ទំនុកតម្កើង 29 - អាល់គីតាបសំឡេងរបស់អុលឡោះ គីតាបសាបូររបស់ណាពីទត។ 1 ពពួកម៉ាឡាអ៊ីកាត់របស់អុលឡោះអើយ ចូរនាំគ្នាតម្កើងអុលឡោះតាអាឡា ចូរលើកតម្កើងសិរីរុងរឿង និងអំណាចរបស់អុលឡោះតាអាឡា។ 2 ចូរលើកតម្កើងនាមដ៏រុងរឿងរបស់អុលឡោះតាអាឡា ចូរនាំគ្នាក្រាបថ្វាយបង្គំអុលឡោះតាអាឡា នៅពេលទ្រង់សំដែងភាពវិសុទ្ធ របស់ទ្រង់! ។ 3 សំឡេងរបស់អុលឡោះតាអាឡា លាន់ឮឡើងនៅពីលើផ្ទៃទឹក អុលឡោះប្រកបដោយសិរីរុងរឿង ធ្វើឲ្យផ្គរលាន់ឮឡើង អុលឡោះតាអាឡានៅពីលើមហាសាគរ។ 4 សំឡេង របស់អុលឡោះតាអាឡា លាន់ឮឡើងប្រកបដោយអំណាច សំឡេងរបស់អុលឡោះតាអាឡា លាន់ឮឡើងប្រកបដោយភាពថ្កុំថ្កើង 5 សំឡេងរបស់អុលឡោះតាអាឡា ធ្វើឲ្យបាក់ដើមឈើដ៏ធំៗ អុលឡោះតាអាឡាបំបាក់ដើមឈើដ៏ធំៗនៅភ្នំលីបង់។ 6 ទ្រង់ធ្វើឲ្យដើមឈើទាំងនោះលោត ដូចកូនគោលោត ទ្រង់ធ្វើឲ្យភ្នំលីបង់ និងភ្នំស៊ីរាន លោត ដូចកូនក្របីលោត។ 7 សំឡេងរបស់អុលឡោះតាអាឡា បានធ្វើឲ្យមានរន្ទះលេចចេញមក។ 8 សំឡេងរបស់អុលឡោះតាអាឡា បានធ្វើឲ្យកក្រើកវាលរហោស្ថាន អុលឡោះតាអាឡាធ្វើឲ្យរញ្ជួយ វាលរហោស្ថានកាដេស។ 9 សំឡេងរបស់អុលឡោះតាអាឡា អង្រួនសត្វក្ដាន់ញីឲ្យកើតកូន និងធ្វើឲ្យព្រៃឈើជ្រុះស្លឹកអស់។ ពេលនោះ អ្វីៗក្នុងម៉ាស្ជិទនឹងស្រែកឡើងថា «សូមលើកតម្កើងសិរីរុងរឿងអុលឡោះតាអាឡា!»។ 10 អុលឡោះតាអាឡាគ្រប់គ្រងលើទឹកជំនន់ធំ អុលឡោះតាអាឡាគ្រងរាជ្យរហូតតទៅ 11 អុលឡោះតាអាឡាប្រទានអំណាច ឲ្យប្រជារាស្ត្ររបស់ទ្រង់ អុលឡោះតាអាឡាប្រទានពរឲ្យប្រជារាស្ត្រ របស់ទ្រង់មានសន្តិភាព។ |
© 2014 United Bible Societies, UK.
United Bible Societies