Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

ទំនុកតម្កើង 34 - អាល់គីតាប


ចិត្ត​សប្បុរស​របស់​អុលឡោះ
ទំនុក​របស់​ណាពី​ទត នៅ​គ្រា​ដែល​គាត់​ធ្វើ​ពុត​ជា​វិកល‌ចរិត​នៅ​ចំពោះ​មុខ​ស្ដេច​អប៊ី‌ម៉ាឡេក ធ្វើ​ឲ្យ​ស្ដេច​អប៊ី‌ម៉ាឡេក​ដេញ​គាត់​ចេញ​ទៅ។​

1 ខ្ញុំ​នឹង​អរ​គុណ​អុលឡោះ‌តាអាឡា គ្រប់​ពេល​វេលា ខ្ញុំ​នឹង​សរសើរ​តម្កើង​ទ្រង់​ឥត​ឈប់​សោះ​ឡើយ។

2 ខ្ញុំ​នឹង​បាន​ខ្ពស់​មុខ​ដោយ‌សារ​ទ្រង់! ចូរ​ឲ្យ​មនុស្ស​ទន់‌ទាប​ត្រង‌ត្រាប់​ស្ដាប់ ហើយ​មាន​អំណរ​សប្បាយ​ឡើង!។

3 សូម​ប្រកាស​ជា​មួយ​ខ្ញុំ​ថា អុលឡោះ‌តាអាឡា​ថ្កុំ‌ថ្កើង​រុង‌រឿង​ក្រៃ‌លែង! យើង​លើក​តម្កើង​នាម​ទ្រង់​ជា​មួយ​គ្នា!។

4 ខ្ញុំ​បាន​អង្វរ​អុលឡោះ‌តាអាឡា ទ្រង់​ក៏​ឆ្លើយ​តប​មក​ខ្ញុំ​វិញ ទ្រង់​បាន​រំដោះ​ខ្ញុំ​ឲ្យ​រួច​ពី​ការ​ភ័យ​ខ្លាច ទាំង​អម្បាល‌ម៉ាន។

5 អ្នក​ណា​សម្លឹង​ឆ្ពោះ​ទៅ​ទ្រង់ អ្នក​នោះ​នឹង​បាន​ពោរ‌ពេញ​ទៅ​ដោយ​អំណរ ហើយ​នឹង​មិន​ខក​ចិត្ត​សោះ​ឡើយ​ ។

6 មនុស្ស​ទុគ៌ត​ស្រែក​អង្វរ​អុលឡោះ‌តាអាឡា ទ្រង់​ស្តាប់​ពាក្យ​គេ ហើយ​សង្គ្រោះ​គេ​ឲ្យ​រួច​ផុត ពី​គ្រោះ​កាច​ទាំង​ប៉ុន្មាន​ផង។

7 ម៉ាឡា‌អ៊ីកាត់​របស់​អុលឡោះ‌តាអាឡា​ថែ‌រក្សា​ការពារ អស់​អ្នក​ដែល​គោរព​កោត​ខ្លាច​ទ្រង់ ហើយ​រំដោះ​ពួក​គេ​ឲ្យ​រួច​ពី​គ្រោះ​ថ្នាក់។

8 ចូរ​ពិសោធ​មើល​ដោយ​ខ្លួន​ឯង​ចុះ ដើម្បី​ឲ្យ​ដឹង​ថា​អុលឡោះ‌តាអាឡា មាន​ចិត្ត​សប្បុរស​ដ៏​លើស‌លប់! អ្នក​ណា​ពឹង​ផ្អែក​លើ​ទ្រង់ អ្នក​នោះ​មាន​សុភ‌មង្គល​ហើយ!។

9 អ្នក​រាល់​គ្នា​ដែល​ជា​ប្រជា‌រាស្ត្រ​ទ្រង់​អើយ ចូរ​គោរព​កោត​ខ្លាច​អុលឡោះ‌តាអាឡា ដ្បិត​អ្នក​ដែល​គោរព​កោត​ខ្លាច​ទ្រង់ នឹង​មិន​ខ្វះ​អ្វី​ឡើយ។

10 អ្នក​មាន​ អាច​ជួប​ប្រទះ​នឹង​ការ​អត់​ឃ្លាន ខ្វះ​ខាត​ចំណី​បរិភោគ តែ​អស់​អ្នក​ដែល​ស្វែង​រក​អុលឡោះ‌តាអាឡា នឹង​មិន​ខ្វះ​អ្វី​សោះ​ឡើយ។

11 កូន​ចៅ​អើយ ចូរ​នាំ​គ្នា​មក ហើយ​ស្ដាប់​ពាក្យ​ខ្ញុំ ខ្ញុំ​នឹង​បង្រៀន​អ្នក ឲ្យ​ស្គាល់​អំពី​ការ​គោរព​កោត​ខ្លាច​អុលឡោះ‌តាអាឡា។

12 តើ​មាន​នរណា​ចង់​បាន​អាយុ​វែង និង​រស់​នៅ​ប្រកប​ដោយ​សុភ‌មង្គល​ឬ​ទេ?

13 បើ​ចង់​បាន ត្រូវ​តែ​ចេះ​ទប់​អណ្ដាត កុំ​ពោល​ពាក្យ​អាក្រក់ និង​ចៀស‌វាង​និយាយ​បោក​បញ្ឆោត!។

14 ចូរ​ងាក​ចេញ​ពី​អំពើ​អាក្រក់ ហើយ​ប្រព្រឹត្ត​អំពើ​ល្អ​វិញ ចូរ​ខិត‌ខំ​ស្វែង​រក​សេចក្ដី​សុខ‌សាន្ត យ៉ាង​អស់​ពី​ចិត្ត។

15 អុលឡោះ‌តាអាឡា​តែង​រំពៃ​មើល​មនុស្ស​សុចរិត ហើយ​ទ្រង់​យក​ចិត្ត ទុក​ដាក់​នឹង​សំរែក​របស់​ពួក​គេ​ជា‌និច្ច។

16 អុលឡោះ‌តាអាឡា​តែងតែ​ប្រឆាំង នឹង​អស់​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​អាក្រក់ ពេល​ពួក​គេ​ស្លាប់​ទៅ គ្មាន​នរណា​នឹក​ដល់​ពួក​គេ​ទៀត​ទេ។

17 ពេល​មនុស្ស​សុចរិត​ស្រែក​រក​ទ្រង់ អុលឡោះ‌តាអាឡា​ស្តាប់​ពាក្យ​គេ ហើយ​ទ្រង់​រំដោះ​គេ ឲ្យ​រួច​ពី​ទុក្ខ​លំបាក​ទាំង​ប៉ុន្មាន។

18 អុលឡោះ‌តាអាឡា​នៅ​ជិត​អស់​អ្នក​ដែល​ក្រំ​ចិត្ត ហើយ​ទ្រង់​សង្គ្រោះ​អស់​អ្នក ដែល​មាន​ចិត្ត​សោក​សង្រេង។

19 មនុស្ស​សុចរិត​រមែង​ជួប​នឹង​ទុក្ខ​លំបាក​ជា​ច្រើន ប៉ុន្តែ អុលឡោះ‌តាអាឡា​តែងតែ​រំដោះ​គេ ឲ្យ​រួច​ផុត​ពី​ទុក្ខ​លំបាក​ទាំង​នោះ​ជា‌និច្ច។

20 ទ្រង់​ថែ‌រក្សា​គេ​ឲ្យ​បាន​សុខ‌សាន្ត គឺ​គ្មាន​ឆ្អឹង​ណា​មួយ​ត្រូវ​បាក់​បែក​ឡើយ។

21 អំពើ​អាក្រក់​តែង​ប្រហារ​ជីវិត​មនុស្ស​ពាល ហើយ​អ្នក​ដែល​ស្អប់​មនុស្ស​សុចរិត តែងតែ​ទទួល​ទោស​ជា‌និច្ច។

22 អុលឡោះ‌តាអាឡា​សង្គ្រោះ​ជីវិត​អ្នក​បម្រើ​របស់​ទ្រង់ ហើយ​អស់​អ្នក​ដែល​មក​ពឹង​ផ្អែក​លើ​ទ្រង់ តែងតែ​រួច​ផុត​ពី​ទុក្ខ​ទោស។

© 2014 United Bible Societies, UK.

United Bible Societies
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម