ទំនុកតម្កើង 81 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ព្រះរំឭកដាស់តឿនសាសន៍អ៊ីស្រាអែលដែលមានចិត្តរឹងរូស ទំនុករបស់លោកអេសាភ សម្រាប់មេភ្លេង ត្រូវលេងដោយប្រដាប់ភ្លេងគីធីត។ 1 ចូរស្រែកច្រៀងថ្វាយព្រះ ដែលជាកម្លាំងរបស់យើង ចូរស្រែកហ៊ោដោយអំណរ ថ្វាយព្រះរបស់លោកយ៉ាកុប! 2 ចូរលើកទំនុក ចូរវាយក្រាប់ ហើយចាប់ស៊ុងយ៉ាងពីរោះ និងដេញពិណផង។ 3 ចូរផ្លុំត្រែនៅពេលចាប់ផ្ដើមខែខ្នើត នៅពេលខែពេញបូណ៌មី ជាថ្ងៃបុណ្យរបស់យើង ។ 4 ដ្បិតនេះជាច្បាប់សម្រាប់អ៊ីស្រាអែល ជាវិន័យរបស់ព្រះនៃយ៉ាកុប។ 5 ព្រះអង្គតាំងច្បាប់នោះ ទុកជាទីបន្ទាល់នៅក្នុងពួកយ៉ូសែប នៅពេលព្រះអង្គចេញទៅ វាយប្រហារស្រុកអេស៊ីព្ទ ខ្ញុំបានឮសំឡេងមួយដែលខ្ញុំមិនស្គាល់ បន្លឺថា៖ 6 «យើងបានដោះបន្ទុកចេញពីស្មារបស់អ្នក ហើយក៏យកកញ្ច្រែងចេញពីដៃរបស់អ្នកដែរ។ 7 នៅគ្រាមានទុក្ខវេទនា អ្នកបានអំពាវនាវ ហើយយើងបានរំដោះអ្នក យើងបានឆ្លើយតបដល់អ្នកពីទីសម្ងាត់នៃផ្គរ យើងបានល្បងលអ្នកនៅទឹកមេរីបា ។ –បង្អង់ 8 ឱប្រជារាស្ត្ររបស់យើងអើយ ចូរស្តាប់ នៅពេលយើងរំឭកដាស់តឿនអ្នក ឱអ៊ីស្រាអែលអើយ ប្រសិនបើអ្នកគ្រាន់តែស្តាប់តាមយើង! 9 មិនត្រូវឲ្យមានព្រះដទៃណា នៅក្នុងចំណោមអ្នកឡើយ ក៏មិនត្រូវក្រាបថ្វាយបង្គំព្រះ នៃសាសន៍ដទៃណាមួយដែរ។ 10 យើងជាព្រះយេហូវ៉ាជាព្រះរបស់អ្នក ដែលបាននាំអ្នកចេញពីស្រុកអេស៊ីព្ទ ចូរហាមាត់អ្នកឲ្យធំ នោះយើងនឹងបំពេញឲ្យ។ 11 ប៉ុន្តែ ប្រជារាស្ត្ររបស់យើង មិនបានស្តាប់តាមសំឡេងយើងឡើយ អ៊ីស្រាអែលមិនព្រមចុះចូលចំពោះយើងទេ។ 12 ដូច្នេះ យើងក៏បណ្ដោយឲ្យគេ ទៅតាមចិត្តរឹងចចេសរបស់គេ ឲ្យគេប្រព្រឹត្តតាមគំនិតរបស់ខ្លួនគេ។ 13 ឱប្រសិនបើប្រជារាស្ត្ររបស់យើង ព្រមស្តាប់តាមយើងទៅអេះ! ឱប្រសិនបើអ៊ីស្រាអែល ព្រមដើរតាមផ្លូវរបស់យើងទៅអេះ! 14 នោះយើងនឹងបង្ក្រាបខ្មាំងសត្រូវរបស់គេភ្លាម ហើយយើងនឹងបង្វែរដៃ ទៅទាស់នឹងបច្ចាមិត្តរបស់គេមិនខាន។ 15 អស់អ្នកដែលស្អប់ព្រះយេហូវ៉ា នឹងក្រាបនៅចំពោះព្រះអង្គ ហើយវាសនាអាក្រក់របស់គេ នឹងនៅជាប់រហូតតទៅ។ 16 ប៉ុន្ដែ យើងនឹងចិញ្ចឹមអ្នក ដោយស្រូវសាលីល្អបំផុត ហើយនឹងចម្អែតអ្នកដោយទឹកឃ្មុំពីថ្មដា»។ |
© 2016 United Bible Societies
Bible Society in Cambodia