សាស្តា 6 - ព្រះគម្ពីរខ្មែរសាកល1 មានការអាក្រក់មួយដែលខ្ញុំបានឃើញនៅក្រោមថ្ងៃ ហើយវាសង្កត់លើមនុស្សជាតិយ៉ាងធ្ងន់ 2 គឺមានម្នាក់ដែលព្រះប្រទានភាពស្ដុកស្ដម្ភ ទ្រព្យធន និងភាពរុងរឿងដល់គេ រហូតដល់គេមិនខ្វះអ្វីទាំងអស់ដែលចិត្តរបស់ខ្លួនប្រាថ្នាចង់បាន ប៉ុន្តែព្រះមិនឲ្យគេអាចហូបពីរបស់ទាំងនោះបានឡើយ គឺអ្នកដទៃបានហូបវាវិញ។ នេះក៏ជាការឥតន័យ និងជាមហន្តរាយដ៏ធ្ងន់ធ្ងរដែរ! 3 ប្រសិនបើមានមនុស្សម្នាក់បង្កើតកូនមួយរយនាក់ ហើយរស់នៅច្រើនឆ្នាំ រហូតដល់ថ្ងៃអាយុរបស់គាត់មានច្រើន ប៉ុន្តែចិត្តគាត់មិនស្កប់ស្កល់នឹងភាពមានពរ ហើយគ្មានអ្នកណាបញ្ចុះសពគាត់ នោះខ្ញុំសូមនិយាយថា៖ “កូនរលូតប្រសើរជាងអ្នកនោះទៅទៀត!”។ 4 ដ្បិតវាមកក្នុងភាពឥតន័យ ហើយទៅវិញក្នុងភាពងងឹត រីឯឈ្មោះរបស់វាក៏ត្រូវបានគ្របបាំងដោយភាពងងឹត; 5 ទោះបីជាវាមិនដែលឃើញពន្លឺថ្ងៃ ហើយមិនដឹងអ្វីក៏ដោយ ក៏វាមានភាពស្ងប់ស្ងៀមជាងអ្នកនោះដែរ។ 6 ថ្វីត្បិតតែអ្នកនោះមានជីវិតរស់មួយពាន់ឆ្នាំពីរដងក៏ដោយ ប៉ុន្តែរកមិនឃើញការសប្បាយរីករាយ តើទាំងអស់គ្នាមិនទៅកន្លែងតែមួយទេឬ? 7 អស់ទាំងការនឿយហត់របស់មនុស្ស គឺសម្រាប់មាត់របស់ខ្លួន យ៉ាងណាមិញ ចំណង់អាហារក៏មិនចេះឆ្អែតដែរ។ 8 ដូច្នេះ តើមនុស្សមានប្រាជ្ញា មានអ្វីពិសេសជាងមនុស្សល្ងង់? ការដែលមនុស្សទ័លក្រស្គាល់របៀបរស់នៅ នៅចំពោះមនុស្សរស់ តើជាអ្វីដល់ខ្លួន? 9 អ្វីដែលភ្នែកមើលឃើញ ប្រសើរជាងចិត្តដែលស្រមើស្រមៃ។ នេះក៏ជាការឥតន័យ និងជាការដេញចាប់ខ្យល់ដែរ! 10 អ្វីៗដែលមាននៅ ត្រូវបានដាក់ឈ្មោះតាំងពីយូរមកហើយ; មនុស្សជាអ្វីក៏ត្រូវបានស្គាល់ហើយ ហើយគេមិនអាចឈ្លោះប្រកែកជាមួយអ្នកដែលខ្លាំងជាងខ្លួនបានឡើយ។ 11 មានពាក្យសម្ដីច្រើន សេចក្ដីឥតន័យក៏ច្រើនដែរ នោះតើមានប្រយោជន៍អ្វីដល់មនុស្ស? 12 តើនរណាដឹងថាអ្វីល្អសម្រាប់មនុស្សនៅក្នុងជីវិត ក្នុងថ្ងៃដ៏តិចតួចនៃជីវិតឥតន័យរបស់ខ្លួន ដែលខ្លួនឆ្លងកាត់ទៅដូចជាស្រមោល? តើនរណាអាចប្រាប់មនុស្សអំពីអ្វីដែលនឹងកើតឡើងនៅក្រោមថ្ងៃបាន ក្រោយពីគេបាត់ទៅ?៕ |