Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

យ៉ូប 37 - អាល់គីតាប

1 ពេល​នោះ ខ្ញុំ​ញ័រ​រន្ធត់​ជា​ខ្លាំង ស្ទើរ​តែ​គាំង​បេះ‌ដូង។

2 ចូរ​នាំ​គ្នា​ស្ដាប់​ចុះ ចូរ​នាំ​គ្នា​ស្ដាប់​សំឡេង ដែល​លាន់​ឮ​គគ្រឹក‌គគ្រេង គឺ​សំឡេង​ចេញ​មក​ពី​ទ្រង់

3 ទ្រង់​ធ្វើ​ឲ្យ​លាន់​ឮ​ពាស‌ពេញ​ផ្ទៃ​មេឃ ផ្លេក​បន្ទោរ​របស់​ទ្រង់​ភ្លឺ​រហូត​ទៅ​ដល់ ទី​ដាច់​ស្រយាល​នៃ​ផែនដី។

4 បន្ទាប់​មក សំឡេង​ដ៏​រំពង​របស់​ទ្រង់ លាន់​ឮ​ឡើង​ប្រកប​ដោយ​ភាព​ថ្កុំ‌ថ្កើង​រុង‌រឿង ហើយ​ពេល​ទ្រង់​បន្លឺ​សំឡេង​នោះ ទ្រង់​បណ្ដោយ​ឲ្យ​ផ្លេក​បន្ទោរ ជះ​ពន្លឺ​ដ៏​ព្រោង‌ព្រាត។

5 អុលឡោះ​បន្លឺ​សំឡេង​ដ៏​គួរ​ស្ញប់‌ស្ញែង ទ្រង់​ធ្វើ​កិច្ចការ​ដ៏​អស្ចារ្យ​បំផុត ដែល​យើង​ពុំ​អាច​ស្វែង​យល់​បាន។

6 ទ្រង់​បង្គាប់​ឲ្យ​ព្រឹល​ធ្លាក់​មក​លើ​ផែនដី ទ្រង់​បង្គាប់​ឲ្យ​ភ្លៀង​ទាំង​មេៗ​បង្អុរ​ចុះ​មក។

7 ពេល​នោះ ទ្រង់​បញ្ឈប់​សកម្ម‌ភាព របស់​មនុស្ស​ទាំង​អស់ ដើម្បី​ឲ្យ​គេ​ទទួល​ស្គាល់​ស្នា​ដៃ របស់​ទ្រង់។

8 សត្វ​ព្រៃ​នាំ​គ្នា​រត់​ទៅ​រក​ជំរក ហើយ​សំងំ​នៅ​ក្នុង​រូង​របស់​វា។

9 ខ្យល់​កួច​បក់​មក​ពី​ទិស​ខាង​ត្បូង ហើយ​ខ្យល់​ត្រជាក់​បក់​មក​ពី​ទិស​ខាង​ជើង។

10 ដោយ‌សារ​ខ្យល់​របស់​អុលឡោះ ទឹក​ប្រែ​ជា​កក ហើយ​ផ្ទៃ​ទឹក​ប្រែ​ជា​រឹង។

11 ទ្រង់​ធ្វើ​ឲ្យ​មាន​ចំហាយ​នៅ​ក្នុង​ពពក ព្រម​ទាំង​ឲ្យ​ពពក​នោះ​ជះ​ពន្លឺ​ដ៏​ភ្លឺ​ផ្លេក។

12 ទ្រង់​ឲ្យ​ពពក​រសាត់​ទៅ​គ្រប់​ទិស‌ទី ស្រប​តាម​បំណង​ដែល​ទ្រង់​ប្រើ​វា ឲ្យ​ទៅ​សព្វ​ទី​កន្លែង​នៅ​លើ​ផែនដី។

13 ធ្វើ​ដូច្នេះ ដើម្បី​ទ្រង់​ដាក់​ទោស​មនុស្ស នៅ​លើ​ផែនដី ឬ​សំដែង ចិត្ត​សប្បុរស​របស់​ទ្រង់។

14 អៃយ៉ូប​អើយ សូម​ត្រង‌ត្រាប់​ស្ដាប់​សេចក្ដី​ទាំង​នេះ សូម​នៅ​ស្ងៀម ហើយ​រិះ‌គិត​អំពី​ស្នា​ដៃ ដ៏​អស្ចារ្យ​របស់​ទ្រង់!

15 សូម​អ្នក​សង្កេត​ឲ្យ​ច្បាស់​ថា តើ​អុលឡោះ​បញ្ជា​ធម្ម‌ជាតិ​ទាំង​នោះ និង​បញ្ចេញ​ផ្លេក​បន្ទោរ​ពី​ពពក​របស់​ទ្រង់ តាម​របៀប​ណា?

16 តើ​អ្នក​ដឹង​ឬ​ទេ​ថា ពពក​រក្សា​លំនឹង នៅ​ក្នុង​អាកាស‌វេហាស៍ ដោយ​របៀប​ណា? ទាល់​តែ​អ្នក​មាន​ប្រាជ្ញា​ប្រសើរ​ឥត​ខ្ចោះ ទើប​សម្រេច​ការ​អស្ចារ្យ​បែប​នេះ​បាន។

17 ពេល​ធាតុ​អាកាស​ហប់ ដោយ‌សារ​ខ្យល់​ក្ដៅ​បក់​មក​ពី​ទិស​ខាង​ត្បូង នោះ​អ្នក​ក៏​ក្ដៅ​ស្អុះ‌ស្អាប់​ទៅ​ហើយ

18 ដូច្នេះ តើ​លោក​អាច​ជួយ​អុលឡោះ ដើម្បី​លាត​សន្ធឹង​អាកាស‌វេហាស៍ ដែល​រឹង​ដូច​កញ្ចក់​ដ៏​ភ្លឺ​រលើប​បាន​ដែរ​ឬ?

19 សូម​ប្រាប់​ឲ្យ​យើង​ដឹង​អំពី​សេចក្ដី​ដែល យើង​ត្រូវ​អង្វរ​ទ្រង់​ផង យើង​មិន​ដឹង​ជា​ត្រូវ​ថ្លែង​ដូច​ម្ដេច​ទេ ព្រោះ​យើង​ជា​មនុស្ស​ល្ងិត‌ល្ងង់។

20 ខ្ញុំ​មិន​ចង់​និយាយ​ទៅ​កាន់​ទ្រង់​ទេ ដ្បិត​ខ្ញុំ​មិន​ចង់​ហុច​ឱកាស​ឲ្យ​ទ្រង់​បំផ្លាញ​ខ្ញុំ។

21 រំពេច​នោះ គេ​មិន​អាច​មើល​ឃើញ​ពន្លឺ​ទៀត​ទេ ព្រោះ​ព្រះ‌អាទិត្យ​លាក់​ខ្លួន​នៅ​ពី​ក្រោយ​ពពក ហើយ​មាន​ខ្យល់​បក់​មក​ធ្វើ​ឲ្យ​ផ្ទៃ​មេឃ ប្រែ​ជា​ស្រឡះ។

22 មាន​ពន្លឺ​ពណ៌​មាស​ចេញ​មក​ពី​ទិស​ខាង​ជើង ព័ទ្ធ​ជុំ‌វិញ​អុលឡោះ​ដ៏​ថ្កុំ‌ថ្កើង និង​គួរ​ឲ្យ​ស្ញែង​ខ្លាច​ណាស់។

23 យើង​មិន​អាច​ចូល​ទៅ​ជិត​អុលឡោះ​ដ៏​មាន​អំណាច ខ្ពង់‌ខ្ពស់​បំផុត​បាន​ឡើយ ទ្រង់​ជា​ម្ចាស់​ដ៏​ឧត្ដម ដោយ‌សារ​អំណាច ទ្រង់​ប្រកប​ដោយ​យុត្តិធម៌ ហើយ​សុចរិត​បំផុត ទ្រង់​មិន​បំពាន​លើ​នរណា​ឡើយ!

24 ហេតុ​នេះ​ហើយ​បាន​ជា​មនុស្ស​លោក​ត្រូវ គោរព​កោត​ខ្លាច​ទ្រង់។ ទ្រង់​មិន​រវី‌រវល់​នឹង​អ្នក​ដែល​តាំង​ខ្លួន ជា​មនុស្ស​មាន​ប្រាជ្ញា​ឡើយ»។

© 2014 United Bible Societies, UK.

United Bible Societies
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម