ទំនុកតម្កើង 28 - អាល់គីតាបពាក្យទូរអានៅពេលមានជំងឺ ទំនុករបស់ណាពីទត។ 1 ឱអុលឡោះតាអាឡាអើយ! ខ្ញុំស្រែកអង្វររកទ្រង់ ឱអុលឡោះជាថ្មដានៃខ្ញុំអើយ សូមស្តាប់សំរែករបស់ខ្ញុំផង! ប្រសិនបើទ្រង់នៅស្ងៀម មិនឆ្លើយនឹងខ្ញុំទេនោះ ខ្ញុំមុខជាធ្លាក់ទៅក្នុងរណ្ដៅមិនខាន! 2 ពេលខ្ញុំស្រែករកទ្រង់ ពេលខ្ញុំលើកដៃឆ្ពោះទៅកាន់ទីសក្ការៈបំផុត របស់ទ្រង់ សូមទ្រង់ស្តាប់ពាក្យសូមអង្វរ របស់ខ្ញុំផង។ 3 សូមកុំឲ្យខ្ញុំត្រូវវិនាសបាត់ទៅ ដូចមនុស្សពាល និងមនុស្សប្រព្រឹត្តអំពើទុច្ចរិត ដែលនិយាយរាក់ទាក់ជាមួយអ្នកដទៃ តែមានកលល្បិចនៅក្នុងខ្លួននោះឡើយ។ 4 សូមដាក់ទោសអ្នកទាំងនោះ ឲ្យសមតាមអំពើដែលគេប្រព្រឹត្ត និងល្បិចកិច្ចកលរបស់គេ សូមដាក់ទោសគេសមនឹងស្នាដៃរបស់ខ្លួន សូមឲ្យគេទទួលផលសមនឹងទោសរបស់ខ្លួន 5 ដ្បិតអ្នកទាំងនោះមិនយល់អំពីកិច្ចការ របស់អុលឡោះតាអាឡា ជាស្នាដៃដែលទ្រង់បានធ្វើនោះទេ។ សូមទ្រង់រំលំពួកគេ កុំឲ្យងើបឡើងវិញបានឡើយ!។ 6 សូមលើកតម្កើងអុលឡោះតាអាឡា! ដ្បិតទ្រង់ស្តាប់ពាក្យដែលខ្ញុំស្រែកអង្វរ។ 7 អុលឡោះតាអាឡាជាកម្លាំង និងជាខែលការពារខ្ញុំ ខ្ញុំទុកចិត្តលើទ្រង់ ហើយទ្រង់ជួយសង្គ្រោះខ្ញុំ ខ្ញុំសប្បាយចិត្តយ៉ាងខ្លាំង ខ្ញុំនឹងសរសើរតម្កើងទ្រង់ដោយបទចំរៀង!។ 8 អុលឡោះតាអាឡាការពារប្រជារាស្ដ្ររបស់ទ្រង់ ទ្រង់ជាកំពែងសម្រាប់សង្គ្រោះស្តេច ដែលទ្រង់បានចាក់ប្រេងតែងតាំង។ 9 សូមសង្គ្រោះប្រជារាស្ត្ររបស់ទ្រង់ សូមប្រទានពរដល់កូនចៅរបស់ទ្រង់ សូមទ្រង់ធ្វើជាអ្នកគង្វាល ថែរក្សាពួកគេរហូតតរៀងទៅ!។ |
© 2014 United Bible Societies, UK.
United Bible Societies