សាស្តា 2 - ព្រះគម្ពីរខ្មែរសាកលការសប្បាយជាការឥតន័យ 1 ខ្ញុំបាននិយាយក្នុងចិត្តថា៖ “ឥឡូវនេះ មក៍! អញនឹងសាកល្បងឯងដោយការសប្បាយ។ ដូច្នេះ ចូរសប្បាយរីករាយចុះ”។ ប៉ុន្តែ មើល៍! វាក៏ជាការឥតន័យដែរ។ 2 ខ្ញុំនិយាយអំពីការសើចថា៖ “នេះជាការចម្កួត” ក៏និយាយអំពីការសប្បាយថា៖ “តើវាមានប្រយោជន៍អ្វី?”។ 3 ដោយចិត្តរបស់ខ្ញុំនៅតែដឹកនាំដោយប្រាជ្ញា ខ្ញុំបានសង្កេតក្នុងចិត្តខ្ញុំថា តើធ្វើឲ្យសាច់ឈាមរបស់ខ្ញុំស្រួលដោយស្រាទំពាំងបាយជូរ ព្រមទាំងចាប់ភាពល្ងង់ឲ្យជាប់យ៉ាងដូចម្ដេច រហូតទាល់តែបានឃើញថា អ្វីជាការល្អសម្រាប់ឲ្យមនុស្សលោកធ្វើនៅក្រោមមេឃ ក្នុងថ្ងៃដ៏តិចតួចនៃជីវិតរបស់ពួកគេ។ 4 ខ្ញុំបានធ្វើឲ្យកិច្ចការរបស់ខ្ញុំកាន់តែរីកធំ គឺបានសាងសង់ដំណាក់នានាសម្រាប់ខ្លួនខ្ញុំ ហើយបានធ្វើចម្ការទំពាំងបាយជូរសម្រាប់ខ្លួនខ្ញុំ; 5 ខ្ញុំបានធ្វើសួនច្បារ និងសួនឧទ្យានជាច្រើនសម្រាប់ខ្លួនខ្ញុំ ហើយបានដាំដើមឈើមានផ្លែគ្រប់ប្រភេទនៅក្នុងសួនទាំងនោះ; 6 ខ្ញុំបានធ្វើស្រះទឹកជាច្រើនសម្រាប់ខ្លួនខ្ញុំ ដើម្បីស្រោចដើមឈើដែលលូតលាស់ក្នុងព្រៃ ពីស្រះទាំងនោះ; 7 ខ្ញុំបានទិញទាសករប្រុស និងទាសករស្រី ហើយមានទាំងទាសករដែលកើតក្នុងដំណាក់ ជារបស់ខ្ញុំផង; ខ្ញុំមានហ្វូងគោ និងហ្វូងចៀមជាច្រើន លើសជាងអស់អ្នកដែលនៅយេរូសាឡិមមុនខ្ញុំទៅទៀត; 8 ខ្ញុំបានប្រមូលប្រាក់ មាស និងទ្រព្យសម្បត្តិរបស់បណ្ដាស្ដេចនិងរបស់ខេត្តនានា សម្រាប់ខ្លួនខ្ញុំ; ខ្ញុំរកបានអ្នកចម្រៀងប្រុសស្រី និងស្រីស្នំជាច្រើនដែលជាទីគាប់ចិត្តរបស់មនុស្សលោក សម្រាប់ខ្លួនខ្ញុំ។ 9 ដូច្នេះ ខ្ញុំបានជាធំ ហើយចម្រើនឡើង លើសជាងអស់អ្នកដែលនៅយេរូសាឡិមមុនខ្ញុំទៅទៀត ហើយប្រាជ្ញារបស់ខ្ញុំក៏នៅតែនៅជាមួយខ្ញុំដែរ។ 10 អ្វីៗទាំងអស់ដែលភ្នែករបស់ខ្ញុំចង់បាន ខ្ញុំមិនបានបង្អត់វាទេ; ខ្ញុំមិនបានបង្ខាំងចិត្តខ្ញុំពីការសប្បាយណាមួយឡើយ ដ្បិតចិត្តខ្ញុំបានត្រេកអរនឹងអស់ទាំងការនឿយហត់របស់ខ្ញុំ; នេះហើយ ជាចំណែករបស់ខ្ញុំពីការនឿយហត់ទាំងអស់របស់ខ្ញុំ។ 11 នៅពេលខ្ញុំបានបែរទៅមើលកិច្ចការទាំងអស់របស់ខ្ញុំដែលដៃរបស់ខ្ញុំបានធ្វើ និងការនឿយហត់ដែលខ្ញុំបានប្រឹងប្រែងធ្វើ នោះមើល៍! ការទាំងអស់សុទ្ធតែជាការឥតន័យ និងជាការដេញចាប់ខ្យល់ គឺគ្មានប្រយោជន៍នៅក្រោមថ្ងៃឡើយ។ ប្រាជ្ញា និងភាពល្ងង់ 12 បន្ទាប់មក ខ្ញុំបានបែរមកពិចារណាប្រាជ្ញា ភាពចម្កួត និងភាពល្ងង់។ ដ្បិតមនុស្សដែលឡើងមកតពីស្ដេច តើធ្វើអ្វីបាន? គឺធ្វើបានតែអ្វីដែលគេបានធ្វើរួចហើយប៉ុណ្ណោះ។ 13 នោះខ្ញុំបានឃើញថាប្រាជ្ញាមានប្រយោជន៍ជាងភាពល្ងង់ ដូចដែលពន្លឺមានប្រយោជន៍ជាងភាពងងឹត។ 14 ភ្នែករបស់មនុស្សមានប្រាជ្ញា នៅត្រង់ក្បាលគេ រីឯមនុស្សល្ងង់វិញ ដើរក្នុងភាពងងឹត។ យ៉ាងណាមិញ ខ្ញុំបានយល់ឃើញថា វាសនាតែមួយនឹងកើតមានដល់ពួកគេទាំងពីរ។ 15 ដូច្នេះ ខ្ញុំបាននិយាយក្នុងចិត្តថា៖ “ដូចដែលវាសនារបស់មនុស្សល្ងង់ជាយ៉ាងណា វានឹងកើតមានដល់ខ្ញុំយ៉ាងនោះដែរ ចុះម្ដេចក៏ខ្ញុំត្រូវមានប្រាជ្ញាច្រើន?”។ នោះខ្ញុំនិយាយក្នុងចិត្តថា៖ “នេះក៏ជាការឥតន័យដែរ!”។ 16 ដ្បិតគ្មានការនឹកចាំជារៀងរហូតអំពីមនុស្សមានប្រាជ្ញា ក៏ដូចជាមនុស្សល្ងង់ដែរ; នៅថ្ងៃដែលនឹងមកដល់ អ្វីៗទាំងអស់នឹងត្រូវគេភ្លេច។ ហេតុអ្វីបានជាមនុស្សមានប្រាជ្ញាត្រូវស្លាប់ដូចមនុស្សល្ងង់ដូច្នេះ? 17 ដោយហេតុនេះ ខ្ញុំបានស្អប់ជីវិត ពីព្រោះកិច្ចការដែលត្រូវបានធ្វើនៅក្រោមថ្ងៃ គួរឲ្យព្រួយចិត្តសម្រាប់ខ្ញុំ។ ដ្បិតការទាំងអស់សុទ្ធតែជាការឥតន័យ និងជាការដេញចាប់ខ្យល់។ ការងារនឿយហត់ជាការឥតន័យ 18 ខ្ញុំបានស្អប់អស់ទាំងការនឿយហត់របស់ខ្ញុំ ដែលខ្ញុំប្រឹងប្រែងធ្វើនៅក្រោមថ្ងៃ ពីព្រោះខ្ញុំត្រូវទុកវាឲ្យមនុស្សដែលនឹងមកក្រោយខ្ញុំ។ 19 តើនរណាដឹងថាអ្នកនោះជាមនុស្សមានប្រាជ្ញា ឬជាមនុស្សល្ងង់? ទោះបីជាយ៉ាងណាក៏ដោយ គេនឹងត្រួតត្រាលើអស់ទាំងការនឿយហត់របស់ខ្ញុំ ដែលខ្ញុំបានប្រឹងប្រែងធ្វើដោយប្រើប្រាជ្ញានៅក្រោមថ្ងៃ។ នេះក៏ជាការឥតន័យដែរ។ 20 ដូច្នេះ ខ្ញុំបានបែរមកធ្វើឲ្យចិត្តខ្ញុំអស់សង្ឃឹមនឹងអស់ទាំងការនឿយហត់ដែលខ្ញុំបានប្រឹងប្រែងធ្វើនៅក្រោមថ្ងៃ; 21 ដ្បិតមានមនុស្សម្នាក់ដែលធ្វើការនឿយហត់របស់ខ្លួនដោយប្រាជ្ញា ដោយចំណេះដឹង និងដោយការស្ទាត់ជំនាញ ប៉ុន្តែត្រូវប្រគល់ចំណែករបស់ខ្លួនទៅមនុស្សដែលមិនបានប្រឹងប្រែងធ្វើការសម្រាប់វាវិញ។ នេះក៏ជាការឥតន័យ និងជាការអាក្រក់យ៉ាងខ្លាំងដែរ! 22 នៅចុងបញ្ចប់ តើមនុស្សម្នាក់បានអ្វីពីអស់ទាំងការនឿយហត់របស់ខ្លួន និងពីចិត្តព្យាយាមរបស់ខ្លួន ដែលគេប្រឹងប្រែងធ្វើនៅក្រោមថ្ងៃ? 23 តាមពិត អស់ទាំងថ្ងៃរបស់គេមានតែទុក្ខសោក ហើយកិច្ចការរបស់គេមានតែទុក្ខព្រួយ។ សូម្បីតែនៅពេលយប់ក៏ចិត្តរបស់គេមិនបានសម្រាកឡើយ។ នេះក៏ជាការឥតន័យដែរ។ 24 សម្រាប់មនុស្ស គ្មានអ្វីប្រសើរជាងហូប និងផឹក ហើយឲ្យព្រលឹងរបស់ខ្លួនរកឃើញការសប្បាយរីករាយក្នុងការនឿយហត់របស់ខ្លួននោះឡើយ! ខ្ញុំឃើញថា ការនេះក៏មកពីព្រះហស្តរបស់ព្រះដែរ; 25 ដ្បិតតើនរណាអាចហូប តើនរណាអាចសប្បាយរីករាយ ដោយគ្មានព្រះអង្គបាន? 26 ពោលគឺ ចំពោះមនុស្សដែលជាទីគាប់ព្រះហឫទ័យដល់ព្រះអង្គ ព្រះអង្គប្រទានប្រាជ្ញា ចំណេះដឹង និងអំណរ រីឯចំពោះមនុស្សបាបវិញ ព្រះអង្គប្រទានបន្ទុកឲ្យប្រមូល និងបង្គរ ដើម្បីប្រគល់ដល់មនុស្សដែលជាទីគាប់ព្រះហឫទ័យដល់ព្រះ។ នេះក៏ជាការឥតន័យ និងជាការដេញចាប់ខ្យល់ដែរ៕ |