សាស្តា 1 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ការឆ្លុះបញ្ចាំងនៃរាជ្យអ្នកទស្សនវិទូ 1 ទាំងនេះជាពាក្យរបស់គ្រូប្រដៅ ដែលជាបុត្ររបស់ព្រះបាទដាវីឌ ស្តេចនៅក្រុងយេរូសាឡិម។ 2 «ការឥតប្រយោជន៍ទទេៗ» នេះជាពាក្យរបស់គ្រូប្រដៅ ពោលទុកថា ការឥតប្រយោជន៍ទទេៗ គ្រប់ទាំងអស់សុទ្ធតែអត់ប្រយោជន៍ទទេៗ។ 3 តើមនុស្សមានកម្រៃអ្វីខ្លះ ពីកិច្ចការទាំងប៉ុន្មានដែលខ្លួនខំធ្វើ ដោយនឿយហត់នៅក្រោមថ្ងៃ? 4 មនុស្សតំណមួយកន្លងបាត់ទៅ ហើយតំណមួយទៀតកើតឡើង តែផែនដីស្ថិតស្ថេរនៅជាដរាប។ 5 ថ្ងៃរះឡើង ហើយលិចទៅវិញ រួចប្រញាប់នឹងវិលទៅឯកន្លែង ដែលរះឡើងនោះទៀត 6 ឯខ្យល់ក៏បក់ទៅខាងត្បូង រួចវិលមកខាងជើងវិញ គឺវិលទៅវិលមកជានិច្ច ហើយក៏ត្រឡប់មកតាមផ្លូវដដែលទៀត។ 7 ទន្លេទាំងប៉ុន្មានហូរធ្លាក់ទៅក្នុងសមុទ្រ តែសមុទ្រមិនចេះពេញឡើយ ហើយទឹកទន្លេក៏ត្រឡប់ទៅហូរ តាមផ្លូវដដែលវិញទៀត 8 គ្រប់ការ ទាំងអស់ច្រំដែលៗគួរឲ្យធុញទ្រាន់ មនុស្សរកពាក្យថ្លែងមិនបាន ភ្នែកមើលមិនចេះឆ្អែត ហើយត្រចៀកក៏ស្តាប់មិនចេះពេញ។ 9 អ្វីដែលមានពីមុនមក នោះនឹងមានតទៅទៀត ហើយអ្វីដែលបានធ្វើពីមុនមក នោះក៏នឹងត្រូវធ្វើតទៅទៀត ឥតមានអ្វីថ្មីនៅក្រោមថ្ងៃឡើយ។ 10 តើមានអ្វីណាមួយដែលគេអាចថា «នេះជារបស់ថ្មី» ទេ? គឺសុទ្ធតែមានតាំងពីបុរាណមក ក៏មាននៅអស់កល្ប មុនដែលមនុស្សយើងកើតមកផង។ 11 គ្មានអ្នកណានឹកចាំពីអ្វីៗនៅជំនាន់មុនទេ ហើយជំនាន់មនុស្សទៅខាងមុខ ក៏នឹងមិននឹកចាំ ចំពោះអ្វីៗដែលមិនទាន់មាន ដែលនឹងមកដល់បន្ទាប់ទៀតដែរ។ ជាការឥតប្រយោជន៍នៃការស្វែងរកប្រាជ្ញា 12 យើងគឺជាគ្រូប្រដៅ បានធ្វើជាស្តេចនៃសាសន៍អ៊ីស្រាអែល នៅក្រុងយេរូសាឡិម។ 13 យើងបានផ្ចង់ចិត្តពិនិត្យមើល ហើយស្វែងរកដោយប្រាជ្ញា ពីគ្រប់ទាំងអស់ដែលកើតមាននៅក្រោមមេឃ នេះហើយជាការមានទម្ងន់ដែលព្រះបានប្រគល់មកឲ្យមនុស្សជាតិប្រឹងធ្វើ។ 14 យើងបានឃើញកិច្ចការទាំងឡាយដែលធ្វើនៅក្រោមថ្ងៃ ហើយមើល៍ ការទាំងនោះសុទ្ធតែឥតប្រយោជន៍ទទេ ក៏ដូចជាដេញចាប់ខ្យល់ ។ 15 របស់ណាដែលវៀច នោះនឹងធ្វើឲ្យត្រង់ឡើងវិញមិនបាន ហើយរបស់អ្នកណាដែលខ្វះខាត នោះនឹងរាប់មិនបានដែរ។ 16 យើងបាននឹកក្នុងចិត្តថា «យើងបានធំឡើងហើយ មានប្រាជ្ញាលើសជាងអ្នកណាដែលនៅក្រុងយេរូសាឡិមមុនយើងទៅទៀត អើ ចិត្តយើងធ្លាប់បានដឹងចំពោះប្រាជ្ញា និងតម្រិះជាច្រើន»។ 17 យើងក៏បានផ្ចង់ចិត្តឲ្យស្គាល់ប្រាជ្ញា ព្រមទាំងសេចក្ដីចម្កួត និងការផ្តេសផ្តាស។ ខ្ញុំយល់ឃើញថា ការនេះដូចគ្នា ក៏មិនខុសពីដេញចាប់ខ្យល់ដែរ ។ 18 ដ្បិតដែលមានប្រាជ្ញាច្រើន ក៏កើតទុក្ខច្រើន ហើយអ្នកណាដែលចម្រើនចំណេះ ក៏ចម្រើនសេចក្ដីព្រួយឡើងដែរ។ |
© 2016 United Bible Societies
Bible Society in Cambodia