សាស្តា 1 - អាល់គីតាបអ្វីៗទាំងអស់សុទ្ធតែឥតបានការ 1 នេះជាពាក្យរបស់តួន ជាបុត្ររបស់ស្តេចទត និងជាស្តេចនៅក្រុងយេរូសាឡឹម។ 2 តួនបានថ្លែងថា: អ្វីៗទាំងអស់សុទ្ធតែឥតន័យ ឥតខ្លឹមសារ និងឥតបានការ។ 3 មនុស្សខំប្រឹងធ្វើការយ៉ាងនឿយហត់នៅលើផែនដី តើបានប្រយោជន៍អ្វី? 4 មនុស្សមួយជំនាន់ចាកចេញពីលោកនេះទៅ មនុស្សមួយជំនាន់ទៀតចូលមក ហើយផែនដីនៅស្ថិតស្ថេរដដែល។ 5 ព្រះអាទិត្យរះឡើង រួចលិចទៅវិញ ហើយប្រញាប់វិលត្រឡប់ទៅកន្លែងដែលត្រូវរះសាជាថ្មី។ 6 ខ្យល់បក់ទៅទិសខាងត្បូង ទៅទិសខាងជើង វិលទៅវិលមក បក់តាមទិសរបស់ខ្លួនវិញ។ 7 ទន្លេទាំងប៉ុន្មានហូរចាក់ទៅក្នុងសមុទ្រ តែសមុទ្រមិនចេះពេញឡើយ ហើយទឹកទន្លេក៏វិលទៅហូរតាមផ្លូវរបស់វាវិញដែរ។ 8 អ្វីៗទាំងអស់សុទ្ធតែច្រំដែលៗ រហូតដល់មនុស្សរកពាក្យមកថ្លែងពុំបាន។ ភ្នែកសម្លឹងមើល តែមិនចេះស្កប់ ត្រចៀកត្រងត្រាប់ស្ដាប់ តែមិនចេះធុញទ្រាន់។ 9 ហេតុការណ៍ដែលធ្លាប់មានកាលពីមុន ក៏នឹងមាននៅពេលខាងមុខ ការអ្វីៗដែលគេធ្វើពីមុន គេនឹងធ្វើនៅពេលខាងមុខដែរ គឺនៅលើផែនដី គ្មានការអ្វីថ្មីសោះឡើយ។ 10 ប្រសិនបើគេពោលអំពីហេតុការណ៍អ្វីមួយថា «នេះជាហេតុការណ៍ថ្មី» តោងដឹងថាហេតុការណ៍នោះធ្លាប់កើតមាន តាំងពីបុរាណកាលរួចស្រេចទៅហើយ។ 11 គ្មាននរណានឹកចាំពីអតីតកាលទេ ហើយហេតុការណ៍ដែលនឹងកើតឡើងនៅអនាគត ក៏មនុស្សជំនាន់ក្រោយមិននឹកចាំដែរ។ បទពិសោធរបស់តួន 12 ខ្ញុំតួន ខ្ញុំគ្រងរាជ្យលើស្រុកអ៊ីស្រអែលនៅក្រុងយេរូសាឡឹម។ 13 ខ្ញុំខិតខំស្វែងរក និងយកប្រាជ្ញាមករិះគិតពិចារណាអំពីអ្វីៗទាំងប៉ុន្មាន ដែលកើតមាននៅក្រោមមេឃនេះ។ អុលឡោះតំរូវឲ្យមនុស្សលោកខ្វល់ខ្វាយធ្វើការយ៉ាងនឿយហត់បំផុត។ 14 ខ្ញុំបានឃើញថាស្នាដៃទាំងប៉ុន្មាន ដែលមនុស្សធ្វើនៅលើផែនដី សុទ្ធតែឥតបានការ ដូចដេញចាប់ខ្យល់។ 15 អ្វីៗដែលកោង ពុំអាចបត់ឲ្យត្រង់វិញបានឡើយ ហើយអ្វីៗដែលខ្វះក៏ពុំអាចរាប់បានដែរ។ 16 ខ្ញុំរិះគិតថា: ខ្ញុំមានប្រាជ្ញាកាន់តែច្រើនឡើងៗ លើសស្ដេចឯទៀតៗ ដែលគ្រងរាជ្យនៅក្រុងយេរូសាឡឹមមុនខ្ញុំ។ ខ្ញុំមានបទពិសោធជាច្រើនអំពីប្រាជ្ញា និងការចេះដឹង។ 17 ខ្ញុំខិតខំស្វែងយល់អំពីប្រាជ្ញា ព្រមទាំងស្វែងយល់អំពីភាពលេលា និងការវង្វេងស្មារតី។ ខ្ញុំយល់ឃើញថា សូម្បីតែត្រង់នេះក៏ដូចដេញចាប់ខ្យល់ដែរ 18 ដ្បិតមានប្រាជ្ញាច្រើន មានទុក្ខកង្វល់ក៏ច្រើន ហើយមានការចេះដឹងច្រើន មានទុក្ខព្រួយក៏ច្រើនដែរ។ |
© 2014 United Bible Societies, UK.
United Bible Societies