សាស្តា 8 - ព្រះគម្ពីរខ្មែរសាកលប្រាជ្ញា អំណាច និងភាពមិនស្មើគ្នា 1 តើនរណាដូចមនុស្សមានប្រាជ្ញា? តើនរណាដឹងការបកស្រាយនូវសេចក្ដីអ្វីមួយ? ប្រាជ្ញារបស់មនុស្សធ្វើឲ្យទឹកមុខរបស់គេភ្លឺថ្លា ហើយភាពរឹងរូសនៃទឹកមុខរបស់គេក៏ផ្លាស់ប្ដូរដែរ។ 2 ខ្ញុំសូមទូន្មានអ្នកឲ្យរក្សាសេចក្ដីបង្គាប់របស់ស្ដេច ដោយព្រោះសម្បថរបស់ព្រះ។ 3 កុំប្រញាប់ចេញពីព្រះភក្ត្រស្ដេចឡើយ ក៏កុំប្រកាន់គោលជំហរក្នុងការអាក្រក់ដែរ ដ្បិតស្ដេចនឹងធ្វើអ្វីក៏ដោយដែលទ្រង់សព្វព្រះទ័យ។ 4 ជាការពិត រាជឱង្ការរបស់ស្ដេចមានអំណាច; តើនរណាហ៊ានទូលទ្រង់ថា៖ “តើព្រះករុណាកំពុងធ្វើអ្វី?”។ 5 អ្នកដែលកាន់តាមសេចក្ដីបង្គាប់ នឹងមិនជួបការអាក្រក់ឡើយ ហើយចិត្តរបស់មនុស្សមានប្រាជ្ញា ស្គាល់ពេល និងនីតិវិធី; 6 ដ្បិតមានពេល និងនីតិវិធីសម្រាប់អ្វីៗទាំងអស់ ទោះបីជាមហន្តរាយរបស់មនុស្សសង្កត់លើគេយ៉ាងធ្ងន់ក៏ដោយ។ 7 ដ្បិតមនុស្សមិនដឹងអ្វីដែលនឹងកើតឡើងទេ ដូច្នេះតើនរណាអាចប្រាប់គេអំពីអ្វីដែលនឹងកើតឡើងបាន? 8 គ្មានមនុស្សណាអាចគ្រប់គ្រងលើខ្យល់ ដើម្បីឃាត់ខ្យល់បានឡើយ ក៏គ្មានអ្នកណាអាចគ្រប់គ្រងលើថ្ងៃស្លាប់បានដែរ; គ្មានការឲ្យចេញពីកងទ័ពក្នុងពេលមានសង្គ្រាមឡើយ ហើយសេចក្ដីអាក្រក់ក៏មិនរំដោះមនុស្សធ្វើអាក្រក់ដែរ។ 9 ខ្ញុំបានឃើញការទាំងអស់នេះ ហើយដាក់ចិត្តចំពោះកិច្ចការទាំងអស់ដែលត្រូវបានធ្វើនៅក្រោមថ្ងៃ គឺថាជួនកាលមានមនុស្សត្រួតត្រាលើមនុស្សដទៃ ជាអន្តរាយដល់ខ្លួនវិញ។ 10 បន្ទាប់មក ខ្ញុំបានឃើញមនុស្សអាក្រក់ត្រូវបានបញ្ចុះ។ ពីមុនពួកគេបានចេញចូលទីវិសុទ្ធ ប៉ុន្តែពួកគេត្រូវបានភ្លេចនៅក្នុងទីក្រុងដែលពួកគេបានធ្វើដូច្នោះ។ នេះក៏ជាការឥតន័យដែរ។ 11 ដោយសារការកាត់ទោសចំពោះកិច្ចការអាក្រក់មិនត្រូវបានអនុវត្តយ៉ាងឆាប់ ដូច្នេះចិត្តមនុស្សលោកក៏ពេញដោយការធ្វើអាក្រក់។ 12 ថ្វីត្បិតតែមនុស្សបាបធ្វើអាក្រក់មួយរយដង ហើយនៅតែមានអាយុវែងក៏ដោយ ប៉ុន្តែខ្ញុំដឹងថា នឹងទៅជាល្អដល់អ្នកកោតខ្លាចព្រះ ពីព្រោះពួកគេកោតខ្លាចនៅចំពោះព្រះអង្គ។ 13 ប៉ុន្តែវានឹងមិនទៅជាល្អដល់មនុស្សអាក្រក់ឡើយ ហើយគេនឹងមិនអាចធ្វើឲ្យអាយុវែងដូចស្រមោលបានដែរ ពីព្រោះគេមិនកោតខ្លាចនៅចំពោះព្រះ។ 14 មានការឥតន័យមួយដែលត្រូវបានធ្វើនៅលើផែនដី គឺថាមានមនុស្សសុចរិតខ្លះដែលមានកើតឡើងដល់ខ្លួនតាមអំពើរបស់មនុស្សអាក្រក់ ហើយក៏មានមនុស្សអាក្រក់ខ្លះដែលមានកើតឡើងដល់ខ្លួនតាមអំពើរបស់មនុស្សសុចរិតវិញ។ ខ្ញុំសូមនិយាយថា នេះក៏ជាការឥតន័យដែរ។ 15 ដូច្នេះ ខ្ញុំសូមលើកសរសើរការសប្បាយ ពីព្រោះសម្រាប់មនុស្ស គ្មានអ្វីប្រសើរនៅក្រោមថ្ងៃ ជាងហូប និងផឹក ហើយសប្បាយឡើយ ដ្បិតមានការនេះជាប់តាមគេក្នុងការនឿយហត់របស់ខ្លួន នៅថ្ងៃនៃជីវិតរបស់គេដែលព្រះបានប្រទានដល់គេនៅក្រោមថ្ងៃ។ 16 នៅពេលខ្ញុំដាក់ចិត្តឲ្យយល់ប្រាជ្ញា និងឲ្យឃើញបន្ទុកដែលត្រូវបានធ្វើនៅលើផែនដី——ដ្បិតមានអ្នកខ្លះមិនឃើញដំណេកក្នុងភ្នែករបស់ខ្លួន ទាំងយប់ទាំងថ្ងៃ—— 17 នោះខ្ញុំបានយល់ឃើញពីកិច្ចការទាំងអស់របស់ព្រះថា មនុស្សរកយល់មិនបាននូវកិច្ចការដែលត្រូវបានធ្វើនៅក្រោមថ្ងៃឡើយ ទោះបីជាមនុស្សប្រឹងប្រែងស្វែងរកក៏ដោយ ក៏គេរកយល់មិនបានដែរ។ ទោះបីជាមនុស្សមានប្រាជ្ញាអះអាងថាដឹងក៏ដោយ ក៏គេរកយល់មិនបានដែរ៕ |