វិវរណៈ 15 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ទេវតា និងគ្រោះកាចចុងក្រោយទាំងប្រាំពីរ 1 បន្ទាប់មក ខ្ញុំបានឃើញទីសម្គាល់មួយទៀត ដែលធំ ហើយអស្ចារ្យនៅលើមេឃ គឺមានទេវតាប្រាំពីរ ដែលកាន់គ្រោះកាចទាំងប្រាំពីរចុងក្រោយបង្អស់ ដ្បិតសេចក្ដីក្រោធរបស់ព្រះបានបញ្ចប់ដោយគ្រោះកាចទាំងនោះ។ 2 បន្ទាប់មក ខ្ញុំឃើញដូចជាសមុទ្រកែវ លាយជាមួយភ្លើង ហើយអស់អ្នកដែលបានឈ្នះសត្វនោះ និងរូបចម្លាក់របស់វា ព្រមទាំងលេខឈ្មោះរបស់វា ឈរលើសមុទ្រកែវនោះ ទាំងកាន់ស៊ុងរបស់ព្រះគ្រប់គ្នា។ 3 គេច្រៀងទំនុករបស់លោកម៉ូសេ ជាអ្នកបម្រើរបស់ព្រះ និងទំនុករបស់កូនចៀមថា៖ «ឱព្រះអម្ចាស់ ជាព្រះដ៏មានព្រះចេស្តាបំផុតអើយ កិច្ចការរបស់ព្រះអង្គសុទ្ធតែធំ ហើយអស្ចារ្យ! ឱស្តេចនៃជាតិសាសន៍ទាំងឡាយអើយ ផ្លូវរបស់ព្រះអង្គសុចរិត និងពិតត្រង់! 4 ឱព្រះអម្ចាស់អើយ តើមានអ្នកណាមិនកោតខ្លាច ហើយលើកតម្កើងព្រះនាមព្រះអង្គ? ដ្បិតមានតែព្រះអង្គមួយប៉ុណ្ណោះដែលបរិសុទ្ធ ហើយគ្រប់ទាំងសាសន៍នឹងមកក្រាបថ្វាយបង្គំព្រះអង្គ ដ្បិតការជំនុំជម្រះរបស់ព្រះអង្គ បានសម្តែងមកឲ្យឃើញហើយ»។ 5 ក្រោយមក ខ្ញុំមើលទៅ ឃើញព្រះវិហារក្នុងរោងនៃសេចក្ដីបន្ទាល់នៅស្ថានសួគ៌ បើកទ្វារចំហ 6 ហើយទេវតាទាំងប្រាំពីរដែលកាន់គ្រោះកាចទាំងប្រាំពីរ ក៏ចេញពីព្រះវិហារមក មានសម្លៀកបំពាក់ធ្វើពីក្រណាត់ទេសឯកសុទ្ធដ៏ភ្លឺ មានទាំងខ្សែក្រវាត់មាសនៅដើមទ្រូងផង។ 7 បន្ទាប់មក សត្វមានជីវិតមួយក្នុងចំណោមសត្វមានជីវិតទាំងបួន ក៏ឲ្យពែងមាសប្រាំពីរទៅទេវតាទាំងប្រាំពីរ ដែលពែងទាំងនោះពេញទៅដោយសេចក្ដីក្រោធរបស់ព្រះ ដែលមានព្រះជន្មរស់អស់កល្បជានិច្ចរៀងរាបតទៅ 8 ហើយព្រះវិហារមានពេញដោយផ្សែង ចេញពីសិរីល្អរបស់ព្រះ និងពីព្រះចេស្តារបស់ព្រះអង្គ គ្មានអ្នកណាអាចចូលទៅក្នុងព្រះវិហារបានឡើយ ទាល់តែគ្រោះកាចទាំងប្រាំពីររបស់ទេវតាទាំងប្រាំពីរបានចប់សព្វគ្រប់។ |
© 2016 United Bible Societies
Bible Society in Cambodia