Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

បរិទេវ 3 - អាល់គីតាប


ត្រូវ​តែ​មាន​សង្ឃឹម​ជា‌និច្ច!

1 ខ្ញុំ​ជា​មនុស្ស​ម្នាក់​បាន​ឃើញ​ទុក្ខ​វេទនា នៅ​គ្រា​ដែល​អុលឡោះ​ខឹង។

2 ទ្រង់​បណ្ដើរ​ខ្ញុំ ហើយ​នាំ​ខ្ញុំ​ទៅ​នៅ​ក្នុង​ទី​ងងឹត គឺ​មិន​មែន​ក្នុង​ពន្លឺ​ឡើយ។

3 ជា​រៀង​រាល់​ថ្ងៃ ទ្រង់​លើក​ដៃ វាយ​ខ្ញុំ ហើយ​វាយ​ទៀត។

4 ទ្រង់​វាយ​ខ្ញុំ​ដាច់​សាច់​ដាច់​ស្បែក ទ្រង់​វាយ​បំបាក់​ឆ្អឹង​របស់​ខ្ញុំ។

5 ទ្រង់​យក​ការ​ឈឺ​ចាប់ និង​ទុក្ខ​វេទនា មក​រុំ​ព័ទ្ធ​ជុំ‌វិញ​ខ្ញុំ។

6 ទ្រង់​ទុក​ឲ្យ​ខ្ញុំ​រស់​នៅ​ក្នុង​ទី​ងងឹត ដូច​អស់​អ្នក​ដែល​ស្លាប់​តាំង​ពី​យូរ​មក​ហើយ។

7 ទ្រង់​ចង​ខ្ញុំ​ជាប់​នឹង​ជញ្ជាំង ដើម្បី​កុំ​ឲ្យ​ខ្ញុំ​ចេញ​រួច ទ្រង់​យក​ច្រវាក់​ដ៏​ធ្ងន់​មក​ចង​ខ្ញុំ។

8 ខ្ញុំ​ខំ​ប្រឹង​ស្រែក​អង្វរ​ឲ្យ​គេ​ជួយ តែ​ទ្រង់​ឃាត់​ឃាំង​គេ មិន​ឲ្យ​ឮ​ពាក្យ​អង្វរ​របស់​ខ្ញុំ​ទេ។

9 ទ្រង់​ដាក់​ផ្ទាំង​ថ្ម​រាំង​ផ្លូវ​ខ្ញុំ ទ្រង់​បាន​ពង្វាង​ផ្លូវ​ខ្ញុំ។

10 ទ្រង់​ប្រៀប​ដូច​ជា​ខ្លា‌ឃ្មុំ​ចាំ​ស្ទាក់​ផ្លូវ​ខ្ញុំ និង​ដូច​សិង្ហ​ដែល​ពួន​ចាំ​ប្រហារ​ខ្ញុំ។

11 ទ្រង់​ដេញ​ខ្ញុំ​ចេញ​ពី​ផ្លូវ ទ្រង់​ហែក​សាច់​ខ្ញុំ ព្រម​ទាំង​ធ្វើ​ឲ្យ​ខ្ញុំ​ត្រូវ​អន្តរាយ។

12 ទ្រង់​យឹត​ធ្នូ ហើយ​បាញ់​ព្រួញ​តម្រង់​មក​ខ្ញុំ។

13 ទ្រង់​យក​ព្រួញ​ទាំង​អស់ ពី​បំពង់​របស់​ទ្រង់ បាញ់​ទម្លុះ​រូប​កាយ​ខ្ញុំ។

14 ប្រជា‌ជន​របស់​ខ្ញុំ​ទាំង​មូល​សើច​ចំអក​ឲ្យ​ខ្ញុំ រៀង​រាល់​ថ្ងៃ ពួក​គេ​ច្រៀង​ឡក‌ឡឺយ​ដាក់​ខ្ញុំ។

15 ទ្រង់​ឲ្យ​ខ្ញុំ​បរិភោគ​បន្លែ​ដ៏​ជូរ​ចត់ ទ្រង់​ឲ្យ​ខ្ញុំ​ផឹក​ទឹក​ដែល​មាន​ជាតិ​ពុល។

16 ទ្រង់​ឲ្យ​ខ្ញុំ​ខាំ​ថ្ម​បាក់​ធ្មេញ ទ្រង់​ធ្វើ​ឲ្យ​ខ្ញុំ​ដួល​ផ្កាប់​មុខ​នៅ​ក្នុង​ផេះ។

17 ទ្រង់​ធ្វើ​ឲ្យ​សេចក្ដី​សុខ​ឃ្លាត​ឆ្ងាយ​ពី​ខ្ញុំ ហើយ​ខ្ញុំ​លែង​ដឹង​ថា​អ្វី​ទៅ​ជា​សុភ‌មង្គល។

18 ខ្ញុំ​ក៏​ពោល​ថា “ខ្ញុំ​លែង​មាន​អ្វី​ជា​ទី​ពឹង​ហើយ សូម្បី​តែ​សេចក្ដី​សង្ឃឹម​របស់​ខ្ញុំ​លើអុលឡោះ‌តាអាឡា ក៏​លែង​មាន​ទៀត​ដែរ”។

19 ពេល​ខ្ញុំ​នឹក​ដល់​ទុក្ខ​លំបាក និង​ភាព​តែល‌តោល ដែល​ខ្ញុំ​ជួប​ប្រទះ នោះ​ចិត្ត​ខ្ញុំ​ឈឺ​ចាប់​ខ្លោច‌ផ្សា​ក្រៃ‌លែង។

20 ទោះ​បី​ខ្ញុំ​ខំ​បំភ្លេច​ទុក្ខ​លំបាក​នេះ​ក្ដី ក៏​ខ្ញុំ​នៅ​តែ​នឹក​ឃើញ​ជា‌និច្ច។

21 តែ​ឥឡូវ​នេះ ខ្ញុំ​ចង់​គិត​ដល់​អ្វីៗ ដែល​នាំ​ខ្ញុំ​ឲ្យ​មាន​សង្ឃឹម​ឡើង​វិញ

22 គឺ​ខ្ញុំ​នឹក​ដល់​ចិត្ត​សប្បុរស របស់អុលឡោះ‌តាអាឡា ដែល​មិន​ចេះ​រលត់។ ទ្រង់​មាន​ចិត្ត​អាណិត​អាសូរ ចំពោះ​ខ្ញុំ ឥត​ទី​បញ្ចប់។

23 ទ្រង់​តែង​តែ​សំដែង​ចិត្ត​សប្បុរស និង​ចិត្ត​អាណិត​អាសូរ​នេះ សា​ជា​ថ្មី​រៀង​រាល់​ព្រឹក ចិត្ត​ស្មោះ​ត្រង់​របស់​ទ្រង់ មាន​ទំហំ​ធំ​ពន់​ពេក​ក្រៃ។

24 ខ្ញុំ​ពោល​ថា ខ្ញុំ​គ្មាន​កេរ‌មត៌ក​អ្វី ក្រៅ​ពីអុលឡោះ‌តាអាឡា​ទេ ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​សង្ឃឹម​លើ​ទ្រង់។

25 អុលឡោះ‌តាអាឡា​មាន​ចិត្ត​សប្បុរស ចំពោះ​អ្នក​ដែល​ពឹង​ផ្អែក​លើ​ទ្រង់ និង​ចំពោះ​អ្នក​ដែល​ស្វែង​រក​ទ្រង់។

26 ការ​តាំង​ចិត្ត​ស្ងប់​ស្ងៀម រង់‌ចាំអុលឡោះ‌តាអាឡា​មក​សង្គ្រោះ នោះ​ពិត​ជា​ការ​ល្អ​ប្រពៃ​មែន។

27 ជា​ការ​ប្រពៃ​ណាស់​ដែល​មនុស្ស ទទួល​ការ​លត់‌ដំ​តាំង​ពី​ក្មេង​ទៅ។

28 ពេល​ណា​ទ្រង់​ធ្វើ​ទោស យើង​ត្រូវ​អង្គុយ​យ៉ាង​ស្ងៀម​ស្ងាត់ ដាច់​ឡែក​តែ​ឯង

29 ហើយ​ក្រាប​ចុះ អោន​មុខ​ដល់​ដី ធ្វើ​ដូច្នេះ ប្រហែល​ជា​មាន​សេចក្ដី​សង្ឃឹម។

30 ត្រូវ​បែរ​ថ្ពាល់​ឲ្យ​គេ​ទះ និង​ទ្រាំ​ឲ្យ​គេ​ជេរ​ប្រមាថ​ចុះ

31 ដ្បិតអុលឡោះ‌តាអាឡា​មិន​បោះ​បង់​ចោល​យើង រហូត​ឡើយ។

32 ទោះ​បី​ទ្រង់​ដាក់​ទោស​ក្ដី ទ្រង់​នៅ​តែ​អាណិត​មេត្តា​ដដែល ដ្បិត​ចិត្ត​សប្បុរស​របស់​ទ្រង់ ធំ​ពន់​ពេក​ក្រៃ។

33 ទ្រង់​មិន​សប្បាយ​ចិត្ត​នឹង ដាក់​ទោស ឬ​ធ្វើ​ទណ្ឌ‌កម្ម​មនុស្ស‌ម្នា​ទេ។

34 ពេល​គេ​ជិះ‌ជាន់​ធ្វើ​បាប​អស់​អ្នក​ដែល ជាប់​ជា​ឈ្លើយ​ក្នុង​ស្រុក​ណា​មួយ

35 ពេល​គេ​រំលោភ​លើ​សិទ្ធិ​មនុស្ស ចំពោះ​ទ្រង់​ដ៏​ខ្ពង់‌ខ្ពស់​បំផុត

36 ពេល​គេ​កាត់​ក្ដី​មនុស្ស​ដោយ​អយុត្តិធម៌ អុលឡោះ‌តាអាឡា​មើល​ឃើញ​ទាំង​អស់!

37 ពេល​អុលឡោះ‌តាអាឡា​បង្គាប់​អ្វី​មួយ ការ​នោះ​ត្រូវ​តែ​កើត​ឡើង ក្រៅ​ពី​ទ្រង់ គ្មាន​នរណា​ធ្វើ​ដូច្នេះ​បាន​ទេ។

38 សុខ ឬ​ទុក្ខ​សុទ្ធ​តែ​ចេញ​មក​ពី​មាត់​របស់ ទ្រង់​ដ៏​ខ្ពង់‌ខ្ពស់​បំផុត។

39 ទោះ​បី​មនុស្ស​ម្នាក់ៗ​ប្រព្រឹត្ត​អំពើ​បាប​ក្ដី ក៏​ទ្រង់​ទុក​ឲ្យ​គេ​នៅ​រស់​ដដែល ដូច្នេះ ហេតុ​អ្វី​បាន​ជា​នាំ​គ្នា​រអ៊ូ‌រទាំ!

40 តោង​យើង​ពិនិត្យ‌ពិច័យ និង​ស្ទង់​មើល កិរិយា‌មារយាទ​របស់​ខ្លួន ហើយ​បែរ​ចិត្ត​គំនិត​មក​រកអុលឡោះ‌តាអាឡា​វិញ។

41 ពេល​យើង​លើក​ដៃ​ទូរអា​រក​អុលឡោះ ដែល​នៅ​សូរ៉កា តោង​យើង​ផ្ចង់​ចិត្ត​ទៅ​រក​ទ្រង់​ដែរ។

42 អុលឡោះ​អើយ យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​បាប ហើយ​បះ‌បោរ​ប្រឆាំង​នឹង​ទ្រង់ ទ្រង់​មិន​អត់‌ទោស​ឲ្យ​យើង​ខ្ញុំ​ទេ។

43 ទ្រង់​តាម​ប្រហារ​ជីវិត​យើង​ខ្ញុំ កំហឹង​បាន​បាំង​ទ្រង់​មិន​ឲ្យ ត្រា​ប្រណី​យើង​ខ្ញុំ។

44 ទ្រង់​ពួន​នៅ​ក្នុង​ពពក ដើម្បី​កុំ​ឲ្យ​ពាក្យ​ដែល​យើង​ខ្ញុំ​ទូរអា‌អង្វរ ឮ​ទៅ​ដល់​ទ្រង់​ឡើយ។

45 ទ្រង់​បាន​ធ្វើ​ឲ្យ​យើង​ខ្ញុំ​ក្លាយ​ទៅ​ជា សំរាម ដែល​គ្មាន​នរណា​រាប់​រក ក្នុង​ចំណោម​ជាតិ​សាសន៍​ទាំង‌ឡាយ។

46 ខ្មាំង​សត្រូវ​ទាំង​ប៉ុន្មាន​របស់​យើង​ខ្ញុំ នាំ​គ្នា​ជេរ​ប្រមាថ​យើង​ខ្ញុំ។

47 យើង​ខ្ញុំ​ជួប​ប្រទះ​តែ​គ្រោះ​កាច ការ​ភ័យ​ខ្លាច និង​ការ​វិនាស​អន្តរាយ។

48 ទឹក​ភ្នែក​ខ្ញុំ​ហូរ​ដូច​ទឹក​ស្ទឹង ព្រោះ​តែ​មហន្ត‌រាយ​នៃ​ប្រជា‌ជន​របស់​ខ្ញុំ។

49 ទឹក​ភ្នែក​ខ្ញុំ​ហូរ​ឥត​ឈប់​ឈរ និង​ឥត​ស្រាក‌ស្រាន្ត

50 រហូត​ទាល់​តែអុលឡោះ‌តាអាឡា​មើល​ឃើញ ពី​សូរ៉កា។

51 ចិត្ត​ខ្ញុំ​សោក‌សៅ​អាណិត​ស្រី​ក្រមុំ​ទាំង​ប៉ុន្មាន នៅ​ក្នុង​ក្រុង​របស់​ខ្ញុំ។

52 អស់​អ្នក​ដែល​តាំង​ខ្លួន​ជា​សត្រូវ​របស់​ខ្ញុំ ដោយ​ឥត​ហេតុ​ផល ដេញ​តាម​ប្រហារ​ខ្ញុំ ដូច​តាម​បាញ់​សត្វ​ស្លាប។

53 ពួក​គេ​បោះ​ខ្ញុំ​ក្នុង​អណ្ដូង រួច​យក​ថ្ម​គ្រប​ពី​លើ ដើម្បី​ឲ្យ​ខ្ញុំ​ថប់​ដង្ហើម។

54 ពេល​នោះ ទឹក​លិច​ក្បាល​ខ្ញុំ ខ្ញុំ​ពោល​ថា ខ្ញុំ​ស្លាប់​ហើយ!

55 ឱអុលឡោះ‌តាអាឡា​អើយ ខ្ញុំ​អង្វរ​រក​នាម របស់​ទ្រង់​ពី​បាត​អណ្ដូង​នោះ​មក។

56 ទ្រង់​ស្តាប់​ឮ​សំឡេង​ដែល​ខ្ញុំ ស្រែក​អង្វរ​ថា: “សូម​កុំ​បែរ​ចេញ​ពី​ខ្ញុំ​ឡើយ សូម​ស្ដាប់​សំរែក​អង្វរ​របស់​ខ្ញុំ សូម​ជួយ​ខ្ញុំ​ផង!”។

57 នៅ​ថ្ងៃ​ដែល​ខ្ញុំ​អង្វរ​រក​ទ្រង់ ទ្រង់​ចូល​មក​ជិត​ខ្ញុំ ទ្រង់​មាន​បន្ទូល​ថា “កុំ​ខ្លាច​អ្វី​ឡើយ!”។

58 អុលឡោះ​អើយ ទ្រង់​រក​យុត្តិធម៌ ឲ្យ​ខ្ញុំ ទ្រង់​បាន​លោះ​ជីវិត​ខ្ញុំ​មក​វិញ។

59 អុលឡោះ‌តាអាឡា​អើយ ទ្រង់​បាន​មើល​ឃើញ​ពួក​គេ សង្កត់‌សង្កិន​ខ្ញុំ សូម​រក​យុត្តិធម៌​ឲ្យ​ខ្ញុំ​ផង!

60 ទ្រង់​បាន​មើល​ឃើញ​ការ​សង‌សឹក​របស់​ពួក​គេ ព្រម​ទាំង​ការ​ឃុប‌ឃិត​ទាំង​ប៉ុន្មាន ប្រឆាំង​នឹង​ខ្ញុំ។

61 អុលឡោះ‌តាអាឡា​អើយ ទ្រង់​បាន​ឮ​ពាក្យ​ដែល ពួក​គេ​ជេរ​ប្រមាថ ព្រម​ទាំង​ការ​ឃុប​ឃិត​ទាំង​ប៉ុន្មាន ប្រឆាំង​នឹង​ខ្ញុំ។

62 ទ្រង់​បាន​ឮ​ពួក​គេ​និយាយ ហើយ​ក៏​ឮ​ពួក​គេ​គិត‌គូរ​គម្រោង‌ការ ប្រឆាំង​នឹង​ខ្ញុំ​ដែរ។

63 សូម​មើល​ចុះ ទោះ​បី​ពួក​គេ​អង្គុយ ឬ​ឈរ​ក្តី ពួក​គេ​នាំ​គ្នា​ច្រៀង​ឡក‌ឡឺយ​ដាក់​ខ្ញុំ។

64 ឱអុលឡោះ‌តាអាឡា​អើយ សូម​តប​ស្នង​ទៅ​ពួក​គេ​វិញ ស្រប​តាម​អំពើ​ដែល​ពួក​គេ​ប្រព្រឹត្ត។

65 សូម​ធ្វើ​ឲ្យ​ពួក​គេ​មាន​ចិត្ត​រឹង‌រូស ហើយ​ដាក់​បណ្ដាសា​ពួក​គេ​ទៅ។

66 ទ្រង់​ដេញ​តាម​ពួក​គេ ទាំង​ខឹង ហើយ​ប្រល័យ​ជីវិត​ពួក​គេ​ឲ្យ​បាត់​សូន្យ ពី​ផែនដី​នេះ។

© 2014 United Bible Societies, UK.

United Bible Societies
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម