Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

យ៉ូប 12 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦


ចម្លើយ​របស់​យ៉ូប៖ ខ្ញុំ​ជាម្នាក់​ធ្វើ​ឲ្យ​គេ​អស់​សំណើច

1 ពេល​នោះ លោក​យ៉ូប​ឆ្លើយ​ឡើង​ថា៖

2 «គ្មាន​ផ្លូវ​សង្ស័យ​ឡើយ មាន​តែ​អ្នក​រាល់​គ្នា​ទេ​ដែល​ជា​មនុស្ស ហើយ​ប្រាជ្ញា​នឹង​រលត់​ទៅ ជា‌មួយ​អ្នក​រាល់​គ្នា​ជា​ពិត។

3 ប៉ុន្តែ ខ្ញុំ​ក៏​មាន​យោបល់​ដូច​ជា​អ្នក​រាល់​គ្នា​ដែរ ខ្ញុំ​មិន​អន់​ជាង​អ្នក​រាល់​គ្នា​ទេ តើ​នរណា​មិន​ស្គាល់​សេចក្ដី​នេះ?

4 ខ្ញុំ​ជា​ទី​សើច​ឡក​ដល់​មិត្ត​សម្លាញ់​ខ្ញុំ ជា​អ្នក​ដែល​បាន​អំពាវ‌នាវ​ដល់​ព្រះ ហើយ​ព្រះ‌អង្គ​ក៏​ឆ្លើយ​មក គឺ​ជា​មនុស្ស​សុចរិត​ត្រឹម​ត្រូវ ដែល​ត្រូវ​គេ​សើច​ចំអក​ឲ្យ។

5 ក្នុង​គំនិត​របស់​អ្នក​ដែល​មាន​សេចក្ដី​សុខ តែង​មើល‌ងាយ​ចំពោះ​អ្នក​វេទនា សេចក្ដី​នោះ​ប្រុង‌ប្រៀប​សម្រាប់​អ្នក​ណា ដែល​ភ្លាត់​ជើង។

6 ទី​លំនៅ​របស់​ពួក​ចោរ​ចេះ​តែ​ចម្រើន ហើយ​ពួក​អ្នក​ដែល​ធ្វើ​ឲ្យ​ព្រះ ថ្នាំង‌ថ្នាក់​ព្រះ‌ហឫ‌ទ័យ ក៏​តែង​មាន​សេចក្ដី​សុខ គឺ​ជា​ពួក​អ្នក​ដែល​ទទួល​តែ​អំណាច របស់​ខ្លួន​ទុក​ជា​ព្រះ។

7 ប៉ុន្តែ សួរ​សត្វ​តិរច្ឆាន​ឥឡូវ​ចុះ វា​នឹង​បង្រៀន​អ្នក ហើយ​សត្វ​ស្លាប ដែល​ហើរ​លើ​អាកាស វា​នឹង​ប្រាប់​ឲ្យ​អ្នក​ដឹង

8 ឬ​សួរ​ទៅ​រុក្ខជាតិ​នៅ​លើ​ផែន​ដី​ចុះ វា​នឹង​បង្រៀន​អ្នក​ដែរ ហើយ​សួរ​ត្រី​នៅ​សមុទ្រ វា​នឹង​ថ្លែង​ប្រាប់​អ្នក។

9 ក្នុង​ពួក​ទាំង​នោះ តើ​មាន​ណា​មួយ​ដែល​មិន​ដឹង​ថា ព្រះ‌ហស្ត​នៃ​ព្រះ‌យេហូវ៉ា​បាន​បង្កើត​ទាំង​អស់?

10 ដែល​ជីវិត​នៃ​សត្វ​ទាំង‌ឡាយ សុទ្ធ​តែ​នៅ​ក្នុង​ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ ព្រម​ទាំង​ខ្យល់​ដង្ហើម​របស់​មនុស្ស​ផង​ដូច្នេះ។

11 ឯ​ត្រចៀក តើ​មិន​ស្តាប់​យល់​ពាក្យ​សម្ដី ដូច​ជា​មាត់​ភ្លក់​ឲ្យ​ដឹង​រស​អាហារ​ដែរ​ទេ​ឬ?

12 មនុស្ស​ចាស់ៗ​តែង​មាន​ប្រាជ្ញា ហើយ​មនុស្ស​មាន​អាយុ​យឺនយូ ទើប​មាន​យោបល់។

13 ឯ​ព្រះ​មាន​ទាំង​ប្រាជ្ញា និង​ឥទ្ធិ‌ឫទ្ធិ​ផង ព្រះ‌អង្គ​ក៏​មាន​ព្រះ‌តម្រិះ និង​យោបល់​ដែរ។

14 មើល៍ ព្រះ‌អង្គ​រំលំ ហើយ​គេ​នឹង​សង់​ឡើង​វិញ​មិន​បាន ប្រសិន​បើ​ព្រះ‌អង្គ​ឃុំ​អ្នក​ណា​ទុក​ហើយ គ្មាន​អ្នក​ណា​អាច​នឹង​បើក​បាន​ឡើយ។

15 ប្រសិន‌បើ​ព្រះ‌អង្គ​ទប់​ទឹក នោះ​ទាំង​អស់​ក៏​រីង​ស្ងួត​ទៅ ប្រសិន‌បើ​ព្រះ‌អង្គ​បើក នោះ​ក៏​លិច​លង់​ផែនដី​អស់។

16 ព្រះ‌អង្គ​មាន​កម្លាំង​ឫទ្ធិ និង​ប្រាជ្ញា មនុស្ស​ដែល​គេឆ​បោក និង​មនុស្ស​ឆ​បោក​គេ សុទ្ធ​តែ​នៅ​ក្រោម​អំណាច​របស់​ព្រះ‌អង្គ។

17 ព្រះ‌អង្គ​ដឹក‌នាំ​ពួក​អ្នក​ជួយ​គំនិត​ទៅ​ខ្លួន​ទទេ ហើយ​ប្រគល់​ពួក​ចៅ‌ក្រម​ទៅ​ក្នុង​សេចក្ដី​ល្ងី‌ល្ងើ។

18 ព្រះ‌អង្គ​រំលាយ​អំណាច​នៃ​ពួក​ស្តេច ហើយ​ចង​ខ្សែ​ភ្ជាប់​នៅ​ចង្កេះ​ផង។

19 ព្រះ‌អង្គ​ដឹក‌នាំ​ពួក​សង្ឃ​ទៅ​តែ​ខ្លួន​ទទេ ហើយ​ទម្លាក់​ងារ​ពួក​មាន​អំណាច។

20 ព្រះ‌អង្គ​ដក​ពាក្យ​សម្ដី​ពី​ពួក​អ្នក ដែល​គួរ​ទុក​ចិត្ត​បាន ហើយ​ក៏​ដក​យក​យោបល់​ពី​ពួក​ចាស់​ទុំ​ចេញ។

21 ព្រះ‌អង្គ​ចាក់​សេចក្ដី​មើល‌ងាយ​ទៅ​លើ​ពួក​សេដ្ឋី ក៏​បន្ធូរ​ខ្សែ​ក្រវាត់​នៃ​ពួក​ខ្លាំង​ពូកែ។

22 ព្រះ‌អង្គ​បើក​អស់​ទាំង​សេចក្ដី​ជ្រៅ‌ជ្រះ ចេញ​ពី​ងងឹត​មក ក៏​នាំ​យក​ម្លប់​សេចក្ដី​ស្លាប់​ចេញ​មក ដាក់​នៅ​ពន្លឺ​ដែរ។

23 ព្រះ‌អង្គ​ចម្រើន​សាសន៍​ទាំង​ប៉ុន្មាន ហើយ​ក៏​បំផ្លាញ​គេ​វិញ ព្រះ‌អង្គ​ពង្រីក​ឲ្យ​គេ​ធំ​ឡើង រួច​ក៏​ដឹក‌នាំ​គេ​ទៅ​ជា​ឈ្លើយ។

24 ព្រះ‌អង្គ​ដក​ប្រាជ្ញា​ពី​ពួក​អ្នក​ជា​ប្រធាន នៃ​ប្រជា​ជន​នៅ​ផែនដី​ចេញ ហើយ​បណ្ដាល​ឲ្យ​គេ​ដើរ​សាត់‌ព្រាត់ នៅ​ទី​រហោ‌ស្ថាន​ដែល​ឥត​មាន​ផ្លូវ​សោះ។

25 គេ​ដើរ​ទ្រាប​ក្នុង​ទី​ងងឹត​ឥត​មាន​ពន្លឺ​សោះ ព្រះ‌អង្គ​ក៏​ធ្វើ​ឲ្យ​គេ​ដើរ​ទ្រេត‌ទ្រោត ដូច​ជា​មនុស្ស​ស្រវឹង។

© 2016 United Bible Societies

Bible Society in Cambodia
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម