ទំនុកតម្កើង 99 - ព្រះគម្ពីរខ្មែរសាកលអរព្រះគុណព្រះដ៏វិសុទ្ធ 1 ព្រះយេហូវ៉ាទ្រង់គ្រងរាជ្យ ចូរឲ្យប្រជាជាតិនានាភ័យញ័រ! ព្រះអង្គគង់លើចេរ៉ូប៊ីន ចូរឲ្យផែនដីរញ្ជួយ! 2 ព្រះយេហូវ៉ាទ្រង់ធំឧត្ដមនៅស៊ីយ៉ូន ព្រះអង្គត្រូវបានលើកតម្កើងលើប្រជាជាតិទាំងអស់។ 3 ចូរឲ្យពួកគេអរព្រះគុណដល់ព្រះនាមរបស់ព្រះអង្គ ដែលធំឧត្ដម និងគួរឲ្យកោតខ្លាច! ព្រះអង្គទ្រង់វិសុទ្ធ! 4 ព្រះមហាក្សត្រដ៏មានឫទ្ធានុភាពទ្រង់ស្រឡាញ់សេចក្ដីយុត្តិធម៌ ព្រះអង្គបានស្ថាបនាសេចក្ដីទៀងត្រង់ ក៏បានអនុវត្តសេចក្ដីយុត្តិធម៌ និងសេចក្ដីសុចរិតនៅក្នុងយ៉ាកុប។ 5 ចូរលើកតម្កើងព្រះយេហូវ៉ាដ៏ជាព្រះរបស់យើង ហើយថ្វាយបង្គំនៅទៀបកំណល់ព្រះបាទារបស់ព្រះអង្គ! ព្រះអង្គទ្រង់វិសុទ្ធ! 6 ម៉ូសេ និងអើរ៉ុននៅក្នុងចំណោមបូជាចារ្យរបស់ព្រះអង្គ ហើយសាំយូអែលនៅក្នុងចំណោមអ្នកដែលស្រែកហៅព្រះនាមរបស់ព្រះអង្គ។ ពួកគេស្រែកហៅព្រះយេហូវ៉ា នោះព្រះអង្គក៏ឆ្លើយមកពួកគេ។ 7 ព្រះអង្គមានបន្ទូលនឹងពួកគេពីក្នុងបង្គោលពពក; ពួកគេបានរក្សាសេចក្ដីបន្ទាល់របស់ព្រះអង្គ និងបទបញ្ញត្តិដែលព្រះអង្គបានប្រទានដល់ពួកគេ។ 8 ព្រះយេហូវ៉ាដ៏ជាព្រះនៃយើងខ្ញុំអើយ ព្រះអង្គបានឆ្លើយនឹងពួកគេហើយ! ព្រះអង្គជាព្រះដែលលើកលែងទោសឲ្យពួកគេ ហើយជាអ្នកសងសឹកចំពោះការប្រព្រឹត្តរបស់ពួកគេ។ 9 ចូរលើកតម្កើងព្រះយេហូវ៉ាដ៏ជាព្រះរបស់យើង ចូរថ្វាយបង្គំនៅភ្នំដ៏វិសុទ្ធរបស់ព្រះអង្គ ដ្បិតព្រះយេហូវ៉ាដ៏ជាព្រះរបស់យើង ជាអង្គដ៏វិសុទ្ធ!៕ |