ទំនុកតម្កើង 100:4 - ព្រះគម្ពីរខ្មែរសាកល ចូរចូលតាមទ្វាររបស់ព្រះអង្គដោយការអរព្រះគុណ ហើយចូលក្នុងទីធ្លារបស់ព្រះអង្គដោយការសរសើរតម្កើង; ចូរអរព្រះគុណដល់ព្រះអង្គ ចូរថ្វាយពរព្រះនាមរបស់ព្រះអង្គ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ៙ ចូរនាំគ្នាចូលតាមទ្វារព្រះអង្គ ដោយអរព្រះគុណ ហើយចូលទៅក្នុងទីលានព្រះអង្គ ដោយសរសើរ! ចូរអរព្រះគុណព្រះអង្គ ចូរសរសើរព្រះនាមព្រះអង្គ! ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចូរនាំគ្នាចូលតាមទ្វារព្រះដំណាក់របស់ព្រះអង្គ ដោយអរព្រះគុណ ចូរនាំគ្នាចូលមកក្នុងព្រះវិហារ ដោយពាក្យសរសើរតម្កើង! ចូរលើកតម្កើងព្រះអង្គ ចូរសរសើរតម្កើងព្រះនាមព្រះអង្គ! ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចូរនាំគ្នាចូលតាមទ្វារទ្រង់ ដោយពោលពាក្យអរព្រះគុណ ហើយចូលទៅក្នុងទីលានទ្រង់ ដោយបទសរសើរ ចូរអរព្រះគុណដល់ទ្រង់ ហើយសរសើរព្រះនាមទ្រង់ចុះ អាល់គីតាប ចូរនាំគ្នាចូលតាមទ្វារដំណាក់របស់ទ្រង់ ដោយអរគុណ ចូរនាំគ្នាចូលមកក្នុងម៉ាស្ជិទ ដោយពាក្យសរសើរតម្កើង! ចូរលើកតម្កើងទ្រង់ ចូរសរសើរតម្កើងនាមទ្រង់! |
ដែលកុលសម្ព័ន្ធទាំងឡាយ គឺកុលសម្ព័ន្ធរបស់ព្រះយេហូវ៉ាបានឡើងទៅទីនោះ ស្របតាមសេចក្ដីបន្ទាល់ដល់អ៊ីស្រាអែល ដើម្បីអរព្រះគុណដល់ព្រះនាមរបស់ព្រះយេហូវ៉ា។
ទូលបង្គំនឹងមកឯដំណាក់របស់ព្រះអង្គជាមួយតង្វាយដុត ទូលបង្គំនឹងលាបំណន់ដែលទូលបង្គំបានបន់ ដល់ព្រះអង្គ
យើងនាំគ្នាចូលមកនៅចំពោះព្រះអង្គដោយការអរព្រះគុណ យើងនាំគ្នាស្រែកហ៊ោសប្បាយទៅកាន់ព្រះអង្គដោយបទសរសើរ;
ចូរច្រៀងទៅកាន់ព្រះយេហូវ៉ា ចូរថ្វាយពរព្រះនាមរបស់ព្រះអង្គ ចូរប្រកាសសេចក្ដីសង្គ្រោះរបស់ព្រះអង្គពីមួយថ្ងៃទៅមួយថ្ងៃ។
ចូរថ្វាយដល់ព្រះយេហូវ៉ានូវសិរីរុងរឿងនៃព្រះនាមរបស់ព្រះអង្គ; ចូរនាំយកតង្វាយ ហើយចូលទៅក្នុងទីធ្លារបស់ព្រះអង្គ។
ចូរឲ្យពួកគេអរព្រះគុណដល់ព្រះនាមរបស់ព្រះអង្គ ដែលធំឧត្ដម និងគួរឲ្យកោតខ្លាច! ព្រះអង្គទ្រង់វិសុទ្ធ!
រីឯពួកអ្នកដែលព្រះយេហូវ៉ាបានប្រោសលោះ នឹងត្រឡប់មកវិញ ហើយចូលមកស៊ីយ៉ូនដោយសម្រែកហ៊ោសប្បាយ ទាំងមានអំណរដ៏អស់កល្បពាក់នៅលើក្បាលរបស់ពួកគេ។ សេចក្ដីរីករាយ និងអំណរនឹងតាមពួកគេទាន់ ហើយទុក្ខព្រួយ និងការថ្ងូរនឹងរត់បាត់ទៅ៕
ដូច្នេះ ចូរឲ្យយើងថ្វាយយញ្ញបូជានៃការសរសើរតម្កើងដល់ព្រះជានិច្ចតាមរយៈព្រះយេស៊ូវ; យញ្ញបូជានេះគឺជាផលផ្លែនៃបបូរមាត់ដែលសារភាពព្រះនាមរបស់ព្រះអង្គ។