ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




សាការី 12:1 - អាល់គីតាប

សេចក្ដី​ប្រកាស នេះ​ជា​បន្ទូល​ដែលអុលឡោះ‌តាអាឡា ថ្លែង​អំពី​ស្រុក​អ៊ីស្រ‌អែល។ អុលឡោះ‌តាអាឡា​ដែល​បាន​លាត​សន្ធឹង​ផ្ទៃ​មេឃ ហើយ​ចាក់​គ្រឹះ​ផែនដី ព្រម​ទាំង​ផ្ដល់​ដង្ហើម​ជីវិត​ឲ្យ​មនុស្ស​លោក ទ្រង់​មាន​បន្ទូល​ថា៖

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

នេះជា​ទំនាយ ជា​ព្រះបន្ទូល​របស់​ព្រះយេហូវ៉ា ស្ដីអំពី​អ៊ីស្រាអែល​: នេះជា​សេចក្ដីប្រកាស​របស់​ព្រះយេហូវ៉ា ដែល​លាត​ផ្ទៃមេឃ ហើយ​ចាក់គ្រឹះ​ផែនដី ព្រមទាំង​សូន​វិញ្ញាណ​របស់​មនុស្ស​ឡើង​នៅក្នុង​ខ្លួនគេ​ផង​៖

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា ថ្លែង​ពី​ស្រុក​អ៊ីស្រា‌អែល។ ព្រះ‌យេហូវ៉ា ជា​ព្រះ​ដែល​បាន​លាត​ផ្ទៃ​មេឃ ហើយ​ដាំ​ឫស​ផែនដី ព្រម​ទាំង​បង្ក​បង្កើត​វិញ្ញាណ​នៅ​ក្នុង​ខ្លួន​មនុស្ស​ផង ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

សេចក្ដី​ប្រកាស នេះ​ជា​ព្រះ‌បន្ទូល​ដែល​ព្រះ‌អម្ចាស់ ថ្លែង​អំពី​ស្រុក​អ៊ីស្រា‌អែល។ ព្រះ‌អម្ចាស់​ដែល​បាន​លាត​សន្ធឹង​ផ្ទៃ​មេឃ ហើយ​ចាក់​គ្រឹះ​ផែនដី ព្រម​ទាំង​ផ្ដល់​ដង្ហើម​ជីវិត​ឲ្យ​មនុស្ស​លោក ទ្រង់​មាន​ព្រះ‌បន្ទូល​ថា៖

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

នេះ​ជា​ព្រះ‌បន្ទូល​យ៉ាង​ធ្ងន់​នៃ​ព្រះ‌យេហូវ៉ា ពី​ដំណើរ​អ៊ីស្រាអែល។ ព្រះ‌យេហូវ៉ា ជា​ព្រះ​ដែល​បាន​លាត​ផ្ទៃ​មេឃ ហើយ​ដាំ​ឫស​នៃ​ផែនដី ព្រម​ទាំង​បង្ក‌បង្កើត​វិញ្ញាណ​នៅ​ក្នុង​ខ្លួន​មនុស្ស​ផង ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា

សូមមើលជំពូក



សាការី 12:1
36 ការដាក់ឲ្យឆ្លើយតបគ្នា  

អុលឡោះ​ហៅ​លំហ​ដ៏​រឹង​មាំ​នោះ​ថា “មេឃ”។ ពេល​នោះ មាន​ល្ងាច មាន​ព្រឹក គឺ​ជា​ថ្ងៃ​ទី​ពីរ។


អុលឡោះ‌តាអាឡាជា​ម្ចាស់​បាន​យក​ធូលី​ដីមក​សូន​ធ្វើ​ជា​មនុស្ស រួច​ទ្រង់​ផ្លុំ​ដង្ហើម​ជីវិត​តាម​រន្ធ​ច្រមុះ​គេ មនុស្ស​ក៏​មាន​ជីវិត​រស់​ឡើង។


ទ្រង់​លាត​ត្រដាង​ទិស​ឧត្ដរ​នៅ​លើ​អាកាស ទ្រង់​ព្យួរ​ផែនដី​នៅ​លើ​លំហ។


ដូច្នេះ តើ​លោក​អាច​ជួយ​អុលឡោះ ដើម្បី​លាត​សន្ធឹង​អាកាស‌វេហាស៍ ដែល​រឹង​ដូច​កញ្ចក់​ដ៏​ភ្លឺ​រលើប​បាន​ដែរ​ឬ?


អុលឡោះ​យក​ពន្លឺ​មក​គ្រប​ដណ្ដប់​ជុំ‌វិញ​ទ្រង់ ទ្រង់​លាត​ផ្ទៃ​មេឃ​ធ្វើ​ជា​ជំរំ​សក្ការៈ។


សូម​អុលឡោះ‌តាអាឡា​ដែល​បាន​បង្កើត​ផ្ទៃ​មេឃ និង​ផែនដី ប្រទាន​ពរ​ដល់​អ្នក​ពី​ក្រុង​ស៊ីយ៉ូន!


ពេល​នោះ រូប​កាយ​ដែល​ជា​ធូលី​ដី​នឹង​វិល​ទៅ​ជា​ដី​ដូច​ដើម​វិញ រីឯ​វិញ្ញាណ ដែល​អុលឡោះ​ប្រទាន​ឲ្យ ក៏​នឹង​វិល​ទៅ​កាន់​ទ្រង់​វិញ​ដែរ។


តើ​នរណា​យក​ដៃ​ក្បង់​ទឹក​សមុទ្រ​មក​វាល់ ហើយ​យក​បាត​ដៃ​វាស់​ទំហំ​ផ្ទៃ​មេឃ? តើ​នរណា​យក​រង្វាល់​មក​វាល់​ធូលី ហើយ​ថ្លឹង​ទម្ងន់​ភ្នំ​ធំ​តូច​ទាំង‌ឡាយ?


ទ្រង់​ដែល​នៅ​ពី​លើ​លំហ​អាកាស ទ្រង់​មើល​មនុស្ស​នៅ​លើ​ផែនដី ឃើញ​មនុស្ស​ដូច​សត្វ​ស្រមោច ទ្រង់​លាត​សន្ធឹង​ផ្ទៃ​មេឃ ដូច​គេ​លាត​សន្ធឹង​ក្រណាត់​មួយ​ផ្ទាំង ទ្រង់​ដំឡើង​ផ្ទៃ​មេឃ​ធ្វើ​ជា​ដំណាក់ ដូច​ដំឡើង​ដំណាក់​របស់​អុលឡោះ។


នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា ជា​ម្ចាស់​ដែល​បាន​បង្កើត និង​លាត​ផ្ទៃ​មេឃ ទ្រង់​បាន​សន្ធឹង​ផែនដី និង​ធ្វើ​ឲ្យ​អ្វីៗ ទាំង​អស់​កកើត​ឡើង។ ទ្រង់​បាន​ប្រទាន​ដង្ហើម​ចេញ​ចូល​ឲ្យ សត្វ​លោក​ទាំង‌ឡាយ​នៅ​លើ​ផែនដី ហើយ​ប្រទាន​ជីវិត​ឲ្យ​អស់​អ្នក​ដែល ចរ‌យាត្រា​នៅ​លើ​ផែនដី​នេះ។


អុលឡោះ‌តាអាឡា​ដែល​បាន​លោះ​អ្នក គឺ​ទ្រង់​ដែល​បាន​បង្កើត​អ្នក​តាំង​ពី​ក្នុង ផ្ទៃ​ម្ដាយ​មក ទ្រង់​មាន​បន្ទូល​ដូច​ត​ទៅ: “យើង​ជាអុលឡោះ‌តាអាឡា​ដែល​បាន​បង្កើត អ្វីៗ​ទាំង​អស់​យើង​បាន​លាត​ផ្ទៃ​មេឃ ហើយ​យើង​ក៏​បាន​សន្ធឹង​ផែនដី ដោយ​ខ្លួន​យើង​ផ្ទាល់។


យើង​នេះ​ហើយ​ដែល​បាន​បង្កើត​ផែនដី ព្រម​ទាំង​បាន​បង្កើត​មនុស្ស​ឲ្យ​រស់ នៅ​លើ​ផែនដី​នេះ​ផង យើង​បាន​លាត​សន្ធឹង​ផ្ទៃ​មេឃ ដោយ​ដៃ​របស់​យើង​ផ្ទាល់ ហើយ​យើង​ក៏​បញ្ជា​ហ្វូង‌តារា​ទាំង​ប៉ុន្មាន នៅ​លើ​មេឃ​ដែរ”។


អុលឡោះ‌តាអាឡា​បាន​បង្កើត​ផ្ទៃ​មេឃ ព្រម​ទាំង​បាន​សូន​ផែនដី ទ្រង់​បាន​ពង្រឹង​ផែនដី​ឲ្យ​រឹង‌មាំ ទ្រង់​មិន​បាន​បង្កើត​ផែនដី​មក ដើម្បី​ឲ្យ​នៅ​ទទេ​ឡើយ គឺ​ទ្រង់​បាន​បង្កើត​ផែនដី ឲ្យ​សត្វ​លោក​ស្នាក់​អាស្រ័យ​នៅ។ ទ្រង់​មាន​បន្ទូល​ថា: “គឺ​យើង​នេះ​ហើយ​ជាអុលឡោះ‌តាអាឡា ក្រៅ​ពី​យើង គ្មាន​ម្ចាស់​ឯ​ណា​ទៀត​ទេ។


យើង​បាន​បង្កើត​ផែនដី​មក​ដោយ​ដៃ​យើង​ផ្ទាល់ យើង​បាន​លាត​សន្ធឹង​ផ្ទៃ​មេឃ ដោយ​អំណាច​របស់​យើង យើង​បាន​ហៅ​ផ្ទៃ​មេឃ ហើយ​ផ្ទៃ​មេឃ​ក៏​មក។


អ្នក​ភ្លេចអុលឡោះ‌តាអាឡា​ដែល​បាន​បង្កើត​អ្នក គឺ​ទ្រង់​ដែល​បាន​លាត​សន្ធឹង​ផ្ទៃ​មេឃ និង​ចាក់​គ្រឹះ​នៃ​ផែនដី។ រៀង​រាល់​ថ្ងៃ អ្នក​ចេះ​តែ​ភ័យ​ញ័រ​នៅ​ចំពោះ​មុខ មនុស្ស​ដែល​សង្កត់‌សង្កិន ហាក់​ដូច​ជា​គេ​មាន​កម្លាំង​បំផ្លាញ​អ្នក​បាន។ ពួក​គេ​ពុំ​អាច​គំរាម​កំហែង​អ្នក រហូត​ត​ទៅ​បាន​ឡើយ។


យើង​មិន​រក​រឿង​អ្នក​រាល់​គ្នា​រហូត​ទេ ហើយ​ក៏​មិន​ខឹង​នឹង​អ្នក​រាល់​គ្នា​រហូត​ដែរ បើ​មិន​ដូច្នោះ​ទេ សត្វ​លោក​ទាំង​ប៉ុន្មាន ដែល​យើង​បាន​បង្កើត​មក មុខ​ជា​រលត់​វិញ្ញាណ​មិន​ខាន។


រីឯ​អុលឡោះ​វិញ ទ្រង់​បាន​សូន​ផែនដី ដោយ​អំណាច​របស់​ទ្រង់ ទ្រង់​បាន​បង្កើត​ពិភព​លោក ដោយ​ប្រាជ្ញា‌ញាណ​របស់​ទ្រង់ ទ្រង់​បាន​លាត​សន្ធឹង​ផ្ទៃ​មេឃ ដោយ​តម្រិះ​របស់​ទ្រង់។


កូន​ចៅ​យ៉ាកកូប​ជា​អ្នក​បម្រើ​របស់​យើង​អើយ កុំ​ភ័យ​ខ្លាច​អ្វី​ឡើយ! -នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា - កូន​ចៅ​អ៊ីស្រ‌អែល​អើយ កុំ​អស់​សង្ឃឹម! យើង​នឹង​សង្គ្រោះ​អ្នក​រាល់​គ្នា​ឲ្យ​វិល​ត្រឡប់ មក​ពី​ទឹក​ដី​ដ៏​ឆ្ងាយ​វិញ យើង​នឹង​សង្គ្រោះ​ពូជ‌ពង្ស​របស់​អ្នក​រាល់​គ្នា ពី​ស្រុក​ដែល​គេ​ជាប់​ជា​ឈ្លើយ​សឹក។ កូន​ចៅ​យ៉ាកកូប​នឹង​វិល​មក​វិញ គេ​នឹង​រស់​នៅ​យ៉ាង​សុខ‌សាន្ត គ្មាន​នរណា​មក​ធ្វើ​ទុក្ខ​គេ​ទៀត​ឡើយ។


ហេតុ​នេះ អស់​អ្នក​ដែល​លេប​ត្របាក់​អ្នក មុខ​ជា​ត្រូវ​គេ​លេប​ត្របាក់​វិញ បច្ចា‌មិត្ត​របស់​អ្នក​នឹង​ជាប់​ជា​ឈ្លើយ ទាំង​អស់​គ្នា។ អស់​អ្នក​ដែល​កំទេច​អ្នក នឹង​ត្រូវ​គេ​កំទេច​វិញ យើង​នឹង​ធ្វើ​ឲ្យ​ពួក​ដែល​ប្លន់​អ្នក ត្រូវ​គេ​ប្លន់​វិញ​ដែរ។


ស្តេច​សេដេ‌គា​បាន​ស្បថ​ជា​សម្ងាត់ មក​យេរេមា​ថា៖ «ខ្ញុំ​សូម​ស្បថ​ក្នុង​នាមអុលឡោះ‌តាអាឡា ជា​ម្ចាស់​ដ៏​នៅ​អស់‌កល្ប ហើយ​ដែល​បាន​ប្រទាន​ជីវិត​មក​យើង​ថា ខ្ញុំ​នឹង​មិន​ប្រហារ​ជីវិត​អ្នក ឬ​ប្រគល់​អ្នក​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​អស់​លោក​ដែល​ចង់​ប្រហារ​ជីវិត​អ្នក​ឡើយ»។


ប៉ុន្តែ ម្ចាស់​ដែល​លោះ​ពួក​គេ ទ្រង់​ប្រកប​ដោយ​អំណាច ទ្រង់​មាន​នាម​ថា អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល។ ទ្រង់​ពិត​ជា​រក​យុត្តិធម៌​ឲ្យ​ពួក​គេ ហើយ​នាំ​សេចក្ដី​សុខ​មក​លើ​ទឹក​ដី និង​ធ្វើ​ឲ្យ អ្នក​ស្រុក​បាប៊ី‌ឡូន​កើត​ចលាចល។


អុលឡោះ‌តាអាឡា​បាន​សូន​ផែនដី ដោយ​អំណាច​របស់​ទ្រង់ ទ្រង់​បាន​បង្កើត​ពិភព​លោក ដោយ​ប្រាជ្ញា​ញាណ​របស់​ទ្រង់ ទ្រង់​បាន​លាត​សន្ធឹង​ផ្ទៃ​មេឃ ដោយ​តម្រិះ​របស់​ទ្រង់។


ពួក​ណាពី​របស់​នាង​បាន​នាំ​សុបិន​និមិត្ត ឥត​បាន​ការ និង​ឥត​ខ្លឹមសារ​មក​ប្រាប់​នាង ពួក​គេ​ពុំ​បាន​បង្ហាញ​អំពើ​អាក្រក់​របស់​នាង ដើម្បី​ស្ដារ​ស្រុក​របស់​នាង​ឡើង​វិញ​ឡើយ ផ្ទុយ​ទៅ​វិញ ពួក​គេ​នាំ​តែ​សុបិន​និមិត្ត ឥត​បាន​ការ​មក​បញ្ឆោត​នាង។


ដ្បិត​យើង​ជា​ម្ចាស់​លើ​ជីវិត​របស់​មនុស្ស​ទាំង​អស់ គឺ​ទាំង​ជីវិត​របស់​ឪពុក ទាំង​ជីវិត​របស់​កូន។ អ្នក​ណា​ប្រព្រឹត្ត​អំពើ​បាប អ្នក​នោះ​នឹង​បាត់​បង់​ជីវិត។


ស្រុក​អេស៊ីប​នឹង​ក្លាយ​ទៅ​ជា​ទី​ស្មសាន ស្រុក​អេដុម​នឹង​ក្លាយ​ទៅ​ជា​វាល​រហោ‌ស្ថាន ដ៏​ស្ងាត់​ជ្រងំ ព្រោះ​តែ​អំពើ​ឃោរ‌ឃៅ ដែល​ពួក​គេ​បាន​ប្រព្រឹត្ត​ចំពោះ​កូន​ចៅ​យូដា ហើយ​បង្ហូរ​ឈាម​ប្រជា‌ជន​ស្លូត​ត្រង់ នៅ​ក្នុង​ស្រុក​របស់​គេ។


យើង​នឹង​ចាត់​ទុក​ប្រជា‌ជន​នេះ ថា​គ្មាន​ទោស​ទៀត​ឡើយ។ យើង​ជាអុលឡោះ‌តាអាឡា នឹង​នៅ​ក្រុង​ស៊ីយ៉ូន»។


សេចក្ដី​ប្រកាស។ នេះ​ជា​បន្ទូល​ដែលអុលឡោះ‌តាអាឡា​ថ្លែង​អំពី​ស្រុក​ហាដ្រាក់។ ទ្រង់​មាន​បន្ទូល​ទៅ​កាន់ អ្នក​ក្រុង​ដាម៉ាស ដ្បិត​មនុស្ស​លោក​ទាំង‌ឡាយ​ក៏​ជា​កម្មសិទ្ធិ​របស់ អុលឡោះ‌តាអាឡា​ដូច​កុល‌សម្ព័ន្ធ​ទាំង​ប៉ុន្មាន នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល​ដែរ។


សេចក្ដី​ប្រកាស នេះ​ជា​បន្ទូល​ដែលអុលឡោះ‌តាអាឡា​ថ្លែង​មក​កាន់​ជន‌ជាតិ​អ៊ីស្រ‌អែល តាម​រយៈ​ម៉ាឡា‌គី។


អ្នក​ទាំង​ពីរ​ក្រាប​ចុះ​អោន​មុខ​ដល់​ដី ទូរអា​ថា៖ «ឱ អុលឡោះ​អើយ ទ្រង់​ជា‌ម្ចាស់​នៃ​ជីវិត​សត្វ​លោក​ទាំង​មូល! បើ​មនុស្ស​តែ​ម្នាក់​ប្រព្រឹត្ត​អំពើ​បាប តើ​ទ្រង់​គួរ​ខឹង​នឹង​សហគមន៍​ទាំង​មូល​ឬ?»។


ឪពុក​របស់​យើង​ផ្នែក​ខាង​សាច់​ឈាម​ធ្លាប់​វាយ​ប្រដៅ​យើង ហើយ​យើង​នៅ​តែ​គោរព​គាត់។ រីឯ​អុលឡោះ‌ជាបិតា​លើ​ជីវិតទាំង​អស់​នោះ​វិញ យើង​ត្រូវ​ស្ដាប់​បង្គាប់​ទ្រង់​ឲ្យ​រឹត​តែ​ខ្លាំង​ទៅ​ទៀត ដើម្បី​ឲ្យ​បាន​ទទួល​ជីវិត។