Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

យ៉ូប 26 - អាល់គីតាប


ចម្លើយ​របស់​ណាពី​អៃយ៉ូប​ទៅ​កាន់​លោក​ប៊ីល‌ដាដ: លោក​ប៉ិន‌ប្រសប់​ជួយ​អ្នក​ដែល​គ្មាន​កម្លាំង​មែន!

1 អៃយ៉ូប​ឆ្លើយ​វិញ​ថា៖

2 «លោក​ប៉ិន‌ប្រសប់​ជួយ អ្នក​ដែល​គ្មាន​កម្លាំង​មែន! លោក​ប៉ិន‌ប្រសប់​ជួយ​ស្រោច​ស្រង់ មនុស្ស​ទន់​ខ្សោយ!

3 លោក​ក៏​ប៉ិន‌ប្រសប់​ជួយ​យោបល់ អ្នក​ដែល​គ្មាន​ប្រាជ្ញា​ដែរ! លោក​ពូកែ​ណែ‌នាំ​គេ​ឲ្យ​ចេះ​រិះ‌គិត​ណាស់!

4 តើ​លោក​ថ្លែង​សេចក្ដី​ទាំង​នេះ​ប្រាប់​នរណា? នរណា​បណ្ដាល​ចិត្ត​លោក​ឲ្យ​ថ្លែង​ដូច្នេះ?


អំណាច​របស់​អុលឡោះ

5 អស់​អ្នក​ដែល​ស្លាប់​ទៅ​ហើយ នាំ​គ្នា​ញ័រ​រន្ធត់​នៅ​ពី​ក្រោម​សមុទ្រ និង​ក្រោម​អ្វីៗ​ដែល​រស់​នៅ​ក្នុង​សមុទ្រ។

6 នរ៉កា​មិន​លាក់​កំបាំង​ចំពោះ ទ្រង់​ឡើយ ទ្រង់​មើល​ធ្លុះ​ដល់​រណ្ដៅ​នៃ​សេចក្ដី​វិនាស។

7 ទ្រង់​លាត​ត្រដាង​ទិស​ឧត្ដរ​នៅ​លើ​អាកាស ទ្រង់​ព្យួរ​ផែនដី​នៅ​លើ​លំហ។

8 ទ្រង់​បង្ខាំង​ទឹក​ទុក​នៅ​ក្នុង​ពពក តែ​ពពក​មិន​ធ្លាយ ដោយ‌សារ​ទម្ងន់​ទឹក​ឡើយ។

9 ទ្រង់​លាត​ត្រដាង​ពពក បាំង​បល្ល័ង្ក​របស់​ទ្រង់។

10 ទ្រង់​គូស​រង្វង់​មួយ​នៅ​លើ​ផ្ទៃ​ទឹក ត្រង់​ព្រំ‌ប្រទល់​រវាង​ពន្លឺ និង​ងងឹត។

11 សសរ​របស់​មេឃ​រញ្ជួយ និង​ភ័យ​តក់‌ស្លុត នៅ​ពេល​ឮ​ទ្រង់​ស្រែក​គំរាម។

12 ទ្រង់​បង្ក្រាប​សមុទ្រ ដោយ‌សារ​អំណាច​របស់​ទ្រង់។ ទ្រង់​កំទេច​សត្វ​ដ៏​សំបើម​នៅ​ក្នុង​សមុទ្រ ដោយ‌សារ​តម្រិះ​របស់​ទ្រង់។

13 ទ្រង់​ធ្វើ​ឲ្យ​ផ្ទៃ​មេឃ​ប្រែ​ជា​ស្រឡះ ដោយ‌សារ​ខ្យល់​ដង្ហើម​របស់​ទ្រង់ ទ្រង់​ចាក់​ទម្លុះ​ពស់​ដែល​កំពុង​តែ​គេច​ខ្លួន ដោយ‌សារ​ដៃ​របស់​ទ្រង់។

14 នេះ​គ្រាន់​តែ​ជា​ស្នា​ដៃ​ដ៏​តូច​របស់​ទ្រង់ ហើយ​យើង​ក៏​បាន​ឮ​តែ​បន្តិច‌បន្តួច​ប៉ុណ្ណោះ ចំណែក​ឯ​អំណាច​ដ៏​ខ្លាំង​ក្លា​របស់​ទ្រង់​វិញ តើ​នរណា​អាច​ស្វែង​យល់​បាន?»។

© 2014 United Bible Societies, UK.

United Bible Societies
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម