ម៉ាឡាគី 1 - អាល់គីតាបអុលឡោះបានជ្រើសរើសជនជាតិអ៊ីស្រអែល 1 សេចក្ដីប្រកាស នេះជាបន្ទូលដែលអុលឡោះតាអាឡាថ្លែងមកកាន់ជនជាតិអ៊ីស្រអែល តាមរយៈម៉ាឡាគី។ 2 អុលឡោះតាអាឡាមានបន្ទូលថា៖ «យើងស្រឡាញ់អ្នករាល់គ្នា តែអ្នករាល់គ្នាបែរជាពោលថា “តើមានអ្វីបញ្ជាក់ថា ទ្រង់ស្រឡាញ់យើងខ្ញុំ?”។ - នេះជាបន្ទូលរបស់អុលឡោះតាអាឡា - ទោះបីអេសាវជាបងរបស់យ៉ាកកូបក្តី ក៏យើងស្រឡាញ់យ៉ាកកូបជាងអេសាវ 3 គឺយើងមិនពេញចិត្តនឹងអេសាវទេ យើងបានធ្វើឲ្យភ្នំនៅស្រុកអេសាវ ក្លាយទៅជាទីស្មសាន ហើយយើងបានឲ្យឆ្កែព្រៃមករស់នៅក្នុង ទឹកដីដែលជាចំណែកមត៌ករបស់គេ។ 4 ប្រសិនបើអេដុមពោលថា “ពួកយើងនឹងសង់ស្រុក ដែលវិនាសនេះឡើងវិញ!” ឲ្យពួកគេសង់ទៅ! យើងនឹងកំទេចស្រុកនោះសាជាថ្មី។ គេនឹងហៅស្រុកនោះថា “ទឹកដីរបស់ជនទុច្ចរិត” “ប្រជាជនដែលអុលឡោះតាអាឡាខឹងរហូត”។ - នេះជាបន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់ នៃពិភពទាំងមូល។ 5 អ្នករាល់គ្នានឹងឃើញហេតុការណ៍នេះ ហើយពោលថា: “អុលឡោះតាអាឡាសំដែងអំណាច ហួសព្រំដែនស្រុកអ៊ីស្រអែលទៅទៀត!”»។ ការថ្វាយបង្គំមិនត្រឹមត្រូវ 6 «ធម្មតា កូនតែងតែគោរពឪពុក ហើយអ្នកបម្រើតែងតែគោរពម្ចាស់របស់ខ្លួន។ ប្រសិនបើយើងជាឪពុកមែន ម្ដេចក៏មិនឃើញអ្នករាល់គ្នាគោរពយើង ក្នុងឋានៈជាឪពុក? ប្រសិនបើយើងជាម្ចាស់មែន ម្ដេចក៏មិនឃើញអ្នករាល់គ្នាគោរពយើង ក្នុងឋានៈជាម្ចាស់? - នេះជាបន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់ នៃពិភពទាំងមូល។ រីឯអ្នករាល់គ្នា ដែលជាអ៊ីមុាំវិញ អ្នករាល់គ្នាមាក់ងាយនាមរបស់យើង តែអ្នករាល់គ្នាពោលថា “តើយើងខ្ញុំមាក់ងាយ នាមរបស់ទ្រង់ត្រង់ណា?”។ 7 អ្នករាល់គ្នាយកម្ហូបអាហារសៅហ្មង មកដាក់នៅលើអាសនៈរបស់យើង ហើយអ្នករាល់គ្នាពោលថា “តើយើងខ្ញុំបានធ្វើឲ្យទ្រង់សៅហ្មង ត្រង់ណា?” គឺមកពីអ្នករាល់គ្នាពោលថា: តុរបស់អុលឡោះតាអាឡាមិនសូវសំខាន់ទេ! 8 ពេលដែលអ្នករាល់គ្នាយកសត្វខ្វាក់ មកធ្វើគូរបាន តើមិនមែនជាការអាក្រក់ទេឬ? ពេលអ្នករាល់គ្នាយកសត្វបាក់ជើង ឬសត្វមានជំងឺមកធ្វើគូរបាន តើមិនមែនជាការអាក្រក់ទេឬ? បើអ្នកយកសត្វបែបនេះទៅជូន ទេសាភិបាលរបស់អ្នក តើគាត់សុខចិត្តទទួលយក ហើយទទួលអ្នកដោយរាក់ទាក់ឬ?» - នេះជាបន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់ នៃពិភពទាំងមូល។ 9 ឥឡូវនេះ ចូរនាំគ្នាទូរអាអង្វរអុលឡោះ សូមទ្រង់ប្រណីសន្ដោសពួកយើង! «បើអ្នករាល់គ្នានៅតែធ្វើអំពើអាក្រក់ដូច្នេះ តើអ្នករាល់គ្នាស្មានថា យើងទទួលអ្នករាល់គ្នា ដោយរាក់ទាក់ឬ? - នេះជាបន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់ នៃពិភពទាំងមូល។ 10 បើនៅតែដូច្នេះ គួរឲ្យនរណាម្នាក់ ក្នុងចំណោមអ្នករាល់គ្នាបិទទ្វារម៉ាស្ជិទ ដើម្បីកុំឲ្យអ្នករាល់គ្នាបង្កាត់ភ្លើង ជាអសារបង់នៅលើអាសនៈរបស់យើងទៀត! យើងមិនពេញចិត្តនឹងអ្នករាល់គ្នាទេ ហើយយើងក៏មិនទទួលជំនូនពីដៃ របស់អ្នករាល់គ្នាដែរ! - នេះជាបន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់ នៃពិភពទាំងមូល។ 11 ចាប់ពីទិសខាងកើត រហូតដល់ទិសខាងលិច នាមរបស់យើងប្រសើរឧត្ដុង្គឧត្ដម ក្នុងចំណោមប្រជាជាតិនានា។ នៅគ្រប់ទីកន្លែង គេនាំគ្នាដុតគ្រឿងក្រអូប ដើម្បីលើកតម្កើងនាមរបស់យើង ព្រមទាំងនាំយកជំនូនបរិសុទ្ធមកជាមួយផង ដ្បិតនាមរបស់យើងប្រសើរឧត្ដុង្គឧត្ដម ក្នុងចំណោមប្រជាជាតិនានា - នេះជាបន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់ នៃពិភពទាំងមូល។ 12 ប៉ុន្តែ អ្នករាល់គ្នាបង្អាប់បង្អោននាមរបស់យើង ដោយពោលថា: “តុរបស់អុលឡោះតាអាឡាសៅហ្មងហើយ មិនបាច់យកអាហារថ្លៃថ្នូរ ទៅតម្កល់លើតុនោះទេ”។ 13 អ្នករាល់គ្នាពោលថា “ពិធីទាំងនេះគួរឲ្យធុញទ្រាន់ណាស់!” ហើយក៏នាំគ្នាមើលងាយយើង - នេះជាបន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់ នៃពិភពទាំងមូល។ អ្នករាល់គ្នាយកសត្វដែលលួចគេ សត្វពិការ ឬសត្វមានជំងឺមកឲ្យយើង ទុកជាជំនូន តើយើងទទួលជំនូននេះ ពីដៃរបស់អ្នករាល់គ្នាកើតឬ? - នេះជាបន្ទូលរបស់អុលឡោះតាអាឡា។ 14 ជនបោកប្រាស់មុខជាត្រូវវេទនាពុំខាន! ដ្បិតគេទុកសត្វល្អៗក្នុងហ្វូងសត្វរបស់ខ្លួន ហើយបែរជាយកសត្វពិការ មកធ្វើជាគូរបានជូនអុលឡោះទៅវិញ! យើងជាស្តេចដ៏ឧត្ដម ប្រជាជាតិនានាស្ញែងខ្លាចនាមរបស់យើង» - នេះជាបន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់ នៃពិភពទាំងមូល។ |
© 2014 United Bible Societies, UK.
United Bible Societies