ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


ម៉ាថាយ 26 - ព្រះគម្ពីរខ្មែរសាកល ព្រះគម្ពីរខ្មែរសាកល
ម៉ាថាយ 26

ផែនការធ្វើគុតព្រះយេស៊ូវ

1 នៅពេល​ព្រះយេស៊ូវ​បាន​បញ្ចប់​ព្រះបន្ទូល​ទាំងអស់​នេះ​ហើយ ព្រះអង្គ​ក៏​មានបន្ទូល​នឹង​ពួក​សិស្ស​របស់​ព្រះអង្គ​ថា​៖

2 “អ្នករាល់គ្នា​ដឹង​ហើយ​ថា ពីរ​ថ្ងៃ​ទៀត​ដល់​បុណ្យរំលង ហើយ​កូនមនុស្ស​នឹង​ត្រូវ​ប្រគល់​ឲ្យ​គេ​ឆ្កាង”។

3 ពេលនោះ ពួក​នាយកបូជាចារ្យ និង​ពួក​ចាស់ទុំ​របស់​ប្រជាជន​បាន​ជួបជុំគ្នា​នៅក្នុង​ដំណាក់​របស់​មហាបូជាចារ្យ​ឈ្មោះ​កៃផាស​។

4 ពួកគេ​ពិគ្រោះគ្នា​ដើម្បី​ចាប់​ព្រះយេស៊ូវ​ដោយ​ឧបាយកល ហើយ​ធ្វើគុត​ព្រះអង្គ​។

5 ប៉ុន្តែ​ពួកគេ​និយាយថា​៖ “កុំ​ធ្វើ​ក្នុងអំឡុងពេល​ពិធីបុណ្យ​ឡើយ ក្រែងលោ​កើត​ចលាចល​ក្នុងចំណោម​ប្រជាជន”។

ការលាបប្រេងនៅបេថានី

6 ព្រះយេស៊ូវ​គង់នៅ​បេថានី​ក្នុង​ផ្ទះ​របស់​ស៊ីម៉ូន​ជា​មនុស្សឃ្លង់​។

7 មាន​ស្ត្រី​ម្នាក់​កាន់​ដបថ្មកែវ​ដែលមាន​ប្រេងក្រអូប​ដ៏មានតម្លៃ ចូលមកជិត​ព្រះអង្គ ហើយ​ចាក់​ប្រេង​លើ​ព្រះសិរ​របស់​ព្រះអង្គ ពេល​ព្រះអង្គ​គង់នៅតុអាហារ​។

8 នៅពេល​ឃើញ​ដូច្នេះ ពួក​សិស្ស​ក៏​ទើសចិត្ត ហើយ​និយាយថា​៖ “ហេតុអ្វីបានជា​ខ្ជះខ្ជាយ​យ៉ាងនេះ​?

9 ដ្បិត​ប្រេងក្រអូប​នេះ​អាច​លក់​បាន​ថ្លៃ ហើយ​ចែក​ឲ្យ​អ្នកក្រ​បាន”។

10 ព្រះយេស៊ូវ​បាន​ជ្រាប ក៏​មានបន្ទូល​នឹង​ពួកគេ​ថា​៖“ហេតុអ្វីបានជា​អ្នករាល់គ្នា​ធ្វើឲ្យ​ស្ត្រី​នេះ​មានអំពល់​ដូច្នេះ​? នាង​បាន​ធ្វើ​កិច្ចការ​ដ៏ប្រសើរ​ដល់​ខ្ញុំ​ហើយ​។

11 អ្នករាល់គ្នា​មាន​អ្នកក្រ​នៅ​ជាមួយ​ខ្លួន​ជានិច្ច ប៉ុន្តែ​អ្នករាល់គ្នា​មិន​មាន​ខ្ញុំ​ជានិច្ច​ទេ​។

12 តាមពិត នាង​បាន​ចាក់​ប្រេងក្រអូប​នេះ​លើ​រូបកាយ​របស់ខ្ញុំ គឺ​នាង​បាន​ធ្វើ​ដើម្បី​រៀបចំបញ្ចុះសព​ខ្ញុំ​។

13 ប្រាកដមែន ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា នៅក្នុង​ពិភពលោក​ទាំងមូល ទីណាក៏ដោយដែល​ដំណឹងល្អ​នេះ​ត្រូវបាន​ប្រកាស អ្វីដែល​ស្ត្រីនេះ​បាន​ធ្វើ​ក៏​នឹង​ត្រូវគេ​តំណាល​ទុកជា​ការរំលឹក​អំពី​នាង​ដែរ”។

14 ពេលនោះ ម្នាក់​ក្នុង​សាវ័ក​ទាំង​ដប់ពីរ​នាក់ ឈ្មោះ​យូដាស​អ៊ីស្ការីយ៉ុត បាន​ទៅ​រក​ពួក​នាយកបូជាចារ្យ

15 និយាយថា​៖ “តើ​អស់លោក​ព្រម​ឲ្យ​អ្វី​ដល់​ខ្ញុំ បើសិនខ្ញុំ​ប្រគល់​អ្នកនោះ​ឲ្យ​អស់លោក​?” ពួកគេ​ក៏​ព្រមឲ្យ​កាក់ប្រាក់​សាមសិប​ដល់​គាត់​។

16 តាំងពី​ពេលនោះ​មក យូដាស​ក៏​ចាប់ផ្ដើម​រក​ឱកាស​ប្រគល់​ព្រះយេស៊ូវ​ទៅពួកគេ​។

ការក្បត់នៅថ្ងៃបុណ្យរំលង

17 នៅ​ថ្ងៃ​ទីមួយ​នៃ​បុណ្យនំប៉័ងឥតមេ ពួក​សិស្ស​ចូលមកជិត​ព្រះយេស៊ូវ ទូល​សួរថា​៖ “តើ​លោក​ចង់​ឲ្យ​យើងខ្ញុំ​រៀបចំ​នៅ​ឯណា ដើម្បីឲ្យ​លោក​បាន​ពិសា​អាហារ​បុណ្យរំលង​?”។

18 ព្រះអង្គ​មានបន្ទូលថា​៖“ចូរ​ទៅ​ក្នុង​ទីក្រុង ជួប​មនុស្សម្នាក់ ហើយ​ប្រាប់​គាត់​ថា​: ‘លោកគ្រូ​និយាយថា ពេលវេលា​របស់ខ្ញុំ​ជិតដល់​ហើយ ខ្ញុំ​នឹង​ធ្វើ​ពិធី​បុណ្យរំលង​ជាមួយ​ពួក​សិស្ស​របស់ខ្ញុំ​នៅ​កន្លែង​អ្នក’”។

19 ដូច្នេះ ពួក​សិស្ស​ក៏​ធ្វើ​ដូចដែល​ព្រះយេស៊ូវ​បាន​បង្គាប់​ពួកគេ រួច​ពួកគេ​ក៏​រៀបចំ​អាហារ​បុណ្យរំលង​។

20 លុះដល់​ពេលល្ងាច ព្រះយេស៊ូវ​ទ្រង់​រួមតុអាហារ​ជាមួយ​សាវ័ក​ទាំង​ដប់ពីរ​នាក់​។

21 នៅពេល​ពួកគេ​កំពុង​ហូប ព្រះអង្គ​មានបន្ទូលថា​៖“ប្រាកដមែន ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា មាន​ម្នាក់​ក្នុង​អ្នករាល់គ្នា​នឹង​ក្បត់​ខ្ញុំ”។

22 ពួកគេ​ក៏​ចាប់ផ្ដើម​ព្រួយចិត្ត​យ៉ាងខ្លាំង ហើយ​ទូល​សួរ​ព្រះអង្គ​ម្នាក់ម្ដងៗ​ថា​៖ “ព្រះអម្ចាស់​អើយ មិនមែន​ជា​ខ្ញុំ​ទេ មែនទេ​?”។

23 ព្រះយេស៊ូវ​មានបន្ទូល​តប​ថា​៖“គឺ​អ្នក​ដែល​ជ្រលក់​ដៃ​ក្នុង​ចាន​ជាមួយ​ខ្ញុំ អ្នកនោះ​ហើយ​នឹង​ក្បត់​ខ្ញុំ​។

24 កូនមនុស្ស​នឹង​ទៅ​មែន ដូចដែល​មាន​សរសេរ​ទុកមក​អំពី​លោក ប៉ុន្តែ​វេទនា​ហើយ​! អ្នក​ដែល​ក្បត់​កូនមនុស្ស​។ ប្រសិនបើ​អ្នក​នោះ​មិន​បាន​កើតមក​ទេ នោះ​ប្រសើរជាង​សម្រាប់​គាត់”។

25 ពេលនោះ យូដាស​ជា​អ្នក​ដែល​ក្បត់​ព្រះយេស៊ូវ ទូល​តប​ថា​៖ “រ៉ាប៊ី មិនមែន​ជា​ខ្ញុំ​ទេ មែនទេ​?”។ ព្រះយេស៊ូវ​មានបន្ទូល​នឹង​គាត់​ថា​៖“គឺ​អ្នក​និយាយ​ទេ”។

ពិធីលៀងព្រះអម្ចាស់លើកដំបូង

26 នៅពេល​ពួកគេ​កំពុង​ហូប ព្រះយេស៊ូវ​ក៏​យក​នំប៉័ង ប្រទានពរ ហើយ​កាច់ រួច​ប្រទាន​ដល់​ពួក​សិស្ស ទាំង​មានបន្ទូលថា​៖“ចូរ​ទទួលយក​ហូប​ចុះ នេះ​ជា​រូបកាយ​របស់ខ្ញុំ”។

27 បន្ទាប់មក ព្រះអង្គ​ទ្រង់​យក​ពែង ហើយ​អរព្រះគុណ រួច​ប្រទាន​ដល់​ពួកគេ ទាំង​មានបន្ទូលថា​៖“ចូរ​អ្នក​ទាំងអស់គ្នា​ផឹក​ពី​ពែងនេះ​ចុះ

28 ដ្បិត​នេះ​ជា​ឈាម​របស់ខ្ញុំ ជា​ឈាម​នៃ​សម្ពន្ធមេត្រីដែល​បង្ហូរ​សម្រាប់​មនុស្ស​ជាច្រើន គឺ​សម្រាប់​ការលើកលែងទោស​បាប​។

29 ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា ចាប់ពីឥឡូវនេះទៅ ខ្ញុំ​នឹង​មិន​ផឹក​ពី​ផល​ទំពាំងបាយជូរ​នេះ​ជាដាច់ខាត រហូតដល់​ថ្ងៃ​នោះ គឺថ្ងៃ​ដែល​ខ្ញុំ​នឹង​ផឹក​ជា​ថ្មី​ជាមួយ​អ្នករាល់គ្នា​នៅក្នុង​អាណាចក្រ​របស់​ព្រះ​បិតា​ខ្ញុំ”។

30 ក្រោយពី​ច្រៀងសរសើរតម្កើង​ហើយ ពួកគេ​ក៏​ចេញទៅ​ភ្នំ​ដើមអូលីវ​។

ប្រាប់ជាមុនអំពីការបដិសេធរបស់ពេត្រុស

31 ពេលនោះ ព្រះយេស៊ូវ​មានបន្ទូល​នឹង​ពួកគេ​ថា​៖“នៅ​យប់​នេះ អ្នក​ទាំងអស់គ្នា​នឹង​ជំពប់ដួល​ដោយសារតែ​ខ្ញុំ ដ្បិត​មាន​សរសេរ​ទុកមក​ថា​: ‘យើង​នឹង​ប្រហារ​អ្នកគង្វាល ហើយ​ហ្វូង​ចៀម​នឹង​ត្រូវបាន​កម្ចាត់កម្ចាយ’​។

32 ក៏ប៉ុន្តែ​ក្រោយពី​ខ្ញុំ​ត្រូវបាន​លើកឲ្យរស់ឡើង​វិញ​ហើយ ខ្ញុំ​នឹង​ទៅ​កាលីឡេ​មុន​អ្នករាល់គ្នា”។

33 ពេត្រុស​ទូល​តប​នឹង​ព្រះអង្គ​ថា​៖ “ទោះបីជា​ទាំងអស់គ្នា​ជំពប់ដួល​ដោយសារតែ​លោក​ក៏ដោយ ក៏​ខ្ញុំ​មិន​ជំពប់ដួល​ឡើយ”។

34 ព្រះយេស៊ូវ​មានបន្ទូល​នឹង​គាត់​ថា​៖“ប្រាកដមែន ខ្ញុំ​ប្រាប់​អ្នក​ថា នៅ​យប់​នេះ មុន​មាន់​រងាវ អ្នក​នឹង​បដិសេធ​ខ្ញុំ​បីដង”។

35 ពេត្រុស​ទូល​ព្រះអង្គ​ថា​៖ “ទោះបីជា​ខ្ញុំ​ត្រូវតែ​ស្លាប់​ជាមួយ​លោក​ក៏ដោយ ក៏​ខ្ញុំ​នឹង​មិន​បដិសេធ​លោក​ជាដាច់ខាត”។ សិស្ស​ទាំងអស់គ្នា​ក៏​និយាយ​ដូចគ្នា​ដែរ​។

អធិស្ឋាននៅសួន

36 បន្ទាប់មក ព្រះយេស៊ូវ​យាង​មកដល់​កន្លែង​មួយ​ឈ្មោះ​គែតសេម៉ានី ជាមួយ​ពួកសិស្ស​។ ព្រះយេស៊ូវ​មានបន្ទូល​នឹង​ពួកគេ​ថា​៖“ចូរ​អង្គុយ​នៅ​ទីនេះ ខណៈពេល​ដែល​ខ្ញុំ​ទៅ​អធិស្ឋាន​នៅ​ទីនោះ”។

37 នៅពេល​យក​ពេត្រុស និង​កូនប្រុស​ទាំង​ពីរ​នាក់​របស់​សេបេដេ​ទៅ​ជាមួយ ព្រះអង្គ​ទ្រង់​ចាប់ផ្ដើម​ព្រួយព្រះទ័យ និង​ថប់បារម្ភយ៉ាងខ្លាំង

38 ក៏​មានបន្ទូល​នឹង​ពួកគេ​ថា​៖“ព្រលឹង​របស់ខ្ញុំ​ព្រួយក្រៃលែង​ស្ទើរតែ​ស្លាប់ ចូរ​នៅ​ទីនេះ ហើយ​ប្រុងស្មារតី​ជាមួយ​ខ្ញុំ​ចុះ”។

39 ព្រះយេស៊ូវ​យាង​ទៅមុខ​បន្តិច ក៏​ក្រាប​ព្រះភក្ត្រ​ដល់ដី ហើយ​អធិស្ឋាន​ថា​៖“ព្រះ​បិតា​នៃទូលបង្គំ​អើយ ប្រសិនបើ​អាច សូមឲ្យ​ពែង​នេះ​ចេញផុត​ពី​ទូលបង្គំ​ផង​! ប៉ុន្តែ​មិនមែន​តាមដែល​ទូលបង្គំ​ប្រាថ្នា​ទេ គឺ​តាមដែល​ព្រះអង្គ​សព្វព្រះហឫទ័យ​វិញ”។

40 ព្រះយេស៊ូវ​យាង​ត្រឡប់មក​រក​ពួក​សិស្ស​វិញ ហើយ​ឃើញ​ពួកគេ​កំពុង​ដេកលក់ ក៏​មានបន្ទូល​នឹង​ពេត្រុស​ថា​៖“ម៉េច​! អ្នករាល់គ្នា​មិន​អាច​ប្រុងស្មារតី​ជាមួយ​ខ្ញុំ មួយ​ម៉ោង​បាន​ទេ​ឬ​?

41 ចូរ​ប្រុងស្មារតី ហើយ​អធិស្ឋាន​ចុះ ដើម្បីកុំឲ្យ​ធ្លាក់ទៅក្នុង​ការល្បួង​ឡើយ​។ វិញ្ញាណ​ឆេះឆួល​មែន ប៉ុន្តែ​សាច់ឈាម​ខ្សោយ​ទេ”។

42 ព្រះយេស៊ូវ​យាង​ចេញទៅ​ម្ដងទៀត​ជាលើកទីពីរ ហើយ​អធិស្ឋាន​ថា​៖“ព្រះ​បិតា​នៃទូលបង្គំ​អើយ ប្រសិនបើ​ពែង​នេះ​មិនអាច​ចេញផុតទៅ​បាន​លើកលែងតែ​ទូលបង្គំ​ត្រូវ​ផឹក សូមឲ្យ​បំណង​ព្រះហឫទ័យ​របស់ព្រះអង្គ​បាន​សម្រេច​ចុះ​!”។

43 ព្រះអង្គ​យាង​ត្រឡប់មកវិញ​ម្ដងទៀត ក៏​ឃើញ​ពួកគេ​ដេកលក់ ដ្បិត​ភ្នែក​ពួកគេ​បើកមិនរួច​។

44 ព្រះអង្គ​យាង​ចាកចេញ​ពី​ពួកគេ​ទៀត ទៅ​អធិស្ឋាន​ជាលើកទីបី ដោយ​ទូល​ពាក្យ​ដដែល​ម្ដងទៀត​។

45 បន្ទាប់មក ព្រះអង្គ​យាង​ត្រឡប់មក​រក​ពួក​សិស្ស​វិញ ហើយ​មានបន្ទូល​នឹង​ពួកគេ​ថា​៖“តើ​អ្នករាល់គ្នា​នៅតែ​ដេកលក់ និង​សម្រាក​ទៀត​ឬ​? មើល៍! ពេលវេលា​ជិតដល់​ហើយ​! កូនមនុស្ស​ត្រូវគេ​ប្រគល់​ទៅក្នុង​កណ្ដាប់ដៃ​របស់​មនុស្សបាប​ឥឡូវ​ហើយ​។

46 ក្រោកឡើង​មក យើង​នាំគ្នា​ទៅ​។ មើល៍! អ្នក​ដែល​ក្បត់​ខ្ញុំ​មកជិតដល់​ហើយ”។

សញ្ញានៃការថើបរបស់យូដាស

47 នៅពេល​ព្រះយេស៊ូវ​កំពុងតែ​មានបន្ទូល​នៅឡើយ មើល៍! យូដាស​ម្នាក់​ក្នុង​សាវ័ក​ទាំង​ដប់ពីរ​នាក់​បាន​មក​ដល់​។ មាន​ហ្វូងមនុស្ស​មួយក្រុម​ធំ​កាន់​ដាវ​កាន់​ដំបង​មក​ជាមួយ​គាត់​ដែរ ពួកគេ​មកពី​ពួក​នាយកបូជាចារ្យ និង​ពួក​ចាស់ទុំ​របស់​ប្រជាជន​។

48 អ្នក​ដែល​ក្បត់​ព្រះអង្គ​បាន​កំណត់​សញ្ញា​មួយ​ឲ្យ​ពួកគេ ដោយ​និយាយថា​៖ “អ្នកណាដែល​ខ្ញុំ​ថើប គឺ​អ្នកនោះ​ហើយ ចូរ​ចាប់​គាត់​ចុះ”។

49 យូដាស​ក៏​ចូលទៅជិត​ព្រះយេស៊ូវ​ភ្លាម ទូលថា​៖ “ជម្រាបសួរ រ៉ាប៊ី​!” រួច​ថើប​ព្រះអង្គ​។

50 ព្រះយេស៊ូវ​មានបន្ទូល​នឹង​គាត់​ថា​៖“សម្លាញ់​អើយ អ្នក​មក​ដើម្បី​អ្វី​?”។ ពេលនោះ ពួកគេ​ក៏​ចូលមកជិត លូក​ដៃ​ចាប់​ព្រះយេស៊ូវ​។

51 មើល៍! មាន​ម្នាក់​ក្នុង​ពួក​អ្នក​ដែល​នៅ​ជាមួយ​ព្រះយេស៊ូវ​បាន​លូក​ដៃ​ហូត​ដាវ​របស់​ខ្លួន ហើយ​កាប់​បាវបម្រើ​របស់​មហាបូជាចារ្យ ដាច់​ត្រចៀក​ម្ខាង​របស់​អ្នកនោះ​។

52 ព្រះយេស៊ូវ​ក៏​មានបន្ទូល​នឹង​គាត់​ថា​៖“ចូរ​ទុក​ដាវ​របស់អ្នក​នៅ​កន្លែងដើម​វិញ​ទៅ​! ដ្បិត​អស់អ្នក​ដែល​កាន់​ដាវ នឹង​វិនាស​ដោយ​ដាវ​។

53 ឬមួយក៏​អ្នក​គិត​ថា ខ្ញុំ​មិនអាច​ទូល​អង្វរ​ព្រះ​បិតា​របស់ខ្ញុំ ហើយ​ព្រះអង្គ​នឹង​ប្រទាន​ទូតសួគ៌​លើសជាង​ដប់ពីរ​កងពល​ឲ្យ​ខ្ញុំ​ឥឡូវនេះ​បានទេ​ឬ​?

54 ប៉ុន្តែ​បើធ្វើដូច្នេះ គម្ពីរ​ដែល​ចែង​ថា​ត្រូវតែ​កើតឡើង​យ៉ាងនេះ នឹង​ត្រូវបាន​បំពេញឲ្យសម្រេច​យ៉ាងដូចម្ដេច​?”។

55 នៅ​ពេល​នោះ ព្រះយេស៊ូវ​មានបន្ទូល​នឹង​ហ្វូងមនុស្ស​ថា​៖“អ្នករាល់គ្នា​ចេញមក​ទាំង​កាន់​ដាវ​កាន់​ដំបង​ដើម្បី​ចាប់​ខ្ញុំ ដូចជា​តាម​ចាប់​ចោរប្លន់​ឬ​? ខ្ញុំ​អង្គុយ​បង្រៀន​ក្នុង​ព្រះវិហារ​ជា​រៀងរាល់ថ្ងៃ តែ​អ្នករាល់គ្នា​មិន​បាន​ចាប់​ខ្ញុំ​ទេ​។

56 យ៉ាងណាមិញ ការ​ទាំងអស់​នេះ​កើតឡើង ដើម្បីឲ្យ​គម្ពីរ​របស់​បណ្ដា​ព្យាការី​ត្រូវបាន​បំពេញឲ្យសម្រេច”។ ពេលនោះ សិស្ស​ទាំងអស់គ្នា​បោះបង់​ព្រះអង្គ​ចោល ហើយក៏​រត់គេច​ទៅ​។

ព្រះយេស៊ូវនៅមុខក្រុមប្រឹក្សា

57 ពួក​អ្នក​ដែល​ចាប់​ព្រះយេស៊ូវ ក៏​នាំ​ព្រះអង្គ​ទៅ​រក​មហាបូជាចារ្យ​កៃផាស​។ នៅទីនោះ ពួក​គ្រូវិន័យ និង​ពួក​ចាស់ទុំ​ជួបជុំគ្នា​។

58 រីឯ​ពេត្រុស​ទៅតាម​ព្រះយេស៊ូវ​ពី​ចម្ងាយ រហូតដល់​ទីធ្លាដំណាក់​របស់​មហាបូជាចារ្យ​។ គាត់​ចូលទៅ​ខាងក្នុង ហើយ​អង្គុយ​ជាមួយ​ពួក​តម្រួត ដើម្បី​មើល​ហេតុការណ៍ដែលនឹងកើតឡើង​។

59 ពួក​នាយកបូជាចារ្យ និង​ក្រុមប្រឹក្សា​ទាំងមូល​រក​បន្ទាល់មិនពិត​ទាស់នឹង​ព្រះយេស៊ូវ ដើម្បី​ប្រហារជីវិត​ព្រះអង្គ

60 ប៉ុន្តែ​ពួកគេ​រក​មិន​បាន​សោះ ទោះបីជា​មាន​សាក្សីភូតភរ​ជាច្រើន​បាន​ចូលមក​ក៏ដោយ​។ នៅទីបំផុត មាន​ពីរ​នាក់​ចូលមក

61 និយាយថា​៖ “ម្នាក់នេះ​និយាយថា​: ‘ខ្ញុំ​អាច​កម្ទេច​ព្រះវិហារ​របស់​ព្រះ ហើយ​សង់ឡើងវិញ​បាន​ក្នុង​បី​ថ្ងៃ’”។

62 ពេលនោះ មហាបូជាចារ្យ​បាន​ក្រោកឡើង សួរ​ព្រះអង្គ​ថា​៖ “តើ​អ្នក​មិន​ឆ្លើយ​អ្វីទេ​ឬ​? តើ​រឿង​ដែល​អ្នកទាំងនេះ​កំពុង​ធ្វើបន្ទាល់ទាស់នឹង​អ្នក​ជា​អ្វី​?”។

63 ប៉ុន្តែ​ព្រះយេស៊ូវ​ទ្រង់​នៅស្ងៀម​។ មហាបូជាចារ្យ​ក៏​មានប្រសាសន៍​នឹង​ព្រះអង្គ​ទៀត​ថា​៖ “យើង​បញ្ជាឲ្យ​អ្នក​ស្បថ​ដោយ​អាង​ព្រះ​ដ៏​មានព្រះជន្មរស់​ថា អ្នក​នឹង​ប្រាប់​យើង ប្រសិនបើ​អ្នក​ជា​ព្រះ​គ្រីស្ទ​ព្រះបុត្រារបស់ព្រះ​!”។

64 ព្រះយេស៊ូវ​មានបន្ទូល​នឹង​លោក​ថា​៖“គឺ​លោក​និយាយ​ទេ​។ លើសពីនេះទៅទៀត ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា ចាប់ពីឥឡូវនេះទៅ អ្នករាល់គ្នា​នឹង​ឃើញកូនមនុស្ស​អង្គុយ​នៅ​ខាងស្ដាំ​ព្រះដ៏មានព្រះចេស្ដាព្រមទាំង​មក​ក្នុង​ពពក​លើមេឃ”។

65 មហាបូជាចារ្យ​ក៏​ហែក​អាវវែង​របស់​ខ្លួន ហើយ​មានប្រសាសន៍ថា​៖ “អ្នកនេះ​និយាយប្រមាថព្រះ​ហើយ​! យើង​ត្រូវការ​សាក្សី​អី​ទៀត​? មើល៍! ឥឡូវនេះ​អស់លោក​ឮ​ពាក្យប្រមាថព្រះ​ហើយ​។

66 តើ​អស់លោក​គិត​ដូចម្ដេច​?”។ ពួកគេ​និយាយ​តប​ថា​៖ “អ្នកនេះ​សមតែ​ស្លាប់​!”។

67 បន្ទាប់មក ពួកគេ​ស្ដោះ​ទឹកមាត់​ដាក់​ព្រះភក្ត្រ​ព្រះអង្គ វាយ​ព្រះអង្គ​នឹងកណ្ដាប់ដៃ ហើយ​ទះកំផ្លៀង​ព្រះអង្គ

68 ទាំង​និយាយថា​៖ “ព្រះ​គ្រីស្ទ​អើយ​! ព្យាករ​ឲ្យ​យើង​មើល៍​! តើ​នរណា​វាយ​អ្នកឯង​?”។

ពេត្រុសបដិសេធព្រះយេស៊ូវ

69 ពេត្រុស​អង្គុយ​នៅ​ខាងក្រៅ​ក្នុង​ទីធ្លា មាន​បាវបម្រើស្រី​ម្នាក់​ចូលមកជិត​គាត់ និយាយថា​៖ “អ្នកឯង​ក៏​នៅ​ជាមួយ​យេស៊ូវ​អ្នកកាលីឡេ​នោះ​ដែរ”។

70 ប៉ុន្តែ​ពេត្រុស​បដិសេធ​នៅមុខ​គេ​ទាំងអស់គ្នា​ថា៖ “ខ្ញុំ​មិន​ដឹង​អ្វីដែល​នាង​និយាយ​ទេ”។

71 នៅពេល​គាត់​ចេញទៅ​ដល់​មាត់ទ្វារ មាន​បាវបម្រើស្រី​ម្នាក់ទៀត​ឃើញ​គាត់ ក៏​ប្រាប់​ពួក​អ្នក​ដែល​នៅ​ទីនោះ​ថា​៖ “អ្នកនេះ​ធ្លាប់​នៅ​ជាមួយ​យេស៊ូវ​អ្នកណាសារ៉ែត”។

72 ពេត្រុស​បដិសេធ​ម្ដងទៀត ព្រមទាំង​ស្បថ​ថា​៖ “ខ្ញុំ​មិន​ស្គាល់​អ្នក​នោះ​ទេ​!”។

73 បន្តិច​ក្រោយមក ពួក​អ្នក​ដែល​ឈរនៅក្បែរ​ក៏​ចូលមកជិត និយាយ​នឹង​ពេត្រុស​ថា​៖ “អ្នកឯង​ពិតជា​គ្នា​ពួកនោះ​ដែរ​ហើយ ពីព្រោះ​សូម្បីតែ​សំឡេង​និយាយ​របស់អ្នកឯង​ក៏​បញ្ជាក់​អំពី​អ្នកឯង​ដែរ”។

74 ពេលនោះ ពេត្រុស​ក៏​ចាប់ផ្ដើម​ដាក់បណ្ដាសា ព្រមទាំង​ស្បថ​ថា​៖ “ខ្ញុំ​មិន​ស្គាល់​អ្នក​នោះ​ទេ​!”។ ភ្លាមនោះ មាន់​ក៏​រងាវឡើង​។

75 ពេត្រុស​នឹកឃើញ​ព្រះបន្ទូល​ដែល​ព្រះយេស៊ូវ​មានបន្ទូល​ថា​:“មុន​មាន់​រងាវ អ្នក​នឹង​បដិសេធ​ខ្ញុំ​បីដង”។ គាត់​ក៏​ចេញទៅ​ខាងក្រៅ​ទាំង​យំ​សោកស្ដាយ​យ៉ាងខ្លាំង​៕

GLOBAL KHMER BIBLE©

Copyright © 2023 by Global Bible Initiative

Global Bible Initiative