អេសាយ 23 - អាល់គីតាបបន្ទូលរបស់អុលឡោះស្ដីអំពីក្រុងទីរ៉ុស និងក្រុងស៊ីដូន 1 សេចក្ដីប្រកាសស្ដីអំពីក្រុងទីរ៉ុស: នាវាមកពីស្រុកតើស៊ីសអើយ ចូរនាំគ្នាស្រែកយំទៅ ដ្បិតកំពង់ផែ របស់ក្រុងទីរ៉ុសវិនាសសូន្យ ឥតមានសល់ផ្ទះ ឥតមានកន្លែងចូលសំចតទៀតឡើយ!។ ពួកគេបានឃើញដូច្នេះ នៅពេលធ្វើដំណើរ មកពីកោះគីប្រុស។ 2 អ្នករាល់គ្នាដែលរស់នៅតាមឆ្នេរសមុទ្រ អ្នករាល់គ្នាជាឈ្មួញនៅស្រុកស៊ីដូនដែលចាត់ មនុស្សឲ្យទៅរកស៊ីតាមសមុទ្រអើយ ចូរនាំគ្នាតក់ស្លុត និយាយលែងចេញ!។ 3 អ្នកស្រុកស៊ីដូនបានប្រមូលភោគផលទាំងប៉ុន្មាន ដែលគេដាំនៅតាមដងទន្លេនីល ភោគសម្បត្តិរបស់ប្រជាជាតិទាំងឡាយ សុទ្ធតែនៅប្រមូលផ្ដុំក្នុងក្រុងស៊ីដូនទាំងអស់។ 4 ស៊ីដូនជាក្រុងដ៏រឹងមាំនៅតាមឆ្នេរសមុទ្រអើយ អ្នកត្រូវអាម៉ាស់ហើយ ដ្បិតសមុទ្រពោលថា: ខ្ញុំពុំធ្លាប់ឈឺផ្ទៃ ខ្ញុំពុំធ្លាប់បង្កើតកូន ហើយក៏ពុំធ្លាប់ចិញ្ចឹមកូនកម្លោះកូនក្រមុំដែរ។ 5 ពេលដំណឹងនេះលេចឮទៅដល់ស្រុកអេស៊ីប អ្នកស្រុកនាំគ្នាភ័យញ័រ ដូចកាលដែលគេបាន ឮដំណឹងពីហេតុការណ៍ដែលកើតមាន ដល់ក្រុងទីរ៉ុសដែរ។ 6 អ្នកដែលរស់នៅតាមឆ្នេរសមុទ្រអើយ ចូរនាំគ្នាឆ្លងទៅស្រុកតើស៊ីស ហើយស្រែកយំនៅទីនោះទៅ!។ 7 តើនេះឬទីក្រុងរបស់អ្នករាល់គ្នា ជាកន្លែងដែលធ្លាប់តែមានមនុស្សអ៊ូអរ ជាក្រុងដែលមានកំណើតពីបុរាណកាលមក ហើយធ្លាប់ត្រួតត្រាស្រុកឆ្ងាយៗនោះ? 8 តើនរណាសម្រេចរំលាយក្រុងទីរ៉ុសដូច្នេះ? ដ្បិតក្រុងទីរ៉ុសធ្លាប់តែងតាំងស្ដេច ឲ្យគ្រងរាជ្យលើស្រុកនានា អ្នករកស៊ីពីក្រុងនេះសុទ្ធតែជាមេដឹកនាំ ហើយមនុស្សម្នាលើផែនដីទាំងមូល តែងតែ គោរពអ្នកជំនួញរបស់ក្រុងនេះគ្រប់ៗគ្នា។ 9 អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូលបានសម្រេចដូច្នេះ ដើម្បីបំបាក់អំនួតរបស់អស់អ្នកដែល ស្រឡាញ់កិត្តិយស និងដើម្បីបន្ទាបអស់អ្នកដែលតម្កើងខ្លួន នៅលើផែនដីនេះ។ 10 ទីរ៉ុសអើយ ចូរភ្ជួររាស់ដីរបស់អ្នក ដូចគេភ្ជួររាស់នៅតាមទន្លេនីល ដ្បិតលែងមានកំពង់ផែសម្រាប់ឲ្យនាវា មកពីស្រុកតើស៊ីសចូលចតទៀតហើយ!។ 11 អុលឡោះតាអាឡាបានលាតដៃទៅលើសមុទ្រ ទ្រង់បានធ្វើឲ្យនគរទាំងឡាយញាប់ញ័រ ទ្រង់បានបញ្ជាឲ្យជនជាតិកាណាន កំទេចក្រុងដែលមានកំពែងរឹងមាំរបស់ខ្លួន។ 12 ទ្រង់មានបន្ទូលថា: អ្នកក្រុងស៊ីដូន ដែលត្រូវគេធ្វើបាបអើយ អ្នកនឹងលែងបានធ្វើបុណ្យយ៉ាងសប្បាយ តទៅមុខទៀតហើយ ទោះបីអ្នករូតរះឆ្លងទៅកោះគីប្រុសក្ដី ក៏នៅតែពុំបានសម្រាកដែរ។ 13 ចូរមើលទៅស្រុកខាល់ដេ! ស្រុកនោះលែងមានប្រជាជនទៀតហើយ ព្រោះជនជាតិអាស្ស៊ីរីបានធ្វើឲ្យស្រុកនោះ ក្លាយទៅជាជំរករបស់សត្វព្រៃ។ ពួកគេបានដំឡើងប៉មចាំយាម ហើយផ្ដួលរំលំដំណាក់ទាំងឡាយនៅក្រុងទីរ៉ុស ឲ្យបាក់បែកអស់។ 14 នាវាទាំងឡាយដែលមកពីស្រុកតើស៊ីសអើយ ចូរស្រែកយំទៅ ដ្បិតទីក្រុងជាជំរករបស់អ្នករាល់គ្នា រលាយសូន្យបាត់ទៅហើយ! 15 នៅគ្រានោះ ក្រុងទីរ៉ុសនឹងត្រូវគេលែងនឹកនាអស់រយៈពេលចិតសិបឆ្នាំ ពោលគឺរយៈពេលមួយរជ្ជកាលរបស់ស្ដេចមួយនាក់។ លុះផុតពេលចិតសិបឆ្នាំនេះទៅ នឹងមានហេតុការណ៍កើតឡើងដល់ក្រុងនេះ ស្របនឹងចំរៀងស្ដីអំពីស្ត្រីពេស្យាថា: 16 «ស្ត្រីពេស្យាដែលគេបំភ្លេចចោលអើយ ចូរយកចាប៉ីមួយមក ហើយដើរព័ទ្ធជុំវិញទីក្រុងទៅ! ចូរលេងឲ្យពីរោះ ចូរច្រៀងហើយច្រៀងទៀតទៅ ដើម្បីឲ្យគេនឹកនាដល់នាងវិញ!»។ 17 លុះចិតសិបឆ្នាំកន្លងផុតទៅ អុលឡោះតាអាឡានឹងមកសង្គ្រោះក្រុងទីរ៉ុស តែក្រុងនេះវិលទៅរកស៊ីយ៉ាងថោកទាបវិញ គឺវានឹងលក់ខ្លួនឲ្យនគរទាំងប៉ុន្មានក្នុងសកលលោកនេះ។ 18 ប៉ុន្តែ កំរៃ និងប្រាក់ចំណេញដែលក្រុងនេះរកបាន នឹងត្រូវញែកជូនអុលឡោះតាអាឡា គ្មាននរណាអាចប្រមូលទ្រព្យទាំងនេះទុកបានឡើយ ដ្បិតរបស់ទ្រព្យទាំងនេះនឹងត្រូវបម្រុងទុកជាអាហារ សម្រាប់ពួកអ្នកបម្រើអុលឡោះតាអាឡា និងជាសម្លៀកបំពាក់ដ៏ថ្លៃថ្នូរសម្រាប់ពួកគេ។ |
© 2014 United Bible Societies, UK.
United Bible Societies