Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

អេសាយ 13 - អាល់គីតាប


សេចក្ដី​ប្រកាស​ប្រឆាំង​នឹង​ប្រជា‌ជាតិ​នានា ទោស​របស់​រាជា‌ណាចក្រ​បាប៊ី‌ឡូន

1 សេចក្ដី​ប្រកាស​ស្តី​អំពី​ស្រុក​បាប៊ី‌ឡូន ដែល​អេសាយ​ជា​កូន​របស់​លោក​អម៉ូស បាន​ឃើញ​ក្នុង​និមិត្ត​ដ៏​អស្ចារ្យ:

2 «ចូរ​លើក​ទង់​សញ្ញា​មួយ នៅ​លើ​ភ្នំ​មួយ​ដែល​គ្មាន​ដើម​ឈើ ចូរ​នាំ​គ្នា​ស្រែក និង​បក់​ដៃ​ហៅ​ពួក​ទាហាន ទាំង​នោះ​ឲ្យ​ចូល​មក​តាម​ទ្វារ​កិត្តិយស។

3 យើង​បាន​ចេញ​បញ្ជា​ទៅ​កាន់​អស់​អ្នក ដែល​ប្រគល់​ជីវិត​មក​យើង គឺ​ហៅ​អ្នក​ចំបាំង​ដ៏​ជំនាញ​ទាំង​នោះ​មក ដើម្បី​ប្រើ​ពួក​គេ​ឲ្យ​សម្រេច​តាម កំហឹង​របស់​យើង ពួក​គេ​នឹង​មាន​អំណរ​សប្បាយ ដោយ​យើង​មាន​ជ័យ‌ជំនះ»។

4 ចូរ​ស្ដាប់​ស្នូរ​សន្ធឹក​ដ៏​គគ្រឹក‌គគ្រេង​នៅ​តាម​ភ្នំ ដូច​សំឡេង​មហា‌ជន​យ៉ាង​ច្រើន​កុះ‌ករ គឺ​ជា​សំឡេង​របស់​ប្រជា‌ជាតិ​នៃ​រាជា​ណាចក្រ ជា​ច្រើន​ឥត​គណនា​ដែល​មក​ជួប‌ជុំ​គ្នា។ អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល ត្រួត​ពល​ដែល​ត្រៀម​ខ្លួន​ទៅ​ច្បាំង។

5 អ្នក​ទាំង​នោះ​មក​ពី​ស្រុក​ឆ្ងាយៗ គឺ​មក​ពី​ជើង​មេឃ អុលឡោះ‌តាអាឡា​នឹង​ប្រើ​ពួក​គេ ដើម្បី​សម្រេច​តាម​កំហឹង​របស់​ទ្រង់ និង​បំផ្លាញ​ស្រុក​នោះ​ទាំង​មូល។

6 ចូរ​នាំ​គ្នា​ស្រែក​ទ្រហោ​យំ ដ្បិត​ថ្ងៃ​របស់អុលឡោះ‌តាអាឡា​មក​ជិត​បង្កើយ​ហើយ។ នៅ​ថ្ងៃ​នោះ ម្ចាស់​ដ៏​ខ្ពង់‌ខ្ពស់​បំផុត នឹង​ធ្វើ​ឲ្យ​កើត​មហន្ត‌រាយ។

7 ហេតុ​នេះ​ហើយ​បាន​ជា​មនុស្ស​គ្រប់ៗ​គ្នា បាក់​ទឹក​ចិត្ត លែង​មាន​សេចក្ដី​ក្លា‌ហាន។

8 ពួក​គេ​នឹង​ភ័យ​តក់‌ស្លុត ឈឺ​ចុក​ចាប់ រមួល​ខ្លួន ដូច​ស្ត្រី​ដែល​កំពុង​តែ​សំរាល​កូន។ ពួក​គេ​មើល​មុខ​គ្នា​ទៅ​វិញ​ទៅ​មក ទាំង​ស្រឡាំង‌កាំង ហើយ​មុខ​របស់​គេ ពោរ‌ពេញ​ទៅ​ដោយ​ភាព​អាម៉ាស់។

9 មើល៍ ថ្ងៃ​នៃអុលឡោះ‌តាអាឡា​មក​ដល់​ហើយ គឺ​ជា​ថ្ងៃ​មួយ​ដ៏​សាហាវ ជា​ថ្ងៃ​ដែល​មនុស្ស​ត្រូវ​ទទួល​ទោស ស្រប​តាម​កំហឹង​ដ៏​ខ្លាំង​បំផុត។ ថ្ងៃ​នោះ​នឹង​ធ្វើ​ឲ្យ​ផែនដី​ក្លាយ​ទៅ​ជា ទី​ស្មសាន​ដ៏​ស្ងាត់​ជ្រងំ មនុស្ស​បាប​ទាំង​អស់​នឹង​វិនាស​សូន្យ។

10 ផ្កាយ​ទាំង​ប៉ុន្មាន និង​ហ្វូង‌តារា​នៅ​លើ​មេឃ នឹង​លែង​បញ្ចេញ​ពន្លឺ ព្រះ‌អាទិត្យ​នឹង​បាត់​រស្មី​តាំង​ពី​ពេល​រះ​ឡើង ហើយ​ព្រះ‌ច័ន្ទ​ក៏​លែង​ចាំង​ពន្លឺ​ទៀត​ដែរ។

11 យើង​នឹង​ដាក់​ទោស​មនុស្ស​លោក ព្រោះ​តែ​អំពើ​អាក្រក់​ដែល​គេ​ប្រព្រឹត្ត យើង​នឹង​ដាក់​ទោស​មនុស្ស​ពាល ព្រោះ​តែ​កំហុស​របស់​គេ យើង​នឹង​បំបាក់ អំនួត​របស់​មនុស្ស​អួត‌អាង ហើយ​បង្ក្រាប ចិត្ត​ព្រហើន​របស់​មនុស្ស​ឃោរ‌ឃៅ។

12 យើង​នឹង​ធ្វើ​ឲ្យ​មនុស្ស​នៅ​សល់​តិច‌តួច​បំផុត គឺ​ពិបាក​រក​ជាង​រក​មាស​ទឹក​ដប់ និង​មាស​ដ៏​ល្អ​បំផុត​ទៅ​ទៀត។

13 នៅ​ថ្ងៃ​ដែលអុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល ខឹង​នឹង​មនុស្ស​លោក ផ្ទៃ​មេឃ​នឹង​កក្រើក​រំពើក ផែនដី​នឹង​រញ្ជួយ​នៅ​លើ​គ្រឹះ​របស់​វា ដោយ‌សារ​កំហឹង​ដ៏​ខ្លាំង​របស់​ទ្រង់។

14 ពេល​នោះ ម្នាក់ៗ​វិល​ទៅ​រក​ប្រជា‌ជន​របស់​ខ្លួន ហើយ​រត់​ទៅ​រក​ស្រុក​កំណើត​វិញ ប្រៀប​ដូច​សត្វ​ប្រើស​ប្រឹង​រត់​នៅ​មុខ​ព្រាន ឬ​ដូច​ហ្វូង​ចៀម​ដែល​គ្មាន​នរណា​ឃ្វាល។

15 អ្នក​ណា​ត្រូវ​គេ​ប្រទះ​ឃើញ អ្នក​នោះ​នឹង​ស្លាប់​ដោយ​មុខ​ព្រួញ ហើយ​អ្នក​ណា​ត្រូវ​គេ​តាម​ទាន់ អ្នក​នោះ​នឹង​ស្លាប់​ដោយ​មុខ​ដាវ។

16 ខ្មាំង​នឹង​បោក​ទារក​របស់​គេ​នៅ​ចំពោះ​មុខ​គេ ផ្ទះ​របស់​គេ​ត្រូវ​ខ្មាំង​រឹប​អូស​យក​អ្វីៗ​ទាំង​អស់ ហើយ​ប្រពន្ធ​របស់​គេ​ក៏​ត្រូវ​ខ្មាំង​រំលោភ​ដែរ។

17 យើង​នឹង​ជំរុញ​ជន‌ជាតិ​មេឌី ឲ្យ​លើក​គ្នា​មក​វាយ​ប្រហារ​ពួក​គេ។ អ្នក​ទាំង​នោះ​គ្មាន​ចិត្ត​ចង់​បាន​មាស ឬ​ប្រាក់​ទេ។

18 ជន‌ជាតិ​មេឌី​នឹង​បាញ់​ព្រួញ​ប្រហារ​ពួក​យុវជន ហើយ​គ្មាន​ចិត្ត​អាណិត​អាសូរ​ទារក​ដែល​ទើប នឹង​កើត ឬ​ក៏​អាណិត​មេត្តា​ក្មេង​តូចៗ​ទេ។

19 រីឯ​បាប៊ី‌ឡូន ជា​ក្រុង​ដ៏​ថ្កុំ‌ថ្កើង​ជាង​គេ​ក្នុង រាជា‌ណាចក្រ ដែល​ធ្វើ​ឲ្យ​ជន‌ជាតិ​ខាល់ដេ មាន​មោទន‌ភាព នឹង​ត្រូវ​អុលឡោះ​រំលាយ ដូច​ក្រុង​សូដុម និង​ក្រុង​កូម៉ូរ៉ា​ដែរ។

20 ក្រុង​នោះ​នឹង​លែង​មាន​នរណា​រស់​នៅ លែង​មាន​ប្រជា‌ជន​រហូត​ត​ទៅ។ សូម្បី​ពួក​អារ៉ាប់​ក៏​លែង​បោះ​ជំរំ​នៅ​ទី​នោះ ហើយ​ពួក​គង្វាល​ក៏​មិន​នាំ​ហ្វូង​ចៀម​របស់​ខ្លួន ទៅ​ស៊ី​ស្មៅ​នៅ​តាម​ទី​នោះ​ដែរ។

21 មាន​តែ​សត្វ​ព្រៃ​ប៉ុណ្ណោះ​ដែល​នឹង​នាំ​គ្នា​មក ស្នាក់​អាស្រ័យ​នៅ មាន​សត្វ​ទីទុយ​នាំ​គ្នា​មក​ធ្វើ​សំបុក​នៅ​តាម​ផ្ទះ សត្វ​ត្មាត​នាំ​គ្នា​មក​រស់​នៅ សត្វ​ពពែ​ព្រៃ​នាំ​គ្នា​មក​លោត​លេង។

22 ហ្វូង​ឆ្កែ​ព្រៃ​នឹង​លូ​នៅ​តាម​ដំណាក់​របស់​ពួក​គេ ហើយ​ហ្វូង​ស្វាន​រស់​នៅ​ក្នុង​វិមាន​លំហែ​កាយ។ ពេល​កំណត់​របស់​ក្រុង​បាប៊ី‌ឡូន​ជិត​មក​ដល់ ឥត​ពន្យារ​ឡើយ។

© 2014 United Bible Societies, UK.

United Bible Societies
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម