ទំនុកតម្កើង 88 - អាល់គីតាបសេចក្ដីស្លាប់បានខិតមកជិតខ្ញុំហើយ គីតាបសាបូររបស់កូនចៅលោកកូរេ។ ទំនុកពីសៀវភៅរបស់គ្រូចំរៀង។ ចាប់ផ្តើមជាមួយខ្លុយ។ កំណាព្យរបស់លោកហេម៉ាន់ជាអ្នកស្រុកអេសរ៉ាគីត។ 1 ឱអុលឡោះតាអាឡា ជាម្ចាស់សង្គ្រោះនៃខ្ញុំអើយ ពេលថ្ងៃខ្ញុំស្រែកអង្វរទ្រង់ ហើយពេលយប់ ខ្ញុំនៅតែរកទ្រង់ដដែល។ 2 សូមឲ្យពាក្យទូរអារបស់ខ្ញុំ បានឡើងទៅដល់ទ្រង់! សូមស្តាប់សំរែករបស់ខ្ញុំផង! 3 ដ្បិតខ្ញុំមានទុក្ខខ្លោចផ្សាឥតឧបមា សេចក្ដីស្លាប់បានខិតមកជិតខ្ញុំហើយ។ 4 គេចាត់ទុកខ្ញុំជាអ្នកស្ថិតនៅក្នុងចំណោម មនុស្សដែលត្រូវធ្លាក់ទៅក្នុងរណ្ដៅ ឬជាអ្នកស្ថិតនៅក្នុងចំណោមមនុស្ស ដែលលែងមានកម្លាំងទៀត។ 5 ខ្ញុំដេកស្តូកដូចមនុស្សស្លាប់នៅក្នុងផ្នូរ ខ្ញុំប្រៀបបាននឹងអស់អ្នកដែលទ្រង់ លែងនឹកនា និងលែងជួយទៀត។ 6 ទ្រង់បានបោះខ្ញុំទៅក្នុងរណ្ដៅដ៏ជ្រៅ ទៅក្នុងទីងងឹតសូន្យសុងនៃសេចក្ដីស្លាប់។ 7 កំហឹងរបស់ទ្រង់សង្កត់មកលើខ្ញុំ ដូចទឹករលកបក់បោកមកលើខ្ញុំ។ - សម្រាក 8 ទ្រង់បានធ្វើឲ្យអស់អ្នក ដែលជិតស្និទ្ធនឹងខ្ញុំចេញឆ្ងាយពីខ្ញុំ ទ្រង់ធ្វើឲ្យអ្នកទាំងនោះខ្ពើមខ្ញុំ ខ្ញុំគេចពីស្លាប់មិនរួចឡើយ។ 9 ភ្នែកខ្ញុំស្រវាំង ដោយកើតទុក្ខវេទនាខ្លាំងពេក ឱអុលឡោះតាអាឡាអើយ ខ្ញុំអង្វរទ្រង់ជារៀងរាល់ថ្ងៃ! ខ្ញុំលើកដៃឡើងទៅរកទ្រង់! 10 តើទ្រង់អាចធ្វើការអស្ចារ្យ សម្រាប់មនុស្សស្លាប់បានឬ? តើមនុស្សដែលស្លាប់ទៅហើយ អាចក្រោកឡើងសរសើរតម្កើងទ្រង់កើតឬ? - សម្រាក 11 តើអ្នកនៅក្នុងផ្នូរអាចថ្លែងពីចិត្ត មេត្តាករុណារបស់ទ្រង់ ហើយអ្នកដែលវិនាសបាត់បង់ជីវិតទៅហើយនោះ អាចថ្លែងពីចិត្តស្មោះស្ម័គ្រ របស់ទ្រង់កើតឬ? 12 តើអ្នកដែលនៅក្នុងស្ថានងងឹតអាចស្គាល់ ស្នាដៃដ៏អស្ចារ្យរបស់ទ្រង់បានឬ? តើអ្នកដែលមនុស្សម្នាភ្លេចសូន្យទៅហើយនោះ អាចស្គាល់សេចក្ដីសុចរិត របស់ទ្រង់ដូចម្ដេចបាន? 13 ឱអុលឡោះតាអាឡាអើយ ខ្ញុំស្រែកអង្វរទ្រង់ ខ្ញុំចូលមកទូរអា នៅចំពោះទ្រង់តាំងពីព្រឹក។ 14 ឱអុលឡោះតាអាឡាអើយ ហេតុអ្វីបានជាទ្រង់បោះ បង់ចោលខ្ញុំដូច្នេះ? ហេតុអ្វីបានជាទ្រង់លាក់មុខនឹងខ្ញុំ? 15 ខ្ញុំលំបាកវេទនា ជិតស្លាប់តាំងពីក្មេងមកម៉្លេះ ទ្រង់ធ្វើឲ្យខ្ញុំភ័យ តក់ស្លុតអស់សង្ឃឹម។ 16 កំហឹងដ៏ខ្លាំងក្លារបស់ទ្រង់ សង្កត់មកលើខ្ញុំ ទ្រង់ធ្វើឲ្យខ្ញុំ ភ័យតក់ស្លុតបាត់ស្មារតី។ 17 ទុក្ខទោសទាំងនេះប្រៀបបាន នឹងមហាសាគរដែលនៅឡោមព័ទ្ធខ្ញុំ ព្រមទាំងគ្របពីលើខ្ញុំជារៀងរាល់ថ្ងៃ។ 18 ទ្រង់បានយកមិត្តភក្ដិ ព្រមទាំងអ្នកជិតស្និទ្ធ នឹងខ្ញុំ ចេញឆ្ងាយពីខ្ញុំ គឺមានតែភាពងងឹតប៉ុណ្ណោះ ដែលនៅជាមួយខ្ញុំ។ |
© 2014 United Bible Societies, UK.
United Bible Societies