Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

សាស្តា 3 - ព្រះគម្ពីរខ្មែរសាកល


អ្វីៗទាំងអស់សុទ្ធតែមានពេលកំណត់

1 មាន​វេលាកំណត់​សម្រាប់​អ្វីៗ​ទាំងអស់ មាន​ពេលកំណត់​សម្រាប់​កិច្ចការ​ទាំងអស់​នៅក្រោម​មេឃ គឺ​:

2 ពេល​សម្រាប់​កើត និង​ពេល​សម្រាប់​ស្លាប់​; ពេល​សម្រាប់​ដាំ និង​ពេល​សម្រាប់​ដក​អ្វី​ដែល​បាន​ដាំ​;

3 ពេល​សម្រាប់​កាប់សម្លាប់ និង​ពេល​សម្រាប់​ព្យាបាល​; ពេល​សម្រាប់​រំលំ និង​ពេល​សម្រាប់​សាងសង់​;

4 ពេល​សម្រាប់​យំសោក និង​ពេល​សម្រាប់​សើចសប្បាយ​; ពេល​សម្រាប់​កាន់ទុក្ខ និង​ពេល​សម្រាប់​លោតកញ្ឆេង​;

5 ពេល​សម្រាប់​បោះ​ថ្ម​ចោល និង​ពេល​សម្រាប់​ប្រមូល​ថ្ម​; ពេល​សម្រាប់​ឱប និង​ពេល​សម្រាប់​ទប់ខ្លួន​មិន​ឱប​;

6 ពេល​សម្រាប់​ស្វែងរក និង​ពេល​សម្រាប់​បាត់បង់​; ពេល​សម្រាប់​រក្សាទុក និង​ពេល​សម្រាប់​បោះចោល​;

7 ពេល​សម្រាប់​ហែកចោល និង​ពេល​សម្រាប់​ដេរភ្ជាប់​; ពេល​សម្រាប់​នៅស្ងៀម និង​ពេល​សម្រាប់​និយាយ​;

8 ពេល​សម្រាប់​ស្រឡាញ់ និង​ពេល​សម្រាប់​ស្អប់​; ពេល​សម្រាប់​សង្គ្រាម និង​ពេល​សម្រាប់​សន្តិភាព​។

9 តើ​អ្នក​ធ្វើការ​បាន​ប្រយោជន៍​អ្វី​ពី​ការប្រឹងប្រែងធ្វើការ​របស់ខ្លួន​?

10 ខ្ញុំ​បាន​ឃើញ​បន្ទុក​ដែល​ព្រះ​បាន​ដាក់​លើ​មនុស្សលោក ឲ្យ​បាន​រវល់​នឹង​វា​។

11 ព្រះអង្គ​បាន​ធ្វើឲ្យ​អ្វីៗ​ទាំងអស់​បាន​ល្អប្រពៃ តាម​ពេលវេលា​របស់វា​។ មួយវិញទៀត ព្រះអង្គ​បាន​ដាក់​សេចក្ដីអស់កល្បជានិច្ច​ក្នុង​ចិត្ត​របស់មនុស្ស​។ ទោះបីជាដូច្នេះក៏ដោយ ក៏​មនុស្ស​រកយល់​កិច្ចការ​ដែល​ព្រះ​ទ្រង់​ធ្វើ​តាំងពី​ដំបូង​ដល់​ចប់ មិនបានឡើយ​។

12 ខ្ញុំ​បាន​យល់ឃើញ​ថា សម្រាប់​មនុស្ស គ្មានអ្វី​ប្រសើរ​ជាង​សប្បាយ និង​ប្រព្រឹត្ត​ការ​ល្អ​ក្នុង​ជីវិត​របស់ខ្លួន​នោះ​ឡើយ

13 ហើយក៏​បានយល់ឃើញ​ដែរ​ថា ការដែល​មនុស្ស​ទាំងអស់​បាន​ហូប និង​ផឹក ព្រមទាំង​រកឃើញ​ការ​សប្បាយរីករាយ​ក្នុង​អស់ទាំង​ការនឿយហត់​របស់ខ្លួន នោះ​ជា​អំណោយទាន​របស់​ព្រះ​។

14 ខ្ញុំ​បាន​យល់ឃើញ​ថា អ្វីៗ​ទាំងអស់​ដែល​ព្រះ​ទ្រង់​ធ្វើ វា​នឹង​មាននៅ​ជារៀងរហូត​; គ្មានអ្វី​អាច​បន្ថែម​ទៅ​វា​បាន​ឡើយ ហើយក៏​គ្មានអ្វី​អាច​ដកចេញ​ពី​វា​បាន​ដែរ​។ ព្រះ​បាន​ធ្វើ​ដូច្នេះ ដើម្បីឲ្យ​គេ​កោតខ្លាច​នៅចំពោះ​ព្រះអង្គ​។

15 អ្វីៗដែល​មាននៅ គឺមាន​រួចហើយ​; អ្វីៗដែល​នឹង​មាន ក៏​មាន​រួចហើយ​ដែរ​; ដ្បិត​ព្រះ​ទ្រង់​ធ្វើឡើងវិញ​នូវ​អ្វី​ដែល​កន្លងផុតទៅ​ហើយ​។


ចេញពីធូលីដី ត្រឡប់ទៅធូលីដីវិញ

16 មួយវិញទៀត ខ្ញុំ​បាន​ឃើញ​នៅក្រោម​ថ្ងៃ​ថា នៅ​កន្លែង​កាត់ក្ដី​មាន​សេចក្ដីអាក្រក់​នៅ​ទីនោះ ហើយ​នៅ​កន្លែង​នៃ​សេចក្ដីយុត្តិធម៌​ក៏​មាន​សេចក្ដីអាក្រក់​នៅ​ទីនោះ​ដែរ​។

17 ខ្ញុំ​បាន​និយាយ​ក្នុងចិត្ត​ថា​៖ “ព្រះ​នឹង​ជំនុំជម្រះ​មនុស្ស​សុចរិត និង​មនុស្ស​អាក្រក់ ដ្បិត​មាន​ពេល​សម្រាប់​អ្វីៗ​ទាំងអស់ និង​សម្រាប់​កិច្ចការ​ទាំងអស់ នៅ​ទីនោះ​ដែរ”។

18 ទាក់ទងនឹង​មនុស្សលោក ខ្ញុំ​បាន​និយាយ​ក្នុងចិត្ត​ថា​៖ “ព្រះ​ទ្រង់​ល្បងល​ពួកគេ ដើម្បីឲ្យ​ពួកគេ​ឃើញ​ថា ពួកគេ​ដូច​សត្វ”។

19 ដ្បិត​វាសនា​របស់​មនុស្សលោក និង​វាសនា​របស់​សត្វ គឺ​មាន​វាសនា​ដូចគ្នា​សម្រាប់​ពួកទាំងពីរ​; ដូចដែល​ការស្លាប់​របស់មួយនេះ​ជា​យ៉ាងណា ការស្លាប់​របស់មួយនោះ​ក៏​ជា​យ៉ាងនោះដែរ ហើយ​ទាំងអស់​មាន​ដង្ហើម​ដូចគ្នា​; មនុស្ស​គ្មានអ្វី​ពិសេស​ជាង​សត្វ​ឡើយ ដ្បិត​ទាំងអស់​សុទ្ធតែ​ឥតន័យ​។

20 របស់សព្វសារពើ​ទៅ​កន្លែង​តែមួយ គឺ​របស់សព្វសារពើ​កើតមក​ពី​ធូលីដី ហើយ​របស់សព្វសារពើ​នឹង​ត្រឡប់​ទៅ​ធូលីដី​វិញ​។

21 តើ​នរណា​ដឹង ថាតើ​វិញ្ញាណ​របស់​មនុស្ស​ឡើងទៅ​លើ ហើយ​វិញ្ញាណ​របស់​សត្វ​ចុះទៅ​ក្រោម​ទៅក្នុង​ដី ឬយ៉ាងណា​?

22 ដូច្នេះ ខ្ញុំ​បាន​ឃើញ​ថា គ្មានអ្វី​ប្រសើរ​ជាង​ការដែល​មនុស្ស​សប្បាយ​ក្នុង​កិច្ចការ​របស់ខ្លួន​ឡើយ ពីព្រោះ​វា​ជា​ចំណែក​របស់គេ​។ ដ្បិត​តើ​នរណា​អាច​នាំ​គេ​ឲ្យ​ឃើញ​អ្វី​ដែល​នឹង​កើតមាន​ក្រោយពី​គេ​បាន​?​៕

GLOBAL KHMER BIBLE©

Copyright © 2023 by Global Bible Initiative

Global Bible Initiative
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម