សាស្តា 12 - អាល់គីតាប1 ក្នុងពេលដែលអ្នកនៅក្មេងនៅឡើយ ត្រូវនឹកដល់អុលឡោះដែលបានបង្កើតអ្នក មុនពេលថ្ងៃវេទនាមកដល់ និងមុនពេលអាយុរបស់អ្នកកាន់តែជ្រេទៅៗ ហើយពេលនោះ អ្នកនឹងពោលថា «ខ្ញុំលែងសប្បាយក្នុងជីវិតទៀតហើយ»។ 2 ត្រូវនឹកដល់ទ្រង់ មុនពេលពន្លឺព្រះអាទិត្យ ព្រះច័ន្ទ និងផ្កាយទាំងឡាយប្រែទៅជាអាប់រស្មី ហើយមុនពេលពពក និងភ្លៀងមកដល់ផ្ទួនៗគ្នា។ 3 នៅថ្ងៃនោះ អ្នកយាមផ្ទះនឹងរញីរញ័រ មនុស្សដ៏ខ្លាំងពូកែបែរជាកោងខ្នង ស្ត្រីៗដែលកិន ម្សៅនឹងឈប់កិនមកពីខ្វះគ្នាជួយ ហើយអស់អ្នកដែលធ្លាប់តែសម្លឹងតាមបង្អួច ប្រែជាងងឹតភ្នែក។ 4 ជីវិតរបស់អ្នកនឹងរសាត់បាត់ទៅ ដូចទ្វារដែលបែរទៅរកផ្លូវត្រូវគេបិទ ដូចសំឡេងត្បាល់កិនដែលឮកាន់តែខ្សោយទៅៗ ដូចសំឡេងបក្សាបក្សីស្ងាត់សូន្យទៅវិញ និងដូចសំឡេងស្ត្រីចំរៀងទាំងអស់ចុះខ្សោយ។ 5 ពេលនោះ អ្នកនឹងមិនហ៊ានឡើងទៅកាន់ទីខ្ពស់ៗ ហើយក៏មិនហ៊ានធ្វើដំណើរដែរ។ សក់របស់អ្នកនឹងស្កូវដូចផ្កាកប្បាស អ្នកលែងរហ័សរហួនដូចកណ្ដូប អ្នកនឹងលែងដឹងរសជាតិអាហារទៀតហើយ។ មនុស្សលោកចេះតែឈានទៅរកទីលំនៅដែលស្ថិតស្ថេររហូត។ ពួកស៊ីឈ្នួលយំនឹងដើរក្រឡឹងជុំវិញផ្ទះអ្នក រង់ចាំពេលអ្នកស្លាប់។ 6 ពេលនោះ ខ្សែជីវិតត្រូវដាច់ដូចជាថូមាសបែក ដូចក្អមបែកនៅប្រភពទឹក ឬដូចរហាត់យោងទឹកបាក់ធ្លាក់ទៅក្នុងអណ្ដូង។ 7 ពេលនោះ រូបកាយដែលជាធូលីដីនឹងវិលទៅជាដីដូចដើមវិញ រីឯវិញ្ញាណ ដែលអុលឡោះប្រទានឲ្យ ក៏នឹងវិលទៅកាន់ទ្រង់វិញដែរ។ 8 តួនបានថ្លែងថា អ្វីៗទាំងអស់សុទ្ធតែគ្មានន័យគ្មានខ្លឹមសារ និងឥតបានការ។ អវសានកថា 9 តួនមិនត្រឹមតែជាអ្នកប្រាជ្ញប៉ុណ្ណោះទេ គឺគាត់ក៏បានបង្រៀនប្រជាជនឲ្យចេះដឹងដែរ គាត់បានពិចារណា និងថ្លឹងមើលសេចក្ដីផ្សេងៗ រួចចងក្រងជាសុភាសិតយ៉ាងច្រើន។ 10 តួនខិតខំស្វែងរកពាក្យពេចន៍ល្អៗមកបរិយាយ ឥតលំអៀង អំពីសេចក្ដីផ្សេងៗដែលត្រឹមត្រូវ។ 11 ពាក្យប្រៀនប្រដៅរបស់អ្នកប្រាជ្ញប្រៀបដូចជាជន្លួញ។ 12 កូនអើយ កុំបន្ថែមអ្វីពីលើពាក្យប្រៀនប្រដៅនេះឡើយ។ សៀវភៅដែលគេអាចសរសេរបានមានចំនួនច្រើនឥតគណនា ហើយការសិក្សាច្រើនរមែងធ្វើឲ្យរូបកាយនឿយហត់។ 13 អ្វីៗទាំងប៉ុន្មានដូចមានបរិយាយខាងលើ យើងអាចទាញជាសេចក្ដីសន្និដ្ឋានថា ត្រូវគោរពកោតខ្លាចអុលឡោះហើយកាន់តាមបទបញ្ជារបស់ទ្រង់។ នេះហើយជាការដែលមនុស្សគ្រប់ៗគ្នាត្រូវធ្វើ។ 14 អុលឡោះនឹងវិនិច្ឆ័យកិច្ចការទាំងប៉ុន្មានដែលមនុស្សធ្វើ ទោះបីជាអំពើដែលគេធ្វើដោយលាក់កំបាំង ហើយជាការល្អ ឬអាក្រក់ក្ដី។ |
© 2014 United Bible Societies, UK.
United Bible Societies