នៅពេលមានទុក្ខវេទនា ខ្ញុំអង្វររកអុលឡោះតាអាឡា ខ្ញុំស្រែកហៅរកម្ចាស់របស់ខ្ញុំ ពីក្នុងម៉ាស្ជិទរបស់ទ្រង់ ទ្រង់ស្តាប់ឮសំឡេងខ្ញុំ ហើយស្នូរសំរែករបស់ខ្ញុំបានឮទៅដល់ ទ្រង់។
ទំនុកតម្កើង 138:3 - អាល់គីតាប នៅថ្ងៃដែលខ្ញុំស្រែកអង្វរទ្រង់ ទ្រង់បានឆ្លើយតបមកខ្ញុំវិញ ទ្រង់ប្រទានឲ្យខ្ញុំ មានកម្លាំងចិត្តក្លៀវក្លា។ ព្រះគម្ពីរខ្មែរសាកល នៅថ្ងៃដែលទូលបង្គំស្រែកហៅ ព្រះអង្គបានឆ្លើយមកទូលបង្គំ; ព្រះអង្គទ្រង់ធ្វើឲ្យទូលបង្គំក្លាហានក្នុងព្រលឹង ដោយកម្លាំង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅថ្ងៃដែលទូលបង្គំបានអំពាវនាវ ព្រះអង្គបានឆ្លើយតបមកទូលបង្គំ ព្រះអង្គបានចម្រើនកម្លាំងចិត្តទូលបង្គំ ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅថ្ងៃដែលទូលបង្គំស្រែកអង្វរព្រះអង្គ ព្រះអង្គបានឆ្លើយតបមកទូលបង្គំវិញ ព្រះអង្គប្រទានឲ្យទូលបង្គំ មានកម្លាំងចិត្តក្លៀវក្លា។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នៅថ្ងៃដែលទូលបង្គំបានអំពាវនាវ នោះទ្រង់បានឆ្លើយតបមកទូលបង្គំ ទ្រង់បានកំឡាចិត្តទូលបង្គំ ដោយចំរើនកំឡាំងនៃព្រលឹងទូលបង្គំ |
នៅពេលមានទុក្ខវេទនា ខ្ញុំអង្វររកអុលឡោះតាអាឡា ខ្ញុំស្រែកហៅរកម្ចាស់របស់ខ្ញុំ ពីក្នុងម៉ាស្ជិទរបស់ទ្រង់ ទ្រង់ស្តាប់ឮសំឡេងខ្ញុំ ហើយស្នូរសំរែករបស់ខ្ញុំបានឮទៅដល់ ទ្រង់។
ចូរសង្ឃឹមទុកចិត្តលើអុលឡោះតាអាឡា! ចូរមានកម្លាំង និងមានចិត្តរឹងប៉ឹងឡើង! ចូរសង្ឃឹមទុកចិត្តលើអុលឡោះតាអាឡាចុះ!។
អុលឡោះតាអាឡាជាកម្លាំង និងជាខែលការពារខ្ញុំ ខ្ញុំទុកចិត្តលើទ្រង់ ហើយទ្រង់ជួយសង្គ្រោះខ្ញុំ ខ្ញុំសប្បាយចិត្តយ៉ាងខ្លាំង ខ្ញុំនឹងសរសើរតម្កើងទ្រង់ដោយបទចំរៀង!។
អុលឡោះតាអាឡាប្រទានអំណាច ឲ្យប្រជារាស្ត្ររបស់ទ្រង់ អុលឡោះតាអាឡាប្រទានពរឲ្យប្រជារាស្ត្រ របស់ទ្រង់មានសន្តិភាព។
ម៉ាឡាអ៊ីកាត់របស់អុលឡោះតាអាឡាថែរក្សាការពារ អស់អ្នកដែលគោរពកោតខ្លាចទ្រង់ ហើយរំដោះពួកគេឲ្យរួចពីគ្រោះថ្នាក់។
ចិត្តគំនិតខ្ញុំ នៅជាប់ជំពាក់នឹងទ្រង់ជានិច្ច ទ្រង់គាំទ្រខ្ញុំ ដោយអំណាចរបស់ទ្រង់។
អុលឡោះជាអ្នកសង្គ្រោះខ្ញុំ ខ្ញុំផ្ញើជីវិតលើទ្រង់ ខ្ញុំលែងភ័យខ្លាចទៀតហើយ ដ្បិតអុលឡោះតាអាឡាជាកម្លាំងរបស់ខ្ញុំ ខ្ញុំនឹងច្រៀងជូនទ្រង់ ព្រោះទ្រង់បានសង្គ្រោះខ្ញុំ»។
កុំភ័យខ្លាចអ្វី យើងស្ថិតនៅជាមួយអ្នក កុំព្រួយបារម្ភឲ្យសោះ យើងជាម្ចាស់របស់អ្នក យើងនឹងឲ្យអ្នកមានកម្លាំងរឹងប៉ឹង យើងជួយអ្នក យើងគាំទ្រអ្នក យើងនឹងសំដែងបារមី រកយុត្តិធម៌ឲ្យអ្នក។
ពេលនោះ យើងនឹងឆ្លើយតបចំពោះពួកគេ មុនពួកគេអង្វរករយើងទៅទៀត ពេលពួកគេកំពុងតែសូមអង្វរនោះ យើងសម្រេចតាមពាក្យសុំរបស់គេ រួចស្រេចទៅហើយ។
នៅថ្ងៃដែលខ្ញុំអង្វររកទ្រង់ ទ្រង់ចូលមកជិតខ្ញុំ ទ្រង់មានបន្ទូលថា “កុំខ្លាចអ្វីឡើយ!”។
ពេលនោះ គាត់ដែលមានទ្រង់ទ្រាយដូចមនុស្ស បានពាល់ខ្ញុំសាជាថ្មី ធ្វើឲ្យខ្ញុំមានកម្លាំងឡើងវិញ។
រួចហើយគាត់ពោលមកខ្ញុំថា៖ «កុំភ័យខ្លាចអី អុលឡោះពេញចិត្តនឹងអ្នកខ្លាំងណាស់ សូមឲ្យអ្នកបានប្រកបដោយសេចក្ដីសុខសាន្ត! ចូរមានកម្លាំងមាំមួនឡើង!»។ ពេលគាត់មានប្រសាសន៍មកខ្ញុំដូច្នេះ ខ្ញុំក៏មានកម្លាំងឡើងវិញ ហើយជម្រាបគាត់ថា៖ «សូមលោកម្ចាស់មានប្រសាសន៍មកខ្ញុំចុះ ព្រោះលោកម្ចាស់ធ្វើឲ្យខ្ញុំមានកម្លាំងហើយ»។
យើងនឹងពង្រឹងកម្លាំងប្រជារាស្ត្ររបស់យើង ពួកគេនឹងធ្វើដំណើរទៅមុខក្នុងនាមយើង» - នេះជាបន្ទូលរបស់អុលឡោះតាអាឡា។
សូមទ្រង់មេត្ដាប្រោសបងប្អូន ឲ្យមានកម្លាំងមាំមួនផ្នែកខាងក្នុងជម្រៅចិត្ដ ដោយរសរបស់ទ្រង់ តាមសិរីរុងរឿងដ៏ប្រសើរបំផុតរបស់ទ្រង់។
មួយវិញទៀត ចូរទាញយកកម្លាំង ដោយរួមជាមួយអ៊ីសាជាអម្ចាស់ និងដោយសារអំណាចដ៏ខ្លាំងក្លារបស់គាត់។
សូមឲ្យបងប្អូនមានកម្លាំងមាំមួនគ្រប់ជំពូក ដោយចេស្ដាដ៏រុងរឿងរបស់ទ្រង់ ដើម្បីឲ្យបងប្អូនអាចស៊ូទ្រាំនឹងអ្វីៗទាំងអស់ និងចេះអត់ធ្មត់ទៀតផង។
បន្ទាប់ពីបងប្អូនបានរងទុក្ខលំបាកមួយរយៈពេលខ្លីនេះរួចហើយ អុលឡោះប្រកបដោយសេចក្តីប្រណីសន្តោសគ្រប់យ៉ាង ដែលបានត្រាស់ហៅបងប្អូន ឲ្យទទួលសិរីរុងរឿងដ៏ស្ថិតស្ថេរអស់កល្បជានិច្ចរួមជាមួយអាល់ម៉ាហ្សៀស ទ្រង់នឹងលើកបងប្អូនឲ្យមានជំហរឡើងវិញ ប្រទានឲ្យបងប្អូនបានរឹងប៉ឹង មានកម្លាំង និងឲ្យបងប្អូនបានមាំមួនឥតរង្គើឡើយ។
ពេលនោះ ទតមានទុក្ខកង្វល់យ៉ាងខ្លាំង ព្រោះអស់អ្នកដែលនៅជាមួយគាត់គិតគ្នាចង់យកដុំថ្មគប់សម្លាប់គាត់ ដ្បិតម្នាក់ៗឈឺចាប់ក្នុងចិត្ត ដោយព្រួយបារម្ភដល់កូនប្រុស កូនស្រីរបស់ពួកគេ។ ប៉ុន្តែ អុលឡោះតាអាឡាជាម្ចាស់របស់ទត ប្រទានឲ្យគាត់មានកម្លាំងចិត្តឡើងវិញ។