Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

ហាបាគុក 1 - អាល់គីតាប

1 នេះ​ជា​សេចក្ដី​ប្រកាស ដែល​អុលឡោះ​សំដែង​ឲ្យ​ណាពី​ហាបា‌គូក​ឃើញ​ក្នុង​និមិត្ត‌ហេតុ​ដ៏​អស្ចារ្យ។


ណាពី​ហាបា‌គូក​ទូរអា​សួរ​អុលឡោះ

2 អុលឡោះ‌តាអាឡា​ជា​ម្ចាស់​អើយ តើ​ខ្ញុំ​ត្រូវ​ស្រែក​អង្វរ ទ្រង់​ដល់​កាល​ណា​ទៀត បើ​ទ្រង់​មិន​ស្ដាប់​ខ្ញុំ​ដូច្នេះ? ខ្ញុំ​ស្រែក​អង្វរ​ទ្រង់​ស្តី​អំពី អំពើ​ឃោរ‌ឃៅ​ដែល​ពួក​គេ​ប្រព្រឹត្ត ម្ដេច​ក៏​ទ្រង់​មិន​សង្គ្រោះ​យើង​ខ្ញុំ?

3 ហេតុ​អ្វី​បាន​ជា​ទ្រង់​ឲ្យ​ខ្ញុំ ឃើញ​តែ​អំពើ​អាក្រក់ ហេតុ​អ្វី​បាន​ជា​ទ្រង់​ឃើញ​ការ​សង្កត់‌សង្កិន ហើយ​នៅ​ស្ងៀម​ដូច្នេះ? នៅ​ជុំ‌វិញ​ខ្ញុំ មាន​តែ​ការ​លួច​ប្លន់ អំពើ​ឃោរ‌ឃៅ និង​ការ​ប្ដឹង‌ផ្តល់ ទាស់‌ទែង​គ្នា។

4 គ្មាន​នរណា​គោរព​ហ៊ូកុំ រីឯ​យុត្តិធម៌ ក៏​គ្មាន​នរណា​ធ្វើ​តាម​ដែរ មនុស្ស​អាក្រក់​ឈ្នះ​មនុស្ស​សុចរិត ចៅ‌ក្រម​វិនិច្ឆ័យ​ទោស ដោយ​អយុត្តិ‌ធម៌។


ចម្លើយ​របស់​អុលឡោះ

5 «ចូរ​ក្រឡេក​មើល​ប្រជា‌ជាតិ​នានា ហើយ​នាំ​គ្នា​ងឿង‌ឆ្ងល់ ស្រឡាំង‌កាំង​ទៅ! ដ្បិត​យើង​នឹង​ធ្វើ​កិច្ចការ​មួយ​នៅ​ជំនាន់ របស់​អ្នក​រាល់​គ្នា ជា​កិច្ចការ​ដែល​អ្នក​រាល់​គ្នា​មិន​ជឿ ទោះ​បី​ជា​គេ​រៀប​រាប់​ប្រាប់​អ្នក​រាល់​គ្នា ក៏​ដោយ។

6 មើល៍! យើង​នឹង​នាំ​ជន‌ជាតិ​ខាល់ដេ​មក ពួក​គេ​ជា​ជាតិ​សាសន៍​សាហាវ​កោង​កាច​បំផុត! ពួក​គេ​ដើរ​កាត់​ផែនដី​ទាំង​មូល ដណ្ដើម​យក​ទឹក​ដី​ពី​ជាតិ​សាសន៍​ឯ​ទៀតៗ។

7 ពួក​គេ​ជា​មនុស្ស​គួរ​ឲ្យ​ព្រឺ​ខ្លាច និង​ភ័យ​ញ័រ ពួក​គេ​បង្កើត​ច្បាប់ និង​សិទ្ធិ​អំណាច​ខ្លួន​ឯង។

8 សេះ​របស់​ពួក​គេ​បោល​លឿន​ជាង​ខ្លា​រខិន ហើយ​ពូកែ​ជាង​ចចក​ដែល​រក​ស៊ី នៅ​ពេល​ព្រលប់​ទៅ​ទៀត។ កង‌ទ័ព​សេះ​របស់​ពួក​គេ​បោះ‌ពួយ​មក​ពី​ចម្ងាយ ដូច​សត្វ​ឥន្ទ្រី​បោះ‌ពួយ​ចុះ​មក​ចាប់​រំពា។

9 ពួក​គេ​នាំ​គ្នា​មក ដើម្បី​កំទេច​បំផ្លាញ ទឹក​មុខ​របស់​ពួក​គេ​សាហាវ​ណាស់ ពួក​គេ​ចាប់​បាន​ឈ្លើយ​សឹក ដែល​មាន​ចំនួន​ច្រើន​ដូច​គ្រាប់​ខ្សាច់។

10 ពួក​គេ​ប្រមាថ​មាក់‌ងាយ​ស្ដេច​នានា ចំអក​ឡក‌ឡឺយ​ដាក់​មេ​ដឹក​នាំ​ទាំង‌ឡាយ។ ពួក​គេ​មិន​ញញើត​នឹង​កំពែង​ក្រុង​ណា​ឡើយ គឺ​ពួក​គេ​គ្រាន់​តែ​លើក​ទួល​ឡើង ហើយ​វាយ​យក​បាន​ទាំង​អស់។

11 ពេល​មាន​កម្លាំង ពួក​គេ​បន្ត​ដំណើរ​ទៅ​មុខ ដូច​ខ្យល់​ព្យុះ ដើម្បី​ប្រព្រឹត្ត​អំពើ​ឧក្រិដ្ឋ ពួក​គេ​ចាត់​ទុក​កម្លាំង​របស់​ខ្លួន​ជា​ម្ចាស់​របស់​ខ្លួន»។


ណាពី​ហាបា‌គូក​ទូរអា​សួរ​អុលឡោះ​សា​ជា​ថ្មី

12 អុលឡោះ‌តាអាឡា​អើយ! ទ្រង់​នៅ​តាំង​ពី​ដើម​រៀង​មក ទ្រង់​ជា​ម្ចាស់​នៃ​ខ្ញុំ ជា​ម្ចាស់​ដ៏‌វិសុទ្ធ យើង​ខ្ញុំ​នឹង​មិន​ស្លាប់​ទេ! អុលឡោះ‌តាអាឡា ដែល​ជា​ថ្ម‌ដា​នៃ​ខ្ញុំ​អើយ ទ្រង់​បាន​តែង‌តាំង​ខ្មាំង​សត្រូវ ដើម្បី​វិនិច្ឆ័យ​ទោស​យើង​ខ្ញុំ ទ្រង់​ពង្រឹង​កម្លាំង​ពួក​គេ ដើម្បី​វាយ​ប្រដៅ​យើង​ខ្ញុំ។

13 ភ្នែក​របស់​ទ្រង់​បរិសុទ្ធ​ពេក ទ្រង់​ទ្រាំ​មើល​អំពើ​អាក្រក់​មិន​បាន​ទេ ទ្រង់​ក៏​ពុំ​អាច​មើល​ការ​ជិះ‌ជាន់​បាន​ដែរ។ ហេតុ​អ្វី​បាន​ជា​ទ្រង់​ទ្រាំ​មើល​ជន​ក្បត់ ហេតុ​អ្វី​បាន​ជា​ទ្រង់​ធ្វើ​ព្រងើយ ពេល​ឃើញ​មនុស្ស​អាក្រក់​បំផ្លាញ​អ្នក​ដែល សុចរិត​ជាង​ខ្លួន?

14 ទ្រង់​ចាត់​ទុក​មនុស្ស​លោក ដូច​ត្រី​នៅ​ក្នុង​សមុទ្រ ឬ​ដូច​សត្វ​លូន​វារ​ដែល​គ្មាន​មេ​កើយ។

15 ប្រជា‌ជន​ទាំង​អស់​ត្រូវ​ខ្មាំង​ចាប់ ដូច​ត្រី​ជាប់​សន្ទូច និង​ជាប់​អួន។ ខ្មាំង​បង់​សំណាញ់​ចាប់​ពួក​គេ​យក​ទៅ ទាំង​មាន​អំណរ​សប្បាយ​ដ៏​លើស‌លប់។

16 ពេល​នោះ ខ្មាំង​ធ្វើ​យញ្ញ‌បូជា​សែន​អួន​របស់​គេ និង​ច្រួច​ទឹក​អប់​សែន​សំណាញ់​របស់​គេ ព្រោះ​គេ​បាន​អាហារ​ឆ្ងាញ់​យ៉ាង​បរិបូណ៌ ដោយ‌សារ​តែ​គ្រឿង​ឧបករណ៍​ទាំង​នោះ។

17 តើ​ដល់​ពេល​ណា​ទើប​ពួក​គេ​ឈប់​ហូត​ដាវ ប្រហារ​ជីវិត​ប្រជា‌ជាតិ​នានា​ដោយ​ឥត​មេត្តា បែប​នេះ?

© 2014 United Bible Societies, UK.

United Bible Societies
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម