សាស្តា 1:17 - ព្រះគម្ពីរខ្មែរសាកល រួចខ្ញុំដាក់ចិត្តដើម្បីស្គាល់ប្រាជ្ញា និងដើម្បីស្គាល់ភាពចម្កួត និងភាពល្ងង់ នោះខ្ញុំបានយល់ឃើញថា នេះក៏ជាការដេញចាប់ខ្យល់ដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ យើងក៏បានផ្ចង់ចិត្តឲ្យស្គាល់ប្រាជ្ញា ព្រមទាំងសេចក្ដីចម្កួត និងការផ្តេសផ្តាស។ ខ្ញុំយល់ឃើញថា ការនេះដូចគ្នា ក៏មិនខុសពីដេញចាប់ខ្យល់ដែរ ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ខ្ញុំខិតខំស្វែងយល់អំពីប្រាជ្ញា ព្រមទាំងស្វែងយល់អំពីភាពលេលា និងការវង្វេងស្មារតី។ ខ្ញុំយល់ឃើញថា សូម្បីតែត្រង់នេះក៏ដូចដេញចាប់ខ្យល់ដែរ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ យើងក៏បានផ្ចង់ចិត្តឲ្យបានស្គាល់ប្រាជ្ញា ព្រមទាំងសេចក្ដីចំកួត នឹងសេចក្ដីផ្តេសផ្តាស ក៏យល់ឃើញថា ការនោះជាអសារឥតការដែរ អាល់គីតាប ខ្ញុំខិតខំស្វែងយល់អំពីប្រាជ្ញា ព្រមទាំងស្វែងយល់អំពីភាពលេលា និងការវង្វេងស្មារតី។ ខ្ញុំយល់ឃើញថា សូម្បីតែត្រង់នេះក៏ដូចដេញចាប់ខ្យល់ដែរ |
“សេចក្ដីឥតន័យលើអស់ទាំងសេចក្ដីឥតន័យ!”។ សាស្ដាពោលថា៖ “អ្វីៗទាំងអស់សុទ្ធតែឥតន័យ!”។
ដោយហេតុនេះ ខ្ញុំបានស្អប់ជីវិត ពីព្រោះកិច្ចការដែលត្រូវបានធ្វើនៅក្រោមថ្ងៃ គួរឲ្យព្រួយចិត្តសម្រាប់ខ្ញុំ។ ដ្បិតការទាំងអស់សុទ្ធតែជាការឥតន័យ និងជាការដេញចាប់ខ្យល់។
ដោយចិត្តរបស់ខ្ញុំនៅតែដឹកនាំដោយប្រាជ្ញា ខ្ញុំបានសង្កេតក្នុងចិត្តខ្ញុំថា តើធ្វើឲ្យសាច់ឈាមរបស់ខ្ញុំស្រួលដោយស្រាទំពាំងបាយជូរ ព្រមទាំងចាប់ភាពល្ងង់ឲ្យជាប់យ៉ាងដូចម្ដេច រហូតទាល់តែបានឃើញថា អ្វីជាការល្អសម្រាប់ឲ្យមនុស្សលោកធ្វើនៅក្រោមមេឃ ក្នុងថ្ងៃដ៏តិចតួចនៃជីវិតរបស់ពួកគេ។
ដ្បិតវាសនារបស់មនុស្សលោក និងវាសនារបស់សត្វ គឺមានវាសនាដូចគ្នាសម្រាប់ពួកទាំងពីរ; ដូចដែលការស្លាប់របស់មួយនេះជាយ៉ាងណា ការស្លាប់របស់មួយនោះក៏ជាយ៉ាងនោះដែរ ហើយទាំងអស់មានដង្ហើមដូចគ្នា; មនុស្សគ្មានអ្វីពិសេសជាងសត្វឡើយ ដ្បិតទាំងអស់សុទ្ធតែឥតន័យ។
ខ្ញុំបានឃើញដែរថា អស់ទាំងការនឿយហត់ និងអស់ទាំងការស្ទាត់ជំនាញក្នុងការងារ គឺចេញពីចិត្តច្រណែនរបស់មនុស្សចំពោះអ្នកជិតខាងរបស់ខ្លួន។ នេះក៏ជាការឥតន័យ និងជាការដេញចាប់ខ្យល់ដែរ!
ដៃម្ខាងពេញដោយភាពស្ងប់ស្ងៀម ប្រសើរជាងដៃទាំងពីរពេញដោយការនឿយហត់ និងការដេញចាប់ខ្យល់។
អ្វីដែលភ្នែកមើលឃើញ ប្រសើរជាងចិត្តដែលស្រមើស្រមៃ។ នេះក៏ជាការឥតន័យ និងជាការដេញចាប់ខ្យល់ដែរ!
នៅពេលខ្ញុំដាក់ចិត្តឲ្យយល់ប្រាជ្ញា និងឲ្យឃើញបន្ទុកដែលត្រូវបានធ្វើនៅលើផែនដី——ដ្បិតមានអ្នកខ្លះមិនឃើញដំណេកក្នុងភ្នែករបស់ខ្លួន ទាំងយប់ទាំងថ្ងៃ——
នេះហើយ ជាការអាក្រក់មួយក្នុងការទាំងអស់ដែលត្រូវបានធ្វើនៅក្រោមថ្ងៃ គឺមានវាសនាតែមួយសម្រាប់មនុស្សទាំងអស់។ លើសពីនេះទៅទៀត ចិត្តរបស់មនុស្សលោកពេញដោយសេចក្ដីអាក្រក់ ហើយមានភាពចម្កួតនៅក្នុងចិត្តអស់មួយជីវិតរបស់ពួកគេ រួចក្រោយមក ពួកគេទៅឯមនុស្សស្លាប់។