត​ឬ? ក្អម​មិន​អាច​និយាយ​អំពី​ជាង​ស្មូន​ថា «អ្នក​នោះ​មិន​បាន​សូន​ខ្ញុំ​មក​ទេ» ថូ​ក៏​មិន​អាច​និយាយ​អំពី​ជាង​ស្មូន​ថា «គាត់​គ្មាន​ប្រាជ្ញា» ដែរ។


ពិភព​លោក​ថ្មី​ដ៏​ប្រសើរ​រុងរឿង

17 បន្តិច​ទៀត ព្រៃ​ព្រឹក្សា​លើ​ភ្នំ​លីបង់ នឹង​ក្លាយ​ទៅ​ជា​ចម្ការ​ដំណាំ ហើយ​ចម្ការ​ដំណាំ​ក្លាយ​ទៅ​ជា​ព្រៃ​វិញ។

18 នៅ​ថ្ងៃ​នោះ មនុស្ស​ថ្លង់​នឹង​ឮ​ព្រះ‌បន្ទូល ដែល​មាន​ចែង​ទុក​នៅ​ក្នុង​គម្ពីរ ហើយ​មនុស្ស​ខ្វាក់​នឹង​មើល​ឃើញ គឺ​គេ​រួច​ផុត​ពី​ភាព​ងងឹត លែង​ស្ថិត​នៅ​ក្នុង​ភាព​អន្ធការ​ទៀត​ហើយ។

19 ព្រះ‌អម្ចាស់​នឹង​ប្រោស​ឲ្យ​មនុស្ស​ទន់‌ទាប មាន​អំណរ​សប្បាយ​កាន់​តែ​ខ្លាំង​ឡើងៗ ហើយ​ព្រះ​ដ៏វិសុទ្ធ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល នឹង​ប្រោស​ឲ្យ​មនុស្ស​ក្រីក្រ បាន​ត្រេក​អរ​សប្បាយ​ដ៏​លើស‌លុប​ដែរ។

20 ស្ដេច​ដែល​កាន់​អំណាច​ផ្ដាច់​ការ នឹង​ត្រូវ​វិនាស​សូន្យ ហើយ​អ្នក​ដែល​មើល‌ងាយ​ព្រះ‌ជាម្ចាស់ ក៏​នឹង​សាប‌សូន្យ​អស់​ដែរ។ អស់​អ្នក​ដែល​ចូល​ចិត្ត​ធ្វើ​បាប​អ្នក​ដទៃ នឹង​ត្រូវ​បាត់​បង់​ជីវិត​ជា​ពុំ‌ខាន

21 ព្រោះ​ពួក​គេ​ពោល​ពាក្យ​ចោទ​ប្រកាន់​អ្នក​ដទៃ ធ្វើ​ឲ្យ​គេ​ទទួល​ទោស ពួក​គេ​ប្រើ​ឧបាយ‌កល ធ្វើ​ឲ្យ​ចៅ‌ក្រម​កាត់​ក្ដី​ខុស ហើយ​ចោទ​ប្រកាន់​មនុស្ស​ស្លូត​ត្រង់ ដោយ​គ្មាន​មូល​ហេតុ​ត្រឹម​ត្រូវ។

22 ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌អម្ចាស់ ដែល​ជា​ព្រះ​របស់​ពូជ‌ពង្ស​លោក​យ៉ាកុប និង​ជា​ព្រះ​ដែល​បាន​លោះ​លោក​អប្រាហាំ មាន​ព្រះ‌បន្ទូល​ថា ចាប់​ពី​ពេល​នេះ​ត​ទៅ ពូជ‌ពង្ស​លោក​យ៉ាកុប នឹង​លែង​អាម៉ាស់​ទៀត​ហើយ គេ​ក៏​លែង​តក់‌ស្លុត​ទៀត​ដែរ

23 ដ្បិត​ពេល​ណា​កូន​ចៅ​របស់​គេ​ឃើញ កិច្ចការ​ដ៏​អស្ចារ្យ​ដែល​យើង​នឹង​ប្រព្រឹត្ត ចំពោះ​ពួក​គេ នោះ​ពួក​គេ​នឹង​ទទួល​ស្គាល់ នាម​ដ៏វិសុទ្ធ​របស់​យើង ពួក​គេ​នឹង​ទទួល​ស្គាល់​ថា យើង​ជា​ព្រះ​ដ៏វិសុទ្ធ​របស់​លោក​យ៉ាកុប ហើយ​ពួក​គេ​នឹង​កោត​ខ្លាច​យើង ដែល​ជា​ព្រះ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល។

24 ពេល​នោះ ពួក​ដែល​វង្វេង​ស្មារតី បែរ​ជា​ចាប់​ផ្ដើម​មាន​ប្រាជ្ញា ហើយ​អស់​អ្នក​ដែល​តែងតែ​រឹង​ចចេស បែរ​ជា​សុខ​ចិត្ត​ទទួល​ពាក្យ​ប្រៀន‌ប្រដៅ។

Khmer Standard Version © 2005 United Bible Societies.

United Bible Societies
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម