ទំនុកតម្កើង 122 - ព្រះគម្ពីរខ្មែរសាកលសេចក្ដីអធិស្ឋានសម្រាប់យេរូសាឡិម បទតម្កើង របស់ដាវីឌ ជាចម្រៀងសម្រាប់ឡើងទៅព្រះវិហារ។ 1 ខ្ញុំបានអរសប្បាយដែលគេនិយាយនឹងខ្ញុំថា៖ “យើងនាំគ្នាទៅដំណាក់របស់ព្រះយេហូវ៉ា!”។ 2 យេរូសាឡិមអើយ ជើងរបស់យើងបានឈរខាងក្នុងទ្វារក្រុងរបស់នាងហើយ! 3 យេរូសាឡិមត្រូវបានសង់ឡើងឲ្យបានជាទីក្រុងដែលជាប់គ្នាយ៉ាងរឹងមាំ 4 ដែលកុលសម្ព័ន្ធទាំងឡាយ គឺកុលសម្ព័ន្ធរបស់ព្រះយេហូវ៉ាបានឡើងទៅទីនោះ ស្របតាមសេចក្ដីបន្ទាល់ដល់អ៊ីស្រាអែល ដើម្បីអរព្រះគុណដល់ព្រះនាមរបស់ព្រះយេហូវ៉ា។ 5 ដ្បិតនៅទីនោះ មានបល្ល័ង្កនៃសេចក្ដីយុត្តិធម៌ត្រូវបានតាំងឡើង ជាបល្ល័ង្កនៃរាជវង្សដាវីឌ។ 6 ចូរអធិស្ឋានសុំសេចក្ដីសុខសាន្តសម្រាប់យេរូសាឡិមថា៖ “សូមឲ្យអ្នកដែលស្រឡាញ់នាង មានសេចក្ដីសុខ! 7 សូមឲ្យមានសេចក្ដីសុខសាន្តនៅខាងក្នុងកំពែងរបស់នាង! សូមឲ្យមានសេចក្ដីសុខស្រួលនៅក្នុងបន្ទាយរបស់នាង!”។ 8 ដោយយល់ដល់ពួកបងប្អូន និងពួកមិត្តសម្លាញ់របស់ខ្ញុំ ខ្ញុំនឹងពោលថា៖ “សូមឲ្យមានសេចក្ដីសុខសាន្តនៅខាងក្នុងនាង”។ 9 ដោយយល់ដល់ដំណាក់របស់ព្រះយេហូវ៉ាដ៏ជាព្រះរបស់យើង ខ្ញុំនឹងស្វែងរកសេចក្ដីល្អឲ្យនាង៕ |