នៅបីថ្ងៃទៀត ផារ៉ោននឹងលើកមុខលោក ហើយតាំងលោកឲ្យធ្វើក្នុងតំណែងដើមរបស់លោកវិញ ហើយលោកនឹងបានថ្វាយពែងផារ៉ោនដល់ព្រះហស្តរបស់ស្ដេចទៀត ដូចលោកធ្លាប់ធ្វើ កាលពីលោកនៅបម្រើជាអ្នកថ្វាយពែងពីមុន។
ទំនុកតម្កើង 27:6 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឥឡូវនេះ ខ្ញុំបានងើបក្បាលឡើង ខ្ពស់ជាងខ្មាំងសត្រូវដែលនៅជុំវិញខ្ញុំ ហើយខ្ញុំនឹងថ្វាយយញ្ញបូជា នៅក្នុងព្រះពន្លារបស់ព្រះអង្គ ទាំងស្រែកដោយអំណរ ខ្ញុំនឹងច្រៀង ខ្ញុំនឹងលើកទំនុកថ្វាយព្រះយេហូវ៉ា។ ព្រះគម្ពីរខ្មែរសាកល ដោយហេតុនេះ ក្បាលរបស់ខ្ញុំអាចងើបឡើងលើពួកសត្រូវរបស់ខ្ញុំដែលនៅជុំវិញខ្ញុំ ហើយខ្ញុំនឹងថ្វាយយញ្ញបូជានៅក្នុងព្រះពន្លារបស់ព្រះអង្គដោយសម្រែកហ៊ោសប្បាយ ខ្ញុំនឹងច្រៀង គឺច្រៀងសរសើរតម្កើងព្រះយេហូវ៉ា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គលើកមុខខ្ញុំឡើងឲ្យខ្ពស់ជាងខ្មាំងសត្រូវ ដែលនៅជុំវិញខ្ញុំ ខ្ញុំនឹងថ្វាយយញ្ញបូជានៅក្នុងព្រះពន្លា របស់ព្រះអង្គ ទាំងស្រែកដោយអំណរ ខ្ញុំនឹងច្រៀង ខ្ញុំនឹងស្មូត្រទំនុកតម្កើង ថ្វាយព្រះអម្ចាស់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឥឡូវនេះ ខ្ញុំបានងើបក្បាលឡើងហើយ គឺខ្ពស់ជាងពួកខ្មាំងសត្រូវដែលព័ទ្ធជុំវិញខ្ញុំទៅទៀត ហើយខ្ញុំនឹងថ្វាយគ្រឿងបូជានៃសេចក្ដីអំណរ នៅក្នុងរោងឧបោសថទ្រង់ ខ្ញុំនឹងច្រៀង អើ ខ្ញុំនឹងច្រៀងសរសើរដល់ព្រះយេហូវ៉ា។ អាល់គីតាប ទ្រង់លើកមុខខ្ញុំឡើងឲ្យខ្ពស់ជាង ខ្មាំងសត្រូវដែលនៅជុំវិញខ្ញុំ ខ្ញុំនឹងធ្វើគូរបាននៅក្នុងជំរំសក្ការៈ របស់ទ្រង់ ទាំងស្រែកដោយអំណរ ខ្ញុំនឹងច្រៀងគីតាបសាបូរ ជូនអុលឡោះតាអាឡា។ |
នៅបីថ្ងៃទៀត ផារ៉ោននឹងលើកមុខលោក ហើយតាំងលោកឲ្យធ្វើក្នុងតំណែងដើមរបស់លោកវិញ ហើយលោកនឹងបានថ្វាយពែងផារ៉ោនដល់ព្រះហស្តរបស់ស្ដេចទៀត ដូចលោកធ្លាប់ធ្វើ កាលពីលោកនៅបម្រើជាអ្នកថ្វាយពែងពីមុន។
បីថ្ងៃក្រោយមក ជាថ្ងៃបុណ្យចម្រើនព្រះជន្មផារ៉ោន ស្ដេចបានរៀបចំពិធីជប់លៀងសម្រាប់ពួកមន្ត្រីទាំងប៉ុន្មានរបស់ស្ដេច ហើយស្ដេចក៏ដោះលែងមេថ្វាយពែង និងមេដុតនំ ឲ្យមកឈរក្នុងចំណោមមន្ត្រីរបស់ស្ដេច។
នៅថ្ងៃដែលព្រះយេហូវ៉ាបានជួយសង្គ្រោះដាវីឌ ឲ្យរួចពីកណ្ដាប់ដៃនៃពួកខ្មាំងសត្រូវទាំងប៉ុន្មាន និងពីកណ្ដាប់ដៃរបស់ស្តេចសូល ព្រះបាទដាវីឌបានពោលទំនុកទូលព្រះយេហូវ៉ាថា៖
ព្រមទាំងនាំទូលបង្គំចេញឲ្យរួច ពីពួកខ្មាំងសត្រូវ ហើយលើកទូលបង្គំឡើងយ៉ាងខ្ពស់ ជាងអស់អ្នកដែលលើកខ្លួនទាស់នឹងទូលបង្គំ ក៏ដោះទូលបង្គំឲ្យរួចពីមនុស្សច្រឡោតផង។
យើងបាននៅជាមួយឯង គ្រប់ទីកន្លែងណាដែលឯងបានទៅ ក៏បានធ្វើឲ្យពួកខ្មាំងសត្រូវឯងទាំងប៉ុន្មាន វិនាសពីមុខឯងចេញ យើងបានលើកឈ្មោះឯងឲ្យជាធំ ស្មើនឹងឈ្មោះនៃអស់អ្នកធំដែលនៅផែនដី។
នៅឆ្នាំទីសាមសិបប្រាំពីរ ដែលយេហូយ៉ាគីន ជាស្តេចយូដានៅជាប់ជាឈ្លើយនៅឡើយ ក្នុងថ្ងៃម្ភៃប្រាំពីរ ខែទីដប់ពីរ អេវីល-មេរូដាកជាស្តេចស្រុកបាប៊ីឡូនឡើងសោយរាជ្យ ហើយក៏ប្រោសមេត្តាដល់យេហូយ៉ាគីនជាស្តេចយូដា ដោយដោះចេញពីគុកនៅឆ្នាំនោះ
ដោយមានរាជឱង្ការថា៖ «តើព្រះយេហូវ៉ា ជាព្រះនៃអ្នករាល់គ្នា មិនគង់នៅជាមួយទេឬ? តើព្រះអង្គមិនបានឲ្យអ្នករាល់គ្នាឈប់សម្រាក នៅគ្រប់ទិសដែរទេឬ? ដ្បិតព្រះអង្គបានប្រគល់ពួកអ្នកស្រុកនេះមកក្នុងកណ្ដាប់ដៃយើងហើយ ស្រុកនេះបានចុះចូលនៅចំពោះព្រះយេហូវ៉ា និងពួកប្រជារាស្ត្ររបស់ព្រះអង្គ។
ត្រូវឲ្យគេថ្វាយយញ្ញបូជានៃការអរព្រះគុណ ហើយប្រកាសពីស្នាព្រះហស្ដរបស់ព្រះអង្គ ដោយបទចម្រៀងយ៉ាងអរសប្បាយ។
ឱព្រះយេហូវ៉ាអើយ សូមទទួល តង្វាយស្ម័គ្រចិត្តរបស់ទូលបង្គំ ហើយសូមបង្រៀនទូលបង្គំ ឲ្យស្គាល់វិន័យរបស់ព្រះអង្គផង។
ហើយគេនឹងច្រៀងពីផ្លូវរបស់ព្រះយេហូវ៉ា ដ្បិតសិរីល្អរបស់ព្រះយេហូវ៉ា នោះធំក្រៃលែង។
ឱព្រះយេហូវ៉ាអើយ ព្រះរាជាត្រេកអរណាស់ ចំពោះឫទ្ធានុភាពរបស់ព្រះអង្គ ហើយព្រះរាជារីករាយជាខ្លាំង ចំពោះការសង្គ្រោះរបស់ព្រះអង្គ!
ឱព្រះយេហូវ៉ាអើយ សូមព្រះអង្គបានថ្កើងឡើង ដោយឥទ្ធិឫទ្ធិរបស់ព្រះអង្គ យើងខ្ញុំនឹងច្រៀងសរសើរ ពីព្រះចេស្តារបស់ព្រះអង្គ។
៙ ប៉ុន្តែ ឱព្រះយេហូវ៉ាអើយ ព្រះអង្គជាខែលបាំងទូលបង្គំជុំវិញ ជាសិរីល្អរបស់ទូលបង្គំ ហើយជាអ្នកធ្វើឲ្យទូលបង្គំងើបក្បាលឡើង។
ខ្ញុំស្រែកដង្ហោយហៅរកព្រះយេហូវ៉ា ហើយព្រះអង្គក៏ឆ្លើយតបមកខ្ញុំ ពីភ្នំបរិសុទ្ធ របស់ព្រះអង្គ។ -បង្អង់
ម្នាលប្រជាជនទាំងឡាយអើយ ចូរនាំគ្នាទះដៃអបអរសាទរ ចូរស្រែកច្រៀងថ្វាយព្រះដោយអំណរឡើង!
ឱព្រលឹងខ្ញុំអើយ ចូរភ្ញាក់ឡើង ឱពិណ និងស៊ុងរបស់ខ្ញុំអើយ ចូរភ្ញាក់ឡើង ខ្ញុំនឹងដាស់អរុណឲ្យរះឡើង!
ចូរស្រែកច្រៀងថ្វាយព្រះ ដែលជាកម្លាំងរបស់យើង ចូរស្រែកហ៊ោដោយអំណរ ថ្វាយព្រះរបស់លោកយ៉ាកុប!
ចូលមក យើងនាំគ្នាច្រៀងថ្វាយព្រះយេហូវ៉ា ចូរយើងបន្លឺសំឡេងដោយអំណរដល់ព្រះ ដែលថ្មដានៃការសង្គ្រោះរបស់យើង!
ឱពួកអ្នកនៅក្រុងស៊ីយ៉ូនអើយ ចូរបន្លឺសំឡេងឡើង ហើយស្រែកហ៊ោដោយអំណរចុះ ដ្បិតព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែល ព្រះអង្គធំប្រសើរនៅកណ្ដាលអ្នករាល់គ្នា។
ដ្បិតព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា៖ ចូរច្រៀងដោយចិត្តអរសប្បាយ ព្រោះពួកយ៉ាកុប ហើយស្រែកឡើងដោយអំណរ ដោយព្រោះមេប្រធាននៃអស់ទាំងសាសន៍ ចូរប្រកាសប្រាប់ចុះ ចូរលើកសរសើរ ដោយពាក្យថា ឱព្រះយេហូវ៉ាអើយ សូមជួយសង្គ្រោះសំណល់នៃសាសន៍អ៊ីស្រាអែល ជាប្រជារាស្ត្ររបស់ព្រះអង្គផង។
ជាសំឡេងអរសប្បាយ និងសំឡេងរីករាយ គឺសំឡេងរបស់ប្ដីប្រពន្ធថ្មោងថ្មី និងសំឡេងពួកអ្នកដែលពោលថា៖ ចូរលើកសរសើរព្រះយេហូវ៉ានៃពួកពលបរិវារ ដ្បិតព្រះយេហូវ៉ាល្អ ពីព្រោះសេចក្ដីសប្បុរសរបស់ព្រះអង្គស្ថិតស្ថេរនៅអស់កល្ប ហើយសំឡេងរបស់ពួកដែលនាំយកតង្វាយអរព្រះគុណចូលក្នុងព្រះវិហារនៃព្រះយេហូវ៉ាដែរ ដ្បិតយើងនឹងធ្វើឲ្យពួកអ្នកស្រុកនេះ ដែលនៅជាឈ្លើយ បានវិលមកវិញដូចកាលពីដើម នេះហើយជាព្រះបន្ទូលនៃព្រះយេហូវ៉ា។
ឱកូនស្រីស៊ីយ៉ូនអើយ ចូររីករាយជាខ្លាំងឡើង ឱកូនស្រីយេរូសាឡិមអើយ ចូរស្រែកហ៊ោចុះ មើល៍! ស្តេចរបស់នាងយាងមករកនាងហើយ ព្រះអង្គជាអ្នកសុចរិត ហើយមានជ័យជម្នះ ព្រះអង្គក៏សុភាព ព្រះអង្គគង់លើសត្វលា គឺជាលាជំទង់ ជាកូនរបស់មេលា។
ដូច្នេះ តាមរយៈព្រះអង្គ ត្រូវឲ្យយើងថ្វាយពាក្យសរសើរ ទុកជាយញ្ញបូជាដល់ព្រះជានិច្ច គឺជាផលនៃបបូរមាត់ ដែលប្រកាសពីព្រះនាមព្រះអង្គ។
អ្នករាល់គ្នាត្រូវបានសង់ឡើងជាផ្ទះខាងវិញ្ញាណ ដូចជាថ្មរស់ ឲ្យបានធ្វើជាពួកសង្ឃបរិសុទ្ធ ដើម្បីថ្វាយយញ្ញបូជាខាងវិញ្ញាណ ដែលព្រះសព្វព្រះហឫទ័យទទួល តាមរយៈព្រះយេស៊ូវគ្រីស្ទ។
គេច្រៀងទំនុករបស់លោកម៉ូសេ ជាអ្នកបម្រើរបស់ព្រះ និងទំនុករបស់កូនចៀមថា៖ «ឱព្រះអម្ចាស់ ជាព្រះដ៏មានព្រះចេស្តាបំផុតអើយ កិច្ចការរបស់ព្រះអង្គសុទ្ធតែធំ ហើយអស្ចារ្យ! ឱស្តេចនៃជាតិសាសន៍ទាំងឡាយអើយ ផ្លូវរបស់ព្រះអង្គសុចរិត និងពិតត្រង់!
ហើយគេក៏ច្រៀងទំនុកមួយថ្មីថា៖ «ព្រះអង្គសមនឹងទទួលក្រាំងនេះ ហើយបកត្រាផង ដ្បិតព្រះអង្គត្រូវគេធ្វើគុត ហើយបានលោះមនុស្សដោយព្រះលោហិតរបស់ព្រះអង្គ ពីគ្រប់កុលសម្ព័ន្ធ គ្រប់ភាសា គ្រប់ជនជាតិ និងគ្រប់សាសន៍ ថ្វាយដល់ព្រះ។