អេសាយ 13:13 - អាល់គីតាប នៅថ្ងៃដែលអុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល ខឹងនឹងមនុស្សលោក ផ្ទៃមេឃនឹងកក្រើករំពើក ផែនដីនឹងរញ្ជួយនៅលើគ្រឹះរបស់វា ដោយសារកំហឹងដ៏ខ្លាំងរបស់ទ្រង់។ ព្រះគម្ពីរខ្មែរសាកល ដោយហេតុនេះ យើងនឹងធ្វើឲ្យផ្ទៃមេឃរញ្ជួយ ហើយផែនដីនឹងកក្រើកចេញពីកន្លែងរបស់វា ដោយសារតែសេចក្ដីក្ដៅក្រហាយរបស់ព្រះយេហូវ៉ានៃពលបរិវារ ក្នុងថ្ងៃនៃព្រះពិរោធដ៏ក្រេវក្រោធរបស់ព្រះអង្គ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ យើងនឹងធ្វើឲ្យផ្ទៃមេឃញាប់ញ័រ ហើយផែនដីនឹងត្រូវកក្រើករំពើកចេញពីកន្លែងធម្មតា គឺក្នុងគ្រានៃសេចក្ដីក្រោធ របស់ព្រះយេហូវ៉ានៃពួកពលបរិវារ ហើយក្នុងថ្ងៃនៃសេចក្ដីក្រោធដ៏សហ័សរបស់ព្រះអង្គ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅថ្ងៃដែលព្រះអម្ចាស់នៃពិភពទាំងមូល ខ្ញាល់នឹងមនុស្សលោក ផ្ទៃមេឃនឹងកក្រើករំពើក ផែនដីនឹងរញ្ជួយនៅលើគ្រឹះរបស់វា ដោយសារព្រះពិរោធដ៏ខ្លាំងរបស់ព្រះអង្គ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ អញនឹងធ្វើឲ្យផ្ទៃមេឃញាប់ញ័រ ហើយផែនដីនឹងត្រូវកក្រើករំពើកចេញពីកន្លែងធម្មតា គឺក្នុងគ្រានៃសេចក្ដីក្រោធរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ ហើយក្នុងថ្ងៃនៃសេចក្ដីខ្ញាល់ដ៏សហ័សរបស់ទ្រង់ |
ពេលនោះ ផែនដីក៏កក្រើកញាប់ញ័រ ភ្នំទាំងឡាយត្រូវរង្គើរហូតដល់គ្រឹះរបស់វា ហើយកក្រើក ដោយសារទ្រង់ខឹង។
កំហឹងដ៏ខ្លាំងក្លារបស់ទ្រង់ សង្កត់មកលើខ្ញុំ ទ្រង់ធ្វើឲ្យខ្ញុំ ភ័យតក់ស្លុតបាត់ស្មារតី។
ពេលនោះ គេនឹងនាំគ្នាចូលទៅពួននៅក្នុងរូងភ្នំ គេនឹងលាក់ខ្លួនក្នុងរូងដែលនៅក្រោមដី ដើម្បីគេចឲ្យផុតពីកំហឹង របស់អុលឡោះតាអាឡា ហើយគេចឲ្យផុតពីភាពថ្កុំថ្កើង នៃសិរីរុងរឿងរបស់ទ្រង់ នៅពេលទ្រង់ក្រោកឡើង ធ្វើឲ្យមានការភ័យតក់ស្លុតនៅលើផែនដី។
សេចក្ដីប្រកាសស្ដីអំពីតំបន់វាលរហោស្ថាននៅជាប់នឹងសមុទ្រ: ខ្មាំងសត្រូវនឹងនាំគ្នាចេញមកពីវាលរហោស្ថាន គឺពីស្រុកដែលគួរឲ្យស្ញែងខ្លាច ដូចខ្យល់ព្យុះសង្ឃរាបក់បោកនៅ វាលរហោស្ថានណេកិបដែរ។
អុលឡោះតាអាឡាបានលាតដៃទៅលើសមុទ្រ ទ្រង់បានធ្វើឲ្យនគរទាំងឡាយញាប់ញ័រ ទ្រង់បានបញ្ជាឲ្យជនជាតិកាណាន កំទេចក្រុងដែលមានកំពែងរឹងមាំរបស់ខ្លួន។
អុលឡោះតាអាឡានឹងបំផ្លាញផែនដីឲ្យ វិនាស។ ទ្រង់នឹងរំលើងផែនដី ហើយកំចាត់កំចាយ មនុស្សម្នាដែលរស់នៅលើផែនដី
អ្នកដែលរត់គេចផុតពីការញ័ររន្ធត់ នឹងធ្លាក់ទៅក្នុងរណ្ដៅ អ្នកដែលឡើងផុតពីរណ្ដៅ នឹងជាប់អន្ទាក់។ ទ្វារមេឃបើកចំហ បង្អុរទឹកចុះមក ហើយគ្រឹះនៃផែនដីក៏កក្រើកដែរ។
ផ្កាយទាំងប៉ុន្មាននៅលើមេឃនឹងរលាយសូន្យ ផ្ទៃមេឃនឹងត្រូវរមូរ ដូចក្រាំងដែលគេមូរទុក ហើយអ្វីៗនៅលើមេឃនឹងជ្រុះអស់ ដូចស្លឹកទំពាំងបាយជូរ និងស្លឹកឧទុម្ពរ ដែលជ្រុះអស់នោះដែរ។
ក្រុងបាប៊ីឡូនអើយ អ្នករលំហើយ ចូរអង្គុយនៅក្នុងធូលីដីទៅ! ក្រុងរបស់ជនជាតិខាល់ដេអើយ ចូរអង្គុយផ្ទាល់នឹងដីនេះទៅ អ្នកគ្មានបល្ល័ង្កទៀតទេ។ គេលែងហៅអ្នកថាជាក្រុងដ៏ល្អប្រណីត ឬក្រុងដ៏សម្បូណ៌សប្បាយទៀតហើយ។
ចូរងើបមុខឡើងសម្លឹងទៅលើមេឃ រួចក្រឡេកមើលមកផែនដីនេះ ផ្ទៃមេឃនឹងរសាត់បាត់ទៅដូចផ្សែង ផែនដីនឹងរេចរឹលទៅដូចសម្លៀកបំពាក់ មនុស្សនៅលើផែនដីនឹងត្រូវវិនាសដូចសត្វល្អិត តែការសង្គ្រោះរបស់យើងនៅស្ថិតស្ថេរ អស់កល្បជានិច្ច ហើយសេចក្ដីសុចរិតរបស់យើង នឹងមិនសាបសូន្យឡើយ។
ដោយសារអុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល ទ្រង់ខឹងយ៉ាងខ្លាំង ទឹកដីរបស់គេនឹងត្រូវឆាបឆេះ ហើយប្រជាជននឹងក្លាយទៅជាចំណីភ្លើង។ គ្មាននរណាម្នាក់ត្រាប្រណីបងប្អូនរបស់ខ្លួនទេ។
អុលឡោះតាអាឡាមានបន្ទូលថា៖ «យើងនឹងធ្វើឲ្យខ្យល់ព្យុះ បក់បោកបំផ្លាញក្រុងបាប៊ីឡូន និងប្រជាជននៅក្រុងនោះ។
អស់អ្នកដែលដើរកាត់តាមនេះអើយ សូមមើលមកចុះ! តើមាននរណាម្នាក់ឈឺចុកចាប់ដូចខ្ញុំទេ! នៅថ្ងៃអុលឡោះតាអាឡាខឹងយ៉ាងខ្លាំង ទ្រង់បានធ្វើឲ្យខ្ញុំរងទុក្ខឥតឧបមា!
អុលឡោះតាអាឡាស្រែកគំរាមពីភ្នំស៊ីយ៉ូន ទ្រង់បន្លឺសំឡេងពីក្រុងយេរូសាឡឹម ផ្ទៃមេឃ និងផែនដីក៏កក្រើករំពើក តែអុលឡោះតាអាឡាការពារប្រជារាស្ត្ររបស់ទ្រង់ ទ្រង់ជាជំរករបស់ជនជាតិអ៊ីស្រអែល។
«លុះគ្រាដែលមានទុក្ខវេទនានេះ កន្លងផុតទៅភ្លាមនោះ ព្រះអាទិត្យនឹងបាត់រស្មី ព្រះច័ន្ទលែងមានពន្លឺទៀតហើយ។ រីឯផ្កាយទាំងឡាយនឹងធ្លាក់ចុះពីលើមេឃ។
ថ្ងៃដែលអ៊ីសាជាអម្ចាស់មក ប្រៀបបានទៅនឹងពេលចោរចូលលួចដូច្នោះដែរ។ នៅគ្រានោះ ផ្ទៃមេឃនឹងរលាយសូន្យទៅ ដោយសន្ធឹកខ្ទរខ្ទារធាតុនានានឹងឆេះរលាយសូន្យអស់ទៅ ហើយអុលឡោះនឹងវិនិច្ឆ័យទោស ទាំងផែនដី ទាំងអ្វីៗដែលនៅលើផែនដីដែរ។
បន្ទាប់មក ខ្ញុំឃើញបល្ល័ង្កមួយធំពណ៌ស ព្រមទាំងឃើញទ្រង់ ដែលនៅលើបល្ល័ង្កនោះផងដែរ។ ផែនដី និងផ្ទៃមេឃ បានរត់ចេញបាត់ពីមុខទ្រង់ទៅ ឥតមានសល់អ្វីឡើយ។