Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

សាស្តា 1 - ព្រះគម្ពីរខ្មែរសាកល


អ្វីៗទាំងអស់សុទ្ធតែឥតន័យ

1 នេះជា​ពាក្យ​របស់​សាស្ដា​បុត្រ​របស់​ដាវីឌ ជា​ស្ដេច​នៅ​យេរូសាឡិម​:

2 “សេចក្ដីឥតន័យ​លើ​អស់ទាំង​សេចក្ដីឥតន័យ​!”។ សាស្ដា​ពោលថា​៖ “សេចក្ដីឥតន័យ​លើ​អស់ទាំង​សេចក្ដីឥតន័យ​! អ្វីៗ​ទាំងអស់​សុទ្ធតែ​ឥតន័យ​!”។

3 តើ​មនុស្ស​បាន​ប្រយោជន៍​អ្វី​ពី​អស់ទាំង​ការនឿយហត់​របស់ខ្លួន ដែល​គេ​ប្រឹងប្រែងធ្វើ​នៅក្រោម​ថ្ងៃ​?

4 ជំនាន់​មួយ​កន្លងផុតទៅ ហើយ​ជំនាន់​មួយ​ទៀត​ក៏​មកដល់ ប៉ុន្តែ​ផែនដី​នៅស្ថិតស្ថេរ​ជារៀងរហូត​។

5 ព្រះអាទិត្យ​រះឡើង ហើយ​ព្រះអាទិត្យ​លិច​ទៅ​វិញ រួច​ប្រញាប់​ទៅ​កន្លែង​ដែល​វា​រះឡើង​នោះ​។

6 ខ្យល់​បក់​ទៅ​ទិសខាងត្បូង រួច​វិល​ទៅ​ទិសខាងជើង​វិញ គឺ​បក់​វិលទៅវិលមក ហើយ​ខ្យល់​ក៏​ត្រឡប់មកវិញ តាម​វដ្ដ​របស់វា​។

7 ទន្លេ​ទាំងអស់​ហូរទៅ​ក្នុង​សមុទ្រ ប៉ុន្តែ​សមុទ្រ​មិន​ចេះ​ពេញ​ឡើយ​; កន្លែង​ដែល​ទន្លេ​តែងតែ​ហូរ​ទៅ វា​ក៏​ហូរទៅ​ទីនោះ​ទៀត​។

8 អ្វីៗ​ទាំងអស់​គួរឲ្យធុញទ្រាន់ រហូតដល់​មនុស្ស​រក​ថ្លែង​ពុំបាន​; ភ្នែក​មិនចេះ​ឆ្អែត​នឹង​ការ​មើល ហើយ​ត្រចៀក​ក៏​មិនចេះ​ស្កប់ស្កល់​នឹង​ការ​ស្ដាប់​ដែរ​។

9 អ្វី​ដែល​បាន​កើតមាន​ហើយ ក៏​នឹង​កើតមាន​ទៀត​; អ្វី​ដែល​បាន​ធ្វើ​ហើយ ក៏​នឹង​ត្រូវបាន​ធ្វើ​ទៀត​; គ្មាន​អ្វី​ថ្មី​នៅក្រោម​ថ្ងៃ​ឡើយ​។

10 តើ​មាន​អ្វីមួយ​ដែល​គេ​អាច​និយាយថា​៖ “មើល៍! នេះ​ជាអ្វី​ថ្មី” ទេ​? តាមពិត វា​មាន​រួចហើយ​តាំងពីបុរាណមក គឺ​មាន​មុន​យើង​ទៅទៀត​។

11 គ្មាន​ការនឹកចាំ​អំពី​អ្វីៗ​ពីមុន​ឡើយ ហើយ​សូម្បីតែ​អ្វីៗ​នៅ​ខាងមុខ​ដែល​នឹង​កើតមាន ក៏​នឹង​មិន​ត្រូវ​ពួកអ្នកដែល​មក​ដល់​បន្ទាប់ទៀត នឹកចាំ​ដែរ​។


ដែនកំណត់នៃប្រាជ្ញា

12 ខ្ញុំ សាស្ដា ជា​ស្ដេច​លើ​អ៊ីស្រាអែល នៅ​យេរូសាឡិម​។

13 ខ្ញុំ​បាន​ដាក់ចិត្ត​ដើម្បី​ស្វែងរក និង​សង្កេត​ដោយ​ប្រាជ្ញា ពី​គ្រប់ការទាំងអស់​ដែល​ត្រូវបាន​ធ្វើ​នៅក្រោម​មេឃ នោះ​វា​ជា​បន្ទុក​ដ៏ធ្ងន់​ដែល​ព្រះ​បាន​ដាក់​លើ​មនុស្សលោក ឲ្យ​បាន​រវល់​នឹង​វា​។

14 ខ្ញុំ​បាន​ឃើញ​កិច្ចការ​ទាំងអស់​ដែល​ត្រូវបាន​ធ្វើ​នៅក្រោម​ថ្ងៃ នោះ​មើល៍! ការទាំងអស់​សុទ្ធតែជា​ការឥតន័យ និង​ជា​ការដេញចាប់​ខ្យល់​។

15 អ្វី​ដែល​វៀច​មិនអាច​ធ្វើឲ្យត្រង់​បានឡើយ អ្វីដែលគ្មាន​ក៏​មិនអាច​រាប់​បាន​ដែរ​។

16 ខ្ញុំ​បាន​និយាយ​ក្នុង​ចិត្ត​ថា​៖ “មើល៍! ខ្ញុំ​បាន​បង្កើន និង​ចម្រើន​ប្រាជ្ញា លើស​អស់អ្នក​ដែល​គ្រប់គ្រង​យេរូសាឡិម​មុន​ខ្ញុំ​ទៅទៀត ហើយ​ចិត្ត​ខ្ញុំ​ក៏​បាន​យល់ដឹង​យ៉ាងច្បាស់​នូវ​ប្រាជ្ញា និង​ចំណេះដឹង​ដែរ”។

17 រួច​ខ្ញុំ​ដាក់ចិត្ត​ដើម្បី​ស្គាល់​ប្រាជ្ញា និង​ដើម្បី​ស្គាល់​ភាពចម្កួត និង​ភាពល្ងង់ នោះ​ខ្ញុំ​បាន​យល់ឃើញ​ថា នេះ​ក៏​ជា​ការដេញចាប់​ខ្យល់​ដែរ​។

18 ជាការពិត មាន​ប្រាជ្ញា​ច្រើន ទុក្ខព្រួយ​ក៏​ច្រើន ហើយ​ចំណេះដឹង​កើនឡើង ទុក្ខសោក​ក៏​កើនឡើង​ដែរ​៕

GLOBAL KHMER BIBLE©

Copyright © 2023 by Global Bible Initiative

Global Bible Initiative
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម