ប្រយោជន៍ឲ្យអស់ទាំងសាសន៍នៅផែនដីបានដឹងថា ព្រះយេហូវ៉ាជាព្រះ ឥតមានព្រះឯណាទៀតសោះឡើយ។
អេសាយ 45:5 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ យើងនេះជាយេហូវ៉ា គ្មានព្រះណាដទៃឡើយ ក្រៅពីយើងឥតមានព្រះណាទៀតសោះ យើងនឹងក្រវាត់ឲ្យអ្នក ទោះបើអ្នកមិនស្គាល់យើងក៏ដោយ។ ព្រះគម្ពីរខ្មែរសាកល យើងជាយេហូវ៉ា គ្មានអ្នកណាទៀតឡើយ គ្មានព្រះណាក្រៅពីយើងឡើយ។ យើងនឹងក្រវាត់អ្នក ទោះបីជាអ្នកមិនស្គាល់យើងក៏ដោយ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យើងនេះហើយជាព្រះអម្ចាស់ គ្មានព្រះអម្ចាស់ណាផ្សេងទៀតឡើយ ក្រៅពីយើង គ្មានព្រះជាម្ចាស់ណាទេ ទោះបីអ្នកមិនស្គាល់យើងក្ដី ក៏យើងបានប្រគល់ឲ្យអ្នកមានឫទ្ធិអំណាច ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អញនេះជាយេហូវ៉ា គ្មានព្រះណាដទៃឡើយ ក្រៅពីអញឥតមានព្រះណាទៀតសោះ អញនឹងក្រវាត់ឲ្យឯង ទោះបើឯងមិនស្គាល់អញក៏ដោយ អាល់គីតាប យើងនេះហើយជាអុលឡោះតាអាឡា គ្មានម្ចាស់ណាផ្សេងទៀតឡើយ ក្រៅពីយើង គ្មានម្ចាស់ណាទេ ទោះបីអ្នកមិនស្គាល់យើងក្តី ក៏យើងបានប្រគល់ឲ្យអ្នកមានអំណាច |
ប្រយោជន៍ឲ្យអស់ទាំងសាសន៍នៅផែនដីបានដឹងថា ព្រះយេហូវ៉ាជាព្រះ ឥតមានព្រះឯណាទៀតសោះឡើយ។
«ព្រះបាទស៊ីរូស ជាស្តេចស្រុកពើស៊ី ទ្រង់មានរាជឱង្ការដូច្នេះថា ព្រះយេហូវ៉ា ជាព្រះនៃស្ថានសួគ៌ ព្រះអង្គបានប្រទានអស់ទាំងនគរនៅផែនដីមកយើងហើយ ក៏បានបង្គាប់ឲ្យយើងស្អាងព្រះវិហារថ្វាយព្រះអង្គ នៅក្រុងយេរូសាឡិម ក្នុងស្រុកយូដា ។
ព្រះអង្គចាក់សេចក្ដីមើលងាយទៅលើពួកសេដ្ឋី ក៏បន្ធូរខ្សែក្រវាត់នៃពួកខ្លាំងពូកែ។
៙ ដ្បិតបើមិនមែនជាព្រះយេហូវ៉ាទេ តើអ្នកណាជាព្រះ? ហើយក្រៅពីព្រះនៃយើង តើអ្នកណាជាថ្មដា?
គឺជាព្រះដែលក្រវាត់ខ្ញុំដោយកម្លាំង ហើយធ្វើឲ្យផ្លូវរបស់ខ្ញុំបានគ្រប់លក្ខណ៍។
ព្រះអង្គធ្វើឲ្យជើងខ្ញុំបានដូចជាជើងក្តាន់ ហើយដាក់ខ្ញុំឲ្យឈរយ៉ាងមាំនៅទីខ្ពស់។
ដ្បិតព្រះអង្គបានក្រវាត់ទូលបង្គំដោយកម្លាំង សម្រាប់ចម្បាំង ព្រះអង្គបានបង្ក្រាបអស់អ្នក ដែលលើកគ្នាទាស់នឹងទូលបង្គំ ឲ្យរាបនៅក្រោមទូលបង្គំ។
ដ្បិតលើកនេះ យើងនឹងចាត់គ្រោះកាចទាំងអស់មកលើអ្នក លើពួកនាម៉ឺនមន្ត្រី និងលើប្រជារាស្ត្ររបស់អ្នក ដើម្បីឲ្យអ្នកបានដឹងថា នៅលើផែនដីគ្មានអ្នកណាម្នាក់ដូចយើងឡើយ។
យើងនឹងយកអាវយសរបស់អ្នកមកបំពាក់ឲ្យគាត់វិញ ព្រមទាំងឲ្យមានកម្លាំងឡើង ដោយខ្សែក្រវាត់របស់អ្នកផង យើងនឹងប្រគល់អំណាចត្រួតត្រារបស់អ្នក ទៅក្នុងកណ្ដាប់ដៃគាត់ នោះគាត់នឹងធ្វើជាឪពុក ដល់ពួកអ្នកនៅក្រុងយេរូសាឡិម និងពូជពង្សយូដាដែរ។
ដូច្នេះ ឱព្រះយេហូវ៉ាជាព្រះនៃយើងខ្ញុំរាល់គ្នាអើយ សូមព្រះអង្គជួយសង្គ្រោះយើងខ្ញុំ ឲ្យរួចពីកណ្ដាប់ដៃរបស់គេផង ដើម្បីឲ្យគ្រប់ទាំងសាសន៍នៅផែនដីបានដឹងថា ព្រះអង្គជាព្រះយេហូវ៉ា គឺព្រះអង្គតែមួយអង្គទេ»។
ព្រះយេហូវ៉ាមានព្រះបន្ទូលថា អ្នករាល់គ្នាជាស្មរបន្ទាល់របស់យើង ហើយជាអ្នកបម្រើដែលយើងបានរើសតាំង ដើម្បីឲ្យបានស្គាល់ ហើយជឿដល់យើង ព្រមទាំងយល់ថា គឺយើងនេះហើយ ឥតមានព្រះណាកើតមកមុនយើងទេ ហើយនៅក្រោយយើងក៏គ្មានដែរ។
ព្រះយេហូវ៉ាដ៏ជាមហាក្សត្រនៃសាសន៍អ៊ីស្រាអែល ហើយជាអ្នកដែលប្រោសលោះ គឺព្រះយេហូវ៉ានៃពួកពលបរិវារ ព្រះអង្គមានព្រះបន្ទូលដូច្នេះថា យើងជាដើម ហើយជាចុង ក្រៅពីយើងគ្មានព្រះណាទៀតឡើយ។
កុំភ័យឡើយ ក៏កុំខ្លាចដែរ តើយើងមិនបានប្រាប់ ហើយបង្ហាញដល់អ្នកតាំងតែពីដើមមកទេឬ? គឺអ្នករាល់គ្នាជាស្មរបន្ទាល់របស់យើង តើមានព្រះណាក្រៅពីយើងឬទេ? គ្មានថ្មដាណាផ្សេងទៀតឡើយ យើងមិនស្គាល់មួយសោះ។
ព្រះយេហូវ៉ាមានព្រះបន្ទូលទៅកាន់ព្រះបាទស៊ីរូស ដែលព្រះអង្គបានចាក់ប្រេងតាំងឡើងហើយ ជាអ្នកដែលព្រះអង្គកាន់ដៃស្តាំ ដើម្បីឲ្យបានបង្ក្រាបអស់ទាំងសាសន៍នៅមុខខ្លួន ហើយបន្ធូរចង្កេះពួកស្តេច ព្រមទាំងបើកទ្វារនៅមុខខ្លួន រួចទ្វារទាំងនោះនឹងមិនត្រូវបិទវិញឡើយ។
ដើម្បីឲ្យមនុស្សទាំងឡាយ ចាប់តាំងពីទិសខាងថ្ងៃរះរហូតដល់ទិសខាងថ្លៃលិចបានដឹងថា ក្រៅពីយើងគ្មានព្រះណាផ្សេងទៀតឡើយ គឺយើងនេះជាព្រះយេហូវ៉ា ឥតមានព្រះណាទៀតសោះ។
ចូរនឹកចាំពីការដែលកន្លងទៅ តាំងពីបុរាណ ដ្បិតយើងនេះហើយជាព្រះ ឥតមានព្រះណាទៀតឡើយ យើងជាព្រះ ហើយគ្មានអ្នកណាដូចជាយើងសោះ
ដូច្នេះ ចូរស្តាប់សេចក្ដីនេះឥឡូវ អ្នកអាល័យតែលេងសប្បាយ ហើយនៅដោយឥតកង្វល់ អ្នកនឹកក្នុងចិត្តថា គឺយើងនេះហើយ ឥតមានអ្នកណាទៀតឡើយ យើងនឹងមិនក្លាយជាស្ត្រីមេម៉ាយ ក៏មិនដែលបាត់បង់កូនឡើយ
យើងនឹងចម្រើនកម្លាំងដៃស្តេចបាប៊ីឡូន ហើយដាក់ដាវយើងទៅក្នុងដៃវា តែយើងនឹងបំបាក់ដៃទាំងពីររបស់ផារ៉ោន ហើយស្តេចបាប៊ីឡូននឹងថ្ងូរ ដូចជាមនុស្សដែលត្រូវរបួសដល់ស្លាប់។
អ្នករាល់គ្នានឹងដឹងថា យើងគង់នៅកណ្ដាលសាសន៍អ៊ីស្រាអែល ហើយថា យើងនេះ គឺយេហូវ៉ា ជាព្រះរបស់អ្នករាល់គ្នា គ្មានព្រះឯណាទៀតទេ ប្រជារាស្ត្ររបស់យើងនឹងមិនត្រូវអាម៉ាស់ទៀតឡើយ។
កាលដើមដំបូងមានព្រះបន្ទូល ព្រះបន្ទូលគង់នៅជាមួយ ព្រះ ហើយព្រះបន្ទូលនោះឯងជាព្រះ។
មើល៍ ឥឡូវនេះ គឺយើងនេះហើយដែលជាព្រះ គ្មានព្រះឯណាទៀតក្រៅពីយើងឡើយ។ យើងសម្លាប់ ហើយយើងប្រោសឲ្យរស់ យើងធ្វើឲ្យរបួស ហើយយើងប្រោសឲ្យជា គ្មានអ្នកណានឹងដោះឲ្យរួចពីកណ្ដាប់ដៃយើងបានឡើយ។
ការទាំងនោះបានសម្ដែងមកឲ្យអ្នកឃើញ ដើម្បីឲ្យអ្នកបានដឹងថា ព្រះយេហូវ៉ាពិតជាព្រះមែន ក្រៅពីព្រះអង្គគ្មានព្រះឯណាទៀតឡើយ។
ដូច្នេះ ចូរដឹងនៅថ្ងៃនេះ ហើយកំណត់ទុកក្នុងចិត្តចុះថា ព្រះយេហូវ៉ា ពិតជាព្រះនៅលើស្ថានសួគ៌ និងនៅផែនដីនេះ គ្មានព្រះឯណាទៀតឡើយ។